អានតួអត្ថបទ
កូរ៉េ

កូរ៉េខាងជើង​តាំង​បង្ហាញ​គ្រាប់​មីស៊ីល​ខ្នាត​វែង​របស់​ខ្លួន​ក្នុង​ក្បួន​ព្យុហយាត្រា​យោធា

នៅ​ក្នុងឱកាស​ព្យុហយាត្រា​កង​យោធា​យ៉ាង​អ​ធឹ​ក​អធម​មួយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ដើម្បី​ប្រារព្ធ​ខួប​ទី៦០ឆ្នាំ​នៃ​ការបញ្ចប់​សង្គ្រាម​កូរ៉េ ប្រទេស​កូរ៉េខាងជើង​បានដាក់​តាំង​បង្ហាញ​គ្រាប់​មី​ស៊ី​ល​ខ្នាត​វែង​របស់ខ្លួន​សម្ញែង​ឲ្យ​គេ​ឃើញ​ផងដែរ។ ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​ក្រសែភ្នែក​របស់ លោក គឹម ជុង​អ៊ុន មេដឹកនាំ​វ័យក្មេង​នៃ​ទីក្រុង​ព្យុងយ៉ាង និង​អ្នកកាសែត​អន្តរជាតិ​មួយចំនួន​ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម។

ប្រមុខ​គីម​ជុងអ៊ុន (កណ្តាល) ជាមួយ​​ពល​ទាហាន​កូរ៉េ​ខាង​ជើង នៅ​ទីក្រុង​ព្យុងយ៉ាង​ ថ្ងៃទី ២១ ឧសភា ២០១៣
ប្រមុខ​គីម​ជុងអ៊ុន (កណ្តាល) ជាមួយ​​ពល​ទាហាន​កូរ៉េ​ខាង​ជើង នៅ​ទីក្រុង​ព្យុងយ៉ាង​ ថ្ងៃទី ២១ ឧសភា ២០១៣ REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

គ្រាប់​មី​ស៊ី​ល​ដែល​សណ្តោង​ដោយ​រ៉ឺម៉ក​ត្រូវបាន​គេ​អូស​ឆ្លងកាត់​ទីលាន Kim Il-Sung នៃ​ទីក្រុង​ព្យុងយ៉ាង​ដោយមាន​ការចូលរួម​ក្បួនព្យុហយាត្រា​ពី​សំណាក់​កង​យោធា​រាប់ពាន់នាក់ ។ នៅពេលដែល​លោក គឹម ជុង​អ៊ុន បាន​ឆ្លងកាត់​ពីមុខ​ពួកគេ  បណ្តាជន​កូរ៉េខាងជើង​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះបាន​ស្រែក​ស្រុះគ្នា​ថា«ពួកយើង​ប្តូរជីវិត​ដើម្បី​ការពារ គឹម ជុង​អ៊ុន»។

ក្រៅពី​គ្រាប់​មី​ស៊ី​ល​ខ្នាត​វែង ក៏មានដែរ​ប្រភេទ​គ្រាប់​មី​ស៊ី​ល​ផ្សេងទៀត និង​គ្រឿង​សព្វាវុធ​ធុន​ធ្ងន់​ជាច្រើន​ដូចជា រថក្រោះ និង​ជើង​សម្រាប់​បាញ់​គ្រាប់​រ៉ូ​កែ​ត ព្រមទាំង​កាំភ្លើង​ធំ​ជាច្រើន​ប្រភេទ​ទៀត​ក៏​ត្រូវបាន​តាំង​បង្ហាញ​ផងដែរ​ខណៈដែល​ឯ​យន្តហោះ​ប្រដេញ និង​ឧ​ទ្ធ​ម្ភា​ចក្រ​ជាច្រើន​បាន​ហោះ​ប្រដេញ​នៅលើ​អាកាស។

លោក គឹម ជុង​អ៊ុន ក្នុង​សម្លៀកបំពាក់​ម៉ៅ​និយម​បាន​ដើរ​តាម​កម្រាលព្រំ​ពណ៌​ក្រហម​ឡើងលើ​វេទិកា​ក្រោម​ការស្វាគមន៍ និង​សំឡេង​ភ្លេង​ត្រែទ័ព​យ៉ាង​កងរំពង។ ប៉េងប៉ោង និង​ក្រណាត់​ដែល​រម្លេច​ដោយ​ពាក្យ​ស្លាក​ជាច្រើន​ត្រូវបាន​បង្ហោះ​ក្រោម​ផ្ទៃមេឃ​បាំងបិទ​ដោយ​ពពក។ ទីលាន Kim Il-Sung ទាំងមូល​ត្រូវបាន​រម្លេច​ដោយ​ទង់ជាតិ​កូរ៉េខាងជើង​យ៉ាង​ព្រោងព្រាត។

គួរ​បញ្ជាក់ថា កិច្ចព្រមព្រៀង​ឈប់​បាញ់​កាលពី​ថ្ងៃទី២៧ កក្កដា ឆ្នាំ ១៩៥៣ បាន​បិទ​បញ្ចប់សង្គ្រាម​ដែល​បានអូសបន្លាយ​រយៈពេល​បី​ឆ្នាំ​នៅក្នុង​ឧបទ្វីប​កូរ៉េ។ ទីបំផុត ប្រទេស​កូរ៉េ បាន​បែង​ចែកជា​ពីរ​គឺ​កូរ៉េខាងជើង​ជាស​ម្ព​ន្ធ័​មិត្ត​របស់​ចិន និង​រុស្ស៊ី និង​កូរ៉េខាងត្បូង​ជាស​ម្ព​ន្ធ័​មិត្ត​របស់​សហរដ្ឋអាមេរិក។ ក្បួនព្យុហយាត្រា​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​ការតាមដាន​យ៉ាង​យក​ចិ​ត្ក​ទុកដាក់​ពី​សំណាក់​បរទេស​ដើម្បី​ចង់ដឹងថា តើ​កូរ៉េខាងជើង​បាន​អភិវឌ្ឍ​កម្មវិធី​មី​ស៊ី​ល​របស់ខ្លួន​អ្វីខ្លះ។

ការ​ប្រារព្ធ​ខួប ៦០ ឆ្នាំ នៃ​ការបញ្ចប់​សង្គ្រាម​កូរ៉េ​ពេលនេះ​ក៏បាន​ធ្វើឡើង​ខណៈដែល​កូរ៉េ​ទាំង​ពីរ​​កំពុង​ចរចា​គ្នា​ដើម្បី​ឲ្យ​មាន​ភាពស្ងប់ស្ងាត់​បន្តិច​បន្ទាប់ពី​ភាព​តានតឹង​ដែល​កើតឡើង​ដោយ​សារ​ការបាញ់​សាកល្បង​យានអវកាស​ដែល​ទីក្រុង​សេ​អ៊ូ​ល​ចាត់ទុកថា ជាការ​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​កូរ៉េខាងជើង៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ