អានតួអត្ថបទ
ប៉ាគីស្តង់

ខ្យល់​រដូវ​បំផ្លិចបំផ្លាញ​នៅ​ប៉ាគីស្តង់

ខ្យល់​រដូវ​បាន​បណ្តាល​ឱ្យ​មាន​ការខូច​ខាត​យ៉ាង​ច្រើន ចាប់​តាំង​ពី​ប្រទេស​ចិន​រហូត​ដល់​ប៉ាគីស្តង់ ជា​ទី​ដែល​ក្នុ្ងង​អំឡុង​ពេល​បី​ថ្ងៃ ទឹក​ជំនន់ និង​ការបាក់​ស្រុត​ដី​បាន​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ជាង​៤០០នាក់ និង​ធ្វើ​ឱ្យ​ជន​ជាង​៦០ម៉ឺន​រងគ្រោះ -ស្រប​តាម​អាជ្ញាធរ​ក្នុង​ស្រុក​ផ្សាយ​ឱ្យ​ដឹង នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​៣០កក្កដា។

បុរស​ពរ​កូន​ដើរ​ក្នុង​ទឹក​ជំនន់​ដែល​ជន់​លិច​នៅ​ Risalpur ក្នុង​ខេត្ត Nowshera ភាគពាយ័ព្យប៉ាគីស្តង់ថ្ងៃ ទី ៣០​កក្កដា ២០១០
បុរស​ពរ​កូន​ដើរ​ក្នុង​ទឹក​ជំនន់​ដែល​ជន់​លិច​នៅ​ Risalpur ក្នុង​ខេត្ត Nowshera ភាគពាយ័ព្យប៉ាគីស្តង់ថ្ងៃ ទី ៣០​កក្កដា ២០១០ Reuters / Adrees Latif
ផ្សាយពាណិជ្ជកម្ម

02:14

សេចក្តី​រាយការណ៍​របស់​វីនស្តុន រតនា

ផ្ទះ​រាប់​រយ​ខ្នង និង​ដី​ជា​ច្រើន​ពាន់​ហិកតារ​ត្រូវ​លិចទឹក នៅ​ប៉ែក​ពាយ័ព្យ​ប្រទេស និង​នៅ​Cachemire​ (​ខាង​ជើង) ផ្លូវ​ធំ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ចិន​ត្រូវ​បាន​កាត់​ផ្តាច់ ជា​ហេតុ​ធ្វើ​ឱ្យ​សហគមន៍​រាប់​រយ​ស្ថិតនៅ​ឯកោ​ដាច់​ពី​គេ​ឯង។

ភ្លៀង​ធ្លាក់​ខ្លាំង​ពុំ​ធ្លាប់​ដែល​មាន​ចំនួន​៣២១​មីល្លីម៉ែត្រ នៅ​ប៉ែក​ពាយ័ព្យ​ ក្នុង​រយៈពេល​៣៦​ម៉ោង​ចុង​ក្រោយ -ស្រប​តាម​ក្រសួង​ឩតុនិយម​ប៉ាគីស្តង់។ ខែត្រ​ Khyber​ Pakhtunkhwa​ (អតីត​ខែត្រ​នៅ​ព្រំដែន​ប៉ែក​ពាយ័ព្យ) ជា​ទី​ដែល​សហគមន៍​ក្រីក្រ​ជាច្រើន​រស់នៅ​លើ​ភ្នំ​បាន​ទទួល​រងគ្រោះ​ខ្លាំង​ជាង​គេ។ “គឺ​ជា​ទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរ​បំផុត​ពុំ​ធ្លាប់​ដែល​មាន​ទេ នៅ​ក្នុង​ខែត្រ“ -នេះ​ជា​យោបល់​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នៃ​ខែត្រ លោក Mian​ Iftikhar​ Hussain​ ថ្លែង​នៅ​ឱកាស​សន្និសីទ​សារព័ត៌មាន​ នៅ​Peshawar។ ជន​ជិត​១៥០​នាក់​បាន​បាត់​ខ្លួន ទឹក​បាន​ពន្លិច​ផ្លូវ​ចម្ងាយ​ប្រមាណ​ជា​២០០​គីឡូម៉ែត្រ។ “យ៉ាង​តិច​មាន​ជន​៦០ម៉ឺន​នាក់​បាន​រងគ្រោះ​ដោយ​ទឹក​ជំនន់ ហើយ​ចំនូន​នេះ​នឹង​កើន​ឡើង​ថែម​ទៀត ពីព្រោះ​ទឹក​ចេះ​តែ​បន្ត​កើន​ឡើង នៅ​Peshawar Nowshera​និង​Charsada” -នេះ​ជា​ការ​បញ្ជាក់​ប្រាប់​របស់​លោករដ្ឋមន្ត្រី។

ទី​ក្រុង​Swat​ ​ Shangla និង​Peshawar​ត្រូវ​បាន​កំណើន​ទឹក​កាត់​ផ្តាច់​ពី​ទីក្រុង​ដទៃ​ទៀត​នៃ​ប្រទេស។ អ្នក​ឈប់​សំរាក​វ៉ាកង​ប្រមាណ​ជា​២៨០០នាក់​បាន​ជាប់គាំង​ នៅ​ជ្រលង​ភ្នំ Swat​ដែល​ត្រូវ​បាន​កង​ទ័ព​ប៉ាគីស្តង់​ច្បាំង​ដណ្តើម​យក​បាន​មក​វិញ​ពី​កណ្តាប់​ដៃ​ពួក​តាលីបង់​ នៅ​ឆ្នាំ​ទៅ។

ទឹក​ជំនន់​ក៏​បាន​រាតត្បាត​ដែរ​តំបន់​Cachemire​ នៅ​លើ​ដែនដី​ប៉ាគីស្តង់​ដែល​ស្ថិតនៅ​ខាង​ជើង​ប្រទេស​ជា​ទី​ដែល​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច​២២នាក់ និង​តំបន់​Baloutchistan (ប៉ែក​និរតី) ដោយ​មាន​អ្នក​ស្លាប់​២៥​នាក់-ស្រប​តាម​អាជ្ញាធរ​ក្នុង​ស្រុក។

ចំនួន​អ្នករង​គ្រោះ​ស្លាប់​ដោយ​ទឹក​ជំនន់​បី​ថ្ងៃ​នេះ​មាន​ច្រើន​ជាង​ចំនួន​អ្នក​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ធ្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ កាល​ពី​ថ្ងៃ​ពុធ​២៨​កក្កដា​ នៅ​លើ​កូន​ភ្នំ​ជាយ​ក្រុង​Islamabad​គឺ​១៥២នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ