អានតួអត្ថបទ
អាមេរិក-កូរ៉េខាងត្បូង-ជប៉ុន

អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​បើក​កិច្ចប្រជុំ​ត្រីភាគី​​ដើម្បី​និយាយ​ពី​​បញ្ហា​កូរ៉េខាងជើង

នៅ​ថ្ងៃ​អង្គារ ទី១៣ ធ្នូ​នេះ មន្រ្តីជាន់ខ្ពស់​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​ដែល​ស្គាល់​ច្បាស់​ពី​នយោបាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បាន​រួម​ប្រជុំ​គ្នា​ក្នុង​ទីក្រុង​សេអ៊ូល កូរ៉េខាងត្បូង។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ គឺ​ដើម្បី​ជជែក​លើ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ដ៏​ចម្រូងចម្រាស និង​ស្មុគស្មាញ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ កិច្ចប្រជុំ​ត្រីភាគី​លើក​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នយោបាយ​មិន​ទៀងទាត់​នៅ​កូរ៉េខាងត្បូង​ជាមួយ​នឹង​ការ​ទម្លាក់​លោកស្រី​ប្រធានាធិបតី​ប៉ាក់ គុនហេ និង​នយោបាយ​ស្រពិចស្រពិល​នៅ​អាមេរិក​ជាមួយ​លោក​ប្រធានាធិបតី​ថ្មី​ដូណាល់ ត្រាំ។

អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​បើក​កិច្ចប្រជុំ​ត្រីភាគី​​ដើម្បី​និយាយ​ពី​​បញ្ហា​កូរ៉េខាងជើង
អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​បើក​កិច្ចប្រជុំ​ត្រីភាគី​​ដើម្បី​និយាយ​ពី​​បញ្ហា​កូរ៉េខាងជើង Ed JONES / AFP
ផ្សាយពាណិជ្ជកម្ម

ជា​ទូទៅ អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​បាន​ផ្លាស់​វេន​គ្នា​ធ្វើ​ជា​ម្ចាស់​រៀបចំ​កិច្ចប្រជុំ​ត្រីភាគី ហើយ​ដែល​ឆ្នាំ ២០១៦ នេះ ជា​វេន​កូរ៉េខាងត្បូង។ តែ​អ្វី​ជា​ការ​កត់សម្គាល់ កិច្ចប្រជុំ​ត្រីភាគី​រៀបចំ​ក្នុង​ទីក្រុង​សេអ៊ូល​ថ្ងៃ​នេះ គឺ​ជា​កិច្ចប្រជុំ​លើកទី១ តាំង​ពី​កូរ៉េខាងត្បូង​បាន​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ និង​រឿងអាស្រូវ​ពុករលួយ​ទាក់ទង​នឹង​លោកស្រី​ប្រធានាធិបតី​ប៉ាក់ គុនហេ​ដែល​ទើប​ត្រូវ​បាន​សភា​បោះឆ្នោត​ទម្លាក់​កាល​ពី​សប្តាហ៍​កន្លង​ទៅ។ កម្មវត្ថុ​អាទិភាព​មួយ​ក្នុង​ចំណោម​កម្មវត្ថុ​អាទិភាព​ផ្សេង​ទៀត​នៃ​កិច្ចប្រជុំ​ត្រីភាគី គឺ​ស្វែង​រក​កុងសង់ស៊ុស​រួម​ស្តីពី​អាកប្បកិរិយា​គំរាមកំហែង​នុយក្លេអ៊ែរ​ពី​សំណាក់​របប​ក្រុង​ព្យុងយ៉ាង។

តែ​ជាមួយ​នឹង​ស្ថានការណ៍​នយោបាយ​មិន​ជាក់​ច្បាស់​នៅ​កូរ៉េខាងត្បូង​សព្វថ្ងៃ កុងសង់ស៊ុស​រួម​មួយ​ប្រឆាំង​នឹង​កូរ៉េខាងជើង​ប្រហែល​ជា​ពិបាក​រក​ឃើញ​បន្តិច។ លោកស្រី​ប៉ាក់ គុនហេ​ដែល​ធ្លាប់​បាន​ប្រកាន់​ជំហរ​តឹងរ៉ឹង​ទល់​នឹង​ក្រុង​ព្យុងយ៉ាង​ក៏​បាន​ត្រឡប់​មក​ប្រកាន់​ជំហរ​ដូច​អាមេរិក​ដែល​បន្ត​ប្រើ​យុទ្ធសាស្រ្ត​អត់ធ្មត់​ដោយ​បដិសេធ​មិន​ព្រម​ចរចា​ជាមួយ​កូរ៉េខាងជើង​ទេ ដរាប​ណា​របប​ក្រុង​ព្យុងយ៉ាង​មិន​បង្ហាញ​ពី​ឆន្ទៈ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ចោល​នោះ។ បន្ទាប់​ពី​សភា ការ​ទម្លាក់​លោកស្រី​ប៉ាក់ គុនហេ​ក៏​ត្រូវ​មាន​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ពី​តុលាការ​ធម្មនុញ្ញ​នា​ពេល​ខាង​មុខ​ដែរ។

ដោយឡែក កិច្ចប្រជុំ​ត្រីភាគី​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ថ្ងៃ​នេះ​ក៏​ជា​លើកដំបូង​ដែរ តាំង​ពី​ការ​បោះឆ្នោត​អាមេរិក និង​ការ​ជាប់ឆ្នោត​របស់​លោក​ដូណាល់ ត្រាំ​ដែល​ត្រូវ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃទី២០ មករា​ខាង​មុខ។ អ្វី​ដែល​បន្ត​ស្រពិចស្រពិល គឺ​នយោបាយ​ការបរទេស​របស់​លោក​ត្រាំ​ជាមួយ​នឹង​ឧបទ្វីប​កូរ៉េ និយាយ​ជា​រួម និង​ជាមួយ​កូរ៉េខាងជើង និយាយ​ដោយឡែក។ យ៉ាង​ណា​ក៏​ដោយ​ពេល​នេះ កិច្ចប្រជុំ​បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​កិច្ចសហប្រតិបត្តិការ​រួម​គ្នា និង​ការ​បន្ត​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ