អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ចិន​និង​រុស្ស៊ី​អាច​នឹង​ឈាន​ទៅ​បង្កើត​សម្ព័ន្ធភាព​នឹងគ្នា​ឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

​នៅ​ក្នុងមួយរយៈកាល​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​ថា ទំនាក់ទំនង រវាង​ចិន និង​រុស្ស៊ី​​មាន​ភាព​ល្អូកល្អឺន​​គួរ​ឲ្យ​កត់សម្គាល់។ ភាព​ល្អូកល្អឺន​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ការ​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ ការ​ធ្វើ​សមយុទ្ធ​ទ័ព​ជើងទឹក​រួមគ្នា និង​ការ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប។ តើទំនាក់ទំនង​ល្អូកល្អឺននេះ​អាច​នឹង​ធ្វើ​ឲ្យ​ចិន និង​រុស្ស៊ី អាច​​​ឈាន​ទៅដល់​ការ​បង្កើត​ជា​សម្ព័ន្ធភាព​នឹង​គ្នា​ដែរ​ឬទេ?

លោក​ប្រធានាធិបតី​រុស្ស៊ី វ៉ា្លឌីមៀរ ពូទីន និង​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង កាលពីថ្ងៃ​ទី២០ ឧសភា ២០១៤
លោក​ប្រធានាធិបតី​រុស្ស៊ី វ៉ា្លឌីមៀរ ពូទីន និង​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង កាលពីថ្ងៃ​ទី២០ ឧសភា ២០១៤ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

ចិន និង​រុស្ស៊ី អតីត​គូសត្រូវ នៅ​ក្នុង​សង្រ្គាម​ត្រជាក់ ​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ កាលពីពេលថ្មីៗ​នេះ ដែល​មាន​ខ្លឹមសារ​ជារួមថា ទំនាក់ទំនង​ទ្វេភាគី រវាងចិន និង​រុស្ស៊ី បាន​ឈាន​ដល់​ដំណាក់​កាល​ថ្មី​មួយ​ហើយ គឺទំនាក់ទំនង​​ដៃគូ​ជា​យុទ្ធសាស្រ្ត ដែល​នឹង​អាច​ជួយ​ឲ្យ​ប្រទេស​ទាំងពីរ​បង្កើន​ឥទ្ធិពល​នៅលើ​ឆាក​អន្តរជាតិ។

 
កាលពីចុងខែ​ឧសភា​កន្លងទៅនេះ នៅ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន នៅ​ក្នុង​ប្រទេស​ចិន ប្រទេស​ទាំងពីរ​បាន​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​រុស្ស៊ី​ទៅ​ឲ្យ​ចិន សម្រាប់​រយៈពេល ៣០ឆ្នាំ ក្នុងទំហំ​​ទឹកប្រាក់​រហូតដល់​ទៅ ៤០០ពាន់លាន​ដុល្លារ។

ក្នុងពេល​ជាមួយគ្នា ចិន និង​រុស្ស៊ី បាន​បើក​ធ្វើ​សមយុទ្ធ​ទ័ព​ជើងទឹក​រួមគ្នា នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត ក្បែរ​តំបន់​ប្រជុំកោះ​ជាប់ជម្លោះ​ជាមួយ​ជប៉ុន ដែល​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ជំហរ​គាំទ្រ​របស់​រុស្ស៊ី ចំពោះ​ចិន នៅ​ក្នុង​ជម្លោះ​ដែនសមុទ្រ​ជាមួយ​ប្រទេស​ជិតខាង។ នៅ​ឯទីក្រុង​ញូវយ៉ក​ឯណោះវិញ ចិនក៏​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​រុស្ស៊ី​វិញ​ដែរ នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប តាមរយៈ​ការ​បោះឆ្នោត​វ៉េតូ​ជាច្រើន​លើក ទៅលើ​សេចក្តីសម្រេច ស្តីពី​វិបត្តិ​ស៊ីរី ស្នើឡើង​ដោយ​ប្រទេស​លោកខាងលិច។

នៅចំពោះ​មុខការ​វិវឌ្ឍ​​យ៉ាងលឿន​នៃ​ទំនាក់ទំនង​ចិន-រុស្ស៊ី​នេះ អ្នក​ខ្លះ​បាន​ចោទ​ជា​សំណួរ​ថា តើ​មាន​កត្តា​អ្វី​ដែល​ជំរុញ​ឲ្យ​ប្រទេស​ទាំងពីរ​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ល្អូកល្អឺន​នឹង​គ្នា​ខ្លាំង​បែបនេះ ហើយថា តើ​ប្រទេស​ទាំងពីរ​អាច​នឹង​ឈាន​ទៅដល់​ការ​បង្កើត​សម្ព័ន្ធភាព​ជាផ្លូវការ​នឹង​គ្នា​ដែរ​ឬ​ក៏​យ៉ាងណា?

គេ​អាច​មើលឃើញ​នូវ​មូលហេតុ​សំខាន់ពីរ ដែល​ជំរុញ​ឲ្យ​ចិន និង​រុស្ស៊ី​​ខិតខំ​រឹតបន្តឹង​ទំនាក់ទំនង​នឹង​គ្នា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

មូលហេតុ​ទីមួយ គឺ​ភាពតានតឹង​យ៉ាង​ខ្លាំង​មិនធ្លាប់មាន រវាង​រុស្ស៊ី និង​ប្រទេស​លោកខាងលិច ជុំវិញ​វិបត្តិ​នៅ​អ៊ុយក្រែន។ ការ​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​ឧស្ម័ន​ទៅ​ឲ្យ​ចិន​អាច​ធ្វើ​ឲ្យ​រុស្ស៊ី​កាត់បន្ថយ​ការ​ពឹងផ្អែក​ទៅលើ​ទីផ្សារ នៅ​អឺរ៉ុប ក្នុងករណី​មាន​ទណ្ឌកម្ម​ពី​លោក​ខាងលិច ដោយសារ​តែ​វិបត្តិ​អ៊ុយក្រែន។ កិច្ចសន្យា​នេះ​ក៏​ផ្តល់​ផលប្រយោជន៍​យ៉ាង​ច្រើន​ផងដែរចំពោះ​ចិន ដែល​កំពុងតែ​ត្រូវការ​ឧស្ម័ន​ធម្មជាតិ។

មូលហេតុ​ទីពីរ ដែល​ជំរុញ​ឲ្យ​ចិន និង​រុស្ស៊ី​មាន​ទំនាក់ទំនង​ល្អូកល្អឺន​នឹង​គ្នា​នៅពេលនេះ គឺ​ផលប្រយោជន៍​ជា​យុទ្ធសាស្រ្ត​រួមគ្នា សម្រាប់​រយៈពេលវែង។ ផលប្រយោជន៍​ជា​យុទ្ធសាស្រ្ត​នេះ គឺ​ការ​ទប់ទល់​នឹង​ឥទ្ធិពល​របស់​អាមេរិក។ នៅ​ក្នុង​ពេល​ដែល​រុស្ស៊ី​កំពុង​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​អាមេរិក និងសម្ព័ន្ធមិត្ត ជុំវិញ​វិបត្តិ​អ៊ុយក្រែន ចិនវិញ​ក៏​កំពុងតែ​មិនសប្បាយចិត្ត​នឹង​អាមេរិក​ដែរ ចាប់តាំង​ពី​លោក​អូបាម៉ា​មាន​គម្រោង​បង្កើន​ឥទ្ធិពល និង​វត្តមាន​កងទ័ព នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ចិន​យល់ថា ជា​យុទ្ធសាស្រ្ត ដើម្បី​ប្រឆាំង​ចិន។ ជម្លោះ​ដែនសមុទ្រ រវាង​ចិន និង​បណ្តា​ប្រទេស​ជិតខាង ដែលទទួល​បាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក ក៏​តែងតែ​ធ្វើ​ឲ្យ​ចិន និង​អាមេរិក ប៉ះទង្គិច​ពាក្យសម្តី​គ្នា​ជារឿយៗ​ផងដែរ។

ការប្រឈមមុខ​នឹង​គូប្រជែង​រួមគ្នា​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​ខ្លះ​យល់ថា ទំនាក់ទំនង រវាង​ចិន និង​រុស្ស៊ី​អាច​នឹងវិវឌ្ឍ​រហូត​ទៅដល់​ការ​បង្កើត​ជា​សម្ព័ន្ធភាព​ជាផ្លូវការ​ ដើម្បី​រួម​កម្លាំង​គ្នា​ទប់ទល់​នឹង​អាមេរិក។

ក៏ប៉ុន្តែ គេ​ក៏​មិន​ត្រូវ​ភ្លេចដែរ​ថា ថ្វីដ្បិត​តែ​​ចិន និង​រុស្ស៊ី​មាន​គូប្រជែង​រួមគ្នា​ក៏ពិតមែន គឺ​សហរដ្ឋ​អាមេរិក តែ​ចិន និង​រុស្ស៊ី ក៏​នៅតែ​ជា​គូប្រជែង​នឹង​គ្នា​ដ៏ធំ​នៅឡើយដែរ។ រហូតមកទល់​នឹង​ពេលនេះ ចិន និង​រុស្ស៊ី ដែល​ជា​អតីត​គូសត្រូវ​នៅ​ក្នុង​សង្រ្គាម​ត្រជាក់ នៅតែ​មិនទុកចិត្ត​គ្នា ហើយ​លើសពីនេះ​ទៅទៀត ប្រទេស​ទាំងពីរ​កំពុងតែ​ប្រជែង​ដណ្តើម​ឥទ្ធិពល​គ្នា នៅ​ក្នុង​តំបន់​អាស៊ី​កណ្តាល។ ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​កណ្តាល គឺ​ជា​ប្រទេស​​សម្បូរ​ទៅដោយ​ធនធាន​ធម្មជាតិ ដែល​ចិន​ត្រូវការ ក៏ប៉ុន្តែ ជា​ប្រទេស​អតីត​សហភាព​សូវៀត ដែល​រុស្ស៊ី​តែងតែ​ចាត់ទុក​ថា​ជា​ដែន​ឥទ្ធិពល​ផ្តាច់មុខ​របស់​ខ្លួន។

ការមិនទុកចិត្ត​គ្នា និង​ការ​មាន​ផលប្រយោជន៍​យុទ្ធសាស្រ្ត​ប្រឆាំង​គ្នា​នេះ​ហើយ ដែល​អាច​ជា​ឧបសគ្គ ពិបាក​នឹង​ឲ្យ​ចិន និង​រុស្ស៊ី ឈាន​ទៅ​បង្កើត​សម្ព័ន្ធភាព​ផ្លូវការ​នឹង​គ្នា​មួយបាន។ ក៏ប៉ុន្តែ នេះ​ក៏​មិនមែន​មានន័យថា ចិន និង​រុស្ស៊ី ប្រាកដ​ជា​គ្មានផ្លូវ​នឹង​​​​បង្កើត​សម្ព័ន្ធភាពនឹង​គ្នា​នោះដែរ ហើយ​ប្រសិនបើ​មាន​ប្រទេស​ណាមួយ​ដែល​អាច​ជំរុញ​ឲ្យ​ប្រទេស​ទាំងពីរ​នេះ​បង្កើត​សម្ព័ន្ធភាព​ជាផ្លូវការ​នឹងគ្នា​នោះ គឺ​សហរដ្ឋ​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ