អានតួអត្ថបទ
ចិន

ទិវា​​​​កាន់​​​ទុក្ខ​​ជាតិ​​​ដល់​​​​ជន​​​រង​គ្រោះ​​​​ស្លាប់​​​ដោយ​​​ការ​​ស្រុត​​​​បាក់​​ដី​​​នៅ​​ Gansu​

នា​ថ្ងៃ​អាទិត្យ​នេះ ប្រទេស​ចិន ប្រារព្ធ​ទិវា​កាន់ទុក្ខ​ជាតិ​ ដើម្បី​ជា​គារវកិច្ច​ដល់​​វិញ្ញាណក្ខន្ធ​នៃ​​ជន​រងគ្រោះដែល​​ស្លាប់​នៅ​ ក្នុង​ការស្រុត​បាក់​​ដី​នៅ​ខេត្ត Gansu​​ប៉ែក​ពាយ័ព្យ​ប្រទេសចិន។ គឺ​ជា​គ្រោះធម្មជាតិ​មួយ​ដ៏​សាហាវ​បំផុត​ចាប់​តាំង​ពីជា​ច្រើន​ទសវត្ស​ មកហើយ​​និងដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជាង​១២០០​នាក់​និង​ បាត់ខ្លួន​ជន​ចំនួន ជាង ៥០០​នាក់។ 

ទាហានចិន​​​​ស្មិង​ស្មាធិ៍​​ ៣​នាទី​គោរព​​ដល់​​វិញ្ញាណក្ខន្ធ​នៃ​ជន​​រង​គ្រោះ​ដោយ​ការ​បាក់ស្រុតដី
ទាហានចិន​​​​ស្មិង​ស្មាធិ៍​​ ៣​នាទី​គោរព​​ដល់​​វិញ្ញាណក្ខន្ធ​នៃ​ជន​​រង​គ្រោះ​ដោយ​ការ​បាក់ស្រុតដី REUTERS/China Daily
ផ្សាយពាណិជ្ជកម្ម
01:56

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត

ទង់​មរណសញ្ញា​ត្រូវ​បាន​គេ​បង្ហូត​ឡើង​នៅ​ទូទាំង​ប្រទេស​ចិន។ ទីកន្លែង​កំសាន្ត​នានា​​ដូចជា​នៅ​កន្លែង​រោងភាពយន្ត កន្លែង​លេងល្បែង​កន្លែង​ច្រៀង karaoké ឬ​កន្លែង​ប្រគំតន្ត្រី ត្រូវ​បាន​បិទទ្វារ​ដែរ។

យោងតាម​​ទីភ្នាក់ងារពត៌មាន​​ចិនថ្មី គ្រោះ​​ធម្មជាតិ​ស្រុត​បាក់ដី​នេះ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ១២៣៩​នាក់​និង​ជន​ចំនួន ៥០៥​នាក់​ផ្សេងទៀត​បាត់ខ្លួន។
ប្រជាជន​និង​ក្រុម​អ្នកជួយ​សង្គ្រោះ​ជា​ច្រើន​ពាន់​នាក់​​នៅ​តំបន់​ភ្នំ Gansu​នេះ ត្រូវ​រងគ្រោះ​​ដោយ​ការហូរ​បាក់ដី​និង​ភក់​កាលពី​មួយ​សប្តាហ៍​មក​ហើយ បាន​​​ផ្អាក​ការ​ស្វែង​រក​ជន​នៅរស់​រាន​មាន​ជីវិត ដើម្បី​ចូលរួម​ក្នុង​ទិវា​កាន់ទុក្ខ​ជាតិ​នេះ​ដែរ។ គឺ​នៅ​វេលា​ម៉ោង ១០​ព្រឹក​ម៉ោង​ក្នុងស្រុក ពលរដ្ឋ​ចិន​នៅ​ទូទាំង​ប្រទេស​​បាន​​ស្មិង​ស្មាធិ៍​បី​នាទី ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​នៃ​​ជន​រងគ្រោះ។

នៅ ប៉េកាំង ប្រជាជន​ជាង ១​ម៉ឺន​នាក់ ជួបជុំ​គ្នា​នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​នៅ​លើ​ទីលាន Tiananmen ដើម្បី​ចូលរួមពិធី​នេះ​ដែរ។ សំឡេង​​ស៊ីរ៉ែន​​បាន​បន្លឺ​ឡើង។ អ្នក​ចូលរួម​ខ្លះ ដោត​ផ្កា​ធ្វើ​ពីក្រដាស​ពណ៌​ស​ហើយ​ខ្លះ​ទៀត​កំពុង​តែ​កាន់​ប៉ែល​នៅ​នឹង​ដៃ ខណៈ​ពេល​ស្មិងស្មាធិ៍ ៣​នាទី​នេះ នៅ​តាម​ទីតំបន់​ផ្សេងៗ​ក្នុង​ប្រទេស​ចិន។ បន្ទាប់មក ក្រុមជួយ​សង្គ្រោះ​និង ក្រុម​បុគ្គលិក​ពេទ្យ បាន​ចាប់​ធ្វើការ​ឡើង​វិញ ដោយ​នាំគ្នា​កាយ​កំទេចកំទី​ចេញ​ពី​ស្ទឹង Bailong ដើម្បី​ស្វែងរក​សាកសព​ជនរងគ្រោះ​ដទៃ​ទៀត​ដែល​នៅកប់​ពី​ក្រោម​កម្រាស់ភក់​ជាច្រើន​ម៉ែត្រ ព្រមទាំង​ធ្វើការ​បាញ់​ថ្នាំ​ដើម្បី​សម្លាប់​មេរោគ​ទៀតផង។

ទន្ទឹមនេះ​ដែរ អាជ្ញាធរ​ចិន បាន​ព្រមាន​ប្រាប់​ដល់​ប្រជាជន​ចិន ថា​ នៅ​ថ្ងៃ​អាទិត្យ​នេះ ទឹក​ភ្លៀង​នឹង​បន្ត​ធ្លាក់​យ៉ាង​ខ្លាំង​ទៀត។ ចំណែក​ទឹក​ជំនន់ ការស្រុតបាក់ដី និង កំទេចកំទី​ដែល​នៅ​អណ្តែត​ពាសពេញ​ផ្ទៃ​ទឹក​នោះ នៅ​តែ​បន្ត​ជាគ្រោះថ្នាក់​ដល់​ប្រជាជន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ