អានតួអត្ថបទ
ជប៉ុន

គ្រោះមហន្តរាយនុយ​ក្លេអ៊ែរហ្វ៊ូគូស្ហ៊ីម៉ា​បានត្រូវគេ​លើកដល់​កម្រិត​អតិបរមា​ដូចនៅ​ឈែរណូប៊ីល

ប្រទេស​ជប៉ុន​បាន​ស្គាល់​ការរញ្ជួយ​ដី​យ៉ាង​ខ្លាំងក្លា​ពីរលើក​ទៀត​នៅ​ ថ្ងៃអង្គារ​ទី១២​មេសានេះ​ ​ ហើយ​អាជ្ញាធរ​ជប៉ុន​បាន​លើកដាក់​ដល់​កម្រិត​៧​ដែលជា​កម្រិត​អតិបរមា​​ គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​ហ្វ៊ូគូស្ហ៊ីម៉ា​ដូច​នៅ​ឈែរណូប៊ីល។​តើ​ហេតុអ្វី​បាន​ជា​គេ​លើកដាក់​ដល់​កម្រិត​អតិបរមា​នៅពេលនេះ?

ដូចនៅ​​ឈែរណូប៊ីល​​គ្រោះ​មហន្តរាយនុយ​​ក្លេអ៊ែរ​នៅហ្វ៊ូគូស្ហ៊ីម៉ា​ត្រូវគេ​​លើកដល់​កម្រិត​៧​​ដែលជា​​កម្រិត​អតិបរមា​​​ ​​
ដូចនៅ​​ឈែរណូប៊ីល​​គ្រោះ​មហន្តរាយនុយ​​ក្លេអ៊ែរ​នៅហ្វ៊ូគូស្ហ៊ីម៉ា​ត្រូវគេ​​លើកដល់​កម្រិត​៧​​ដែលជា​​កម្រិត​អតិបរមា​​​ ​​ © RFI
ផ្សាយពាណិជ្ជកម្ម

03:09

សេចក្តីរាយការណ៍របស់​ សៀក សារិន

ការលេចចេញ​នូវ​សារធាតុ​វិទ្យុសកម្ម​ពុំ​ឈប់ឈរ​ហើយនិង​សមាច័យ​(ការ​ប្រមូល​ផ្តុំ​កើនឡើង)​នៃ​វិទ្យុសកម្ម​ទាំងនេះហើយ​ដែល​ជា​មូលហេតុ​នាំឲ្យ​គេ​លើកដាក់​ដល់​កម្រិត​៧​ដែលជា​កម្រិត​អតិបរមា​​នៃ​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​ហ្វ៊ូគូស្ហ៊ីម៉ា​ដូច​នៅ​Tchernobyl។​ ក៏​ប៉ុន្តែ​អ្នកឯកទេស​គូស​បញ្ជាក់ថា​ ​ ផលវិបាក​ដែល​កើតចេញ​ពី​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា​ពុំ​អាច​ប្រៀប​ផ្ទឹម​ទៅនឹង​ផលវិបាក​នៃ​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​នៅ​ឈែរណូប៊ីលឡើយ។

 
គួរកត់​សម្គាល់ថា​ ​ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​Fukushima-Daiichi បាន​ទទួល​រង​គ្រោះ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ក្រោយពី​មាន​មហារលកយក្ស​និង​ការ​រញ្ជួយដី​កាលពី​ថ្ងៃទី​១១មីនា​កន្លងទៅ​ដែលបាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់និង​បាត់ខ្លួន​​ប្រមាណ​២៨ ០០០នាក់​នៅ​ប៉ែកឦសាន​នៃ​ប្រទេស​ជប៉ុន។

នៅថ្ងៃអង្គារនេះ​ ​ ការ​រញ្ជួយដី​បាន​កើត​មាន​ដល់ទៅ​ពីរលើក​នៅ​ប្រទេស​ជប៉ុន​ដែល​មាន​កម្រិត​៦,៣​អង្សា​នៃ​មាត្រដ្ឋាន​រិឆទ័រ​ ​ ប៉ុន្តែ​ពុំ​បាន​ធ្វើ​ឲ្យ​មាន​ការ​ខូចខាត​ដល់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​Fukushima-Daiichi​ឡើយ។

អ្នកទទួល​ខុសត្រូវ​នៃ​ទីភ្នាក់ងារ​ជប៉ុន​ទទួល​បន្ទុក​ខាង​សន្តិសុខ​នុយក្លេអ៊ែរ​និង​ឧស្សាហកម្ម​បាន​ថ្លែង​​ពន្យល់ថា​ ​ សមាច័យ​(ការ​ប្រមូល​ផ្តុំ​កើនឡើង)​នៃ​វិទ្យុសកម្ម​ដែល​លេចចេញ​ពុំ​ឈប់ឈរ​​ទាំងនេះហើយ​ដែល​ជំរុញ​ឲ្យ​គេ​លើកដាក់​ដល់​កម្រិត​៧​ដែលជា​កម្រិត​អតិបរមា​នៃ​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​ហ្វ៊ូគូស្ហ៊ីម៉ា​ដូច​នៅ​Tchernobyl។​ ទាំងនេះ​បាន​ន័យថា​ ​ អាចមាន​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស​និង​បរិស្ថាន។

សូមបញ្ជាក់ថា​ ​ បរិមាណ​នៃ​សារធាតុ​វិទ្យុសកម្ម​ដែល​បញ្ចេញពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​Fukushima-Daiichi​មាន​ប្រមាណ​ជា​១០%​នៃ​បរិមាណ​សារធាតុ​វិទ្យុសកម្ម​ដែល​ចេញ​ពី​មណ្ឌល​នុយក្លេអ៊ែរ​នៅ​ឈែរណូប៊ីលនៅ​ឆ្នាំ១៩៨៦។​ ក៏​ប៉ុន្តែ​នៅ​ទីបំផុត​ ​ បរិមាណ​នៃ​សារធាតុ​វិទ្យុសកម្ម​ដែល​លេចចេញ​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​Fukushima-Daiichi​មាន​ច្រើនជាង​កាលនៅ​ឈែរណូប៊ីល ​ ដោយហេតុតែ​ការ​លេចចេញ​នូវ​សារធាតុ​វិទ្យុសកម្ម​ពី​Fukushima-Daiichi​ចេះតែ​មាន​ពុំឈប់ឈរ​ ​ ទោះបីជា​បរិមាណ​នៃ​សារធាតុ​វិទ្យុសកម្ម​នោះ​បាន​ធ្លាក់​ចុះ​បន្តិច​វិញក្តី​នារយៈកាល​បី​សប្តាហ៍​ចុងក្រោយនេះ។

ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ​ រដ្ឋាភិបាល​ជប៉ុន​បាន​ធ្វើការ​ជម្លៀស​ប្រជាជន​ប្រមាណ​៨០ ០០០នាក់​ចេញ​ពី​តំបន់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​Fukushima​ក្នុង​រង្វង់​២០គ,ម​ ។​ តំបន់នេះ​ជា​តំបន់​កសិកម្ម​ ហើយ​គេ​ពុំ​អាច​រស់នៅ​ទីនេះ​បាន​ទៀតឡើយ​ក្នុង​រយៈពេល​មួយ​ដ៏​វែង​ ​ ដោយ​ហេតុតែ​មាន​បញ្ហា​វិទ្យុសកម្ម​ដូចនៅ​ឈែរណូប៊ីលដែល​តម្រូវ​ឲ្យ​គេ​ចាកចេញ​ពី​តំបន់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ក្នុង​រង្វង់​៣០គ,ម,​អស់រយៈពេល​២៥ឆ្នាំ​ទៅហើយ។

ចំណែកឯ​អ្នកឯកទេស​ជប៉ុន​ម្នាក់​នៃ​មហាវិទ្យាល័យ​អូសាកា​ លោក​Kenji Sumita បាន​ធ្វើការ​គូស​បញ្ជាក់ថា ​ ​ការ​ដំឡើង​ដល់​កម្រិត​៧​ដែលជា​កម្រិត​អតិបរមា​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​ហ្វ៊ូគូស្ហ៊ីម៉ា​ដូច​នៅ​ឈែរណូប៊ីលអាច​មាន​ផលវិបាក​ការទូត​ ​ ដោយ​ទាំងនេះ​បាន​ន័យថា​ “​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ប្រជាជន​នៃ​ប្រទេស​ជិតខាង​”។​ រីឯ​ប្រទេស​ចិន​និង​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​នាំគ្នា​ធ្វើការ​តវ៉ា​ជាស្រេច​ប្រឆាំង​នឹង​ប្រទេស​ជប៉ុន​ក្នុង​ការ​ចាក់​បង្ហូរ​ទឹក​ប្រកប​ដោយ​សារធាតុ​ពិសពុល​នៃ​វិទ្យុសកម្ម​ទៅក្នុង​មហាសាគរ​ប៉ាស៊ីហ្វិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ