អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ដ្រូន​​​គំរាម​កំហែង កាន់​តែ​ខ្លាំង​ ​សន្តិសុខ​អាកាសចរណ៍​ស៊ីវិល

ចុះផ្សាយ​នៅ​ថ្ងៃ៖

យន្តហោះ​គ្មាន​មនុស្ស​បើក ដ្រូន បាន​ក្លាយ​ជា​យានយន្ត​កាន់​តែ​ពេញ​និយមឡើងៗ មិន​ថា​នៅ​ក្នុង​​​បម្រើបម្រាស់​យោធា ឬ​​ស៊ីវិលទេ។ ប៉ុន្តែ​មាន​កាន់​តែ​ច្រើន ការ​គំរាម​កំហែង​មាន​កាន់​ខ្ពស់។ ពី​មុន​គេ​ខាង​ដ្រូន​ស៊ើប​ការណ៍ តែ​ពេល​នេះ​ ដ្រូន​ គឺ​ជា​ការ​គំរាមកំហែង​យ៉ាង​ពិតៗ និង​កាន់​តែ​ខ្លាំងឡើង ដល់​សុវត្ថិភាព​ហោះហើរ នៃ​យន្តហោះ​ស៊ីវិល ដែល​គួរ​តែ​មាន​គ្រប់គ្រង​ឱ្យ​បាន​តឹង​រឹង។ នេះ​បើ​តាម​ការគូស​បញ្ជាក់​របស់​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ នា​ឱកាស​បើក​ពិព័រណ៍​អាកាសចរណ៍​ នៅ​សិង្ហបុរី។

ដ្រូន​ពេញ​និយម​ខ្លាំង តែ​គំរាមកំហែង​សន្តិសុខ​អាកាសចរណ៍​ក៏​កាន់​ខ្លាំង
ដ្រូន​ពេញ​និយម​ខ្លាំង តែ​គំរាមកំហែង​សន្តិសុខ​អាកាសចរណ៍​ក៏​កាន់​ខ្លាំង AFP PHOTO/MARTIN BERNETTI
ផ្សាយពាណិជ្ជកម្ម

ដ្រូន​ យន្តហោះ​គ្មានមនុស្ស​បើក បាន​ក្លាយ​ជា​យាន​យន្ត​ដ៏​ពេញ​និយម​ សម្រាប់​ពិភពលោក​សម័យ​អ៊ីនធ័រនែត។ ទីផ្សារ​លក់​ដ្រូន​សន្យា​ថា​នឹង​ស្គាល់​ការ​រីក​លូត​លាស់​ខ្លាំង កើន​ឡើង​មួយ​ទ្វេ​ជា​មួយ​រយ​​នៅ​ឆ្នាំ​២០២០។ នេះ​មិន​មែន​ជា​ក្តី​ស្រមៃ​ទេ គឺ​​ជា​ទស្សនវិស័យ​ដ៏​ភ្លឺ​ស្វាង​ ដែល​នឹង​ក្លាយ​ជា​ការ​ពិត។

ពី​មុន​មក​យើង​ធ្លាប់​និយាយ​ច្រើន​អំពី​ដ្រូន​​យោធា​ សម្រាប់​ចេញ​ល្បាត ចេញ​ស៊ើបការណ៍សម្ងាត់ ឬ​ចេញ​ធ្វើ​សង្គ្រាម ​នៅ​តាម​ទីតាំង​ភូមិសាស្ត្រ​មួយ​ចំនួន ដែល​គេ​គិត​ថា​មាន​គ្រោះ​ថ្នាក់ខ្លាំង។

បន្ទាប់​មក​ដ្រូន បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ព្រោះ​តាម​រយៈ​ដ្រូន​នេះ ជន​ឧក្រិដ្ឋ ភេរវជន អាច​បង្ហោះ​ដើម្បី​ស៊ើប​ការណ៍​សម្ងាត់​ផ្សេងៗ។ ដូច​ករណី​នៅ​ប្រទេស​បារាំង ​ កាលពី​ប៉ុន្មាន​ខែ​មុន ដែល​មាន​ការ​បង្ហោះ​ដ្រូន​ លើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ លើ​មូលដ្ឋាន​យោធា​។ អាជ្ញាធរ​ឈឺល្បាល​យ៉ាង​ខ្លាំង និង​បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ទប់​ស្កាត់​ការ​បង្ហោះ​ដ្រូន​បែប​អនាធិបតេយ្យ ដោយ​ខ្លាច​ក្រែង​ជា​ស្នាដៃ​របស់​ពួក​ភេរវជន ត្រៀម​វាយប្រហារ​ភេរវកម្ម​ជា​យថហេតុ​ណាមួយ។

នៅ​ថ្ងៃ​នេះ ក្តី​ព្រួយ​បារម្ភ​ធំ​មួយ​ទៀត បាន​និង​កំពុង​ផ្ទុះ​ឡើង​ក្នុង​រង្វង់​​ពិភព​អ្នក​អាកាសចរណ៍​ស៊ីវិល។ តើ​ដ្រូន​និង​យន្តហោះ​មាន​អ្វីប្រកួត​ប្រជែង​គ្នា​គួរ​ឱ្យព្រួយ​បារម្ភ​ទៅ ? មិន​មែន​ជា​ប្រកួត​ប្រជែង​ទីផ្សារ​ទេ តែ​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​អាកាស។ និយាយ​បែប​នេះ គឺ​គួរ​ឱ្យ​ចម្លែក​បន្តិច ប៉ុន្តែ​សម្រាប់​សមាគម​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ ការ​គំរាម​កំហែង​របស់​ដ្រូន​ មាន​កើន​ឡើង​ជា​លំដាប់។​ យាន​យន្ត​ដ៏​តូច​មួយ​នេះ អាច​នឹង​បង្ក​ផលវិបាក​ដ៏​ធ្ងន់ធ្ងរខ្លាំង ប្រសិន​បើ​អាជ្ញាធរ​​ប្រទេស​នីមួយៗ​មិន​ប្រុង​ប្រយ័ត្ន​ចាត់វិធានការ​សមស្រប​ទេ។

ក្នុង​ខណៈ​ដែល​វិស័យ​សន្តិសុខ​អេឡិចត្រូនិក សន្តិសុខ​តាម​អ៊ីនធ័រនែត កាន់​តែ​ស្វាហាប់​ខ្លាំង តម្រូវការ​ផ្នែកដ្រូនស៊ីវិល​​ក៏​បាន​កើន​ឡើង​ខ្លាំង​។ ភ្នាក់ងារ​សន្តិសុខ ក្រុមហ៊ុន​រក​ស៊ី កសិករ​ កសិដ្ឋាន បាន​ផ្តើម​ចាប់​អារម្មណ៍​ជា​បណ្តើរៗ​លើ​យានយន្ត​គ្មាន​មនុស្សបើកមួយ​នេះ​ សម្រាប់​ជួយ​ធ្វើ​ជា​ឆ្មាំ ជា​មធ្យោបាយ​ដឹកជញ្ចូន​។ មាន​គំនិត​ផ្តួច​ផ្តើម​រួច​ទៅ​ហើយ ដែល​អ្នក​លក់ភីហ្សា ចង់​ប្រើ​ដ្រូន​ដើម្បី​ដឹក​ភីហ្សា​ទៅ​ឱ្យ​អតិថិជន​ដល់​ផ្ទះ ដោយ​មិន​បាច់​ប្រើ​មនុស្ស។ នេះ​ជា​គំនិត​ល្អ គួរ​ឱ្យ​សរសើរ​ ប៉ុន្តែ​គេ​មិន​ត្រូវ​បណ្តោយ​ឱ្យ​ការ​លូត​លាស់​​ឥត​ឈប់​នៃ​បច្ចេកវិទ្យា ក្លាយ​ជា​ឧបសគ្គ​​នៃ​សន្តិសុខ​អាកាសចរណ៍​ឡើយ។

សមាគម​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​​ រួសរាន់​បង្កើត​ និង​ដាក់​ច្បាប់​ ឱ្យ​បាន​ច្បាស់​លាស់​ក្នុង​បម្រើបម្រាស់​ដ្រូន។ ថ្វី​បើ​សមាគម​គ្មាន​ស្ថិតិ​ជាក់​ស្តែង​អំពី​ចំនួន​ដ្រូន​ប្រើប្រាស់​​នៅ​លើ​ពិភពលោក​មែន ប៉ុន្តែ​អ្នក​ជំនាញ​បាន​សង្កេត​ឃើញ​ការ​គំរាម​កំហែង​ យ៉ាង​ពិតៗ។ អ្នក​បើក​បរ​យន្តហោះ​តែង​ផ្តល់​ព័ត៌មាន​កាន់​ញយ​ឡើង​ៗ​ថា​បាន​ជួប​ដ្រូន​​លើ​អាកាស។

ដ្រូន​ដែល​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង គឺ​ដ្រូនហោះ​ក្នុង​​រយៈ​កម្ពស់​ទាប ក្បែរ​អាកាសយានដ្ឋាន ដែល​រំខានសុវត្ថិភាព​ខ្លាំង​ដល់​យន្តហោះ​ដឹកអ្នក​ដំណើរ​ពេល​ចុះ​ចត និង​ពេល​ហោះ​ឡើង។ ម្យ៉ាង​ទៀត ការ​បញ្ជា​ដ្រូន​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ឆ្លង​​ ដល់​ប្រព័ន្ធ​​ត្រួត​ពិនិត្យ​អាកាសចរណ៍​ផង។ បើ​តាម​មជ្ឈមណ្ឌល​សិក្សា​ដ្រូន​​អាមេរិក​ មាន​គ្រោះ​ថ្នាក់​ចំនួន​ ៩២១​ករណី​បាន​កើត​ឡើង​ដោយ​ដ្រូន ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​២០១៣-២០១៥ ក្នុង​នោះ ៣៦​វ៉ិះ​ជួប​គ្រោះ​ថ្នាក់​បុក​យន្តហោះ តែ​សំណាង​ល្អ​ អ្នក​បើក​អាច​បញ្ចៀស​បាន​ទាន់​ពេលវេលា។

ក្នុង​ចំណោម​សមាជិក​១៩១​ប្រទេស​នៃ​អង្គការ​អាកាសចរណ៍​ស៊ីវិល មាន​តែ​៦៣​ប្រទេស​ប៉ុណ្ណោះ បាន​អនុម័ត​ច្បាប់​​និងវិធាន​ប្រើប្រាស់​ដ្រូន ៩កំពុង​ពិចារណា​ច្បាប់ និង​៥ប្រទេសបាន​ហាម​ប្រាម​ទាំង​ស្រុង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ