អានតួអត្ថបទ
ជប៉ុន

សន្តិសុខ​ជាតិ​របស់​ជប៉ុន​កំពុង​រង​ការគំរាម​កំហែង

នៅ​ចំពោះមុខ​នៃ​ការកើនឡើង​នៃ​វត្តមាន​របស់​កងនាវា​ចម្បាំង​ចិន ក្នុង​សមុទ្រ​ចិន​ខាងត្បូង និងកម្មវិធី​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែ​របស់​កូរ៉េខាងជើង សន្តិសុខ​របស់​ជប៉ុន​បច្ចុប្បន្ន​កំពុង​ស្ថិតក្នុង​ស្ថានភាពដ៏​លំបាក​មួយ។ នេះ​ជា​ការថ្លែង​របស់​នាយក​រដ្ឋមន្រ្តី​ជប៉ុន ទៅ​កាន់​រេហ៍ពល​ជប៉ុន​ដែល​កំពុង​ដើរ​ក្នុង​ក្បួន​​ព្យុហយាត្រា ដែលរៀបចំ​ធ្វើ​នៅ​ថ្ងៃអាទិត្យ​ទី​២៤ តុលា នៅ​ជាយក្រុង​តូក្យូ។

លោក​ណាអូតូ កាន នាយករដ្ឋមន្រ្តី​ជប៉ុន​ចូលរួម​ក្នុង​ពិធី​ដើរ​ក្បួន​ព្យុហយាត្រា​របស់​កងទ័ព​ជប៉ុន នៅ​ថ្ងៃ​អាទិត្យ ទី ២៤ តុលា ឆ្នាំ ២០១០
លោក​ណាអូតូ កាន នាយករដ្ឋមន្រ្តី​ជប៉ុន​ចូលរួម​ក្នុង​ពិធី​ដើរ​ក្បួន​ព្យុហយាត្រា​របស់​កងទ័ព​ជប៉ុន នៅ​ថ្ងៃ​អាទិត្យ ទី ២៤ តុលា ឆ្នាំ ២០១០ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

01:41

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

សម្រាប់​ នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ណាអូតូ កាន សន្តិសុខ​សម្រាប់​ជប៉ុន​កាន់តែ​មិន​អំណោយ​ផលល្អ នោះ​​គឺ​ចាប់តាំង​ពី​មាន​ដំណឹង​ថា កូរ៉េខាងជើង​កំពុង​អភិវឌ្ឍ​មិន​ឈប់ឈរ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ចំណែក​ចិន​ឯណោះវិញ​កំពុង​បង្ហាញ បង្អួត​គ្រឿង​សព្វាវុធ​ទំនើបៗ​របស់​ខ្លួន តាមរយៈ​ការពង្រាយ​នាវា​ចម្បាំង​របស់​ខ្លួន នៅ​ក្បែរ​កោះ​របស់​ប្រទេស​ជប៉ុន។

ការថ្លែង​របស់​នាយក​រដ្ឋមន្រ្តី​ជប៉ុន​ធ្វើឡើង​ក្នុង​បរិបទ​ដែល​វិបត្តិ​ការទូត​ចិន-ជប៉ុន​កាន់តែ​ធ្លាក់​ដុនដាប។ នោះគឺ​ចាប់តាំង​ពី​ពេល​ដែល​ជប៉ុន​បាន​ចាប់ឃាត់​អ្នកបើកបរ​ទូកនេសាទ​ចិន កាល​ពី​ខែមុន​ដោយសារ​តែ​ អ្នកបើកទូកចិន​រូបនោះ​បាន​បើក​បុក​ទង្គិច​ជាមួយ​នាវាល្បាត​របស់​ជប៉ុន។ សង្គ្រាមពាក្យ​សំដី​ទៅវិញ ទៅមក ទៅលើ​រឿង​ទាមទារ​គ្រប់គ្រង​ប្រជុំកោះ Senkaku បាន​ជំរុញ​ឲ្យ​ចលនា​ជាតិ​និយម កាន់តែ​ផុសផុល​ឡើង​ក្នុង​ប្រទេស​ទាំងពីរ។

ងាក​មក​មើល​កូរ៉េខាងជើង​វិញ​ម្តង ជប៉ុន​កាន់តែ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន ជាពិសេស​ក្រោយ​ពី​មាន​ព័ត៌មាន​ពី​ខាងទីក្រុង​សេអ៊ូល​ដែល​ថា កូរ៉េខាងជើង​កំពុង​ត្រៀម​លក្ខណៈ​បាញ់​សាកល្បង​គ្រាប់នុយក្លេអ៊ែរ​ជា​លើក​ទីបី ក្នុង​ពេល​ខាងមុខ​នេះ។

ក្នុង​ស្ថានភាព​បែប​នេះ ជប៉ុន​ចាំបាច់​ត្រូវ​ពង្រឹង​វិស័យ​យោធា​របស់​ខ្លួន ចំណែក​កងទ័ព​ការពារខ្លួន ត្រូវ​ត្រៀម​គ្រប់​លក្ខណៈ ដើម្បី​ឆ្លើយតប​ឲ្យ​ទាន់ពេល ទៅ​នឹង​ការវាយប្រហារ​ណាមួយ។ ឆ្លៀត​ក្នុង​ឱកាស​នេះ នាយករដ្ឋមន្រ្តី​ជប៉ុន​បានផ្តើម​និយាយ​រំលឹក​ពី​សារៈសំខាន់ និង​ពង្រឹងសម្ព័ន្ធភាព​របស់​ជប៉ុន ជាមួយ​អាមេរិក​ឡើងវិញ។ សម្ព័ន្ធភាព​ជប៉ុន អាមេរិក​ដែល​មាន​អាយុ ៥០​មក​ហើយ​នោះ​កំពុង​ត្រូវ​រង្គោះរង្គើ ពោល​គឺ​ចាប់តាំង​ពី​ប្រជាជន​ជប៉ុន​ប្រឆាំង​នឹង​វត្តមាន​របស់​មូលដ្ឋាន​ទ័ព​អាមេរិក នៅ​លើ​កោះ​អូគីណាវ៉ា។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ