អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

កូរ៉េ​ខាង​ជើង​ប្រកាស​ភ្ជាប់​ខ្សែ​ទូរស័ព្ទ​ក្រហម​ជាមួយ​ខាង​ត្បូង​ឡើង​វិញ

កូរ៉េខាងជើង បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ អំពី​ការ​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​ខ្សែ​ទូរស័ព្ទ​ទំនាក់ទំនង​បន្ទាន់​ជាមួយ​កូរ៉េ​ខាងត្បូង​ដែល​ខ្លួន​បាន​កាត់ផ្តាច់​កាលពី​ខែ​មីនា​កន្លង​ទៅ។ កិច្ចប្រជុំ​រវាង​ភាគី​ទាំងពីរ​គ្រោង​បើក​ធ្វើ​នៅ​សប្តាហ៍​ក្រោយ​នេះ ប៉ុន្តែ ទីក្រុង​ព្យុងយ៉ាង និង​សេអ៊ូល​នៅ​មិន​ទាន់​យល់​ស្រប​គ្នា​អំពី​ទី​កន្លែង​ជួប​ប្រជុំ និង​កម្រិត​នៃ​ជំនួប​នេះ​នៅ​ឡើយ​ទេ។

ទាហាន​កូរ៉េខាង​ត្បូង​ល្បាត​នៅ​តំបន់​គ្មាន​កងទ័ព​ ជាប់​ព្រំដែន​ជាមួយ​ខាង​ជើង ថ្ងៃ​ទី ១១​មីនា ២០១៣.
ទាហាន​កូរ៉េខាង​ត្បូង​ល្បាត​នៅ​តំបន់​គ្មាន​កងទ័ព​ ជាប់​ព្រំដែន​ជាមួយ​ខាង​ជើង ថ្ងៃ​ទី ១១​មីនា ២០១៣. REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

ខ្សែទូរស័ព្ទ​ក្រហម​សម្រាប់​ទំនាក់ទំនង​បន្ទាន់​រវាង​ប្រទេស​បងប្អូន​គូ​សត្រូវ​កូរ៉េ​ទាំងពីរ​នឹង​ត្រូវ​ត​ភ្ជាប់​ឡើង​វិញ​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​សុក្រ​នេះ។ នេះ​បើ​យោង​តាម​ការប្រកាស​ឲ្យដឹង​របស់​ទីក្រុង​ព្យុងយ៉ាង។​ ខ្សែទូរស័ព្ទក្រហម​ដែល​ជា​ប្រព័ន្ធ​ទំនាក់ទំនង​តែ​មួយ​គត់​រវាង​ប្រទេស​ទាំងពីរ​ សម្រាប់​គ្រា​អាសន្ន​ត្រូវ​បាន​កាត់​ផ្តាច់​កាលពី​ខែ​មីនា​កន្លង​ទៅ​ខណៈ​ដែល​ភាព​តានតឹង​បាន​ឡើង​កម្តៅ​យ៉ាង​ខ្លាំង​នៅ​ឧបទ្វីប​កូរ៉េ។

 
ការប្រកាស​ត​ភ្ជាប់​ខ្សែ​ទូរស័ព្ទក្រហម​នេះ​ឡើង​វិញ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​កូរ៉េ​ខាង​ជើង​បាន​សុំ​ចរចា​ជាមួយ​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ហើយ​ដែល​កូរ៉េ​ខាង​ត្បូង​បាន​ឆ្លើយ​តប​ជា​វិជ្ជមាន។ កូរ៉េ​ខាង​ត្បូង​បាន​ស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ​នៅ​ទីក្រុង​សេអ៊ូល។ ប៉ុន្តែ កូរ៉េ​ខាង​ជើង មិន​ទាន់​ចង់​ឲ្យ​មាន​កិច្ចប្រជុំ​​ថ្នាក់​រដ្ឋមន្ត្រី​ភ្លាម​នោះ​ទេ។ ទីក្រុង​ព្យុងយ៉ាង​ចង់​ឲ្យ​មាន​កិច្ចប្រជុំ​កម្រិត​ទាប​ជាង​នេះ​ជា​មុន​សិន​ហើយ​ត្រូវ​ធ្វើ​នៅ​លើ​ទឹកដី​របស់​ខ្លួន​នៅ​ថ្ងៃ​អាទិត្យ​នេះ។

កូរ៉េ​ខាង​ជើង​យល់​ឃើញ​ថា គួរ​មាន​ទំនាក់ទំនង​រវាង​អាជ្ញាធរ​ទាំងពីរ​ជា​មុន​សិន​ មុន​នឹង​មាន​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី ហើយ​ជំនួប​ជា​បឋម​នេះ​គួរ​ត្រូវ​ធ្វើ​នៅ​ក្នុង​តំបន់​ឧស្សាហកម្ម​រួម​ Kaesong ដែល​មាន​ចម្ងាយ ១០ គ.ម ពីព្រំដែន​ក្នុង​ទឹកដី​កូរ៉េ​ខាង​ជើង ហើយ​ដែល​បាន​បិទ​ទ្វារ​តាំងពី​ខែ​មេសា​មក។ ទីក្រុង​សេអ៊ូល​អះអាង​ថា​កំពុង​សិក្សា​សំណើ​របស់​ព្យុងយ៉ាង។

គួរកត់សម្គាល់ថាការប្រញាប់​ត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាង​ត្បូង​ពី​សំណាក់​កូរ៉េ​ខាង​ជើង​បាន​កើត​ឡើង​នៅ​មុន​ពេល​ដែល​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ានិង​ប្រធានាធិបតី​ចិនលោកស៊ីជីងពីងគ្រោង​ជួប​គ្នា​នៅ​ចុង​សប្តាហ៍​នេះ​នៅ​រដ្ឋ​កាលីហ្វញ៉ាសហរដ្ឋ​អាមេរិក។ ជំនួប​នេះ​ត្រូវ​គេ​រំពឹង​ថានឹង​ជជែក​អំពី​បញ្ហា​ឧបទ្វីប​កូរ៉េ​ដោយ​ចៀស​មិន​ផុត។សូម​បញ្ជាក់​ថាចិន​គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏​មាន​ទម្ងន់​តែ​មួយ​គត់​របស់​កូរ៉េ​ខាង​ជើងប៉ុន្តែចុង​ក្រោយ​នេះទីក្រុង​ប៉េកាំង​ក៏​បាន​រង្គាស​ចិត្ត​ចំពោះ​អាកប្បកិរិយា​ព្រហើន​របស់​មេ​ដឹក​នាំ​ក្មេង​ខ្ចីគឹមជុងអ៊ុន។

អគ្គលេខាធិការ​សហប្រជាជាតិ លោក បាន គីមូន បាន​ស្វាគមន៍​ចំពោះ​ការ​រីក​ចម្រើន​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ក្នុង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ។ យ៉ាងណាក៏ដោយ ទំនាក់ទំនង​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ស្ថិត​ក្នុង​សភាព​ផុយ​ស្រួយ​នៅ​ឡើយ។ ក្រុម​អ្នក​វិភាគ​កូរ៉េ​ខាង​ត្បូង​បាន​បង្ហាញ​ភាព​ប្រយ័ត្នប្រយែង​ចំពោះ​បញ្ហា​នេះ ពីព្រោះ​ពួកគេ​បាន​មើល​ឃើញ​បញ្ហា​ស្មុគស្មាញ​ជាច្រើន​ដែល​នៅ​ខ្វែង​គ្នា ហើយ​ដែល​អាច​ឈាន​ដល់​ការ​ជាប់​គាំង​ជា​ថ្មី៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ