អានតួអត្ថបទ
រុស្ស៊ី-ចិន

ទស្សនកិច្ច​លោកនាយក​រដ្ឋមន្ត្រីចិន​ Wen Jiabao ​នៅរុស្ស៊ី​

ក្នុងក្របខ័ណ្ឌ​ទស្សនកិច្ច​នេះ ​ពីថ្ងៃ​ទី៦​ដល់​ទី៨​វិច្ឆិកា ​លោក Wen Jiabao ​បានចូលរួម​ក្នុង​កិច្ចប្រជុំ​ជាន់ថ្នាក់​ប្រមុខ​រដ្ឋាភិបាល​ “អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ​” ​ហៅកាត់ថា​ OCS ​អង្គការ​ដែលឆ្នាំនេះ​មានវ័យ​គម្រប់​បាន​១០ឆ្នាំ ​និងដែល​មាន​៦ប្រទេស​ជា​សមាជិក​នាំមុខ​ដោយចិន​ និង​រុស្ស៊ី​តែម្តង។ ​បន្ទាប់មក​ លោក Wen Jiabao ​បានធ្វើ​ជំនួប​ទ្វេភាគី​ជាមួយ​លោកនាយករដ្ឋមន្ត្រី​រុស្ស៊ី ​Poutine ​សំដៅ​ពង្រឹង ​”ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ ចិន-រុស្ស៊ី”។  

លោក​នាយករដ្ឋមន្ត្រីចិន​ ​Wen Jiabao​ និង​​ លោក ពូទីន ​នាយករដ្ឋមន្ត្រី​រុស្ស៊ី​ ​
លោក​នាយករដ្ឋមន្ត្រីចិន​ ​Wen Jiabao​ និង​​ លោក ពូទីន ​នាយករដ្ឋមន្ត្រី​រុស្ស៊ី​ ​ © កែវ​ ឆាយា
ផ្សាយពាណិជ្ជកម្ម

គួររំលឹក​ថា​“អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ” ​ OCS ដែលបាន​ប្រសូត​មក​នៅ​ក្រុង​សៀងហៃ​ក្នុងឆ្នាំ ២០០១​ មាន​៦ប្រទេស ​ជា​សមាជិក​ពេញលក្ខណៈ​ ពោលគឺ ​ចិន ​រុស្ស៊ី ​និង ​៤ប្រទេស​នៃ​តំបន់ ​អាស៊ី​កណ្តាល​ ៖ Kazakhstan​ Kirghizistan​ Tadjikistan​Ouzbekistan។ ​ក្រោយមក ​មាន៤ប្រទេស​នៃ​តំបន់​ បានត្រូវ​ទទួល​ឲ្យចូល​ជាសមាជិក​-សង្កេតការណ៍​របស់​ OCS គឺ​ឥណ្ឌា ​ប៉ាគីស្ថាន ​អៀរ៉ង់ ​ម៉ុងហ្គោលី​ ចង់ក្លាយ​ជាសមាជិក​-សង្កេតការណ៍​ដែរ​គឺ​អាហ្វហ្កានីស្ថាន​ រីឯ​សេរីលង្កា ​និង​ បេឡារុស្ស ​បានទទួល​លក្ខន្តិកៈ​ជា”ដៃគូ​សំវាទ”​ របស់ OCS។ ​ប្រទេស​តួកគី​ក៏ប្រាថ្នា​ក្លាយជា​ដៃគូ​បែបនេះ​ដែរ។

 
ថ្លែង​រសៀល​ម្សិលមិញ​ ​ក្នុងកិច្ច​ប្រជុំ​ជាន់ថ្នាក់​ប្រមុខ​រដ្ឋាភិបាល​របស់​ OCS ​នៅក្រុង​រុស្ស៊ី​ Saint-Petersbourg ​លោកពូទីន​ នាយក​រដ្ឋមន្ត្រី​ប្រទេស​ម្ចាស់ផ្ទះ​ គូស​បញ្ជាក់​ថា​ OCS ​ចោទ​នៅពីមុខ​ខ្លួន​ទន្ទឹម​និង​ការ​ពង្រីក​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ រវាង​ប្រទេស​សមាជិក​ក៏ទាំង​បញ្ហា​ពង្រឹង​សន្តិសុខ​តំបន់​បង្កើន​ការប្រយុទ្ធ​ទល់នឹង​ភេរវនិយម​និង​ចរាចរណ៍​គ្រឿងញៀន។

ចំណែក​ លោកនាយក​រដ្ឋមន្ត្រីចិន​ Wen Jiabao ​ថ្លែងថា​ ចិន​ត្រៀម​ផ្តល់​ឥណទាន​ក្នុងល័ក្ខខ័ណ្ឌ​ធូរស្រាល​សម្រាប់​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ។​ ក្នុងន័យនេះ​ ចិនគាំទ្រ​ដល់​សំណើ​Kazakhstan ​ស្តីអំពី​ការសាងសង់​បំពង់​បង្ហូរ​ប្រេងកាត​ និង​ខ្សែCable​ នាំចរន្ត​អគ្គិសនី​ពីប្រទេស​អាស៊ី​មួយ​ទៅ​មួយទៀត។​ ចិនក៏​គាំទ្រ​ដល់​សំណើ​Tadjikistan ​និង​ Ouzbekistan ​ស្តីអំពី​ការសាងសង់​និងការកែ​ឲ្យ​ ទំនើប​ឡើង​បណ្តាញ​ផ្លូវដែក​និង​ផ្លូវ​រថយន្ត​ក្នុង​លំហ ​OCS។

ទាក់ទងនឹង​ពាក្យសុំចូល​ជាសមាជិក​ពេញលក្ខណៈ​របស់​ OCS ពីខាង​ប៉ាគីស្ថាន​ និង​អៀរ៉ង់​ដែលទើប​ជា​សមាជិក-សង្កេតការណ៍​ លោកពូទីន​បានលើក​ឡើង​ពីគោលជំហរ​ទីក្រុង​ម៉ូស្គូ ​ដែលថា ប្រទេសណា​ដែល​នៅជាប់​ក្នុង​ទណ្ឌកម្ម​របស់​ អ.ស.ប. គឺ​នៅមិនទាន់​អាចត្រូវ​ទទួល​ឲ្យក្លាយ​ទៅជា​សមាជិក​ពេញលក្ខណៈ​ឡើយ។​ ឃ្លានេះ​ពិតជា​សំដៅ​ទៅលើ​អៀរ៉ង់​តែម្តង។

ក្នុងជំនួប​ទ្វេភាគី​ជាមួយ​លោកពូទីន ​លោក Wen Jiabao ​ថ្លែងថា​ នៅពីមុខ​ស្ថានការណ៍​សេដ្ឋកិច្ច​និង​នយោបាយ​ស្មុគស្មាញ​ក្នុងលោក​ ការពង្រឹង​តទៅទៀត​ភាពជាដៃគូ​យុទ្ធសាស្ត្រ​និង​មិត្តភាព​ជាប្រពៃណី​រវាងចិន​និងរុស្ស៊ី​ដែលជា​មហាប្រទេស​២នៅជិត​ខាងគ្នា​ និងមាន​ឥទ្ធិពល​ក្នុងលោក​គឺឆ្លើយ​ស្របមិន​គ្រាន់តែ​ផលប្រយោជន៍​គន្លឹះ​របស់​ប្រជាជន​រដ្ឋទាំង២​ប៉ុណ្ណោះទេ​ តែក៏​មាន​ន័យយុទ្ធសាស្ត្រ​វែងឆ្ងាយ​សម្រាប់​សន្តិភាព​និងការអភិវឌ្ឍន៍​លើ​ភពផែនដី។

លោកពូទីន​ពីចំណែកខ្លួន​ថ្លែងថា ​ថ្នាក់ដឹកនាំ​ចិន​និង​រុស្ស៊ី​តាំង​ទំនាក់​ទំនង​ដ៏ជិតស្និទ្ធនឹងគ្នា​ដោយឈរ​លើការជឿ​ទុកចិត្ត​នយោបាយ​ទៅវិញ​ទៅមក​ក្នុងកម្រិត​ខ្ពស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ