អានតួអត្ថបទ
អ.ស.ប-ស៊ីរី

គ្មានឡើយ​សេចក្តី​សម្រេចចិត្ត​របស់​អ.ស.ប​ប្រឆាំង​នឹង​ស៊ីរី​

ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​បាន​ទទួល​បរាជ័យ​ ក្នុង​ការអនុម័ត​សេចក្តី​សម្រេចចិត្ត​មួយ​ប្រឆាំង​នឹង​របប​ស៊ីរី​របស់​ Bachar el-Assad។ ចិន​និង​រុស្ស៊ី​បាន​ប្រើ​សិទ្ធិ​វេតូ​ខ្ទប់​មិន​ឲ្យ​សេចក្តី​សម្រេចចិត្ត​ នេះ​ចេញ​រួច ​ជាហេតុ​បណ្តាល​ឲ្យ​សហរដ្ឋ​អាមេរិក​ខឹង​សម្បា។​ រីឯ​បារាំង​វិញ អះអាង​ថា​ ឥរិយាបថ​បែបនេះ​របស់​ចិន​និង​រុស្ស៊ី ​មើលងាយ​បដិវត្តន៍​អារ៉ាប់​និង​ចលនា​ទាមទារ​សេរីភាព​ព្រម​ទាំង​ លទ្ធិប្រជាធិបតេយ្យ។

៩ប្រទេស​​នៃ​​សមាជិក​​១៥ប្រទេស​​នៃ​​ក្រុមប្រឹក្សា​​សន្តិសុខ​​នៃ​​អ ស ប​ បាន​គាំទ្រ​​សេចក្តី​សម្រេចចិត្ត​​ផ្កោលទោស​​ទៅលើ​​ទង្វើ​​បង្ក្រាប​​ហិង្សា​​នៅ​ស៊ីរី​
៩ប្រទេស​​នៃ​​សមាជិក​​១៥ប្រទេស​​នៃ​​ក្រុមប្រឹក្សា​​សន្តិសុខ​​នៃ​​អ ស ប​ បាន​គាំទ្រ​​សេចក្តី​សម្រេចចិត្ត​​ផ្កោលទោស​​ទៅលើ​​ទង្វើ​​បង្ក្រាប​​ហិង្សា​​នៅ​ស៊ីរី​ © AFP PHOTO / UN PHOTO / Eskinder Debebe / HANDOUT
ផ្សាយពាណិជ្ជកម្ម

លើក​នេះ​ចិន​និង​រុស្ស៊ី​មិនមែន​ប្រឆាំង​ដើម្បី​តែ​ប្រឆាំង​ទេ​ តែ​បាន​ប្រើ​សិទ្ធិ​វេតូ​ដំណាល​គ្នា​តែ​ម្តង ​ដើម្បី​ច្រាន​ចោល​សេចក្តី​សម្រេច​ចិត្ត​ដែល​ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​ប្រទេស​បារាំង ​អាល្លឺម៉ង់​ អង់គ្លេស​ និង​ព័រទុយហ្កាល់។​ ប្រាំបួន​ប្រទេស​បាន​បោះឆ្នោត​គាំទ្រ​ រី​ឯ​បួន​ប្រទេស​ទៀត​គឺ​អាហ្វ្រិក​ខាង​ត្បូង​ ឥណ្ឌា ​ប្រេស៊ីល ​និង​លីបង់​ បាន​បោះឆ្នោត​អនុបវាទ។

 
ជំហរ​ដាច់ខាត​របស់​មហាយក្ស​ចិន​និង​មហាយក្ស​រុស្ស៊ី​តាម​រយៈ​ការ​ប្រើ​សិទ្ធិ​វេតូ ​គឺ​ជា​សារ​មួយ​ខ្លាំង​និង​ប្រកប​ទៅ​ដោយ​អត្ថន័យ​ដែល​ប្រទេស​មហា​អំណាច​ទាំង​ពីរ​នេះ​បាន​បញ្ជូន​ទៅ​បស្ចិម​លោក​ ទៅ​កាន់​ថ្នាក់ដឹកនាំ​អាមេរិក​និង​អឺរ៉ុប។ ​គេ​អាច​បក​ស្រាយ​ឥរិយាបថ​របស់​ចិន​និង​រុស្ស៊ី​បាន​ច្រើន​យ៉ាង។ ​ម្យ៉ាង ​វា​អាច​ជា​ប្រតិកម្ម​សងសឹក​លោក​ខាង​លិច​វិញ។ ​សូម​ជម្រាប​ថា​ ចិន​និង​រុស្ស៊ី​យល់​ឃើញ​ថា ​ពួក​គេ​បាន​ចាញ់​បោក​អាមេរិក​និង​អឺរ៉ុប​ក្នុង​វិបត្តិ​ប្រទេស​លីប៊ី ដ្បិត​កាល​ពី​ខែ​មីនា​កន្លង​ទៅ ​នៅ​អង្គការ​សហប្រជាជាតិ ​ពួក​គេ​បាន​បោះឆ្នោត​អនុបវាទ ​ដែល​ជាហេតុ​បាន​បើក​ដៃ​ឲ្យ​អង្គការ​Natoធ្វើ​អន្តរាគមន៍​យោធា​តាម​ផ្លូវ​អាកាស​នៅ​លីប៊ី រហូត​ដល់​បាន​បណ្តាល​​ឲ្យ​របប​របស់​Kadhafi ដួល​រលំ។

ម្យ៉ាង​ទៀត តាម​រយៈការ​ប្រើ​សិទ្ធិ​វេតូ​ដំណាល​គ្នា​បែប​នេះ​ ចិន​និង​រុស្ស៊ី​ប្រហែល​ជា​ចង់​ប្រាប់​បស្ចិម​លោក​ថា៖​កុំ​ប៉ះពាល់​ប្រទេស​ស៊ីរី​ឲ្យ​សោះ ​និង​តទៅថ្ងៃ​មុខ​ពួក​អ្នក​ឯង​មិន​ចាំបាច់​រៀបចំ​គម្រោង​សេចក្តី​សម្រេចចិត្ត​អ្វី​ផ្សេង​ទៀត​ទេដើម្បី​ប្រឆាំង​នឹង​ស៊ីរី ​ពីព្រោះ​យើង​ចិន​និង​រុស្ស៊ី​នឹង​ចាំ​តែ​ខ្ទប់​ប៉ុណ្ណោះ។

ការ​ពិត ​នៅ​ក្នុង​គម្រោង​សេចក្តីសម្រេចចិត្ត​ប្រឆាំង​នឹង​ស៊ីរី គ្មាន​ឡើយ​ការ​សុំ​ធ្វើ​អន្តរាគមន៍​យោធា គ្មាន​ឡើយ​ការ​ដាក់​ទណ្ឌកម្ម​មាន​តែ​ការ​ថ្កោលទោស​និង​ពាក្យ«គំរាម​ដាក់​ទណ្ឌកម្ម​» បើ​សិន​ជា​របប​ស៊ីរី​នៅ​តែ​បន្ត​វាយ​បង្ក្រាប​ក្នុង​ថ្លុក​ឈាម ពួក​បាតុករ​ត​ទៅ​ទៀត។
មែនទែនទៅ​ អាមេរិក​និង​អឺរ៉ុប​មិន​បាន​រង់​ចាំ​ការ​បោះឆ្នោត​គាំទ្រ​ពី​ចិន​និង​ពី​រុស្ស៊ី​ទេ ឲ្យ​តែ​ប្រទេស​ទាំង​ពីរ​ព្រម​បោះឆ្នោត​អនុបវាទ​ទៅ វា​ជា​ការ​គ្រប់គ្រាន់​ហើយ។ ដោយឡែក​ បស្ចិម​លោក ក៏​គ្មាន​បំណង​ចង់​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ស៊ីរី​ដែរ ពីព្រោះ​ស៊ីរី​មិនមែន​លីប៊ី​ទេ។ ស៊ីរី​ជា​មហាអំណាច​យោធា​មួយ​នៅ​ក្នុង​តំបន់​ភូមិភាគ​ដើមបូព៌ា ជា​ប្រទេស​ដែល​មាន​រថក្រោះ​ច្រើន​ពាន់​គ្រឿង និង​មាន​កាំជ្រួច​មីស្ស៊ីល​ទៅ​ទៀត។

មិន​តែ​ប៉ុណ្ណោះ​ បស្ចិមលោក​ដឹង​ជា​មុន​ថា ការ​សុំ​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ស៊ីរី​នឹង​ច្បាស់​ជា​ត្រូវ​ចិន​និង​រុស្ស៊ី​ប្រឆាំង បស្ចិមលោក​ដឹង​ជា​មុន​ថា​រាល់​អន្តរាគមន៍​យោធា​នៅ​ស៊ីរី នឹង​អាច​ធ្វើ​ឲ្យ​ក្រឡាប់​ចាក់​តំបន់​ទាំង​មូល ពីព្រោះ​នៅ​ពេល​នោះ ស៊ីរី​ដែល​ក្លាយ​ជា​ខ្លា​របួស​នឹង​អាច​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​ជិត​ខាង ដូច​ជា ហ៊្សកដានី តួកគី និង​អៀរ៉ាក់​ជា​ដើម។

និយាយ​រួម​លើក​នេះ ចិន​និង​រុស្ស៊ី​បាន​សម្រេច​ចិត្ត​ប្រឆាំង និង​ប្រឆាំង​ខ្លាំង​តែ​ម្តង ពីព្រោះ​សម្រាប់​ប្រទេស​មហា​អំណាច​ទាំង​ពីរ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ស៊ីរី​ក្លាយ​ជា​លីប៊ី​ទី​ពីរ​ទេ សម្រាប់​ប្រទេស​មហា​អំណាច​ទាំង​ពីរ អ្វី​ដែល​សំខាន់​គឺ​មិនមែន​លក្ខណៈ​ធ្ងន់​ឬ​ស្រាល ធូរ​ឬ​តឹង​នៃ​សេចក្តី​សម្រេច​ចិត្ត​ទេ។ អ្វី​ដែល​សំខាន់​គឺ​គោលការណ៍ បាន​ន័យ​ថា សហគមន៍​អន្តរជាតិ​ត្រូវ​តែ​គោរព​ទាំង​ស្រុង​ អធិបតេយ្យ​ ឯករាជភាព និង​បូរណភាព​ទឹក​ដី​របស់​ប្រទេស​ស៊ីរី។

ចូរ​កុំ​ភ្លេច​ថា ជិត​ប្រាំពីរ​ខែ​កន្លង​មក​ហើយ ដែល​មាន​ការ​បះបោរ​នៅ​ស៊ីរី ជិត​ប្រាំពីរ​ខែ​កន្លង​មក​ហើយ​ដែល​កងទ័ព​ស៊ីរី បាញ់​សម្លាប់​ពួក​បះបោរ។ តុល្យាការ​នៃ​ការ​វាយ​បង្ក្រាប​នៅ​ស៊ីរី​ធ្វើ​ឲ្យ​ព្រឺ​ឆ្អឹង​ខ្នង៖ មាន​ស្លាប់​ជាង​២ ៧០០នាក់ បាត់​ខ្លួន​រាប់ពាន់​នាក់​និង​ជាប់​គុក​ជិត​២ ០០០នាក់ នេះ​បើ​យោង​ទៅ​តាម​អង្គការ​សហប្រជាជាតិ។

មិន​តែ​ប៉ុណ្ណោះ គេ​ត្រូវ​រង់​ចាំ​ជិត​ប្រាំពីរ​ខែ ទើប​ឃើញ​គម្រោង​សេចក្តី​សម្រេចចិត្ត​លើក​ទី​មួយ​បង្អស់​ប្រឆាំង​នឹង​ស៊ីរី​លេច​ចេញ​ជា​រូបរាង។​ គម្រោង​សេចក្តី​សម្រេចចិត្ត​ដំបូង​គេ​បង្អស់​នេះ​ទៀត​សោត​ដែល​គ្មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក​សោះ​សម្រាប់​ស៊ីរី មិន​ទាំង​ត្រូវ​បាន​ក្រុម​ប្រឹក្សា​អន្តរជាតិ​អនុម័ត​ផង​នៅ​ទី​បំផុត។ ម្ល៉ោះ​ហើយ Bachar el-Assad អាច​បន្ត​កាប់​សម្លាប់​ពួក​បាតុករ​ប្រឆាំង យូរ​ថ្ងៃ​ត​ទៅ​ទៀត ដោយ​មាន​ចិន​និង​រុស្ស៊ី​ជា​អ្នក​ធានា​ការពារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ