អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សេដ្ឋកិច្ច​ជប៉ុន​កំពុង​បាត់បង់​អានុភាព​របស់ខ្លួន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឧស្សាហកម្ម​ជប៉ុន​កំពុង​លង់ខ្លួន​ធ្លាក់​ទៅក្នុង​ភាព​ផុយ​ស្រួយ​កាន់តែ ​ខ្លាំងឡើងៗ​ដែលជា​មូលហេតុ​ចម្បង​ធ្វើឲ្យ​ឧស្សាហកម្ម​និង​សេដ្ឋកិច្ច​ជប៉ុន​ បាត់បង់​នូវ​អានុភាព​ដ៏​ខ្លាំងក្លា​របស់​ខ្លួន។​ ទាំងនេះ​បាន​បណ្តាល​ឲ្យ​ប្រទេស​ជប៉ុន​បាត់​តំណែង​ជា​មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​ពិ​ភព​លោក​ ​​ ហើយ​តួនាទី​ជា​មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​ពិភពលោក​ឥឡូវនេះ​បាន​ធ្លាក់​ ទៅក្នុង​ដៃ​ប្រទេសចិន។

លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​ Naoto Kan
លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​ Naoto Kan © Reuters
ផ្សាយពាណិជ្ជកម្ម

នៅឆ្នាំ២០១០​ប្រទេស​ជប៉ុន​បាន​បាត់បង់​តំណែង​ជា​មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​ពិភពលោក​ ​ តំណែង​ជា​មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​ពិភពលោក​នេះ​ប្រទេស​ជប៉ុន​ធ្លាប់បាន​កាន់កាប់​តាំងពី​ឆ្នាំ១៩៦៨​ ​ ឥឡូវនេះ​បាន​ធ្លាក់​ទៅលើ​ដៃ​ប្រទេសចិន។​ បើយោងតាម​តួលេខ​ដែលបាន​ផ្សាយ​ឲ្យ​ដឹង​ដោយ​រដ្ឋាភិបាល​ជប៉ុន​នៅ​ថ្ងៃទី១៤​កុម្ភៈ​កន្លងទៅ​ ផលិតផល​ដុល​ក្នុង​ប្រទេស​ជប៉ុន​បាន​កើនឡើង​ដល់​៥ ៤៧៤ពាន់លាន​ដុល្លារ​នៅឆ្នាំ២០១០​ក្រោយពី​មាន​កំណើន​សេដ្ឋកិច្ច​ប្រ​មាណ​៣,៩%​ទល់នឹង​ផលិតផលដុល​​របស់​ប្រទេសចិន​ដែលមាន​៥ ៨៧៩ពាន់លាន​ដុល្លារ​ក្រោយពី​បាន​ស្គាល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ប្រមាណ១០,៣%​នៅឆ្នាំ២០១០។​ ហើយ​អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​នឹងមាន​ប្រមាណ​៩,៦%​ទៀត​នៅឆ្នាំ២០១១​ ​ នេះ​បើ​ផ្អែកលើ​តួលេខ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI ​ ទោះបីជា​ប្រទេសចិន​មាន​នយោបាយ​រូបិយវត្ថុ​តឹងរ៉ឹង​ដើម្បី​ប្រយុទ្ធ​ទប់​ទល់​នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ​ក៏​ដោយ។

 
ទោះបីជា​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ទៅជា​មហាអំណាច​សេដ្ឋកិច្ច​ទីបី​ពិភពលោក​ឋិត​នៅ​ពីក្រោយ​ប្រទេស​ចិន​ក៏​ដោយ​ ក៏​គេដឹងថា​ផលិតផល​ដុល​ក្នុង​ប្រទេស​សម្រាប់​ប្រជាជន​ជប៉ុន​ម្នាក់ៗ​នៅ​មាន​កម្រិត​១០ដង​លើស​ប្រទេស​ចិន​ ​ ដោយហេតុ​តែ​ប្រទេស​ជប៉ុន​មាន​ប្រជាជន​១០ដង​តិច​ជាង​ប្រជាជន​ចិន។

ការ​ធ្លាក់​ចុះ​ក្លាយ​ទៅជា​មហាអំណាច​សេដ្ឋកិច្ច​ទីបី​ពិភពលោក​នេះ​ ស​ឲ្យ​ឃើញថា​ ឧស្សាហកម្ម​​ជប៉ុន​ដែល​តែង​ជា​ក្បាល​ម៉ាស៊ីន​ជួយ​អូស​ទាញ​កំណើន​សេដ្ឋកិច្ច​ជប៉ុន​នោះ​កំពុង​តែ​ធ្លាក់ចុះ​ទន់ខ្សោយ។​ ហើយ​តួលេខ​នៃ​ផលិតផល​ដុល​ក្នុង​ប្រទេស​នៅ​ត្រីមាស​ទីបួន​ឆ្នាំ២០១០​ពុំ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ជប៉ុន​មាន​ការ​កក់ក្តៅ​ឡើយ។​ ផលិតផល​ដុល​ក្នុង​ប្រទេស​នៅ​ត្រីមាស​ទីបួន​ឆ្នាំ២០១០​របស់​ជប៉ុន​បាន​ស្គាល់​ការ​ដើរ​ថយក្រោយ​ប្រមាណ​-០,៣%​បើ​ប្រៀប​ផ្ទឹម​ទៅនឹង​ត្រីមាស​មុន។​ ទាំងនេះ​ក៏​ដោយហេតុ​តែ​មាន​ការ​បិទ​បញ្ចប់​នូវ​វិធានការ​មួយ​ចំនួន​សម្រាប់​ជួយ​ជំរុញ​ឲ្យ​មាន​សន្ទុះ​សេដ្ឋកិច្ច​ក្រោយ​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភព​លោក​នៅ​ឆ្នាំ២០០៨។

នៅ​ឆ្នាំ២០១១​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ជប៉ុន​លោក​Kaoru Yosano​សង្ឃឹមថា​សេដ្ឋកិច្ច​ជប៉ុន​នឹងមាន​ដំណើរ​ល្អ​ប្រសើរ​ជាងមុន។​ ក៏​ប៉ុន្តែ​ទោះបីជា​ស្ថានភាព​សេដ្ឋកិច្ច​មាន​លក្ខណៈ​ល្អ​យ៉ាងណា​ក៏​ដោយ​ ក៏ ពុំ​អាច​មក​ជួយ​កែ​លំអ​ឧស្សាហកម្ម​ជប៉ុន​ដែល​មាន​រចនា​សម្ព័ន្ធ​ទន់​ខ្សោយ​​បាន​ឡើយ។

សូម​បញ្ជាក់ថា​ ​ វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​នៅ​ឆ្នាំ២០០៨​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ជាក់ច្បាស់​នូវ​លក្ខណៈ​ទន់ខ្សោយ​នៃ​រចនា​សម្ព័ន្ធ​របស់​ឧស្សាហកម្ម​ជប៉ុន​ ហើយនិង​ការ​ប្រើ​ខ្ជះខ្ជាយ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​និង​ក្នុង​វិស័យ​ធនធាន​មនុស្ស។​ ជាក់ស្តែង​ ​ ដើម្បី​រក្សា​ឲ្យ​មាន​ការងារ​ ចៀសវាង​កុំ​ឲ្យ​មាន​បញ្ហា​ឥត​ការងារ​ធ្វើ​ អ្នក​ដឹកនាំ​ជប៉ុន​យល់ព្រម​រក្សា​ទុក​បន្ត​ឲ្យ​មាន​នូវ​សកម្មភាព​ឧស្សាហកម្ម​ជាច្រើន​ ​ ទោះ​បី​ជា​គេ​គ្មាន​រក​បាន​ប្រាក់​ចំណេញ​ក៏​ដោយ។

ខុស​ផ្ទុយ​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ក្រោយ​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ១៩៩៧​ អ្នក​ដឹកនាំ​កូរ៉េ​ខាងត្បូង​បាន​ច្របាច់​បញ្ចូល​សកម្មភាព​ឧស្សាហកម្ម​តូច​និង​មធ្យម​ជាច្រើន​បង្កើត​បាន​ទៅ​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ដែល​មាន​លទ្ធភាព​និង​មាន​ប្រសិទ្ធិភាព​ខ្លាំងក្លា។​ ចំណែកឯ​ប្រទេស​ជប៉ុន​វិញ​ គេ​បន្តមាន​ឧស្សាហកម្ម​ផលិត​រថយន្ត​ដល់ទៅ​៨​ពោលគឺ​មាន​ចំនួន​ច្រើន​ជាង​នៅ​សហរដ្ឋ​អាមេរិក​ទៅទៀត​ ​ ដែល​ទាំងនេះ​បាន​ក្លាយ​ជា​ឧបសគ្គ​ខាឃាំង​ពុំ​ឲ្យ​មាន​លទ្ធភាព​និង​មាន​ប្រសិទ្ធិភាព​ខ្លាំងក្លា។

បន្ថែម​ពីលើនេះ​ ​ ឧស្សាហកម្ម​ជប៉ុន​គ្រាក់ៗ​ក្នុង​វិស័យ​អេឡេកត្រូនិក​បាន​បាត់បង់​ទីផ្សារ​ប្រមាណ​១/៣​ ​ ហើយ​ទីផ្សារ​ដ៏​សំខាន់​ទាំងនោះ​ក៏​បាន​ធ្លាក់​ទៅលើ​ដៃ​របស់​ឧស្សាហករ​កូរ៉េ​ខាងត្បូង។

គួរកត់​សម្គាល់ថា​ ​ អ្នក​ទទួល​ខុស​ត្រូវ​ជប៉ុន​ហាក់​ដូចជា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ គេ​បាន​ត្រៀម​លក្ខណៈ​នឹង​ធ្វើការ​ឆ្លើយតបត​វិញ​ ​ ដោយ​បាន​គ្រោង​បញ្ចុះ​ពន្ធ​សហគ្រាស​ប្រមាណ​៥ពិន្ទុ​ឲ្យ​ធ្លាក់​មកនៅ​៣៥%។​ ហើយ​គេ​បាន​បើក​កិច្ចចរចា​ស្ដីពី​ការដោះដូរ​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប​ ​ ហើយនិង​គ្រោង​បញ្ចូល​ប្រទេស​ជប៉ុន​ទៅក្នុង​ក្រុម​ដៃគូ​អន្តរប៉ាស៊ីហ្វិក​ផងទៀត​ដើម្បី​ពង្រឹង​ពង្រីក​ទីផ្សារ​របស់​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ