អានតួអត្ថបទ
ជប៉ុន

ជប៉ុន​​កំពុង​​ប្រឈម​មុខ​នឹង​ជម្ងឺ​ប៉ះពាល់​​ផ្លូវចិត្ត​ក្រោយ​​គ្រោះ​មហន្តរាយ

ការ​ខំទប់ចិត្ត​រក្សាភាពស្ងប់ស្ងៀម​របស់​ប្រជាជន​ជប៉ុន​ដែល​រួច​ផុត​ពី​ មរណភាព​នៅ​ក្នុង​គ្រោះ​រញ្ជួយដី​និង​រលកយក្ខ​ស៊ូណាមី​នៅ​ក្នុង​ ប្រទេសកន្លងមកនេះ បាន​បំផុស​នូវ​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ពីសំណាក់​សហគមន៍​អន្តរជាតិ។​ ប៉ុន្តែ​ចំពោះ​ចិត្តវិទូវិញ បាន​ព្រមាន​ប្រាប់​ថា នៅ​ពីក្រោយ​ភាពស្ងាត់ស្ងៀម​តែ​សំបកក្រៅ​របស់​ប្រជាជន​ទាំង​នោះ ក៏​អាច​មាន​បង្កប់​នូវ​ជម្ងឺ​ប៉ះពាល់​ផ្លូវចិត្ត​ឬ​ការ​បាក់ស្បាត​ យ៉ាងក្រាស់ក្រែល ដែរ នៅ ក្នុង ចំណោម ប្រជាជន ជប៉ុន​ទាំង​នោះ។

ស្ត្រីជប៉ុន​ម្នាក់​កំពុងស្រែកយំ​នៅពីមុខផ្ទះបាក់បែករបស់ខ្លួននៅ​Onagawa
ស្ត្រីជប៉ុន​ម្នាក់​កំពុងស្រែកយំ​នៅពីមុខផ្ទះបាក់បែករបស់ខ្លួននៅ​Onagawa © Reuters
ផ្សាយពាណិជ្ជកម្ម
02:52

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត

គ្រោះ​មហន្តរាយ​រញ្ជួយដី​និង​រលកយក្ខ​ស៊ូណាមី​ដ៏​សោកនាដកម្ម​បំផុត​ កាលពី​ថ្ងៃ​ទី​១១​មីនា ដែល​​បាន​វាយប្រហារ​​ទៅ​លើ​ភាគ​ឦសាន​ប្រទេស​ជប៉ុន បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​​ស្លាប់​ឬ​បាត់ខ្លួន​ចំនួន​រហូតដល់ ​២ ម៉ឺន​៨០០០​នាក់។

៥​​សប្តាហ៍​ក្រោយមក ប្រជាជន​ជប៉ុន​ដែល​ភៀសខ្លួន​ចេញ​ពី​តំបន់​រងគ្រោះ​មហន្តរាយ​​ចំនួន​​រាប់សិប​ពាន់​នាក់ នៅ​តែ​បន្ត​រស់នៅ​លើ​ទីកន្លែង​ដែល​គេ​ទទួល​ឲ្យ​ស្នាក់អាស្រ័យនៅ​ជា​បណ្តោះអាសន្ន​ដដែល​​ ដូច​ជានៅ​តាម​សាលារៀន​ជាដើម ​ ​និងបានរួមរំលែក​ទីកន្លែង​ស្នាក់នៅ ជាមួយគ្នាតែ មួយប្រឡោះតូចៗប៉ុណ្ណោះ។

 នៅ​ក្នុង ស្ថានភាពរស់នៅលាយឡំច្របូកច្របល់គ្នានេះ​ ស្រី្តជប៉ុន​ម្នាក់​​ឈ្មោះ Kenichi Endo​អាយុ​៤៥​ឆ្នាំ ដែលភៀសខ្លួន​មក​នៅ​ក្នុងតំបន់ Onagawa ​ប៉ែកឦសាន​ប្រទេសជប៉ុន បាន​និយាយ​​សារភាព​ទាំង​​ក្តុកក្តួលចិត្តថា នាងគ្មាន​នៅ​សេសសល់​អ្វី​បន្តិចបន្តួច​ទេ​ ទាំង​ឪពុក​ ទាំង​ឆ្កែ​ក៏ព្រមទាំង​រថយន្ត​និង​ធនធាន​របស់​នាង​ដែល​ខ្លួន​បាន​សន្សំសំចៃ​ទុក​ជាយូរឆ្នាំ​មក​ហើយ។ នាង ​មិន​ហ៊ានស្រែក​ទ្រហោ​យំ​នៅ​មុខ​សាធារណជន​ទេ ពីព្រោះ​បើនាងយំ ច្បាស់​​ជា​​អ្នក​រងគ្រោះ​ដទៃទៀត​ ស្រែកយំដូចរូបនាង​ជា​មិនខាន។ ដូច្នេះហើយ​ នាង​ត្រូវតែខាំមាត់ ទប់ចិត្ត និង​ ​អត់ធ្មត់​យ៉ាង​ខ្លាំង។

ចំណែក យុជន Ken Hiraaki វិញ បាន​ត្អូញត្អែរ ប្រាប់​ថា អ្វី​ដែល​ខ្លួនប្រាថ្នាចង់​បាន​តែ​មួយ​មុខ​គត់​​​នោះ គឺ​កន្លែង​រស់នៅ​មួយ​ដែល​​នៅ​​ដាច់ពី​គេ​ឯង។ ពីព្រោះ នៅ​ពេលយប់ គាត់​ពុំអាច​ទទួល​ទាន​ដំណេក​បានទេ ​ដោយសារ តែ​ ​គាត់​តែងតែ​ឮសម្រែកមនុស្ស​ថ្ងូរឥតដាច់ និង​​ជួនកាលខ្លះ ទៀត គឺ​សម្រែករបស់គាត់តែម្តង​​ ​ដែលបាន​​ធ្វើ​ឲ្យ​អ្នក​ដេកនៅ​ជិតខាង​គាត់ ​ភ្ញាក់​ពី​ដំណេក​ដែរ។​

លោក  Ritsuko Nishimae ចិត្តវិទូ និង ជា​វេជ្ជបណ្ឌិត​នៃអង្គការ​វេជ្ជបណ្ឌិត​គ្មាន​ព្រំដែន នៅ​តំបន់ Minamisanriku ដែលស្ថិតនៅចំកណ្តាលតំបន់រងគ្រោះ​មួយ បាន​សម្តែង​ការ​ព្រួយបារម្ភ​​ខ្លាំង​និងបានព្រមាន​ប្រាប់​ជាមុន​​ថា ប្រសិន បើ​​ប្រជាជន​ជប៉ុន​ដែល​នៅ​សេស​សល់​ពី​គ្រោះមហន្តរាយខាងលើនេះ ពុំ​បាន​ទទួល​ការគាំទ្រ ខាង​ផ្លូវចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ ពួកគេ អាច​នឹង​មានកើត​ជម្ងឺ Stress ឬ​ការ​ព្រួយរកាំផ្លូវចិត្តជាប្រចាំ ជាមិនខាន​ឡើយ​​បន្ទាប់ពី ការ​ភ័យបាក់ស្បាតរួចមក។

ជាយូរយារ​មកហើយ ប្រទេស​ជប៉ុន ពុំ​បាន​យកចិត្តទុកដាក់អ្វីទេ ​ទៅ​លើ​ការព្យាបាល​ជម្ងឺព្រួយ​​រកាំ​ចិត្តជាប្រចាំ​នេះ​ គឺទើបតែ​មកទល់​​ទសវត្សរ៍​ឆ្នាំ ២០០០​ ទើប​ជម្ងឺ​ប្រភេទ​នេះ​ត្រូវបានគេចាប់ផ្តើមធ្វើការព្យាបាល​នៅតាមទីក្រុង​ធំៗ។ ហើយ​​មួយឆ្នាំៗ ប្រជាជន​ជប៉ុន​ ​ដែល​មាន​ជម្ងឺ​ធ្លាក់​ទឹកចិត្ត និងដែលបាន​​មកទទួល​ការព្យាបាល  មាន​ចំនួន រហូត​ដល់​ ៩០ ម៉ឺន​នាក់ ជម្ងឺ​ដែល​ប្រជាជន​ជប៉ុន​ហៅ​​ឈ្មោះ​ ទាំងអៀនខ្មាស​ថា​ជាជម្ងឺ បេះដូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ