អានតួអត្ថបទ
រុស្ស៊ី

អត្ថបទ​លោកពូទីន​អំពី ”ស្ពាន”​ ភ្ជាប់ទ្វីប​អឺរ៉ុប​ទៅនឹង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​

ដើរតួជា​ ”ស្ពាន”​ នេះ ​គឺអនាគត​អង្គការ​ក្រោម​ឈ្មោះថា​ “សហភាពអឺរ៉ុប-អាស៊ី”​ ។​ អត្ថបទ​ទាក់​ទងនឹង​សាច់រឿងនេះ​ សរសេរ​ដោយ​បុរសខ្លាំង​នៅរុស្ស៊ី​តែម្តង ​គឺលោកពូទីន ​ដែល​បច្ចុប្បន្ន​ជានាយក​រដ្ឋមន្ត្រី​ ហើយចាប់ពី​ឆ្នាំក្រោយទៅ​នឹង​វិលត្រឡប់​មក​កាន់​អំណាច​កំពូល​ជា​ប្រធានាធិបតី​វិញ។​ គាត់បាន​សរសេរ​ គឺ ​តាម​សំណូមពរ​កាសែត​ដ៏ធំ​និងចំណាស់​វ័យ​នៅ​រុស្ស៊ី ​ឈ្មោះកាសែត​ Izvestia​ ដែល​លេខ​ថ្ងៃនេះ​ឯង​បាន​ចុះ​ផ្សាយ​វា​ពេញ​លើទំព័រ​ទី១​របស់ខ្លួន។

លោក​ ពូទីន នាយករដ្ឋមន្រ្តី​រុស្ស៊ី
លោក​ ពូទីន នាយករដ្ឋមន្រ្តី​រុស្ស៊ី © Reuters
ផ្សាយពាណិជ្ជកម្ម

ខ្លឹមសារ​គឺនៅត្រង់​ចាប់ពី​ថ្ងៃទី​១មករា​ឆ្នាំក្រោយ​ឆ្នាំ២០១២​ទៅ​ នឹងដំណើរ​ការ​ជាផ្លូវការ​ គឺ​រចនា​សម្ព័ន្ធ​មួយថ្មី​ខាងធ្វើ​សមាហរ៍ណកម្ម​ក្រោមឈ្មោះ​ថា​ “ សហភាពគយ”​ បង្កើតឡើង​តាំង​ពី​៤ឆ្នាំ​មុនម៉្លេះ​ដោយ​៣ប្រទេស​ឯករាជ្យ​ គឺរុស្ស៊ី ​បេឡារុស្ស​ កាហ្សាកស្ថាន​ ស្របនឹង​សន្ធិ​សញ្ញា ​ចុះថ្ងៃទី​៦តុលា​ឆ្នាំ២០០៧។​ តាមលោក​ពូទីន​“ សហភាព​គយ “​នេះ ​នឹងប្រែក្លាយ​បន្តិចម្តងៗ​ទៅជា​“សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី”​ ដែលនឹង​បំពេញ​មុខងារ​ជា​ “ស្ពាន”​ ភ្ជាប់​ទ្វីបអឺរ៉ុប​ទៅនឹង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក។

 
លោកពូទីន​អំពាវនាវ​ប្រទេស​ឯទៀត​ឲ្យភ្ជាប់​ខ្លួនមក​នឹង​សហភាពថ្មី​ ដោយ​នៅ​ដំណាក់​ដំបូង​ត្រៀម​ទទួល​ប្រទេស​ឯករាជ្យ​២ផ្សេង​ គឺ​ គៀរហ្គីហ្ស៊ីស្ថាន​និង​តាដហ្ស៊ីគីស្ថាន​ឲ្យចូល​ជា​សមាជិក​ពេញលក្ខណៈ​ ដោយព្រមជា​មួយ​នេះ ​គាត់​ពន្យល់​បំភ្លឺថា​ការធ្វើ​សមាហរ័ណកម្ម​ក្នុង​កម្រិត​កាន់តែ​ខ្ពស់ឡើង​នោះ ​មិនមែន​មានន័យថា​ស្តារ​សហភាព​សូវៀត​ឡើងវិញ​ឡើយ។

ចំពោះ​រដ្ឋឯករាជ្យ​ឯទៀត​នៅជិត​ខាង​រុស្ស៊ី ​ដែល​ពុំព្រម​ភ្ជាប់​ខ្លួនមក​នឹង​សហភាព​ថ្មី​ក្រោម​លេស​​ថា​ ហាក់បី​បញ្ច្រាស​នឹងជម្រើស​របស់​គេ​ទៅខាង​សហភាព​អឺរ៉ុប​លោកពូទីន​សរសេរ​ថា ​ការយល់ឃើញ​បែបនេះ​គឺ​ជាការ​ភាន់ច្រឡំ​ទេតើ​ ដ្បិត​សហភាព​ក្នុង​លំហ​នៃ​អតីត​សហភាព​សូវៀត​ឥត​ប្រឈមមុខ​ទល់នឹង​នរណា​មួយឡើយ។​ ផ្ទុយ​ទៅវិញ ​“សហភាព​សេដ្ឋកិច្ចអឺរ៉ុប-អាស៊ី” ​គឺឈរ​លើ​គោលការណ៍​សាកល​នៃ​សមាហរ័ណកម្ម​ក្នុង​ឋានៈ​ជា​ភាគមួយ​មិនអាច​ផ្តាច់​ចេញ​បាន​ពី​ “ មហាទ្វីបអឺរ៉ុប”​ ដែលលាត​សន្ធឹង​ពីទីក្រុង​ Lisbonne ​នៅប៉ែក​ខាងលិច​បង្អស់​ទ្វីបអឺរ៉ុប​ លុះរហូត​ដល់ក្រុង​ Vladivostok​ ឯចុងបូព៌ា​ប្រទេសរុស្ស៊ី។​ មហាទ្វីបនេះ​រួមគ្នា​ធ្លុងមួយ​ដោយការ​ទទួល​ស្គាល់​ដូចគ្នា​តម្លៃ​នៃ​សេរីភាព​ តម្លៃ​ប្រជាធិបតេយ្យ​ និង​ច្បាប់សេដ្ឋកិច្ច​ទីផ្សារ។

មិនតែ​ប៉ុណ្ណោះ ​លោកពូទីន​រំលឹកថា​ តាំងពីឆ្នាំ​២០០៣ម៉្លេះ ​រុស្ស៊ី​និង​សហភាព​អឺរ៉ុប​ចេះ​ព្រមព្រៀង​​នឹងគ្នា​ទៅលើ​ការ​បង្កើត​ឡើង​ជា​” លំហ​សេដ្ឋកិច្ច​រួមតែមួយ”​ ដោយធ្វើ​នយោបាយ​ឈរលើ​ការសម្រប​យោបល់​គ្នា​ក្នុង​វិស័យ​ឧស្សាហកម្ម​ បច្ចេកវិជ្ជា ​ថាមពល​ អប់រំ​ វិទ្យាសាស្ត្រ។

ដូច្នេះ ​តាមសេចក្តី​សន្និដ្ឋាន​របស់​លោកពូទីន​ជា​បច្ចុប្បន្ន​នាយករដ្ឋមន្ត្រី​និង​ក្នុងឆ្នាំ​ក្រោយ​ឡើងជា​ប្រធានាធិបតី​រុស្ស៊ី​វិញ ​៖ ​ការភ្ជាប់​ខ្លួន​របស់​រដ្ឋ​នេះ​ឬ​នោះ​ មកនឹង​សហភាព​ថ្មី​នឹង​ជួយ​គេ​ឲ្យឆាប់​បាន​ចូល​ក្នុង​ក្រុមគ្រួសារ​ទ្វីបអឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ