អានតួអត្ថបទ
ថៃ

ការ​បោះ​ឆ្នោត​ជ្រើសរើស​តែ​អ្នក​តំណាង​រាស្ត្រ​ម្នាក់​គត់

ការ​ប្រយុទ្ធ​គ្នា​រវាង​អាជ្ញាធរ​ថៃ​និងពួក​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ គឺ​ "ពួក​អាវក្រហម" ប្រព្រឹត្ត​ទៅ​ជា​លើក​ទី​មួយ​ តាម​រយៈ​ការិយាល័យ​បោះឆ្នោត​នៅ​បាងកក។ ការ​បោះ​ឆ្នោត​សភា​នៅ​ថ្ងៃ​អាទិត្យ​ ២៥​កក្កដា​នេះ ជ្រើសរើស​តែ​អ្នក​តំណាង​រាស្ត្រ​ម្នាក់​គត់ ដើម្បី​ជំនួស​អ្នក​តំណាង​រាស្ត្រ​ប្រជាធិបតេយ្យ​ម្នាក់​ ដែល​បាន​ស្លាប់​ដោយ​រោគ​មហារីក។ ការ​បោះ​ឆ្នោត​នេះ​មាន​សារៈសំខាន់​ ជា​ពិសេស​គឺ​ជា​ការ​​បោះឆ្នោត​លើក​ទី​១​ ចាប់​តាំង​ពី​មាន​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​ដែល​បាន​បណ្តាល​​ឲ្យ​ស្លាប់​ជន​៩០​នាក់​ និង​របួស​១៩០០​នាក់​ កាលពី​ខែ​មេសា​ និង​ឧសភា​មុន​នេះ​មក។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ គឺ​បេក្ខជន​នៃ​គណបក្ស​ប្រឆាំង​ធ្វើ​យុទ្ធនាការ​​ឃោសនា​បោះ​ឆ្នោត​ចាប់​ពី​បន្ទប់​​នៃ​ពន្ធនាគារ​របស់​ខ្លួន។

បដា​ឃោសនា​គាំទ្រ​ បេក្ខជន​ ​Korkaew Pikulthong នៅថ្ងៃ​ទី​២៣​កក្កដា ២០១០
បដា​ឃោសនា​គាំទ្រ​ បេក្ខជន​ ​Korkaew Pikulthong នៅថ្ងៃ​ទី​២៣​កក្កដា ២០១០ © REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម
01:58

សេចក្តី​ប្រែ​សម្រួល​របស់ វីនស្តុន រតនា

អ្នក​បោះ​ឆ្នោត​ចំនួន​ជិត​៤០​ម៉ឺន​នាក់​ អញ្ជើញ​ទៅ​កាន់​ហិប​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ទី ២៥ កក្កដា​នេះ ដោយ​សរុប​មាន​បេក្ខជន​ចំនួន​៦​រូប ប៉ុន្តែ​ការ​បោះ​ឆ្នោត​អាច​នឹង​ត្រូវ​ប្រកួត​ប្រជែង​គ្នា​រវាង​គណបក្ស​ធំ​ពីរ​នៃ​រាជាណាចក្រ​ថៃ គឺ​ម្ខាង​គណបក្ស​ប្រជាធិបតេយ្យ​កាន់​រដ្ឋ​អំណាច​ តំណាង​ដោយ​លោក​ Panich Vikitsreth ជា​អតីត​អនុរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ ម្ខាង​ទៀត​គឺ​គណបក្ស​ភឿ​ថៃ Puea Thaï ដែល​បាន​គាំទ្រ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

គណបក្ស​ភឿ​ថៃ​ Puea Thaï បាន​សម្រេច​ចិត្ត​ជ្រើសរើស​លោក Korkaew Pikulthong ជា​អ្នក​ដឹក​នាំ​ម្នាក់​របស់​ "ពួក​អាវ​ក្រហម"។ គឺ​ជា​ជម្រើស​ដ៏​មោះមុត​ ដោយ​ហេតុ​​ថា​គាត់​កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ ចាប់​តាំង​ពី​ចប់​បាតុកម្ម​ ត្រូវ​ជាប់​ចោទ​ពី​បទ​ភេរវនិយម។ សំណូម​ពរ​របស់​គាត់​ សូម​ឲ្យ​អាជ្ញាធរ​ដោះ​លែង​គាត់​ជា​ថ្នូរ​នឹង​ប្រាក់​តម្កល់​ត្រូវ​បាន​អាជ្ញាធរ​បដិសេធ​ទាត់​ចោល។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គាត់​ត្រូវ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ចាប់​ពី​ពន្ធនាគារ តាម​រយៈ​សំបុត្រ​ និង​ខ្សែ​អាត់​វីដេអូ បណ្តាក់​វេន​គ្នា​ដោយ​បក្ស​ព័ន្ធ​របស់​គាត់។

ការ​បោះ​ឆ្នោត​ជ្រើសរើស​តែ​មួយ​អាសនៈ​ប៉ុណ្ណោះ​នៃ​រដ្ឋ​សភា​នៅ​ក្នុង​សង្កាត់​មួយ​ នៃ​ទីក្រុង​បាងកក​ ដែល​តាម​ធម្មតា​ជា​ដែន​ឥទ្ធិពល​របស់​ពួក​អ្នក​ប្រជាធិបតេយ្យ​ ប៉ុន្តែ​វា​ត្រូវ​គេ​ចាត់​ទុក​ជា​សញ្ញា​មួយ​ចង្អុល​បង្ហាញ​ការ​គាំទ្រ​ដែល​ភាគី​ទាំងពីរ​បាន​ទទួល។ វា​ជា​ចំណាប់​អារម្មណ៍​មួយ​ ឲ្យ​ដឹង​ជា​មុន​អំពី​ការ​បោះ​ឆ្នោត​ទូទាំង​ប្រទេស​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នៅ​ឆ្នាំ​ក្រោយ។

កំណែន​ដ៏​ខ្លាំង​នៃ​ "ពួក​អាវ​ក្រហម" ​នៅ​ឱកាស​យុទ្ធនាការឃោសនា​​បោះ​ឆ្នោត​នេះ​ ទោះបី​​ជា​មាន​ការ​ប្រកាស​ភាព​អាសន្ន​ និងការ​​បង្ក្រាប​គាប​ត្បៀត​ពី​ខាង​ប៉ូលិស​ក្តី វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ចលនា​របស់​ពួក​គេ ពុំ​ងាយ​នឹង​ត្រូវ​អាជ្ញាធរ​កប់​ចោល​ដោយ​ស្រួលៗ​ឡើយ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ