អានតួអត្ថបទ
ជប៉ុន-ចិន

តូក្យូ​ប្រឆាំង​ជា​ផ្លូវការ​វត្តមាន​នាវាល្បាត​របស់​ចិន នៅ​ក្បែរ​ប្រជុំកោះ​Senkaku

នាយករដ្ឋមន្រ្តី​ជប៉ុន​ទើប​លើក​និយាយ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ពី​រឿង​ដែល​ចិន​ចេះតែ​បង្ហាញ​វត្តមាន​នាវាល្បាត​របស់​ខ្លួន កាន់តែ​ច្រើន​ក្នុង​សមុទ្រ​ចិន​ខាងកើត​ក្បែរ​ប្រជុំកោះ​ដែល​កំពុង​មាន​ ជម្លោះ។ នៅថ្ងៃ​ចន្ទ​នេះ ទីក្រុង​តូក្យូ​បាន​ចេញ​មុខ​ប្រឆាំង​តវ៉ា​ជា​ផ្លូវការ​នឹង​វត្តមាន​របស់​ នាវាល្បាត​ចិន​ពីរ​ដែល​បាន​បើក​ឆ្វែល​មក​ជិត​ប្រជុំកោះ​Senkaku កាលពី​យប់​ថ្ងៃ​អាទិត្យ។

នាវាល្បាត​ជប៉ុន​នៅ​ប្រចាំការ​ក្នុង​សមុទ្រ​ចិន​ខាងកើត ដើម្បី​យាម​ប្រជុំកោះ Senkaku Diaoyuដែល​ចិន​ហៅ​ថា
នាវាល្បាត​ជប៉ុន​នៅ​ប្រចាំការ​ក្នុង​សមុទ្រ​ចិន​ខាងកើត ដើម្បី​យាម​ប្រជុំកោះ Senkaku Diaoyuដែល​ចិន​ហៅ​ថា ©Reuters
ផ្សាយពាណិជ្ជកម្ម

01:33

សេចក្តី​​រាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

ជា​ផ្លូវការ ជប៉ុន​បាន​បញ្ជូន​លិខិត​ប្រឆាំង របស់​ខ្លួន​រួចហើយ ទៅ​ទីក្រុង​ប៉េកាំង។ ជប៉ុន​ដែល​បាន​ធ្វើការ​ប្រុងប្រយ័ត្ន​ខ្លាំង ក្នុង​ពេល​ថ្មីៗ​នេះ បាន​កត់ត្រា​​យ៉ាងច្បាស់​ថា មាន​នាវាល្បាត​នេសាទ​ចិន ចំនួន​ពីរ​បាន​បើក​ចូល​មកជិត​ប្រជុំកោះ Senkaku។ យោង​តាម​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ជប៉ុន នាវា​ចិន​ទាំងពីរ​បាន​បើកចូល​មក​ក្នុង​ដែនទឹក​របស់​ជប៉ុន នៅ​វេលា​ម៉ោង​៩​យប់ និង​បាន​បើក​ចេញ​ទៅ​វិញ ដោយសំដៅ​ទៅ​ប្រទេស​ចិន។ ក្នុង​លិខិត​របស់​ខ្លួន តូក្យូ​បាន​បញ្ជាក់​ទៅ​ប៉េកាំង​ថា វាគ្មាន​ហេតុផល​អ្វី​ដែល​ទូកល្បាត​ចិន​ត្រូវ​ចូល​មក​ក្នុង​ដែនទឹក​គ្រប់គ្រង​ដោយ​ជប៉ុន​នោះទេ។

 
សូមជំរាប​ជូនថា ចិន ជប៉ុន អតីត​គូសត្រូវ​ក្នុង​ប្រវត្តិសាស្រ្ត ចាប់ផ្តើម​មើល​មុខ​គ្នា​មិន​ចំ​ឡើងវិញ នៅពេល ជប៉ុន​បាន​ចាប់ឃុំ​ខ្លួន​អ្នកបើក​នេសាទ​ចិន អស់រយៈ​ជាច្រើនថ្ងៃ កាល​ពី​ដើម​ខែ​កញ្ញានេះ។ ភាពតានតឹង​បាន​ថយចុះ​មួយរយៈ ក្រោយពេល​ជប៉ុន​ដែល​រងការដាក់​គំនាប​ពី​ចិន បាន​សុខចិត្ត​ធ្វើ​សម្បទាន ដោះលែង​អ្នកបើកទូក​នេសាទចិន។ ប៉ុន្តែ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ចាប់ផ្តើម​ល្អក់កករជាថ្មី ចាប់តាំង​ពី​ពាក់​កណ្តាល​ខែ តុលា​នេះ។ ពោល គឺ​ចាប់តាំង​ពី​ពេល​ដែល​ប្រជាជន​ទាំងពីរ​ប្រទេស​ដែល​មាន​លក្ខណៈ​ជាតិ​និយម​រៀងៗ​ខ្លួន បាន​ធ្វើ​បាតុកម្ម​ភ្លូកទឹក​ភ្លូកដី ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​តវ៉ា​យក​ប្រជុំកោះ​ដែល​មាន​ជម្លោះ​មក​គ្រប់គ្រង​ឲ្យ​ខាង​តែបាន។ ទាំងនេះ សឲ្យ​ឃើញ​ថា ជម្លោះ​ពិតប្រាកដ​របស់​ប្រទេស​ទាំងពីរ​មិនមែន​ដោយសារ​រឿង​ចាប់អ្នកបើកទូក​នេសាទ​ចិន​នោះទេ តែ​ជា​ជម្លោះ​លើរឿងចាស់ រឿងដណ្តើម​ទឹកដី​ដែល​មិន​ងាយ​នឹង​ដោះស្រាយ​រួច​រវាង​ប្រទេស​ទាំងពីរ។

ប្រជុំកោះ Senkaku ដែល​ចិន​ឲ្យ​ឈ្មោះ​ថា Diaoyu ត្រូវបាន​ជប៉ុន​ដាក់បញ្ចូល​ជា​ដែនដី​របស់​ខ្លួន​តាំងពី​ឆ្នាំ ១៨៩៥ និង គ្រប់គ្រង​រហូតមក ដោយមាន​ការទទួល​ស្គាល់​ពី​ច្បាប់​អន្តរជាតិ។ ប្រជុំកោះ​នេះ​មាន​ផ្ទៃក្រឡា សរុប​ជាង ៧គីឡូម៉ែត្រការ៉េ និង​ស្ថិតក្នុង​សមុទ្រ​ចិន​ខាងកើត។ ប្រជុំកោះ Senkaku ត្រូវគេ​រកឃើញ​ថា មាន​អណ្តូងប្រេង និង​ជា​កន្លែង​សំបូរ​ត្រី។ ចាប់តាំងពី​ពេល​នោះ​មក គឺ​តាំងពី​ឆ្នាំ ១៩៧០ ចិន​ និង​តៃវ៉ាន់​ក៏​បាន​ចេញ​មុខ​ទាមទារ​យក​កោះ​នេះ មក​ធ្វើ​ជា​របស់ខ្លួន​វិញ ដោយ​អះអាង​ថា ដែនទឹក​ជុំវិញ​ប្រជុំកោះ​Senkakuនោះ​ជា​កម្មសិទ្ធិ​របស់​ចិន តាំងពី​បុរាណកាល​មក។ កន្លងមក ទូកនេសាទ​ចិន និង​តៃវ៉ាន់​តែងតែ​ឆ្លៀត​លប​ចូល​មក​នេសាទ​ក្បែរ ប្រជុំកោះ Senkaku ប៉ុន្តែ​តែងតែ​ត្រូវ​នាវាល្បាត​ជប៉ុន​តាម​បណ្តេញ​ចេញ ឬ​ចាប់ឃាត់ទុក ដូច​ករណី​អ្នកបើកទូក​នេសាទ​ចិន​កន្លង​មក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ