អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី

ម៉ូស្គូ មិន​គាំទ្រ​ទេ ទណ្ឌកម្ម​ដែល​សហភាព​អឺរ៉ុប ដាក់​ទល់​នឹង​ស៊ីរី

គោលជំហរ​នេះ ទើប​រំលេច​ឲ្យ​ឃើញ ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី មេដវេដេវ ក្នុង​សម្ភាសន៍​ឲ្យ​ទៅ​កាណាល់​ទូរទស្សន៍ Euronews ក្នុង​ក្របខ័ណ្ឌ​នៃ “វេទិកា​នយោបាយ​ពិភពលោក” លើក​ទី​៣ ដែល​ល្ងាច​ម្សិលមិញ បាន​បិទ​បញ្ចប់​ការងារ​ខ្លួន អស់​រយៈពេល​២​ថ្ងៃ នៅ​ក្រុង​រុស្ស៊ី Yaroslavl ចម្ងាយ​ប្រមាណ​៤៥០ឝ.ម.ខាងជើង​ពី​រដ្ឋធានី​ម៉ូស្គូ ដោយ​មាន​ការ​ចូលរួម​នៃ​ប្រតិភូ ៦០០​នាក់ មក​ពី​៣០​ប្រទេស។

លោក​ប្រធានាធិបតី​រុស្ស៊ី​ថ្លែង​សុន្ទរកថា ក្នុង​ឱកាស​ "វេទិកា​នយោបាយ​ពិភពលោក"
លោក​ប្រធានាធិបតី​រុស្ស៊ី​ថ្លែង​សុន្ទរកថា ក្នុង​ឱកាស​ "វេទិកា​នយោបាយ​ពិភពលោក" © Reuters
ផ្សាយពាណិជ្ជកម្ម

 

សំណួរ​អ្នក​ឆ្លើយឆ្លង​របស់ Euronews លោក Shashkov គឺថា ៖ “រដ្ឋមន្ត្រី​ការបរទេស​បារាំង លោក Alain Juppé ពេល​បំពេញ​ទស្សនកិច្ច​នៅ​ម៉ូស្គូ​កាលពី​ថ្ងៃ​៧​កញ្ញា តាម​ខ្ញុំ​ដឹង គឺ បាន​ស្នើ​សុំ​រុស្ស៊ី​ឲ្យ​គាំទ្រ​ដល់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប ទល់​នឹង​ថ្នាក់​ដឹកនាំ​ស៊ីរី​សព្វ​ថ្ងៃ។ តើ​រុស្ស៊ី ប្រកាន់​យក​នយោបាយ យ៉ាង​ណា​ដែរ​ចំពោះ​រឿង​នេះ?”។

ចម្លើយ​លោក​ប្រមុខ​រដ្ឋ​រុស្ស៊ី Medvedev ៖ “ជា​ការ​ពិត​ដែល​ខ្ញុំ​បាន​ពិភាក្សា​បញ្ហា​ដែល​មាន​ទាំង​ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេស Alain Juppé ទាំង​ជាមួយ​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​បារាំង Gerard Longuet។ ប៉ុន្តែ​សាច់រឿង គឺ​នៅ​ត្រង់​រុស្ស៊ី​មិន​ពេញ​ចិត្ត​ទេ​នឹង​ការបំពេញ​ដោយ​ហួស​ជ្រុល លើ​អាណត្តិ​ប្រគល់​ដោយ​សេចក្តី​សម្រេច​លេខ​១៩៧៣ នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.។

ទោះបី ស្ថានការណ៍​នៅ​លីប៊ី​បាន​ផ្លាស់​ប្តូរ​ក្តី ក៏​រុស្ស៊ី​មិន​ចង់​ឃើញ​ព្រឹត្តិការណ៍ នៅ​ប្រទេស​ស៊ីរី​វិវឌ្ឍ​ទៅ​តាម​សេណារីយ៉ោ​ដូច​នៅ​លីប៊ី​ឡើយ”។

លោក Medvedev ទទួល​ស្គាល់​ថា ៖ នៅ​ប្រទេស​ស៊ីរី​មាន​មែន​ការ​ប្រើ​កម្លាំង​ខ្លាំង​ហួស​ទាល់​តែ​មាន​អ្នក​ធ្លាក់​ខ្លួន​ស្លាប់​យ៉ាង​ច្រើន ហេតុ​ដែល​នាំ​ឲ្យ​រុស្ស៊ី​មិន​ពេញ​ចិត្ត​ដែរ។ ខ្ញុំ​តែង​បាន​រំលឹក​អំពី​រឿង​នេះ ទៅ​លោក​ប្រធានាធិបតី Assad។ ប៉ុន្តែ ​តាម​យោបល់​ខ្ញុំ សេចក្តី​សម្រេច​ណា​ក៏​ដោយ គឺ​ត្រូវ​មាន​ន័យ​ជា​សារ​ព្រមាន​យ៉ាង​តឹងរ៉ឹង ទៅ​កាន់​ថ្នាក់​ដឹកនាំ​ស៊ីរី​ផង ទៅ​កាន់​ភាគី​ប្រឆាំង​ផង ដ្បិត​ស្ថានការណ៍​នៅ​ទីនោះ​មិន​មែន​សុក្រិត ឥត​ខ្ចោះ​ឡើយ។ ក្នុង​ក្រុម​ប្រឆាំង​នៅ​ស៊ីរី មិនមែន​មាន​សុទ្ធ​តែ​ពួក​ដែល​និយម​ប្រជាធិបតេយ្យ​អឺរ៉ុប ដ៏​ហ្មត់ហ្មង​ឡើយ។ ពួក​គេ​ខ្លះ​ជា​អ្នក​ជ្រុលនិយម និង​ថែម​ទាំង​ជា​ភេរវជន​ទៅ​ផង។

លោក Medvedev គូស​បញ្ជាក់​ថា រុស្ស៊ី​ត្រៀម​គាំទ្រ​ដល់​សំណើ​ណា ដែល​មិន​ត្រូវ​ឈរ​តែ​លើ​ការថ្កោលទោស​ជា​ឯកតោភាគី ទៅ​លើ​រដ្ឋាភិបាល​និង​ប្រធានាធិបតី​ស៊ីរី​ប៉ុណ្ណោះ​ឡើយ។

គោលដៅ​រុស្ស៊ី គឺ​ឲ្យ​គ្រប់​ភាគី​បដិបក្ខ​នៅ​ស៊ីរី អង្គុយ​ចរចា​គ្នា ហើយ​បញ្ឈប់​ការ​បង្ហូរ​ឈាម។ នេះ​ជា​ក្តី​ប្រាថ្នា​របស់​រុស្ស៊ី ក្នុង​ឋានៈ​ជា​មិត្ត​ដ៏​ធំ​របស់​ស៊ីរី ដែល​ជាមួយ​ប្រទេស​នេះ រុស្ស៊ី​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច និង​នយោបាយ​សម្បូណ៌​បែប - លោក​ប្រធានាធិបតី​រុស្ស៊ី​បញ្ចប់​សេចក្តី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ