អាជ្ញាធរហុងកុងហាមសិស្សានុសិស្សមិនឲ្យចែកចាយខិតប័ណ្ណនយោបាយ
នៅពេលដែលរដ្ឋាភិបាលហុងកុង កំពុងបង្កើនការគៀបសង្កត់ទៅលើក្រុមអ្នកទាមទារឯករាជ្យផ្តាច់ខ្លួនចេញពីប៉េកាំង សិស្សនៅវិទ្យាល័យនិងអនុវិទ្យាល័យដែលគាំទ្រការទាមទារឯករាជ្យនៅហុងកុង ក៏ត្រូវអាជ្ញាធរហាមប្រាមមិនឲ្យធ្វើសកម្មភាពចែកចាយខិត្តប័ណ្ណនយោបាយនៅពីមុខអគារសាលារៀនដែរ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៨
ចាប់តាំងពីបវេសនកាលចាប់ផ្តើមនៅសប្តាហ៍មុនមក សិស្សអនុវិទ្យាល័យនិងវិទ្យាល័យនៅហុងកុង បាននាំគ្នាធ្វើការចែកចាយខិត្តប័ណ្ណនយោបាយនៅពីមុខសាលារៀននានាដើម្បីគាំទ្រការទាមទារឯករាជ្យនៅហុងកុង។
ហុងកុងដែលជាអតីតដែនដីអាណានិគមអង់គ្លេសហើយក្លាយជាទឹកដីចិនវិញតាំងពីឆ្នាំ១៩៩៧មក បានស្គាល់វិបត្តិនយោបាយដ៏ធ្ងន់ធ្ងរកាលពីឆ្នាំ២០១៤ ដោយសារតែមានចលនាមហាបាតុកម្មបិទខ្ទប់សង្កាត់នានាទាំងស្រុងនៅហុងកុងដឹកនាំដោយចលនាទាមទារលិទ្ធិប្រជាធិបតេយ្យ។
រីឯ អាជ្ញាធរចិនវិញ តែងតែចាត់ទុកចលនាទាមទារឯករាជ្យនៅហុងកុងនោះ ថាជាចលនាខុសច្បាប់ច្រើនជាងខាងអាជ្ញាធរនៅហុងកុង។
ដោយហេតុថា ថ្វីត្បិតមានការហាមប្រាមពីសំណាក់អាជ្ញាធរតំបន់ មិនឲ្យខាងចលនាទាមទារឯករាជ្យឈរឈ្មោះនៅក្នុងការបោះឆ្នោតសភានៅហុងកុងក្តី ក៏នៅតែមានបេក្ខជន៥នាក់ដែលមកពីខាងអ្នកទាមទារឯករាជ្យ បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សានីតិបញ្ញត្តិហុងកុងជាលើកដំបូងបង្អស់ដែរ។
ក្នុងពេលនេះ ពួកសិស្សានុសិស្សទាំងអស់ បានពន្យល់ប្រាប់អ្នកសាព័តមានថា បុគ្គលិកធ្វើការនៅអគារវិទ្យាល័យ បានរារាំងឃាត់ពួកគេមិនឲ្យចែកចាយខិត្តប័ណ្ណនិងក៏មិនឲ្យឆ្លើយតបនឹងសំណួររបស់អ្នកកាសែតផងដែរ-នេះជាសេចក្តីជូនដំណឹងមួយធ្វើឡើងដោយក្រុមសិស្សវិទ្យាល័យនិងអនុវិទ្យាល័យមកពីអគារសិក្សាចំនួន២១កន្លែង។
មិនតែប៉ុណ្ណោះ បុគ្គលិកបំរើការងារនៅវិទ្យាល័យ បានគំរាមទៀតថា"បើសិនជា មានសាលារៀនផ្សេងៗទៀត ព្យាយាមចង់ដាក់គំនាបលើអ្នកដឹកនាំសាលារៀន នោះពូកគេក៏មិនខ្លាចនឹងតបតដោយប្រើធម៌ក្តៅវិញដែរ។
ដោយឡែក យោងតាមកាសែត The South China Morning Post ក្រុមនិស្សិតហុងកុង មានបំណងធ្វើការឡោមព័ទ្ធអគារវិទ្យាល័យនានានិងប្រាថ្នាទាមទារឲ្យហុងកុង អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងនៅក្នុងការផ្តាច់ខ្លួនចេញពីប្រទេសចិននៅឆ្នាំ២០៤៧។
នៅខណៈនេះ រដ្ឋាភិបាលហុងកុង បានសុំឲ្យគ្រូបង្រៀនទាំងអស់ កុំឲ្យធ្វើការគាំទ្រលើកតម្កើងគំនិតខាងលើនេះនៅក្នុងថ្នាក់រៀន បើពុំដូច្នោះទេ ពួកគ្រូទាំងនោះ ច្បាស់ជានឹងត្រូវអាជ្ញាធរចាប់ថ្នាក់ជាមិនខាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ