អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

ក្រុងព្យុងយ៉ាង​គំរាម​សេអ៊ូល​ដែល​បដិសេធ​មិនព្រម​ចរចា​ផ្នែក​យោធា

ភាពតានតឹង​រវាង​បងប្អូន​កូរ៉េទាំងពីរ​បាន​កើតមាន​ជាថ្មី បន្ទាប់​ពី​មាន​ការបាញ់​ប្រទះអាវុធ​គ្នា កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ នៅ​ព្រំដែនគោក​រវាង​ប្រទេស​ទាំងពីរ។ កន្លងមក​កូរ៉េខាងជើង​ ធ្លាប់​គំរាម​កំហែង ដាក់​គំនាប​ទៅ​លើ​កូរ៉េខាងត្បូង ពីរឿង​ដែល​កូរ៉េខាងត្បូង​​បដិសេធ​មិន​ទទួល​ឲ្យ​មាន​ការចរចា​យោធា​រវាង​ប្រទេស​ទាំងពីរ។ ទោះយ៉ាងណា ភាពប្រទូស្តរ៉ាយ​គ្នា​ផ្នែក​អាវុធ នៅ​ព្រំដែន មិន​បាន​រាំងស្ទះ​ដល់​ការជួបជុំ​គ្រួសារ​របស់​ប្រជាជន​កូរ៉េ​ទាំងពីរ ដែល​គេ​បាន​រៀបចំ​ធ្វើ នៅ​ព្រឹកថ្ងៃសៅរ៍​នេះ ក្នុង​ប្រទេស​កូរ៉េខាងជើង។

ទាហាន​កូរ៉េខាងត្បូង​ម្នាក់​កំពុង​ដើរ​ល្បាត​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​កូរ៉េទាំងពីរ ជាទី​ដែល​មាន​ផ្ទុះ​អាវុធ កាល​ពី​ថ្ងៃ​ទី ២៩ តុលា ឆ្នាំ ២០១០
ទាហាន​កូរ៉េខាងត្បូង​ម្នាក់​កំពុង​ដើរ​ល្បាត​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​កូរ៉េទាំងពីរ ជាទី​ដែល​មាន​ផ្ទុះ​អាវុធ កាល​ពី​ថ្ងៃ​ទី ២៩ តុលា ឆ្នាំ ២០១០ REUTERS/Lee Jae-Won
ផ្សាយពាណិជ្ជកម្ម

02:09

សេចក្តី​រាយការណ៍របស់​ឈាង បុប្ផា

ឈាង បុប្ផា

នៅព្រឹកថ្ងៃ​សុក្រ​ម្សិលមិញ ទាហាន​យាមព្រំដែន​កូរ៉េខាងជើង បាន​បាញ់​ចូល​ទៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង គឺ​បាញ់​សំដៅ​ទៅ​លើ​ក្រុមទាហាន​កូរ៉េខាងត្បូង​ដែល​កំពុង​ដើរល្បាត​នៅ​តាម​បណ្តោយ​ព្រំដែន។ នេះ​បើ​យោងតាម​មេបញ្ជាការទ័ព​កូរ៉េខាងត្បូង។ ភ្លាមៗ ទាហានកូរ៉េខាងត្បូង​បាន​ធ្វើការ​បាញ់​តបត​វិញ។

 
រហូត​មកដល់​ពេលនេះ គេនៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទាហាន​កូរ៉េខាងជើង​បើក​ការបាញ់ប្រហារ​ទៅ​លើ​កូរ៉េខាងត្បូង នៅ​ឡើយទេ។ ប៉ុន្តែ កាលពី​ព្រឹកថ្ងៃ​សុក្រ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ព្រមាន​ថា ទំនាក់ទំនង​រវាង​ប្រទេស​ជិតខាង​ទាំងពីរ​នឹង​អាច​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​គ្រោះមហន្តរាយ​មួយ ប្រសិន​បើ​កូរ៉េខាងត្បូង នៅ​បន្ត​បដិសេធ មិនព្រម​ឲ្យ​មាន​ការចរចា​យោធា​ទ្វេភាគី​ឡើងវិញ។

កន្លងមក កូរ៉េខាងត្បូង​ធ្លាប់​បាន​និយាយ​យ៉ាងម៉ឺងម៉ាត់​ហើយ​ថា ខ្លួន​នឹង​មិនព្រម​ចូល​ចរចា​ជាមួយ​កូរ៉េខាងជើង​ទេ ដរាបណា ប្រទេស​នេះ​មិន​ព្រម​សុំទោស និង​ទទួលស្គាល់​ថា ខ្លួន​បាន​បាញ់​ពន្លិច​នាវា​ចម្បាំង​របស់​កូរ៉េខាងត្បូង។ រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​ចេញ​មុខ​ប្រកាស​ផ្អាក​ការចរចា​ដែល​ត្រូវ​រៀបចំ កាល​ពី​ខែ​កញ្ញា​មុន​នេះ។ ការចរចា​ដែល​សំដៅ​សម្រាល​ភាពតានតឹង​រវាង​ប្រទេស​បងប្អូន​សត្រូវ​ទាំងពីរ។

កូរ៉េខាងត្បូង​បាន​កត់សម្គាល់​​ថា ចរិត​ញុះញង់​របស់​ក្រុង​ព្យុងយ៉ាង​មាន​កាន់​តែ​ខ្លាំងឡើង ជាពិសេស នៅ​ប៉ុន្មាន​សប្តាហ៍​មុន​ការរៀបចំ​កិច្ចប្រជុំ​កំពូល​នៃ​ប្រទេស​មហា​ឧស្សាហកម្ម ហៅ​ថា G 20 ដែល​ត្រូវ​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី ១០ និង​ទី ១១​ខែ​វិច្ឆិកា​ខាងមុខ​នេះ ក្នុង​ក្រុង​សេអ៊ូល។ កងទ័ព​កូរ៉េខាងត្បូង​ត្រូវ​បាន​ប្រកាស​ប្រាប់​ឲ្យ​អនុវត្ត​នូវ​ការធានា​សន្តិសុខ កម្រិត​ខ្ពស់​ក្នុង​ប្រទេស ជាពិសេស​គឺ​ចាប់ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី ១៣​វិច្ឆិកា។

ភាពតានតឹង​ផ្នែក​យោធា នៅ​បន្ត​មាន នៅ​តាម​ព្រំដែន​រវាង​កូរ៉េទាំងពីរ ប៉ុន្តែ គម្រោង​ជួបជុំ​គ្រួសារ​រវាង​ប្រជាជន​កូរ៉េ នៅ​បន្ត​រៀបចំ​ជា​ធម្មតា ចាប់ពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​រហូត​ដល់​ថ្ងៃ​ទី ៥​វិច្ឆិកា នៅ​ក្នុង​តំបន់​ភ្នំ​ទេសចរណ៍​មួយ​ក្នុង​ទឹកដី​កូរ៉េខាងជើង។ កម្មវិធី​ជួបជុំ​គ្រួសារ ដែល​បែកគ្នា ដោយហេតុផល​សង្រ្គាម និង​ការពុះចែក​ខ្សែបន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ដែល​ចាប់ផ្តើម​តាំង​ពីឆ្នាំ ២០០០ ទើប​រៀបចំ​ជា លើក​ទីមួយ បន្ទាប់​ពី​ត្រូវ​បាន​ផ្អាក​ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​នេះ។ ផ្អាកដោយសារ​ហេតុផល​នយោបាយ​តានតឹង​រវាង​កូរ៉េ​ទាំងពីរ។

កន្លងមក គេ​បាន​ប្រមើលឃើញ​ថា ​ ទំនាក់ទំនង​ ​រវាង​កូរ៉េទាំងពីរ​អាច​នឹង​ល្អ​នឹង​គ្នា​ឡើងវិញ ពោល​គឺ​ចាប់​តាំង​ពី​ពេល​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​បាន​បញ្ជូន​ ស្បៀង​មនុស្សធម៌ ទៅ​កូរ៉េខាងជើង និង​ការរៀបចំ​ឲ្យ​មាន​ការជួបជុំ​គ្រួសារ​របស់​ប្រជាជន​កូរ៉េ​ទាំងពីរ។ ប៉ុន្តែ ការពិត​ជាក់ស្តែង កូរ៉េខាងជើង​ដែល​កំពុង​មាន​ប្រជាជន​រងគ្រោះ​ដោយ​ភាពអត់ឃ្លាន នៅ​តែ​បន្ត​រករឿង និងប្រើ​អំណាច នុយក្លេអ៊ែរ​របស់​ខ្លួន​គំរាម​កូរ៉េខាងត្បូង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ