អានតួអត្ថបទ
ថៃ-បារាំង

ថៃ​ចង់​ទាមទារ​ឲ្យ​បារាំង​ប្រគល់​ជនជាតិ​ថៃ​បី​នាក់ ដែល​ជាប់​ចោទ​ពី​បទ​មើលងាយ​ព្រះ​ចេស្តា​មហាក្សត្រ

រដ្ឋាភិបាល​យោធា​ថៃ ​បាន​ស្នើ​ទៅ​កាន់​ រដ្ឋាភិបាល​បារាំង​ ថា​ចង់​ធ្វើ​បត្យាប័ន​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​បារាំង​ ប្រគល់​មនុស្ស​៣នាក់​ ត្រឡប់​មក​ឲ្យ​ថៃ​វិញ។ ជន​ទាំងបី​នាក់​ដែល ​បាន​ទទួល​សិទ្ធិ​ស្នាក់នៅ​ជា​ជន​ភៀស​ខ្លួន ​នៅ​ក្នុង​ទឹកដី​បារាំង ​ត្រូវ​បាន​តុលាការ​ថៃ​ ចោទ​ពី​បទ​មើល​ប្រមាថ​ ព្រះ​ចេស្តា​របស់​ស្ថាប័ន​ព្រះ​មហាក្សត្រ​ថៃ។ ក្នុង​អំឡុង ​ពេល​ជាង​មួយ​ឆ្នាំ​មក​នេះ ​រដ្ឋាភិបាល​យោធា​ថៃ​ បាន​បញ្ចេញ​សាច់ដុំ​ តាម​ប្រមាញ់ ​បណ្តាញ​មនុស្ស​ ដែល​ហាន​រិះគន់ ​ ស្ថាប័ន​ព្រះ​មហាក្សត្រ​ ដោយ ​ឥត​រើស​មុខ ​ដែល​ជួន​កាល ​ការ​ផ្តន្ទាទោស​ មាន​កំរិត​ធ្ងន់ធ្ងរ​ ជ្រុល​ហួស​ហេតុ។

លោក​ ប្រាយុទ្ធចន្ទអូចារ ប្រមុខយោធា​និងជា​នាយក​រដ្ឋមន្ត្រីថៃ ពេលចូល​បង្គុំគាល់​ព្រះ​មហាក្សត្រ ដើម្បីូ​ទទួលងារ​ជានាយក​រដ្ឋមន្រ្តី​ក្រោយពេល​ធ្វើរដ្ឋប្រហារ​ រូបថត​ថ្ងៃទី ២២ កក្កដា ២០១៤
លោក​ ប្រាយុទ្ធចន្ទអូចារ ប្រមុខយោធា​និងជា​នាយក​រដ្ឋមន្ត្រីថៃ ពេលចូល​បង្គុំគាល់​ព្រះ​មហាក្សត្រ ដើម្បីូ​ទទួលងារ​ជានាយក​រដ្ឋមន្រ្តី​ក្រោយពេល​ធ្វើរដ្ឋប្រហារ​ រូបថត​ថ្ងៃទី ២២ កក្កដា ២០១៤ AFP PHOTO / ROYAL BUREAU
ផ្សាយពាណិជ្ជកម្ម

លោក​អគ្គ​បញ្ជាការ ​ផៃប៊ូន ​ឃុំឆាយា ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ ​ថៃ បាន​ធ្វើការ​ស្នើសុំ ​តាម​រយៈ​ឯក​អគ្គ​រដ្ឋទូត​បារាំង​ ប្រចាំ​ក្រុង​បាងកក​ថា ​ថៃ​ប្រាថ្នា​ចង់​អនុវត្ត​នីតិ​វិធី ​ធ្វើ​បត្យាប័ន​ ដើម្បីសុំ​ឲ្យ​រដ្ឋាភិបាល​បារាំង​ ប្រគល់​មនុស្ស​៣​នាក់​​ ដែល​កំពុង​តែ​រស់នៅ​លើ​ទឹកដី​បារំាង។ មនុស្ស​ទាំង​បី​នាក់​នោះ​ ​ទីមួយ​ឈ្មោះ ​សារ៉ាន់ ឆួយឆាយ ​ទីពីរ​ ចារ៉ាន់ ឌីទាភីឆៃ ​និង​ទី​បី ​គឺ​ឈ្មោះ ​ស៊ុមសាក់ ជាមទីរ៉ាក់សាគុន។ អ្នក​ទាំងបី​នាក់​នេះ ​ ត្រូវ​បាន​តុលការ​ថៃ ​ចោទ​ប្រកាន់​ពី​បទ ​មើល​ងាយ​ស្ថាប័ន​ព្រះ​មហាក្សត្រ ​ដែល​ទោស​នេះ​អាច​ត្រូវ​ជាប់​គុក ​ចំនួន​១៥​ឆ្នាំ។

 
ទោះ​បី​ជា​យ៉ាង​ណា ​ស្ថានទូត​បារាំង​ប្រចាំ​ព្រះ​រាជា​ណាចក្រ​ថៃ ​​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់។ គួរ​រំលឹក​ផង​ដែរ​ថា ​កាល​ពី​ខែ​មិថុន​កន្លង​ទៅ ​រដ្ឋាភិបាល​ថៃ ​បាន​ស្នើ​សុំ​ធ្វើ​បត្យាប័ន​ដូចគ្នា​ដែរ​ ​ទៅ​កាន់​រដ្ឋាភិបាល​ណូវ៉ែលហ្សេឡង់ ​ដើម្បី​ទាមទារ​ឲ្យ​ប្រគល់​ជន​ជាតិ​ថៃ​ម្នាក់ ​តែ​ត្រូវ​បាន​ណូវ៉ែលហ្សេឡង់​បដិសេធ។

គួរ​បញ្ជាក់​ថា​ ចាប់តាំង​ពី​បាន​កាន់កាប់​អំណាច ដោយ​កម្លាំង​យោធា ​រដ្ឋាភិបាល​ថៃ បាន​ដេញ​តាម​ប្រមាញ់ ​បុគ្គល​ណា ​ដែល​ហ៊ាន​រិះគន់ ​ព្រះ​មហាក្សត្រ​ នឹង​ក្រុម​គ្រួសារ​ព្រះ​ញាតិវង្ស ​ ជា​ពិសេស​នៅ​តាម​បណ្តាញ​សង្គម​ ដូច​ជា​ហ្វេសប៊ុក ​ជាដើម។ រដ្ឋាភិបាល​យោថា ​ថែមទាំង​បាន​តាក់តែង​ច្បាប់​ថ្មី​ ដោយ​បាន​កំណត់​ទោស​យ៉ាង​ធ្ងន់​ទៀត​ផង។

គ្រាន់តែ​ពាក់​កណ្តាល​ឆ្នាំ​២០១៥​នេះ ​មាន​ករណី​ចោទ​ប្រកាន់​ពី​បទ​មើល​ងាយ​ព្រះ​ចេស្តា​ព្រះ​មហាក្សត្រ​ ចំនួន ​៥៦​ករណី ​នៅ​ចំពោះ​មុខ​តុលាការ ​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៤ ​ដែល​មាន​ត្រឹម​តែ​២​ករណី​ប៉ុណ្ណោះ។ ការ​ផ្តន្ទាទោស ​ដែល​ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​នានា​ រិះ​គន់ ​ព្រោះ​វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជ្រុល​ហួស​ហេតុ ​ហើយ​វា​ប្រាសចាស​ទាំងស្រុង ​ពី​គោលការណ៏​សិទ្ធិ​សេរីភាព​ ក្នុង​ការ​បញ្ចេញ​មតិ​របស់​មនុស្ស​ទាំងពួង។

ជាក់ស្តែង ​កាល​ពី​ខែ​មិថុនា ​ជនជាតិ​ថៃ​ម្នាក់ ​ដែល​មាន​ជំងឺ​វិកលចរិក ​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​៣ឆ្នាំ ​បន្ទាប់​ពី​ជន​នេះ​ បាន​ជេរ​ប្រមាថ​ក្រុម​គ្រួសារ​ស្តេច​ថៃ។ ហើយ​កាល​ពី​ខែ ​មីនា បុរស​ម្នាក់​ត្រូវ​បាន​កាត់​ទោស ​ឲ្យ​ជាប់​គុក​២៥​ឆ្នាំ ​ដោយ​គ្រាន់តែ​បាន​សរសេ​សារ ​ដែល​មាន​លក្ខណៈ​រិះគន់​ស្ថាប័ន​ព្រះ​មហាក្សត្រ ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក។ គិតៗ​ទៅ​ ស្ថាប័ន​ព្រះ​មហាក្សត្រ​ថៃ ​ប្រហែល​ជា​ស្អុយ​រលួយ ​ដង្កូវ​ចោះ​ខ្លាំង​ណាស់​ហើយ ​បាន​ជា​រដ្ឋាភិបាល​យោធា​ខំ​ប្រឹង​បិទ​បាំង ​ខ្លាំង​ដល់​ម្លឹង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ