អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ចិនគួរ​ប្រើ​ធម៌​ក្តៅ​ទេ​ ប្រឈម​នឹងអាមេរិក​​​របស់​លោក ដូណាល់ ​​ត្រាំ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភាព​តានតឹង​​បង្កឡើង​ដោយ​សំដី​វាយប្រហារ​​គ្នាទៅវិញ​ទៅមក រវាង​​អាមេរិក​និង​ចិន​ចេះ​តែ​កើត​មាន​ឡើង​រាល់ថ្ងៃ។ ថ្ងៃចន្ទ​កន្លងទៅ ​អាមេរិក​បាន​ព្រមាន​ចិន​ពី​​ជម្លោះដែនទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង និង​ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២។ ​ចិន​ក៏ឆ្លើយ​បក​ទៅវិញ​ថា ត្រៀម​ការពារ​សិទ្ធិ​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ដែរ។ យោងតាម​អ្នកជំនាញ ប្រឈម​នឹង​សហរដ្ឋ​អាមេរិ​ករបស់​លោក​ដូណាល់ ត្រាំ ចិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ ដើម្បីប្រឈម​រឺ​ក៏​តបត​ទៅ​លោក​ត្រាំបាន។ 

លោកដូណាល់ ត្រាំ និង​លោក​ស៊ី ជីនពីង
លោកដូណាល់ ត្រាំ និង​លោក​ស៊ី ជីនពីង REUTERS/Montage RFI
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ មិនចេះ​នៅ​ស្ងៀមទេ ក្នុង​ការ​ទិតៀន​ ​​​វាយប្រហារ​ពាក្យ សំដី​ជាមួយ​ចិន គឺ​តាំង​​ពី​លោក​​​មិនទាន់​ឡើងកាន់​អំណាច​ម្ល៉េះ។ ​ថ្ងៃចន្ទ​កន្លងទៅ ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​លោក​ត្រាំ​ឡើង​កាន់​អំណាច​ ​សេតវិមាន​បាន​ព្រមាន​ចិន​ពី​ជម្លោះដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ហ៊ាន​ប្រើ​ពាក្យ​ថា ប្រជុំ​កោះ​នៅ​ទីនោះ​មិនស្ថិត​ក្នុង​ទឹកដី​ចិនទេ តែ​ស្ថិត​ក្នុង​ដែនទឹក​អន្តរជាតិ​ ហើយ​អាមេរិក​នឹង​ការពារ​ប្រយោជន៍​អន្តរជាតិ​នៅ​ទីនោះ ដើម្បី​កុំអោយ​ប្រទេស​ផ្សេង​មក​បំផ្លាញ។

ក្នុងន័យនេះ ​គេ​មើលឃើញ​ថា ​សេតវិមាន​​ ​ចង់​​ចោទ​ចិន​​​​ថា ចិន​ចង់បំផ្លាញ​ប្រយោជន៍​នៅ​ទីនោះ។ តាំង​ពី​លោក​ត្រាំ​មិនទាន់​ឡើង​កាន់​អំណាច​ម្ល៉េះ លោក​រ៉ិច ធីលឡឺសាន់ នៅខាង​បក្សសាធារណរដ្ឋ​ដែល​គេ​រំពឹង​រួចហើយ​ថា អាច​នឹង​កាន់កាប់​ក្រសួង​ការបរទេស​អាមេរិក ​បាន​​​ព្រមាន​ចិន​ពី​សកម្មភាព​សាងសង់​នៅ​តាម​ដែនកោះ នៅ​សមុទ្រ​ចិន​ខាងត្បូង។ អាមេរិក​​​ទូន្មាន​ចិន​អោយ​បញ្ឈប់​សកម្មភាព​ទាំងនេះទៅវិញ។ អាមេរិក​មិនចង់អោយចិន​ចូលទៅ​កាន់​តំបន់​ជម្លោះ​ស្រួលៗ​ទៀតទេ។ ​ការ​ព្រមាន​​រិះគន់​ ការ​គំរាម​​​ពី​សំណាក់​អាមេរិក​​ ​ចេះ​តែ​មា​ន​រាល់ថ្ងៃ។ មិនដឹង​ថា ចិន​​ស្រគៀ​ត្រចៀក​យ៉ាងណា​ទេ !

ចិន​​ប្រហែល​កំពុង​ចោទសួរថា តើត្រូវ​ឆ្លើយតប​ទៅ​អាមេរិក​​​យ៉ាង​ដូចម្តេច បើ​អាមេរិក​ពេលនេះ ដូចជា​ចេះ​​តែចង់​មក​​​ជិះក​ចិន​រហូត​យ៉ាងនេះ? ​កាលពី​អាណត្តិ​លោក​អូបាម៉ា អាមេរិក​រិះគន់​ចិន អាមេរិក​​ក៏​ផ្គើន​ចិនផ្នែក​យោធា​​ដែរ តែ​​អាមេរិក​របស់​អូបាម៉ា​ព្យាយាម​ដោះស្រាយជម្លោះ​ដែនទឹក ​នៅ​សមុទ្រចិន តាមបែប​ការទូត​។ អាមេរិក​របស់​ដូណាល់ ត្រាំ​វិញ​ ដូចជា​កាន់តែ​ខ្លាំង​ដៃ​ជាងមុន។ ​បើ​តាម​សារព័ត៌មា​នរដ្ឋចិន អាមេរិក​និង​ចិន​អាច​នឹង​ប្រឈម​ផ្នែក​យោធា​ដាក់គ្នា​ទៀតផង អោយតែអាមេរិក​គំរាម​​​យ៉ាងនេះ​ចុះ!  ចិន​មិនភ្លេច​ដែរទេ​ថា​​ តាំងពី​​​លោកត្រាំ នៅ​មិនទាន់​ជាប់ឆ្នោត ​លោក​បាន​ចោទ​ថា ចិន​លួច​ការងារ​ប្រជាជន​អាមេរិក លួចលុយ​អាមេរិក រកស៊ី​មិនស្មោះ​ត្រង់ ហើយ​ថែមទាំង​​គំរាម​យកពន្ធ​លើ​ទំនិញ​ចិន​៤៥ភាគរយ​ទៀតផង។

ថ្ងៃ​ច័ន្ទ​​កន្លងទៅ​ អាមេរិក​​​បាន​ព្រមាន​ពី​ពាណិជ្ជកម្ម​ជាមួយ​ចិន​ថែមទៀត។ អាមេរិក​អាច​នឹង​ហ៊ា​ន​រហូត​ដំឡើង​ពន្ធ​ទំនិញ​នាំ​ពីចិន​ឆាប់ៗ​នេះផង​ក៏ថាបាន។ ព្រោះថា លោកត្រាំ​ដូច​ជាមនុស្ស​​ម៉ាត់ណា ម៉ាត់​ហ្នឹង​។ មុនជាប់ឆ្នោត លោក​បាន​សន្យា​ដកអាមេរិក​​ចេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរ​ប៉ាស៊ីហ្វិក ហៅកាត់​ថា TTP។ សប្តាហ៍​នេះ​ ចូល​កាន់អំណាច​មិន​បាន​​​ស្រួលបួល​ផង លោក​ក៏​ចុះ​ហត្ថលេខាលើ​ក្រិត្យ​​ដកអាមេរិក​ពី​កិច្ចព្រមព្រៀង​​នេះ ដូច​​​​សន្យា​មែន។

ដើម្បី​តបត​នឹង​អាមេរិក​របស់​លោក​ត្រាំ បើ​និយាយ​ពី​រឿង​ពាណិជ្ជកម្ម​អន្តរជាតិ ប្រហែល​មិនជា​បញ្ហា​ទេ ព្រោះ​ចិន​ពូកែ​រកស៊ីតាំង​ពីដើមមក។ អាមេរិក​​ដកខ្លួន​ពី​កិច្ចព្រមព្រៀង​ផ្សេងៗ ជា​ឱកាស​សម្រាប់​ចិន​ទៅវិញទេ ដើម្បី​ដាក់ឥទ្ធិពល​លើ​ពាណិជ្ជកម្ម​អន្តរជាតិ។ ​ពេលនេះ មើលទៅ​ប្រទេស​មួយចំនួន​ក៏មិន​ពេញចិត្ត​នឹង​លោកត្រាំ​ប៉ុន្មានដែរ។ ដូច្នេះ ប្រទេស​ទាំងនោះ អាច​​នឹង​បើកចំហរ​ពាណិជ្ជកម្ម​ជាមួយ​​ចិន​កាន់តែ​ទូលាយ​ទៅវិញទេ។

​បើ​និយាយ​ពី​ផ្នែក​យោធា ចិន​ក៏​មិនខ្លាច​​​បញ្ចេញ​សាច់ដុំ​ដាក់​លោកត្រាំ​ដែរ។ អ្នកជំនាញ​នានា​គិតថា ​ចិន​អាច​តបត​ទៅ​អាមេរិក​វិញបាន។ ​កងទ័ព​ចិន​ទើប​​ប្រកាស​ថា ដាក់អោយ​ដំណើរការ​​នាវា​ពិឃាត​ ស៊ីនីង Xining។ នាវា​ពិឃាត​មួយនេះ​មានសមត្ថភាពកំទេច​នាវា​មុជទឹក រឺ​យន្តហោះ​ចំបាំង​​បាន។ ចិន​ក៏​មា​នមីស៊ីល​ប្រឆាំង​នាវា​របស់​ខ្លួនផងដែរ។ បច្ចុប្បន្ន​ ចិន​កំពុង​ធ្វើ​ការសាកល្បង​មីស៊ីល​អន្តរទ្វីប​ ប្រភេទ​ DF-41 ដែល​អាច​បាញ់បាន​​រយៈ​ចំងាយ​១ម៉ឺន៤ពាន់​គីឡូម៉ែត្រ ហើយ​អាច​ផ្ទុក​ក្បាលគ្រាប់​នុយក្លេអ៊ែរដល់​ទៅ​​១២ទៀតផង។ តែ​​ចិន​មាន​នាវា​ផ្ទុក​យន្តហោះ​តែ​មួយគ្រឿង​ប៉ុណ្ណោះ ខណៈ​អាមេរិក​មាន​ដល់ទៅ​ជាង​១០គ្រឿង។ ​នាវា​ចិន​មួយនេះ​គឺ​នាវា​ Liaoning ម៉ូដែល​ជំនាន់​សហភាពសូវៀត។ តែ​ពេលនេះ ​ចិន​ក៏​កំពុង​​​សង់​នាវា​ផ្ទុកយន្តហោះ​ម៉ូដែលជាតិ​​ចិន​​​មួយគ្រឿងដែរ។

​ត្បិតថា កងទ័ព​ចិន​ខានធ្វើសង្គ្រាម​តាំង​តែ​ឆ្នាំ​១៩៧៩មក តាំងពី​ចប់​​សង្គ្រាម​ចិន​-វៀតណាមមក​ ​ក៏​គេគិតថា ចិន​ប្រហែល​ពិចារណា​វែងឆ្ងាយ ​មិនប្រើធម៌​ក្តៅ រហូត​វាយប្រហារ​យោធា​ជាមួយ​អាមេរិក​​ទេ។ ជាក់ស្តែង ​ប្រធានាធិបតី​ចិន ​​​ស៊ី ជីនពីង ថ្មីៗនេះ ​ក៏​ទើបតែអំពា​វនាវ​អោយ​ឈប់​មា​នអាវុធ​ប្រល័យ​លោក​​ក្នុង​ពិភពលោកទៀត​។ ដូច្នេះ ចិន​មិនប្រើ​ធម៌​ក្តៅទេ ព្រោះ​សង្គ្រាម​រវាង​មហាអំណាច​អាមេរិក-ចិន បើ​ផ្ទុះឡើងនោះ មានតែ​ធ្វើអោ​យ​​ដុនដាប​មនុស្សជាតិ​​ទៅវិញទេ។ សមត្ថភាព​យោធា​ចិន​ពេលនេះ ក៏គ្រប់គ្រាន់​នឹងកំញ៉ើញ​​​អាមេរិកខ្លះដែរ​ហើយ។

ម្យ៉ាងទៀត ​មើលទៅ​បុគ្គលិក​លក្ខណៈ​របស់​លោក​ដូណាល់ ត្រាំ​ ចិន​អាច​នឹង​​ប្រៀបធៀប​លោកត្រាំ​​ទៅនឹង​​ ​​កូនក្មេង​​ម្នាក់ផងក៏ថា​បាន។ ព្រោះថា លោក​ត្រាំ​​បាន​​ធ្វើផ្ទុយ​ទាំងស្រុង​ទៅនឹង​លោក​អូបាម៉ា​អាណត្តិមុន ដោយ​​កំពុង​​ពន្លិច​ចោល​ទៅវិញ​​​នូវ​លទ្ធផល​ការងារ​​របស់​បក្ស​ប្រជាធិបតេយ្យ​​អាណត្តិ​មុន។ អាចថា ​ប្រហែល​លោកត្រាំវាយប្រហារ​លទ្ធផល​ការងារ​របស់​អូបាម៉ា ​​ដើម្បី​យកចិត្ត​រុស្ស៊ី​​ផងក៏​មិនដឹង។ ​

ចិន​មិនមាន​បញ្ហា​អ្វី​ជាមួយ​​រុស្ស៊ីទេ។ ទៅថ្ងៃមុខ ​​រុស្ស៊ី​​ប្រហែល​ជា​អាច​ពន្យល់​លោក​ត្រាំ អោ​យបន្ទន់​ឥរិយាបថ​​ជាមួយ​ចិន​បន្តិច​វិញ​ក៏ថា បាន កុំអោយ​អាមេរិក​ធ្វើអ្វី​ទាំងទទឹងទិស​ដូច្នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ