អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទីផ្សារ​ហិរញ្ញវត្ថុ​ចិន​ដាំក្បាល បណ្តាល​មក​ពី​ការ​ចុះផ្សាយ​ព័ត៌មាន​​របស់​អ្នកកាសែត ?!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពេញមួយ​សប្តាហ៍​មុន ទីផ្សារ​ភាគ​ហ៊ុន​ដាំ​ក្បាល​ចុះ យ៉ាង​គំហុក មិន​ធ្លាប់​មាន បង្ក​បង្កើត​ជា​ក្តី​ព្រួយ​បារម្ភ​ពេញ​ពិភពលោក។ ភាព​ជ្រួល​ច្របល់​ ដែល​បើ​តាម​អ្នក​វិភាគ​គឺ​បណ្តាលមក​ពី​ចរន្ត​ស្លន់​ស្លោ​​នៃ​ភាព​មិន​ទុក​ចិត្ត​គ្នា។ ពេល​នេះ​ទីផ្សារ​ហិរញ្ញវត្ថុ​ហាក់​បាន​ស្គាល់​លំនឹង​បន្តិច​ឡើង​វិញ ប៉ុន្តែ​អាជ្ញាធរ​ប៉េកាំង មិន​បញ្ចប់​បញ្ហា​ត្រឹម​ណេះ​ទេ ! អ្នក​ធ្វើ​ព្យុះ​ភ្លៀង ​ត្រូវ​ទទួល​ទណ្ឌកម្ម ! អ្នកកាសែត​សេដ្ឋកិច្ច​ម្នាក់​ ត្រូវបាន​ចាប់​ខ្លួន ពីបទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត រហូត​បង្ក​ឱ្យ​មាន​ជ្រួល​ច្របល់​ និង​បាត់​សណ្តាប់​ធ្នាប់ លើ​ទីផ្សា​រភាគហ៊ុន។

ក្រុម​អ្នក​តាមដាន​តម្លៃ​ទីផ្សារ​ភាគហ៊ុន​នៅ​សៀងហៃ
ក្រុម​អ្នក​តាមដាន​តម្លៃ​ទីផ្សារ​ភាគហ៊ុន​នៅ​សៀងហៃ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ សេដ្ឋកិច្ច​បន្ថយ​ល្បឿន កំណើន​សេដ្ឋកិច្ច​ទាប កំណើន​សេដ្ឋកិច្ច​តិច​ជាង​ការ​ព្យាករណ៍ តិច​ជាង​ការ​ពិត … ទីផ្សារ​ហិរញ្ញវត្ថុ​ចិន គ្មាន​ទំនុក​ចិត្ត ដាំក្បាល​ចុះ​យ៉ាង​ខ្លាំងមិន​ធ្លាប់​មាន​ កាលពី​សប្តាហ៍​មុន នេះ​បើ​តាម​ អ្នក​ជំនាញ​សេដ្ឋកិច្ច អ្នក​ឯកទេស​ហិរញ្ញវត្ថុ​ និង​អ្នក​វិភាគ​ផ្សេងៗ។ ប៉ុន្តែ​សម្រាប់​អាជ្ញាធរ​ចិន មាន​ភ្លើង​ទើប​មាន​ផ្សែង ! មាន​អ្នក​ពន្យុះ​ទើប​មាន​ភ័យ ! ទំនង​ដោយ​ឈរ​លើ​ទស្សនៈ​នេះ​ហើយ​ ទើប​អាជ្ញាធរ​ចិន​​ត្រូវ​ការ​ស្វែង​រក​មុខ​​បុគ្គល​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ សាប​ព្រោះ​ ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ បំប៉ោង បំភ័យ​ព័ត៌មាន រហូត​កើត​មាន​ភាព​វឹក​វរ​ហិរញ្ញវត្ថុ​ឡើង។ អាជ្ញាធរ​ប៉េកាំង បាន​វែក​រក​ឃើញ​មុខ​អ្នក​បង្ក​ហេតុ​ជា​ច្រើន​នាក់​ ក្នុង​នោះ​មាន​ម្នាក់​ជា​​​អ្នក​កាសែត​។ លោក វង់ សៀលូ Wang Xiaolu អ្នក​កាសែត​សេដ្ឋកិច្ច​ម្នាក់របស់​ទស្សនាវដ្តី​Caijing​ ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ឃុំ​ឃាំង​ ពីបទ​បាន​ផលិត​និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។

 

លោក វង់ បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ កាលពី​ខែ​កក្កដា អះអាង​ថា អាជ្ញាធរ​គ្រប់គ្រង​អចលនាទ្រព្យ​កំពុង​សិក្សា​អំពី​លទ្ធភាព​ដើរ​ចេញ​ពី​មូលនិធិ​សាធារណៈ​របស់​ទីផ្សារ​ភាគហ៊ុន។ ការ​ព្រលយ​ព័ត៌មាន​មុន​ហេតុការណ៍​នេះ ក្នុង​ខណៈ​ដែល​អាជ្ញាធរ​ប៉េកាំង​ចេញ​ធ្វើ​អន្តរាគមន៍​​ទិញ​ភាគ​ហ៊ុន​ពី​ស្ថាប័ន​សាធារណៈ​ ដើម្បី​រក្សា​លំនឹងកំណត់​សញ្ញា​​ទីផ្សារផង ដូច​ជា​ជំរុញ​​ធ្វើ​ឱ្យ​វិនិយោគិន​ចាប់​ជ្រួល​ច្របល់ឡើង។ អត្ថបទ​នោះ​ត្រូវ​បាន​គណៈកម្មការ​ហិរញ្ញវត្ថុ​ ច្រាន​ចោល​ភ្លាម​ និង​ចាត់​ទុកថា​គ្មាន​ទំនួល​ខុស​ត្រូវ។

ក្នុង​ខ្សែ​អាត់​វីដេអូ ចាក់​ផ្សាយ​ក្នុង​កញ្ចក់​ទូរទស្សន៍​ជាតិ​ចិន​ កាលពី​ថ្ងៃ​ចន្ទ លោក វង់ សៀលូ Wang Xiaolu បានសម្តែង​ការ​សោក​ស្តាយ និង​​សុំ​ទោស ដែល​ចុះ​ផ្សាយ​អត្ថបទ ដោយ​ខ្វះ​ការ​ពិចារណា​ បង្ក​ជា​ភាព​ស្លន់​ស្លោ និង​គ្មាន​សណ្តាប់ធ្នាប់លើ​ទីផ្សារ​ហិរញ្ញវត្ថុ។ “ខ្ញុំ​បាន​ដឹង​រឿង​រ៉ាវ​តាម​រយៈ​កិច្ច​សន្ទនា​ឯកជន​ ហើយ​ខ្ញុំ​ខ្ចប់​តែង​ជា​ព័ត៌មាន ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​សោះ" ! ​ជា​ពាក្យ​សារភាព​ ដែល​ធ្វើ​ឡើង​ទាំង​ពុំ​ទាន់​មាន​​បទ​ចោទ​ប្រកាន់​ ឬ មានសវនការ​ជំនុំ​ជម្រះ​ក្តី​អ្វី​ទាំង​អស់។ ប៉ុន្តែ​នេះ​ជា​ប្រពៃណី​​របស់​របប​កុម្មុយនិស្ត​ប៉េកាំង ដែល​តុលាការ​ស្ថិត​ក្រោម​អំណាច​នយោបាយ​។

ទោះ​បី​ជា​ អ្នកកាសែត​វ៉ង់ បាន​ទទួល​សារភាព​ ទាំង​អស់ ! សារភាព​ថា​ផ្សព្វផ្សាយ​មិន​ពិត បង្ក​ជា​ភាព​ស្លន់ស្លោ​ ដែល​ធ្វើ​ទំនុក​ចិត្ត​ធ្លាក់​ចុះ និងបង្ក​ការ​ខាត​បង់​ច្រើន​ដល់​ជាតិ ដល់​អ្នក​វិនិយោគ ក៏​ដោយ ក៏​ប៉ុន្តែ​ទស្សនាវដ្តី Caijing ដែល​ជា​កាសែត​ជាប់​ឈ្មោះ​ល្បី​ខាង​ធ្វើ​អង្កេត​​ជាក់លាក់​គួរជាទី​ទុក​ចិត្ត​ បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​ នៅ​ក្នុង​ទំព័រ​វិបសៃត៍​របស់​ខ្លួន​ការពារ​អ្នក​កាសែត​វ៉ង់ ថា​ទស្សនាវដ្តី​ការពារ​សិទ្ធិ​អ្នក​កាសែត​ ក្នុង​ការ​បំពេញ​ការងារ​ស្រប​តាម​ច្បាប់។

ក្រៅ​អំពី​អ្នក​កាសែត វង់ ក៏​មាន​មន្ត្រី ក្នុង​ស្ថាប័ន​ត្រួត​ពិនិត្យ​ទីផ្សារហិរញ្ញវត្ថុ និង​ អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ដ៏​សំខាន់​បួន​នាក់ ក្នុង​ផ្នែក​គួកជេ ត្រូវ​ចាប់​ខ្លួន។ លោក  លីវ ស្ហូហ្វាន់ Liu Shufan អ្នក​ទទួល​ខុស​ត្រូវ​គណៈកម្មការ​ត្រូត​ពិនិត្យ​ហិរញ្ញវត្ថុ ក៏ទំនង​ជា​​បាន​ធ្វើ​ការ​សារភាព​​រួច​ហើយ តាម​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​រដ្ឋ ដែលឱ្យ​មាន​រឿង​រាវ​រសើបៗ និង​សំខាន់ៗ តែង​ពាំពាក្យ​សារភាព​របស់​ជន​ជាប់​សង្ស័យ​ទៅ​បង្ហាញ​សាធារណជន​។ ក្នុង​ករណី​លោក លីវ ស្ហួហ្វាន់​នេះ អាជ្ញាធរ​ចិន​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត បទ​​ល្មើស​ភាគហ៊ុន​​អំពើ​ពុក​រលួយ​ ក្លែង​បន្លំ​ត្រា​ ដោយ​បាន​បន្លំ​លិខិត​លែង​លះ​​ និង​លិខិត​បង់​ពន្ធ​ ក្លែង​ក្លាយឱ្យ​ស្រីកំណាន់​ចិត្ត។

១៩៧​នាក់​ផ្សេង​ទៀត ក៏​​ត្រូវ​ទទួល​រង​ទណ្ឌកម្ម​​ ដែរ នៅ​ពេល​ប៉ូលិស​ចិន​បើក​យុទ្ធនាការ​ពិសេស​ប្រឆាំង​នឹងពាក្យ​ចចាម​អារាម​​​ក្នុង​ប្រព័ន្ធ​វិបសៃត៍​ទាក់ទង​​នឹង​ទីផ្សារ​ភាគហ៊ុន​ចិន។ តើ​ជា​ទណ្ឌកម្ម​ប៉ុណ្ណា ? គ្មាន​ព័ត៌មាន​លម្អិត​ត្រូវ​ទម្លាយ​ចេញ​មក​ទេ តែ​បើ​តាម​សារព័ត៌មាន​ចិន​ថ្មី រាល់​ការ​បញ្ចេញ​មតិ​​និយាយ​ប៉ះពាល់​ដល់​ពាក្យ​ថា​ភាគហ៊ុន ដល់​គ្រោះ​ថ្នាក់​ផ្ទុះ​ឃ្លាំង​នៅ​ក្រុង​កំពង់ផែធានជីន ឬ​ការ​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​​លោក​លើក​ទីពីរ សុទ្ធ​តែ​ត្រូវ​ចាត់​ទុក​ជា​បទ​ល្មើស​ឧក្រិដ្ឋទាំង​អស់។

ការ​ចាប់​ខ្លួន​អ្នក​កាសែត ក្រោម​លេស​បង្ក​ភាព​វឹក​វរ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ គឺ​គ្រាន់​តែ​ជា​មធ្យោបាយ​មួយ​សម្រាប់​ប៉េកាំង​រឹត​បន្តឹង​បន្ថែម​​ការ​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​លំហូរ​ព័ត៌មាន​តែ​ប៉ុណ្ណោះ។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​គណៈកម្មាធិការ​ការពារ​អ្នក​កាសែត ដែល​មាន​ទី​ស្នាក់ការ​នៅ​សហរដ្ឋ​អាមេរិក​ បាន​ថ្កោលទោស​ការ​ចាប់​ខ្លួន​អ្នក​កាសែត​វង់ ព្រោះ​យល់​ថា​អាជ្ញាធរ​ក្រុង​ប៉េកាំងរសើប​ជ្រុល​ ! ភាគហ៊ុន​ក្រឡាប់​ចុះ​ឡើង​ អាច​ប៉ះពាល់​ដល់​ប្រយោជន៍​សេដ្ឋកិច្ចជាតិ ប៉ុន្តែ​មិន​មែន​ជា​ហេតុផល​សម្រាប់​មក​​ចាប់​ខ្លួន​អ្នក​កាសែត​ ដែល​តាមដាន​សរសេរ​ព័ត៌មាន​ទាក់ទង​នឹង​វិបត្តិ​នេះ បញ្ចូល​កន្លែង​ឃុំ​ឃាំង​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ