អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

កងទ័ព​៖ ចន្ទល់ ដ៏​មាំ​មួយ​ផ្សេង​ទៀត នៃ​អានុភាព​របស់​ឥណ្ឌា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​និយាយ​ពី​ភូមិសាស្រ្ត​នយោបាយ​នៃ​ប្រទេស​ឥណ្ឌា​ត​ទៅ​ទៀត។ ក្រោយ​ពី​បាន​លើក​ឡើង​ពី​លទ្ធិប្រជាធិបតេយ្យ និង​ពី​សេដ្ឋកិច្ច​នៃ​ប្រទេស​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​សិក្សា​ទៅ​លើ​ចន្ទល់​មួយ​ទៀត​នៃ​អានុភាព​ឥណ្ឌា នោះ​គឺ​កងទ័ព។

ទង់ជាតិ​របស់​ប្រទេសក្នុង​លោក​
ទង់ជាតិ​របស់​ប្រទេសក្នុង​លោក​ RFI/Khmer
ផ្សាយពាណិជ្ជកម្ម

ទន្ទឹម​គ្នា​នឹង​ការ​ចេញ​មុខ​តាំង​ខ្លួន​ជា​មហា​អំណាច​នុយក្លេអ៊ែរ ឥណ្ឌា​បាន​និង​កំពុង​បន្ត​ពង្រីក
មធ្យោបាយ​ការពារ​ជាតិ ដោយ​អាស្រ័យ​ទៅ​លើ​ប្រាក់​សុទ្ធ ​ដែល​ខ្លួន​មាន​នៅ​ក្នុង​ដៃ និង​បច្ចេកវិជ្ជា​យោធា ​ដែល​ខ្លួន​ក្តាប់​បាន។

ថវិកាយោធា​ប្រចាំ​ឆ្នាំ ​របស់​ឥណ្ឌា​មាន​កម្រិត​ស្មើ​នឹង​ប្រមាណ​៣% នៃ​ផលិតផល​ដុល​ក្នុង​ស្រុក ជា​ឧទាហរណ៍​នៅ​ឆ្នាំ​២០១០​ប្រទេស​មួយ​នេះ​បាន​ចាយ​ប្រាក់​អស់​ប្រមាណ​៣ ៥០០០​លាន​ដុល្លារ​សម្រាប់​វិស័យ​ការ​ពារ​ជាតិ។

និយាយ​ពី​បច្ចេកវិជ្ជា​យោធា​វិញ ឥណ្ឌា​មិន​ដែល​ប្រទះ​នឹង​បញ្ហា​ធំ​ដុំ​ទេ ដោយសារតែ​សមត្ថភាព​ខ្ពស់​នៃ​ពួក​វិស្វករ​របស់​ខ្លួន និង​ដោយសារតែ​មាន​ជំនួយ​អស់​រយៈ​ពេល​ជា​យូរ​ឆ្នាំ​ពី​សូវៀត​និង​ក្រោយ​មក​ទៀត​ពី​រុស្ស៊ី។ ជាក់ស្តែង ឥណ្ឌា​ក្តាប់​បាន​ល្អ​ណាស់​បច្ចេកវិជ្ជា​នុយក្លេអ៊ែរ​ទាំង​ស៊ីវិល​ទាំង​យោធា អស់​រយៈ​ពេល​ជាង​បួន​ទសវត្សរ៍​កន្លង​មក​ហើយ។

មធ្យោបាយ​យោធា​របស់​ឥណ្ឌា​ខ្លាំង​ណាស់ និង​ខ្លាំង​ឡើង​ជា​លំដាប់ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ។ បើ​រាប់​ពី​ចំនួន​កងទ័ព​វិញ ឥណ្ឌា​ជាប់​លំដាប់​ថ្នាក់​លេខ​បី​នៅ​ក្នុង​ពិភពលោក បន្ទាប់​ពី​ចិន​និង​អាមេរិក។ ប្រទេស​អាស៊ី​ខាង​ត្បូង​មួយ​នេះ​មាន​លទ្ធភាព​កេណ្ឌ​ទាហាន​បាន​៥​លាន​នាក់​យ៉ាង​លឿន​រហ័ស ក្នុង​នោះ​រួម​មាន​ជា​អាទិ៍ ទាហាន​ជើង​គោក ទាហាន​ជើង​អាកាស ទាហាន​ជើង​ទឹក​និង​ទាហាន​បម្រុង។

ដោយ​ឡែក តាំង​ពី​ឆ្នាំ​១៩៥០​មក កងទ័ព​ឥណ្ឌា​ចូល​រួម​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​អាហ្វ្រិក អឺរុប ដើមបូព៌ា អាមេរិកកណ្តាល និង​អាស៊ី​កណ្តាល។

ជា​ការ​ពិត​ណាស់​ដែល​ថា អានុភាព​សឹក​របស់​ឥណ្ឌា​នៅ​មាន​កម្រិត​ខ្សោយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​អាមេរិក ប៉ុន្តែ​កងទ័ព​ឥណ្ឌា​អាច​ពឹង​ពាក់​ទៅ​លើ​មធ្យោបាយ​យោធា​មួយ​ដ៏​សម្បូណ៌​បែប ទាំង​នៅ​លើ​វិស័យ​ជើង​គោក ជើង​ទឹក​និង​ជើង​អាកាស។ ឥណ្ឌា​មាន​នាវា​ផ្ទុក​យន្តហោះ នាវា​មុជ​ទឹក យន្តហោះ​ចម្បាំង​Mig 29 និង​Su 30។

លើស​ពី​នេះ​ទៅ​ទៀត ឥណ្ឌា​ជា​មហាអំណាច​នុយក្លេអ៊ែរ​មួយ​ពេញ​លេញ នៅ​ត្រង់​ថា ប្រទេស​មួយ​នេះ ប្រដាប់​ទៅ​ដោយ​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ ដែល​អាច​ពាំ​ក្បាល​នុយក្លេអ៊ែរ​បាន។ ក្រុម​អ្នកជំនាញ​អះអាង​ថា ឥណ្ឌា​មាន​គ្រាប់​បែក​បរមាណូ​ពី​៦០ ទៅ​៨០​គ្រាប់។

និយាយ​រួម យក្ស​អាស៊ី​ខាង​ត្បូង​មួយ​នេះ អាច​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន តាម​រយៈ​មធ្យោបាយ​បី​យ៉ាង ម្យ៉ាង​តាម​រយៈ​មីស៊ីល​បាញ់​បាន​ឆ្ងាយ ម្យ៉ាង​ទៀត​តាម​រយៈ​យន្តហោះ​ចម្បាំង និង​ម្យ៉ាង​ចុង​ក្រោយ​តាម​រយៈ​នាវា​មុជ​ទឹក។

ឥណ្ឌា​តែងតែ​អះអាង​ថា ខ្លួន​នឹង​មិន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​មុន​គូ​សត្រូវ​ទេ។ ទឡ្ហីករណ៍​នេះ ប្រហែល​ជា​ត្រឹម​ត្រូវ បើ​សត្រូវ​របស់​ឥណ្ឌា​ជា​ប្រទេស​ប៉ាគីស្ថាន​ដែល​ទន់​ខ្សោយ​ជាង ប៉ុន្តែ ជំហរ​នេះ​នឹង​អាច​ប្រែប្រួល បើ​សត្រូវ​មាន​អានុភាព​ខ្លាំង​ក្លា ដូច​ជា​ប្រទេស​ចិន​ជា​ដើម។

យ៉ាង​ណា​ក៏​ដោយ កងទ័ព​ឥណ្ឌា​មាន​បញ្ហា​មួយ​ធំ នោះ​គឺ​គ្មាន​ឡើយ​បញ្ជាការ​រួម​រវាង​កងទ័ព​ទាំង​បី​ ទ័ព​ជើង​គោក ទ័ព​ជើង​ទឹក និង​ទ័ព​ជើង​អាកាស ជាហេតុ​ធ្វើ​ឱ្យ​ការ​អនុវត្តន៍​ផែន​ការ​ហ្វឹកហ្វឺន​និង​សមយុទ្ធ រអាក់រអួល​និង​ខ្វះ​ប្រសិទ្ធភាព។ នេះ​គឺ​ជា​ផលវិបាក​អវិជ្ជមាន​បន្សល់​ទុក​មក​តាំង​ពី​សម័យ​សង្គ្រាម​ត្រជាក់ សម័យ​មួយ​ដែល​ឥណ្ឌា​និង​សូវៀត​បាន​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​នៅ​លើ​វិស័យ​យោធា។

ដូច​នេះ បើ​សិន​ជា​ប្រទេស​ជាតិ​ជួប​ប្រទះ​នឹង​ភាព​អាសន្ន​ខ្លាំង បញ្ជាការ​យុទ្ធសាស្ត្រ​ស្តី​ពី​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ជាយថាហេតុ​អាច​នឹង​ចោទ​ឡើង។ ចោទ​ឡើង ពីព្រោះ​ការ​បញ្ជា​ឱ្យ​បាញ់​មីស៊ីល​ពាំ​ក្បាល​នុយក្លេអ៊ែរ​ត្រូវ​ការ​សេចក្តី​សម្រេច​ចិត្ត​មួយ​យ៉ាង​លឿន​រហ័ស ក្នុង​ករណី​ដែល​មាន​សង្គ្រាម​នុយក្លេអ៊ែរ​កើត​ឡើង​ជា​មួយ​បាគីស្ថាន។

ដោយ​ឡែក ក្រុម​នាយ​ទាហាន​ឥណ្ឌា​ត្អូញ​ត្អែ​ថា ពួក​គេ​នៅ​តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ពេញ​លក្ខណៈ​និង​ញឹកញាប់​ក្នុង​អង្គប្រជុំ​សំខាន់ៗ​ជាមួយ​រដ្ឋាភិបាល ដើម្បីកំណត់ យុទ្ធសាស្រ្ត​ការពារ​ជាតិ។ ទាំង​នេះ​មិនមែន​ចៃដន្យ​ឡើយ ដ្បិត​ក្នុង​នាម​ជា​ប្រទេស​ប្រជាធិបតេយ្យ កង​ទ័ព​ឥណ្ឌា​ត្រូវ​ស្តាប់​បង្គាប់​រដ្ឋាភិបាល​ស៊ីវិល។

និយាយ​ពី​កេរ្តិ៍​ឈ្មោះ​និង​ឥទ្ធិពល​នៅ​ក្នុង​លោក​វិញ គួរ​គូស​បញ្ជាក់​ថា កងទ័ព​ឥណ្ឌា​ដូច​ជា​មិន​សូវ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ឱ្យ​សម​នឹង​មាឌ​នៃ​ប្រទេស​នេះ​ទេ។ មាន​មូលហេតុ​សំខាន់ៗ​ពីរ​យ៉ាង​ដែល​អាច​ពន្យល់​ពី​បញ្ហា​នេះ។

ម្យ៉ាង គឺ​ប្រហែល​មក​ពី​ឥណ្ឌា​គ្មាន​ទីតាំង​និង​មូលដ្ឋាន​យោធា​នៅ​ទី​ណា​ផ្សេង​ក្រៅ​តែ​ពី​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ទោះ​បី​ជា​ដូច​បាន​លើក​ឡើង​រួច​ហើយ​ថា តាំង​ពី​ឆ្នាំ​១៩៥០​មក កងទ័ព​ឥណ្ឌា​ចូល​រួម​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​សឹង​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភពលោក​ក្តី។

រី​ឯ​ម្យ៉ាង​ទៀត គឺ​មក​ពី​រដ្ឋាភិបាល​ឥណ្ឌា​ជា​បន្ត​បន្ទាប់ នៅ​តែ​មិន​ទាន់​ចង់​បន្ទរ​សម្លេង​និង​បញ្ចេញ​ប្រតិកម្មខ្លាំងក្លានៅ​លើ​ឆាក​អន្តរជាតិ ដូច​អាមេរិក រុស្ស៊ី​ឬ​ចិន​។

យ៉ាង​ណា​មិញ ចាប់​ពី​ពេល​នេះ​ត​ទៅ ឥណ្ឌា​ដែល​មាន​មហិច្ឆតា​ក្លាយ​ជា​មហា​អំណាច អាច​នឹង​ចាប់​ផ្តើម​ពង្រីក​ឥទ្ធិពល​យោធា​បណ្តើរៗ ចេញ​ហួស​ពី​ព្រំដែន​នៃ​ប្រទេស​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ