អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន៖ ១០ឆ្នំា ក្រោយ​ការ​ដួលរលំ​នៃ​របប​តាលីបង់ សន្តិភាព ហាក់​ដូច​ជា​នៅ​ឆ្ងាយ សែន​ឆ្ងាយ

កាល​ពី ១០ឆ្នំា​មុន ពោល​គឺ​នៅ​ថ្ងៃទី ៧ តុលា ឆ្នំា ២០០១ កងទ័ព​អាមេរិក និង​អង់គ្លេស​បាន​បើក​ការ​វាយប្រហារ​ផ្តួលរំលំ​របប​តាលីបង់​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ ក្នុង​រយៈពេល ១០ឆ្នំា​កន្លង​ទៅ​នេះ សង្រ្គាម​បាន​ផ្តាច់​ជីវិត​មនុស្ស​ជាង ៣ម៉ឺននាក់ និង​សហគមន៍​អន្តរជាតិ​បាន​ចំណាយ​លុយ​អស់​រាប់សិបម៉ឺន​លាន​ដុល្លារ។ តែ ១០ឆ្នំា ក្រោយ​ការ​ដួលរលំ​នៃ​របប​តាលីបង់ សហគមន៍​អន្តរជាតិ​នៅ​តែ​មិន​អាច​ផ្តល់​ឲ្យ​អាហ្វហ្កានីស្ថាន​នូវ​សន្តិភាព និង​ភាព​សំបូររុងរឿង។ ជាមួយ​គ្នា​នេះ ស្ថានភាព​ទូទៅ​នៅ​អាហ្វហ្កានីស្ថាន​ហាក់​ដូច​ជា​កាន់​តែ​ដុនដាប​ទៅៗ។

ទាហាន​អាមេរិកំាង​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន
ទាហាន​អាមេរិកំាង​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​ការ​រលំរលាយ​នៃ​របប​តាលីបង់​ក្នុង​ឆ្នំា ២០០១ ភ្លាម ប្រជាជន​អាហ្វហ្កានីស្ថាន​បាន​សម្តែង​ការ​ត្រេកត្រអាល និង​សប្បាយ​រីករាយ​ដោយ​សង្ឃឹម​ថា ពួក​គេ​នឹង​ទទួល​បាន​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ។ កងទ័ព​បរទេស​ត្រូវ​បាន​ប្រជាជន​អាហ្វហ្កានីស្ថាន​ទទួល​ស្វាគមន៍​ថា ជា​កងទ័ព​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​ក្រញំា​តាលីបង់។ បន្ទាប់​មក រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ថ្មី​ក៏​បាន​បង្កើត​ឡើង ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​សហគមន៍​អន្តរជាតិ។ សហគមន៍​អន្តរជាតិ​ដែល​បាន​សន្យា​នំា​សន្តិភាព និង​ភាពសម្បូរ​រុងរឿង​ជូន​ប្រជាជន​អាហ្វហ្កានីស្ថាន។ ប៉ុន្តែ​ក្នុង​រយៈពេល ១០ឆ្នំា ក្រោម​ការ​គ្រប់គ្រង​របស់​កងកម្លំាង​អូតង់ និង​ការ​ចំណាយ​ប្រាក់​អស់​រាប់សិប​ពាន់​លាន​ដុល្លារ អាហ្វហ្កានីស្ថាន​ស្គាល់​តែ​អំពើហិង្សា និង​ភាព​វឹកវរ។ រាត្រី​ទឹកឃ្មុំ​រវាង​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន Hamid Karzaï និង​អូតង់​ដែល​ធ្លាប់​មាន​ពី​ពេល​មុន ហាក់​ដូច​ជា​គ្មាន​ទៀត​ឡើយ។ កងទ័ពបរទេស​ទំាង ១៤ម៉ឺននាក់​ដែល​កំពុង​ឈរជើង​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន​ត្រូវ​បាន​ប្រជាជន​អាហ្វហ្កានីស្ថាន​ចាត់​ទុក​ជា​កម្លំាង​ឈ្លានពាន។ ដោយ​សរុប សេចក្តី​សង្ឃឹម​សន្តិភាព និង​ភាព​សម្បូររុងរឿង​របស់​ប្រជាជន​អាហ្វហ្កានីស្ថាន​បាន​ចាប់​ផ្តើម​រលាយ​បន្តិច​ម្តងៗ និង​គ្រប់​គ្នា​កំពុង​បារម្ភ​ខ្លាច​មាន​ផ្ទុះ​សង្រ្គាមស៊ីវិល​ជា​ថ្មី។

អសមត្ថភាព​របស់​អូតង់ និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ក្នុង​ការ​កំចាត់​ពួក​តាលីបង់

ទោះ​បី​ជា​របប​តាលីបង់​បាន​រលាយបាត់​អស់​រយៈពេល ១០ឆ្នំា ក៏​ដោយ ក៏​រចនាសម្ព័ន្ធ​របស់​ចលនា​មួយ​នេះ​នៅ​តែ​រឹងមំា និង​មាន​មូលដ្ឋាន​នៅ​សឹង​គ្រប់​ទីកន្លែង​ទំាង​អស់​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ ឥទ្ធិពល​របស់​ពួក​តាលីបង់​បាន​ផ្តើម​មាន​កាន់​តែ​ខ្លំាង​ឡើងៗ ចាប់​តំាង​ពី​ឆ្នំា ២០០៥។ ចលនា​នេះ​មាន​លទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​រៀបចំ​អំពើ​ភេរវកម្ម​បង្ហូរ​ឈាម នៅ​ពេល​ណា​ក៏​បាន និង​នៅ​ទីណា​ក៏​បាន រហូត​ដល់​ចំ​កណ្តាល​បេះដូង​ទីក្រុង​កាប៊ូល​ទៀត​ផង។ រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន Hamid Karzaï ដែល​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​ឲ្យ​លើស​ពី​ព្រំដែន​ទីក្រុង​កាប៊ូល​បាន​ទេ។ ចំណែក​ប្រតិបត្តិការ​របស់​កងកម្លំាង​អូតង់​វិញ បែរ​ជា​បាន​សម្លាប់​ជនស៊ីវិល ច្រើន​ជាង​ពួក​ឧទ្ទាម​តាលីបង់។ នេះ​ជា​ទង្វើ​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​អាហ្វហ្កានីស្ថាន​បន្ត​សម្តែង​ការ​ក្តៅក្រហាយ​កាន់​តែ​ខ្លំាង​ឡើងៗ និង​កើត​មាន​ជា​ញឹកញាប់។

បើ​គិត​ចាប់​តំាង​ពី​ឆ្នំា ២០០១ មក ស្ថានការណ៍​នៅ​អាហ្វហ្កានីស្ថាន​ស្គាល់​តែ​ភាព​វឹកវរ រហូត​ដល់​មាន​ការ​លើក​ឡើង​ថា មាន​លក្ខណៈ​ដុនដាប​ជាង​សម័យ​គ្រប់គ្រង​ដោយ​ពួក​តាលីបង់​ទៅ​ទៀត។ បើ​គេ​គិត​ក្នុង​រយៈពេល ១០ឆ្នំា​កន្លង​ទៅ​នេះ សង្រ្គាម​បាន​ផ្តាច់​ជីវិត​មនុស្ស​សរុប ៣៣ ៨៧៧នាក់ ក្នុង​នោះ​មាន​ទាហានបរទេស​គ្រប់​ជាតិសាសន៍​ជិត ៨០០នាក់ ទាហាន​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ជនស៊ីវិល និង​ពួកឧទ្ទាម​តាលីបង់។ គ្រាន់​តែ​ក្នុង​រយៈពេល ១០ឆ្នំា​កន្លង​ទៅ​នេះ សហគមន៍​អន្តរជាតិ​បាន​ចំណាយ​ប្រាក់​អស់​រាប់សិបម៉ឺនលានដុល្លារ ក្នុង​នោះ អាមេរិក​បាន​ចំណាយ​តែ​ម្នាក់​ឯង​ចំនួន ៤៤៤ ០០០លានដុល្លារ។

ជម្រើសចុងក្រោយ គឺចាប់ដៃជាមួយពួកតាលីបង់

ជួន​ចំ​ពេល​ដែល​ស្ថានការណ៍​នៅ​អាហ្វហ្កានីស្ថាន​កំពុង​បន្ត​ដុនដាប អូតង់​ក៏​កំពុង​ផ្តើម​ដក​កងទ័ព​របស់​ខ្លួន​បន្តិច​ម្តងៗ និង​គ្រោង​ដក​ចេញ​ឲ្យ​អស់ នៅ​ដំណាច់​ឆ្នំា ២០១៤ ខាង​មុខ។ ចំណែក​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន Hamid Karzaï វិញ ក៏​បាន​ផ្តើម​ងាក​ទៅ​រក​ការ​ចរចា​សន្តិភាព​ជាមួយ​ពួក​ឧទ្ទាម​តាលីបង់។ ទង្វើ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​បរាជ័យ​របស់​អូតង់ និង​រដ្ឋាភិបាល​ទីក្រុង​កាប៊ូល​ដែល​បាន​ព្យាយាម​ស្វែង​រក​សន្តិភាព និង​ភាព​សម្បូរ​រុងរឿង​ជូន​ប្រជាជន​អាហ្វហ្កានីស្ថាន​អស់​រយៈពេល ១០ឆ្នំា​កន្លង​ទៅ​នេះ។

អ៊ីចឹង​ហើយ​បាន​ជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន Hamid Karzaï បាន​ផ្តើម​ប្តូរ​យុទ្ធសាស្រ្ត​ដោយ​ងាក​ទៅ​ចាប់​ដៃ​ចរចា​សន្តិភាព​ជាមួយ​ក្រុម​តាលីបង់​វិញ។ លោក Karzaï យល់​ថា មាន​តែ​ការ​បង្រួបបង្រួមជាតិ ទើប​គេ​អាច​បញ្ចប់​វិបត្តិនយោបាយ​ផ្ទែក្នុង​បាន។ នេះ​ជា​ទង្វើ​មួយ​ដែល​សហគមន៍​អន្តរជាតិ​បាន​ប្រកាស​ទទួល​ស្គាល់។ នៅ​ថ្ងៃ​អាទិត្យ​នេះ វិមាន​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​បាន​ប្រកាស​ថា លោក Karzaï អាច​នឹង​ប្រគល់​តំណែង​មួយ​ចំនួន​ឲ្យ​ពួក​តាលីបង់​នៅ​ក្នុង​រដ្ឋាភិបាល បើ​ពួក​គេ​សុខចិត្ត​ទម្លាក់​អាវុធ​ចុះ។

ជា​ទូទៅ ជំហរ​ហុច​ដៃ​ទៅ​រក​ពួក​តាលីបង់​របស់​លោក Karzaï ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​សហគមន៍​អន្តរជាតិ។ សហរដ្ឋអាមេរិក​មិន​បាន​គំាទ្រ​ដោយ​ពេញមាត់​ទេ ហើយ​ក៏​មិន​បាន​ជំទាស់​ដែរ។ កន្លង​មក អ្នកនំាពាក្យ​របស់​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​ធ្លាប់​បាន​និយាយ​ថា រឿង​ផ្សះផ្សា​ជា​មួយ​អ្នក​ណា ជា​រឿង​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ដែល​អាមេរិក​មិន​លូក​ដៃ​ទេ។

ដូច្នេះ រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​មាន​កាតព្វកិច្ច​ត្រូវ​និយាយ​ជំនះ​ពួក​តាលីបង់​ឲ្យ​ទទួល​យក​តាម​សំណើ​សុំ​ចរចា​សន្តិភាព​របស់​ខ្លួន។ តែ​ពួក​តាលីបង់​ធ្លាប់​បាន​ប្រកាស​ក្តែងៗ​រួច​ហើយ​ថា ដរាប​ណា​នៅ​តែ​មាន​វត្តមាន​កម្លំាង​ទ័ព​អាមេរិកំាង និង​អូតង់​ក្នុង​ទឹក​ដី​អាហ្វហ្កានីស្តង់ ដរាប​នោះ ពួក​គេ​នឹង​មិន​ព្រម​ចរចា​ជាដាច់​ខាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ