អានតួអត្ថបទ
ចិន

គ្រោះ​ធម្មជាតិ​ស្រុត​បាក់​ដី​បណ្តាល​ឱ្យ​មាន​ជន​រងគ្រោះ​ស្លាប់​ជា​ច្រើន នៅ​ប៉ែក​ពាយ័ព្យ​ប្រទេស​ចិន

យ៉ាង​តិច​ក៏​មាន​មនុស្ស​ស្លាប់​១២៧​នាក់​និង​២០០០នាក់​ទៀត​បាត់​ខ្លួន​ បន្ទាប់​ពី​ការស្រុត​បាក់​ដី​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ នៅ​ថ្ងៃ​៧​សីហា​ នៅ​ក្នុង​ខែត្រ​Gansu​ (​នៅ​ប៉ែក​ពាយ័ព្យ​ប្រទេស​ចិន)​។លោក​នាយក​រដ្ឋ​មន្ត្រី​ វេន​ ជាប៉ាវ​ដែល​បាន​អញ្ជើញ​ទៅ​ដល់​ខែត្រ​មាន​ភ្នំ​និង​រង​គ្រោះ​ធម្មជាតិ​ នៅ​ថ្ងៃ​អាទិត្យ​៨សីហា​ ម្សិល​មិញ​ ​ ក៏​ព្រម​ទាំង​លោក​ប្រធានាធិបតី​ ហ៊ូ​ ស៊ិនតាវ​ បាន​អំពាវ​នាវ​ទៅ​កាន់​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ឱ្យ​ធ្វើ​រាល់​អ្វីៗ​អស់​ពី​សមត្ថភាព​ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស។

អាជ្ញាធរ​ចិន​បាន​បញ្ជូន​ទ័ព​៣ពាន់​នាក់​ទៅ​ធ្វើ​ប្រតិបត្តិការ​ជួយ​ជន​រង​គ្រោះ​
អាជ្ញាធរ​ចិន​បាន​បញ្ជូន​ទ័ព​៣ពាន់​នាក់​ទៅ​ធ្វើ​ប្រតិបត្តិការ​ជួយ​ជន​រង​គ្រោះ​ REUTERS/Xinhua/Wang Yanjun
ផ្សាយពាណិជ្ជកម្ម

 

01:57

សេចក្តី​​រាយការណ៍​របស់​ Delphine Sureau ពី​សៀងហៃ

លោក​វេន​ ជាប៉ាវ​បាន​អញ្ជើញ​មក​លើក​ទឹក​ចិត្ត​ទាហាន​បី​ពាន់​នាក់​ ​ គ្រូ​ពេទ្យ​និង​គិលានុបដ្ឋាក​ដែល​កំពុង​តែ​ខំប្រឹង​ស្វែង​រក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ជាយថាហេតុ​ :​”​ គេ​ពុំ​ត្រូវ​សំចៃ​កម្លាំង​ឡើយ​ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ “​ ​ -នេះ​ជា​ប្រសាសន៍​លោក​នាយក​រដ្ឋ​មន្ត្រី​ចិន​ថ្លែង​នៅ​ខែត្រ​ហ្កាន់ស៊ូ​ (​ Gansu​ )។

ប៉ុន្តែ​ភក់​ជ្រាំ​ដែល​នៅ​តាម​វិថី​ខ្លះ​មាន​កំពស់​ដល់​ទៅ​មួយ​ម៉ែត្រ​ផង​ ធ្វើ​ឱ្យ​ពិបាក​ដល់​ដំណើរ​ជឿន​លឿន​ទៅ​មុខ​នៃ​ការជួយ​សង្គ្រោះ។គេ​ពុំ​អាច​ទោះ​ជា​បើក​បរ​ឡាន​ក្តី​ ​ ទោះ​ជា​ដើរ​នឹង​ជើង​ក្តី​។អគ្គិសនី​ក៏​ត្រូវ​បាន​កាត់​ផ្តាច់​ដែរ។

បណ្តាជន​ជាច្រើន​ដែល​ចំនួន​មួយ​ភាគ​បី​មាន​ដើម​កំណើត​មក​ពី​តំបន់​ទីបេ​ នៅ​ក្នុង​ខែត្រ​ស្វយ័ត​នេះ​ នៅ​តែ​បាត់​ខ្លួន​ជានិច្ច​ ​ អ្នក​ខ្លះ​ទៀត​ជាប់​គាំង​នៅ​ក្នុង​បន្ទប់​លំនៅ​ឋាន​ខ្លួន​។អ្នក​ខ្លះ​បាន​ទៅ​ជ្រក​នៅ​លើ​ដំបូល​ផ្ទះ​ខ្លួន។

ការស្រុត​បាក់​ដី​ដំបូង​បាន​កើត​មាន​នៅ​ពេល​ដែល​អ្នក​ស្រុក​ភាគ​ច្រើន​កំពុង​តែ​ដេក​ នៅ​យប់​ថ្ងៃ​៧សីហា។ផ្ទះ​សំបែង​ទាំង​ឡាយ​បាន​ស្រុត​រលំ​ធ្លាក់​ទៅ​ក្នុង​ទឹក​ស្ទឹង​ Bailong​ដែល​ឡើង​ពេញ​ព្រៀប​ហូរ​ហៀរ​ផ្តុំ​ម៉ោង​មួយ​ព្រឹក​ ដោយ​ហូរ​ពាំនាំ​ទាំង​ភក់​ជ្រាំ​ ទាំង​ផ្ទាំង​ថ្ម​ខ្ពស់​ចោត​ ទៅ​ជាមួយ​ខ្លួន។តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ ​ ពាក់​កណ្តាល​នៃ​ស្រុក​ហ្សូស៊ុយ​ (​ Zhouqu​ )​ ត្រូវ​បាន​លិច​ទឹក។​

ពួក​ទាហាន​ក៏​ខំ​ប្រឹង​ប្រែង​ដែរ​ក្នុង​ការរើ​កកាយ​យក​ចេញ​កំទេច​អំបែង​ដែល​ធ្វើ​ឱ្យ​ទទើស​ទទែង​ដល់​ចរន្ត​ទឹក​ស្ទឹង​ ​ ពីព្រោះ​ទឹក​ភ្លៀង​ធ្លាក់​ខ្លាំង​ដូច​ទឹក​ជ្រោះ​ ត្រូវ​គេ​ទន្ទឹង​រង់​ចាំ​ នៅ​ក្នុង​តំបន់​ នៅ​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ​ខាន​ស្អែក​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ