អានតួអត្ថបទ
ចិន-រុស្ស៊ី

បស្ចឹម​លោក​ពង្រឹង​ទណ្ឌកម្ម​ ​ ឯចិន​​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រុស្ស៊ី

ក្នុង​ខណៈ​ដែល​ក្រុម​ប្រទេស​លោក​ខាង​លិច ជា​ពិសេស​បណ្តា​ប្រទេស​នៅ​អឺរ៉ុប កំពុង​គិត​គូរ​ពង្រឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​ការទូត ប្រឆាំង​រុស្ស៊ី ព្រោះ​​សំណុំ​រឿង​អ៊ុយក្រែន​ ប្រទេស​ចិន​វិញ បាន​ប្រកាស​នៅ​ថ្ងៃអាទិត្យ​នេះ សន្យា​បង្កើន​កិច្ចសហប្រតិបត្តិការ​​ជាមួយ​ម៉ូស្គូ។ សម្រាប់​ប៉េកាំង ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រុស្ស៊ី គឺ​ជា “ការ​ចាំបាច់” របស់​ប្រទេស​ទាំងពីរ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន ក្នុង​សន្និសិទ​កាសែត នា​ឱកាស​​​ប្រជុំ​សភាប្រជាជន​​ប្រចាំ នៅ​ទីក្រុង​ប៉េកាំង។

រដ្ឋមន្ត្រី​ការបរទេស​ចិន​ប្រកាស​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​​ជាមួយ​រុស្ស៊ី ក្នុង​សន្និសីទ​កាសែត ថ្ងៃ​ទី ៨ មីនា ២០១៥
រដ្ឋមន្ត្រី​ការបរទេស​ចិន​ប្រកាស​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​​ជាមួយ​រុស្ស៊ី ក្នុង​សន្និសីទ​កាសែត ថ្ងៃ​ទី ៨ មីនា ២០១៥ © Reuters
ផ្សាយពាណិជ្ជកម្ម

ពាក្យ​ថា "​ចាំបាច់" បាន​គ្រលាស់​ចេញ​ពី​មាត់​រដ្ឋមន្ត្រី​ការ​បរទេស​​ចិន ជា​ច្រើន​លើក​ច្រើន​សា ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​នេះ មិន​ថា​ក្នុង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ឬ​សំណុំ​រឿង​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង​ទេ។

 
កិច្ច​សហប្រតិបត្តិការ​ ចិន​និង​រុស្ស៊ី ជា​កិច្ចសហប្រតិបត្តិការ​ដែល​ត្រូវ​កាល​ ដែល​ចាំ​បាច់​ សម្រាប់​ភាគី​ទាំង​សង​ខាង​ ព្រោះ​បាន​ផ្តល់​ប្រយោជន៍​ល្អ ដល់​គ្នា​ទៅ​វិញ​ទៅ​មក ! នេះ​បើ​យើង​ប្រើ​តាម​ភាសា​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ង់ យី (Wang Yi)។ ពាក្យ​ថា​ចាំ​បាច់ ជា​បឋម​គឺ​ការ​ផ្តល់​លទ្ធផល​ផ្នែកសេដ្ឋកិច្ច។​ ចិន​និង​រុស្ស៊ី ចង់​ធ្វើ​ការ​រួម​គ្នា​ដើម្បី​បង្កើន​ទំហំ​ផ្តោះ​ប្តូរពាណិជ្ជកម្ម ឱ្យ​លើស ១០០​ពាន់​លាន​ដុល្លារ (​ឆ្នាំ​២០១៤​ បាន​ឡើង​ដល់​៩៤,៥ពាន់​លាន​ដុល្លារ​រួច​ហើយ)។

ម្យ៉ាង​ទៀត​ ប៉េកាំង​និង​ម៉ូស្គូ​ ត្រូវ​តែប​ន្ត​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការទ្វេ​ភាគី ចាំបាច់​ ផ្នែក​​យុទ្ធសាស្ត្រ​។ សម្រាប់​ថ្នាក់​ដឹកនាំ​ចិន ចិន​និង​រុស្ស៊ី​មាន​​តួនាទី ​ជា​អ្នក​រក្សា​សន្តិភាព​និង​សន្តិសុខ​ពិភពលោក។ ដូច្នេះ​ ក្នុង​នាម​​ជា​ប្រទេស​ដែល​មាន​ប្រពៃណី​ធ្លាប់​គាំទ្រ​រុស្ស៊ី នៅ​អង្គការ​សហប្រជាជាតិ នៅ​ក្រុមប្រឹក្សា​សន្តិសុខ (ជា​សមាជិក​អចិន្ត្រៃយ៍​ដូច​គ្នា) ចិន​ត្រូវ​ធ្វើ​ខ្លួន​ជា​មិត្ត​ល្អ ចេះ​​ជួយ​គ្នា​​ក្នុង​គ្រា​ក្រ!

រុស្ស៊ី​​រង​ទណ្ឌកម្ម​ពី​បស្ចឹម​លោក ព្រោះ​វិបត្តិ​អ៊ុយក្រែន​ផង តម្លៃ​ប្រេង​ឆៅ​​បាន​ធ្លាក់​ដាំ​ក្បាល​ចុះ​ទៀត សេដ្ឋកិច្ច​រុស្ស៊ី ​ត្រូវ​រង​គ្រោះ​ខ្លាំង។ ប៉ុន្តែ​ទំនាក់ទំនង​ចិន​រុស្ស៊ី ទាំង​ផ្នែក​ពាណិជ្ជកម្ម​ និង​ហិរញ្ញវត្ថុ​បានប្រសើរ​ឡើង​ជានិច្ច ! ចិន​ស្វែង​រក​ប្រភព​ថាមពល​បំរុង និង​លាត​សន្ធឹង​ទីផ្សារ​ ឱ្យ​កាន់​តែ​ទូលាយ។ គ្រាន់​តែ​មួយ​ឆ្នាំ​កន្លង​ទៅ​សោះ ចិន​និង​រុស្ស៊ី បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ ដល់​ទៅ​ជាង​៣០​ ក្នុង​វិស័យ​ប្រេង ទូរគមនាគមន៍ ឬ​សាង​សង់​ផ្លូវ​ដែក។ កិច្ចព្រមព្រៀង​ឧស្ម័ន​ទំហំ ៤០០​ពាន់​លាន​ដុល្លារ​​ដែល​ចរចា​អស់​ពេល​ជាង​១០​ឆ្នាំ ក៏​ទើប​​សម្រេច​ចុះ​ហត្ថលេខា​​កាលពី​ខែ​ឧសភា​ឆ្នាំ​ទៅ … ក្នុង​មួយ​ឆ្នាំ​២០១៤ ប្រធានាធិបតី​ចិន​និង​រុស្ស៊ី បាន​ជួប​គ្នា​មិន​តិច​ជាង​៥​ដង​ទេ។ សឹង​និយាយ​បាន​ថា នៅ​ពេល​ដែល​ទំនាក់ទំនង​ជាមួយ​បស្ចឹម​លោក សហរដ្ឋ​អាមេរិក​ តាន​តឹង មិន​ថា​ដោយ​មូលហេតុ​នយោបាយ​ឬ​សេដ្ឋកិច្ច​ តែង​តែ​បាន​បង្ខិត​ ចិន​និង​រុស្ស៊ី​ ឱ្យ​ចូល​ជិត​គ្នា​​កាន់​តែ​កៀក។ ​

អតីត​គូ​សត្រូវ​នឹង​គ្នា​ ក្នុង​សម័យ​សង្គ្រាម​ត្រជាក់ ដឹង​ថាត្រូវ​ការ​គ្នា​ទៅ​វិញទៅ​មក ជា​ចាំ​បាច់ បើ​ចង់​ ​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ មាន​ឥទ្ធិពល​ក៏​កាន់​ខ្ទរ​ខ្ទារ​លើ​ឆាក​អន្តរជាតិ។

ភាព​ចាំបាច់​ នៃ​ការ​អភិវឌ្ឍន៍​តំបន់​ប្រជុំ​កោះ​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង

ចិន​ទាមទារ​ចង់​គ្រប់គ្រង​ ៩០%​នៃ​ដែនទឹក​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង​ តែ​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និង​តៃវ៉ាន់ ក៏​ចង់​​បាន​ចំណែក​គ្រប់គង​តំបន់​ដែន​ទឹកដែល​​ប្រកប​ដោយ​ធនធាន​ធម្មជាតិ និង​រ៉ែ​ឧស្ម័ន​ក្រោម​ដី ព្រម​ទាំង​ជា​ផ្លូវ​ចរាចរណ៍​នាវា​អន្តរជាតិ​ នេះ​ដែរ។

បើ​បាន​រូបភាព​ផ្កាយ​រណប ចិន បាន​ផ្តើម ការដ្ឋាន​និង​បង្កើន​សកម្មភាពសាងសង់​ មួយ​ជា​ប្រាំ​ ​​នៅ​តាម​កូន​កោះ​ត្រង់​តំបន់​ប្រជុំ​កោះស្ព្រាតលី។ ចិន​បាន​ទទួល​ស្គាល់​ថាមាន​ស្ថាបនា​​ហេដ្ឋារចនា​សម្ព័ន្ធ​នេះ មែន ព្រោះ​ជា ការ​ចាំបាច់! នេះ​បើ​តាម​សម្តី​របស់​លោក វ៉ង់ យី រដ្ឋមន្ត្រី​ការបរទេស​ចិន ដែល​អះអាង​ថា ជា​ការងារ​ដែល​គ្មាន​ប៉ះពាល់​ដល់​ភាគី ឬ​ប្រទេស​ផ្សេង​ទេ។ ចិន​មិន​ដូច​ជា​ប្រទេស​ខ្លះ (ប្រទេស​ដែល​មាន​ពាក់ព័ន្ធ​ក្នុង​ជម្លោះ) ដែល​សាង​សង់​ដោយ​ខុស​ច្បាប់​លើ​ដី​របស់​គេ​ឡើយ ដូច្នេះ​ចិន​មិន​ទទួល​យក​សេចក្តី​ថ្លែងការណ៍​គ្មាន​មូលដ្ឋាន​ទេ។

នយោបាយ​ដាច់​ខាត​របស់​ចិន​ទាក់ទង​នឹង​ជម្លោះ​ដែន​ទឹក​នេះ បាន​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ ជប៉ុន ក៏​ដូច​ជា​បណ្តា​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​មាន​ជម្លោះ​ជាមួយ​ចិន​ព្រួយ​បារម្ភ អំពី​មហិច្ឆតា​របស់​ប៉េកាំង ចេញ​ច្បាប់​តែ​ម្នាក់​ឯង​ មិន​ខ្វល់​នឹង​ច្បាប់​អន្តរជាតិ។ ប្រទេស​ខ្លះ​បាន​​ស្វែង​រក​ការ​ពារ​ពី​សហរដ្ឋ​អាមេរិក​ផង បើ​ទោះ​ជា​ធ្លាប់​ជា​សត្រូវ​ចាស់​ក៏ដោយ។ ប៉ុន្តែ​ សម្រាប់​ចិន​វិញ ចិន​មិន​ចង់​ឃើញ​អាមេរិក​លូក​លាន់​ច្រើន​នៅ​អាស៊ីទេ។ នយោបាយ​ផ្តល់​អាទិភាព​ដល់​តំបន់​អាស៊ី របស់​លោក​អូបាម៉ា ​ត្រូវ​បាន​ចិន​យល់​ជា​​ការ​គំរាម​កំហែងចិន​​ផ្ទាល់។​ ហេតុ​ដូច្នេះ​ហើយ​បាន​ចិន​ចាំ​បាច់​ត្រូវ​សហការ​ជាមួយ​រុស្ស៊ី ដើម្បី​​បង្ហាញ​កម្លាំង​រួម​។ ធ្វើ​សមយុទ្ធ​រួម​ជាមួយ​រុស្ស៊ី ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង បង្កើន​កញ្ចប់​ថវិកា​យោធាជា​រៀង​រាល់​ឆ្នាំ​។ ព្រោះ​អ្វី ?​ ព្រោះ​តែ​ចិន​ចង់​តាំង​ខ្លាំង​ជា​អ្នក​មាន​សិទ្ធិ​ មាន​អំណាច​ម្នាក់​ នៅ​ប៉ាស៊ីហ្វិក។​​

បើ​តាម​ប្រសាសន៍​លោក​វ៉ង់ ចិន​​ចង់​ធ្វើ​ឱ្យ​​ប្រព័ន្ធ​អន្តរជាតិបាន​ប្រសើរ​ឡើង ចង់​ឱ្យ​ប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​លូត​លាស់​ខ្លាំង​ក៏​មាន​ពាក្យ ​​មាន​អំណាច​ច្រើន​ជាងមុន មិន​មែន​សម្រេច​តែ​លើ​ក្រុម​មហាអំណាច​មួយ​ក្តាប់​តូច​ឡើយ។ ចិន​បាន​ប្រៀប​ប្រដូច​​សណ្តាប់​ធ្នាប់​ពិភពលោក និង​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ នៅ​នឹង​នាវា​ដ៏​ធំ​មួយ ដែល​មាន​ផ្ទុក​អ្នក​ដំណើរជាង​​១៩០​ប្រទេស​។ ចិន​​មិន​ចង់ជាន់​ឱ្យ​​ផ្អៀង​​​ក្រឡាប់​ទូក​​ទេ តែ​ចិន​ចង់​សហការ​ជាមួយ​អ្នក​ដំណើរ​ផ្សេង​ទៀត ដើម្បី​ឱ្យ​នាវា​អាច​រំកិល​​ទៅមុខ​បាន​ដោយ​សុវត្ថិភាព និង​ដោយ​ត្រូវ​ទិស​ល្អ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ