អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រដ្ឋអំណាច​ចិន​កំពុង​បារម្ភ​ពី​ផលវិបាក​សេដ្ឋកិច្ច​ដែល​កើត​ចេញ​ពី​ភាព​រំាងស្ងួត​នា​រដូវរងា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភាព​រំាងស្ងួត ហួតហែង​បាន​និង​កំពុង​បន្ត​គ្រប​ដណ្តប់​លើ​ប្រទេស​ចិន​ប៉ែក​ខាង​ជើង។ អវត្តមាន​ទឹកភ្លៀង​ក្នុង​រយៈពេល ៤ខែ​ចុង​ក្រោយ​នេះ បាន​និង​កំពុង​ធ្វើ​ឲ្យ​រដ្ឋអំណាច​ចិន​មាន​ការ​ព្រួយបារម្ភ​ជា​ពន់ពេក។ ចិន​បារម្ភ​ពី​ផលវិបាក​សេដ្ឋកិច្ច​ដែល​អាច​កើត​ចេញ​ពី​ភាពរំាងស្ងួត​នេះ។ គឺ​ជា​ព្រឹត្តិការណ៍​ដ៏ធ្ងន់ធ្ងរ​មួយ​ដែល​ចិន​មិន​ធ្លាប់​ជួបប្រទះ​ទេ ក្នុង​រយៈពេល ៦០ឆ្នំា​ចុង​ក្រោយ​នេះ។ យ៉ាង​ណា​ក៏​ដោយ រដ្ឋអំណាច​បាន​ចាត់​វិធានការ​ជាច្រើន ដើម្បី​ត្រៀម​ទប់ទល់​នឹង​បញ្ហា​នេះ។ តើ​ផលវិបាក​សេដ្ឋកិច្ច​ដែល​ចិន​អាច​នឹង​ជួប​ប្រទះ​មាន​អ្វី​ខ្លះ ?

កសិករ​ចិន​បង្ហាញ​ដើមស្រូវ​ស្កក
កសិករ​ចិន​បង្ហាញ​ដើមស្រូវ​ស្កក ©AFP
ផ្សាយពាណិជ្ជកម្ម

អស់​រយៈពេល ១២០ថ្ងៃ​កន្លង​មក​ហើយ ដែល​នៅ​ទូទំាង​ប្រទេស​ចិន និយាយ​ជា​រួម និង​នៅ​ក្នុង​ទីក្រុង​ប៉េកំាង និយាយ​ដោយឡែក គេ​មិន​ឃើញ​មាន​ភ្លៀងធ្លាក់​ទេ សូម្បី​តែ​មួយ​តំណក់ ក៏​គ្មាន​ដែរ។ គឺ​ជា​បាតុភូត​មួយ​ដ៏​ចម្លែក និង​ធ្ងន់ធ្ងរ​ដែល​ចិន​មិន​ធ្លាប់​ជួប​ប្រទះ​ទេ​ក្នុង​រយៈពេល ៦០ឆ្នំា​ចុង​ក្រោយ​នេះ។ តើ​វា​ជា​ផលវិបាក​ដែល​ជះ​មក ពី​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ពិភពលោក ឬ​មួយ​ក៏​ជា​សញ្ញា​អាក្រក់​នៃ​ការ​បញ្ចប់​ឆ្នំា​ចាស់ ឆ្នំា​ខ្លា ឆ្លង​ចូល​ឆ្នំា​ថ្មី ឆ្នំា​ថោះ ? នេះ​ជា​សំណួរ​ដែល​គ្មាន​ចម្លើយ។

ប៉ុន្តែ​អ្វី​ដែល​បាន​និង​កំពុង​កើត​មាន​ជាក់ស្តែង​ពេល​នេះ​គឺ​ថា អវត្តមាន​ទឹកភ្លៀង​ចំនួន ១២០ថ្ងៃ​ជាប់​គ្នា​បាន​និង​កំពុង​ធ្វើ​ឲ្យ​ដីដំាដុះ​ជាង ៥លាន​ហិចតា​រីងស្ងួត ហួតហែង។ ទន្ទឹម​គ្នា​នេះ អវត្តមាន​ទឹកភ្លៀង​ចំនួន ១២០ថ្ងៃ​ជាប់​គ្នា ក៏​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ចិន​ជាង ២លាន ៥សែននាក់​ខ្វះ​ទឹកប្រើប្រាស់​ដែរ ពិសេស ប្រជាជន​រស់​ក្នុង​ខេត្ត Shandon និង​ខេត្ត Henan។ ខេត្ត​នីមួយៗ​ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជា ៩៥លាននាក់។ ជាក់ស្តែង​នៅ​ក្នុង​ស្រុក Rizhao នៃ​ខេត្ត Shangdon អវត្តមាន​ទឹកភ្លៀង​តំាង​ពី​ថ្ងៃទី ១១ កញ្ញា ឆ្នំា ២០១០ គឺ​ជា​បាតុភូត​ដែល​គេ​មិន​ធ្លាប់​ប្រទះ​ទេ តំាង​ពី ៣០០ឆ្នំា​កន្លង​ទៅ​នេះ។

នៅ​ប្រទេស​ចិន តំបន់​ប៉ែកខាងត្បូង ជា​តំបន់​ដែល​ផ្តល់​អំណោយផល​ច្រើន​សម្រាប់​ដំណំាស្រូវ និង​តំបន់​ប៉ែកខាងជើង ដែល​ផ្តល់​អំណោយផល​ច្រើន​សម្រាប់​ដំណាំស្រូវសាលី។ ស្រូវសាលី​សម្រាប់​រដូវ​រងា​ដែល​ពេល​នេះ កំពុង​ពេញវ័យ និង​ដែល​កំពុង​ត្រូវ​ការ​ទឹក។ ទំាង​នេះ​ដោយ​មិន​ទាន់​បាន​គិត​អំពី​ដំណំា​ផ្សេងៗ​ទេ។ ដូច្នេះ​ចង់ ឬ​មិន​ចង់ អវត្តមាន​ទឹកភ្លៀង​នា​ពេល​នេះ​បាន​និង​កំពុង​ប៉ះពាល់​ដល់​ការ​លូតលាស់​ស្រូវសាលី ដោយ​ចៀស​មិន​រួច។ តាម​ការ​ប៉ាន់ប្រមាណ​មើល​នៅ​ពេល​នេះ ភាព​រំាងស្ងួត​នឹង​ធ្វើ​ឲ្យ​បរិមាណ​នៃ​ការ​ប្រមូល​ផលស្រូវសាលី​រដូវ​រងា​ថយចុះ​ជិត ១លាន ៧សែនតោន។ តែ​បើ​ស្ថានការណ៍​នេះ​នឹង​បន្ត​រហូត​ដល់​ខែមីនា ឬ​ខែមេសា​ខាង​មុខ​នោះ បរិមាណ​នៃ​ការ​ប្រមូល​ផលស្រូវសាលី​រដូវរងា​នឹង​ត្រូវ​ថយចុះ​រហូត​ដល់​ទៅ​ជាង ១០លានតោន។

រហូត​មក​ដល់​ពេល​នេះ ផលវិបាក​សេដ្ឋកិច្ច​ដែល​ចិន​អាច​នឹង​ទទួល​ពី​ភាព​រំាងស្ងួត នៅ​មាន​កម្រិត។ នៅ​មាន​កម្រិត ព្រោះ​ថា បរិមាណ​ស្រូវ និង​ស្រូវសាលី​ដែល​ចិន​បាន​ស្តុកទុក មាន​ច្រើន​ណាស់ មាន​ន័យ​ថា​ក្នុង​រយៈពេល​ខ្លី​ខាង​មុខ ចិន​មិន​បារម្ភ​អំពី​កង្វះ​អង្ករ​ដើម្បី​ចិញ្ចឹម​ពលរដ្ឋ​របស់​ខ្លួន​ទេ។ រីឯ​មូលហេតុ​ដែល​នំា​ឲ្យ​ចិន​មាន​បរិមាណ​ស្រូវ និង​ស្រូវសាលី​ច្រើន ក៏​ដោយសារ​តែ​តម្លៃ​របស់​វា​នៅ​លើ​ទីផ្សារ​ពិភពលោក​បាន​កើន​ខ្លំាង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ។ តម្លៃ​ខ្ពស់​ដែល​បាន​ជម្រុញ និង​លើក​ទឹកចិត្ត​ប្រជាកសិករ​ចិន​ឲ្យ​បង្កើន​បន្ថែម​នូវ​ផលិតកម្ម​ស្រូវ និង​ស្រូវសាលី​របស់​ខ្លួន ជា​រៀងរាល់​ឆ្នំា នោះ​បើ​ទោះបី​ជា​ចិន នៅ​មិន​ទាន់​អាច​នំា​ស្រូវសាលី​របស់​ខ្លួន​ទៅ​លក់​នៅ​លើ​ទីផ្សារ​ពិភពលោក​ក៏​ដោយ។

សូម​ជម្រាបជូន​ថា ក្រៅ​ពី​ប្រទេស​ចិន ភាពរំាងស្ងួត​ក៏​កំពុង​គ្របដណ្តប់​នៅ​លើ​ប្រទេស​ឥណ្ឌា​ផងដែរ។ ម្យ៉ាង​ទៀត ឥណ្ឌា និង​ចិន​ជា​ប្រទេសពីរ​ដែល​បាន​ផលិត​ស្រូវសាលី​ច្រើន​ជាង​គេ និង​ក៏​ជា​ប្រទេសពីរ ដែល​មាន​តម្រូវការ​ស្រូវសាលី​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភពលោក។ នៅ​លើ​ទីផ្សារ​ពិភពលោក ប្រទេស​ដែល​នំា​ចេញ​ស្រូវសាលី​ច្រើន​ជាង​គេ មាន​សហរដ្ឋអាមេរិក ប្រទេស​បារំាង និង​ប្រទេស​រុស្ស៊ី។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​នេះ ទីក្រុង​វ៉ាស៊ីនតោន ប៉ារីស និង​ម៉ូស្គូ បាន​និង​កំពុង​តាមដាន​ដោយ​មិន​ប៉ប្រិចភ្នែក អំពី​ស្ថានភាព​ឧតុនិយម​នៅ​ក្នុង​ប្រទេស​ចិន។ អ្វី​ដែល​ពួក​គេ​បារម្ភ​ខ្លំាង គឺ​អំពី​តម្លៃ​ស្រូវសាលី​នៅ​លើ​ទីផ្សារ​ពិភពលោក ព្រោះថា បើ​ផលិតកម្ម​ស្រូវសាលី​នៅ​ក្នុង​ប្រទេស​ចិន និង​ឥណ្ឌា​បាន​ធ្លាក់​ចុះ​ព្រមគ្នា នោះ​នឹង​ធ្វើ​ឲ្យ​តម្លៃ​ស្រូវសាលី​ឡើង​ថ្លៃ​កប់ពពក។

យ៉ាង​ណា​ក៏​ដោយ​នៅ​ពេល​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកំាង​បាន​សម្រេច​ផ្តល់​ជំនួយ​ជា​បន្ទាន់​ចំនួន​ជាង ៣៣០លានដុល្លារ សម្រាប់​ជួយ​ប្រជាកសិករ​ដែល​កំពុង​រងគ្រោះ​ដោយ​ភាពរំាងស្ងួត និង​បាន​សម្រេច​ធ្វើ​វិនិយោគ​ក្នុង​ទឹកប្រាក់​ចំនួន​ជាង ៦០ម៉ឺនលានដុល្លារ​ចាប់​ពី​នេះ រហូត​ដល់​ឆ្នំា ២០២០ ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ស្តុក និង​ប្រព័ន្ធ​ចែកចាយ​ទឹក​ឡើង​វិញ។ ទំាង​នេះ​សុទ្ធសឹង​ជា​វិធានការ​ចំាបាច់ មិន​អាច​ខ្វះ​បាន បើ​ពុំ​នោះ​សោត​ទេ ចិន​ចៀស​មិន​ផុត ពី​ការ​ដំឡើង​បរិមាណ​នំា​ចូល​ស្រូវសាលី ដើម្បី​យក​ទៅ​ចិញ្ចឹម​ពលរដ្ឋ​ទំាង ១ ៣០០​លាននាក់​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ