អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

នាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង ៖ អង្គការ​សហប្រជាជាតិ​ចូល​ចរចា​ជា​ថ្មី​ជា​មួយ​កូរ៉េ​ខាង​ជើង

ការ​ពិភាក្សា​ចរចា​ថ្មី​មួយ​ រវាង​កូរ៉េ​ខាង​ជើង ជាមួយ​ក្រុម​​​បញ្ជាការ​រួម​នៃ​អង្គការ​សហប្រជាជាតិ​ ស្តី​ពី​សំណុំ​រឿង​បាញ់​ពន្លិច​នាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង Cheonan កាលពី​ខែ​មីនា បាន​​ផ្តើម​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារ​នេះ នៅ​ក្នុង​បរិបទ​មួយ​ដែល​ឧបទ្វីប​កូរ៉េ​កំពុង​ឋិត​ក្នុង​សម្ពាធ​​ដ៏​តាន​តឹង​បំផុត​។

នាវា​ចម្បាំង​កូរ៉េខាងត្បូង​​ធ្វើ​សម​យុទ្ធ​ក្នុង​សមុទ្រលឿង​ថ្ងៃ​ទី ៥ សីហា ២០១០
នាវា​ចម្បាំង​កូរ៉េខាងត្បូង​​ធ្វើ​សម​យុទ្ធ​ក្នុង​សមុទ្រលឿង​ថ្ងៃ​ទី ៥ សីហា ២០១០ REUTERS/Song Kyung-suk/Poo
ផ្សាយពាណិជ្ជកម្ម
02:00

សេចក្តីរាយការណ៍របស់ អៀង សុខម៉ិញ

ជំនួប​ពិភាក្សា​ថ្នាក់វរសេនីយ៍ឯក​ ​ ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​​ព្រឹក​មិញ​មក នៅ​ក្នុង​ភូមិ​មួយ​ជាប់​ព្រំ​ដែន​ខ័ណ្ឌ​ចែក​​​កូរ៉េ​​ទាំង​ពីរ​នេះ គឺ​ជា​​ការ​​ប្រុង​ប្រៀប​រៀប​ចំ​​​ ​​កិច្ច​ចរចា​ថ្នាក់​ឧត្តមសេនីយ៍​ ឈាន​ទៅ​រក​ការ​ស៊ើប​អង្កេត​អន្តរជាតិ​ស្តី​ពី​ការ​បាញ់​ពន្លិច​នាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង ឈើនណាន់ (Cheonan) សម្លាប់​ជីវិត​នាវិក​អស់​ ៤៦​នាក់​ កាលពី​ខែ​មីនា​កន្លង​ទៅ​។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​ទី​បញ្ជាការ​រួម​​អង្គការ​សហប្រជាជាតិ ដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក និង​ដែល​មាន​ភារៈ​ត្រួត​ពិនិត្យ​ការ​គោរព​កិច្ច​ឈប់​បាញ់​គ្នា​ បញ្ចប់​សង្គ្រាម​ក្នុង​ឧបទ្វីប​កូរ៉េ​ឆ្នាំ ១៩៥៣។

នៅ​ក្នុង​ជំនួប​ប្រជុំ​លើក​មុន កូរ៉េ​ខាង​ជើង​បានស្នើ​​បញ្ជូន​ក្រុម​អ្នក​ស៊ើប​អង្កេត​​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង ដើម្បី​ពិនិត្យ​មើល​ភស្តុតាង​ទាំង​ឡាយ​ដែល​ក្រុង​សេអ៊ូល​បាន​លើក​យក​ទៅ​ប្តឹង​ ប៉ុន្តែ​សំណើ​នេះ​មិន​ត្រូវ​បាន​ទទួល​យក​ដោយ​កូរ៉េ​ខាង​ត្បូង​ទេ។

ចំណែក​ការ​​ពិភាក្ស​លើក​នេះ បាន​ប្រព្រឹត្ត​ទៅ​​នៅ​ក្នុង​បរិយាកាស​មួយ​ដ៏​តាន​តឹង​បំផុត ពី​ព្រោះ​នា​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ ក្រុង​ព្យុងយ៉ាង​បាន​បញ្ចេញ​កាយ​វិការ​របៀប​អ្នក​លេង​ គួរ​ឲ្យ​ខក​ចិត្ត​បំផុត។ កប៉ាល់​នេសាទ​កូរ៉េ​ខាង​ត្បូង​មួយ​គ្រឿង​ ព្រម​ទាំង​អ្នក​នេសាទ​៧​នាក់ ត្រូវ​​របប​កុម្មុនិស្ត​នេះ​ស្ទាក់​ចាប់​រឹបអូស និង​ឃុំ​ខ្លួន កាលពី​ថ្ងៃ​នៅ​ថ្ងៃ​សៅរ៍ ហើយ​នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ដែល​ កូរ៉េ​ខាង​ត្បូង​ត្រូវ​បិទ​បញ្ចប់​សមយុទ្ធ​​របស់​ខ្លួន កូរ៉េ​ខាង​ជើង​បាន​បាញ់​កាំ​​ភ្លើង​ធំ​ ប្រមាណ​ជាង​ ១១០​គ្រាប់ សំដៅ​សមុទ្ទ​លឿង ជិត​កន្លែង​ដែល​នាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង​បាន​លិច​ កាលពី​ខែ​មីនា។ ថ្វី​បើ​គ្រាប់​ខ្លះ​ធ្លាក់​ក្នុង​ដែន​សមុទ្ទ​របស់​កូរ៉េ​ខាង​ជើង តែ​ក៏​មាន​គ្រាប់​ខ្លះ​ទៀត​បាន​ធ្លាក់​ក្នុង​ដែន​របស់​កូរ៉េ​ខាង​ត្បូង​ដែរ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​ភ្នាក់ងារ​កូរ៉េ​ខាង​ត្បូង ដែល​បាន​បន្ថែម​ទៀត​ថា តាំង​ពី​ថ្ងៃ​សៅរ៍​មក អាជ្ញាធរ​ខាង​ជើង មិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អ្វី​​ទាក់ទង​មក​ខាង​កូរ៉េ​ខាង​ត្បូង​សោះ។

កូរ៉េ​ខាង​ត្បូង​ និង​សហរដ្ឋ​​អាមេរិក គ្រោង​នឹង​ធ្វើ​សមយុទ្ធ​មួយ​ថ្មី​ទៀត នៅ​សប្តាហ៍​ក្រោយ ក្នុង​ផ្ទៃ​សមុទ្ទ​នេះ​ទៀត។ ដូច្នេះ​ល្បែង​សង្គ្រាម​នៅ​ក្នុងឧបទ្វីប​កូរ៉េ នឹង​ត្រូវ​មាន​​ជា​បន្ត៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ