អានតួអត្ថបទ
ថៃ

កងទ័ពនិងព្រះរាជា​ពុំត្រូវធ្វើអន្តរាគមន៍​នយោបាយទេ​

កងទ័ព​និង​ព្រះរាជា​ដែល​មាន​វត្តមាន​ នៅ​គ្រប់តែ​ស្ថាប័ន​នៃ​ប្រទេស​ថៃ​ពុំ​ត្រូវ​ធ្វើ​អន្តរាគមន៍​នយោបាយទេ​ នេះ​ជា​យោបល់​​របស់​លោក​នាយក​រដ្ឋមន្ត្រី​អភិស៊ីទ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ ​ផ្តល់​ឲ្យ​ទី​ភ្នាក់​ងារ​ពត៌មាន​បារាំង​AFP​នៅ​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​ តែ​រុំ​ដំបៅ​បណ្តាល​មកពី​វិបត្តិ​បង្ហូរឈាម​ពីរ​ខែមុន​នេះ។ 

លោកនាយករដ្ឋមន្ត្រីថៃ Abhisit Vejjajiva
លោកនាយករដ្ឋមន្ត្រីថៃ Abhisit Vejjajiva © Reuters
ផ្សាយពាណិជ្ជកម្ម

02:43

សេចក្តីរាយការណ៍​របស់​ វីនស្តុន រតនា

ឥទ្ធិពល​របស់​យោធា​និង​ព្រះ​បរម​រាជវាំង​នៅ​ដំណាក់​កាល​នានា​បាន​បន្សល់​ទុក​ស្លាកស្នាម​ដ៏​ជ្រាលជ្រៅ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​ថៃ​ប្រ​កប​​ដោយ​អស្ថិរភាព​ដែល​នៅ​និទាឃរដូវ​ឆ្នាំ​នេះ​បាន​ជួប​ប្រទះ​វិបត្តិ​មួយ​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៩០នាក់​និង​របួស​១ ៩០០​នាក់​។

 
“​ខ្ញុំសង្ឃឹម​ថា​កងទ័ព​នៅ​តែ​បន្ត​គោរព​រដ្ឋធម្មនុញ្ញ​និង​របប​គ្រប់គ្រង​អាស្រ័យ​សភា​ហើយ​កងទ័ព​នឹង​ស្តាប់​តែ​តាម​បញ្ជា​របស់​រដ្ឋាភិបាល​ដែល​ស្រប​តាម​ច្បាប់​”​ នេះ​ជា​ប្រសាសន៍​របស់​លោក​នាយក​ដ្ឋមន្ត្រី​ថៃ​អភិស៊ីទ​វេចាជីវ៉ា​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ផ្តល់​ឲ្យ​ទី​ភ្នាក់​ងារ​ពត៌មាន​បារាំង​AFP​នៅ​ទី​ស្នាក់ការ​រដ្ឋាភិបាល។

ប្រទេស​ថៃ​បាន​ជួប​ប្រទះ​រដ្ឋប្រហារ​ឬ​ការប៉ុនប៉ង​ធ្វើរដ្ឋប្រហារ​ដោយ​សរុប​ចំនួន​១៨លើក​ចាប់ពី​ឆ្នាំ១៩៣២​មក​រួមទាំង​រដ្ឋប្រហារ​ចុងក្រោយ​នៅ​ឆ្នាំ២០០៦​ទម្លាក់លោក​នាយក​រដ្ឋមន្ត្រី​ថាក់ស៊ីន​ដែល​សព្វថ្ងៃ​រស់​នៅ​និរទេស​ខ្លួន​នៅ​ឯ​បរទេស។

លោក​អភិស៊ីទ​ទទួល​ស្គាល់​ថា​ សង្គម​ថៃ​នៅ​ពុំ​ទាន់​បាន​ធូរស្រាល​ទាំង​ស្រុង​នៅ​ឡើយទេ​ពី​វិបត្តិនេះ​ ប៉ុន្តែ​គាត់​បាន​បដិសេធ​ថា​ ខ្លួន​គាត់​ផ្ទាល់​ពុំ​ត្រូវ​បាន​គំរាម​ដោយ​​រដ្ឋប្រហារ​ណា​មួយដូច​ដែល​មធ្យោបាយ​ឃោស​នា​មហាជន​ថៃ​បាន​ផ្សព្វ​ផ្សាយ​នោះទេ​ ពី​ព្រោះ​គ្រប់​តែ​ភាគី​បាន​ប្តេជ្ញា​ចិត្ត​ចៀសវាង​កុំឲ្យ​កើតមាន​រដ្ឋប្រហារ​ថ្មីណា​មួយ​ទៀត។

“​ពួក​អាវក្រហម​”​បាន​ប្រកែក​តវ៉ា​ថា​ លោក​អភិស៊ីទ​ជា​នាយករដ្ឋមន្ត្រី​ពុំ​ត្រឹម​ត្រូវ​តាម​ច្បាប់​ទេ​ចាប់ពី​ចុងឆ្នាំ២០០៨​មក​និង​ទាមទារ​ការ​បោះ​ឆ្នោត​​មុន​កំណត់កាល។​ ពួកគេ​បាន​ធ្វើ​ឲ្យ​គាំងស្ទះ​ទីក្រុង​បាងកក​រយៈពេល​ពីរខែ​ បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ផុង​លុង​ខ្លួន​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​បំផុត​តាំងពី​ជិត​២០ឆ្នាំមក។

គណបក្ស​ជំទាស់​បាន​អំពាវនាវ​ដោយ​ឥត​ប្រយោជន៍​ជា​ច្រើន​លើក​ច្រើន​ដង​សូមឲ្យ​ព្រះ​រាជា​Bhumibol ព្រះ​ជន្ម​៨២​វស្សា​ធ្វើ​អន្តរាគមន៍​ដូច​ដែល​ព្រះអង្គ​បាន​ធ្វើ​នៅ​ឆ្នាំ១៩៩២​ ដោយ​បាន​ត្រាស់​បង្គាប់​ឲ្យ​ភាគី​នានា​នៃ​វិបត្តិ​ឈប់​ប្រយុទ្ធ​គ្នា​ ប៉ុន្តែ​នៅលើកនេះ​ព្រះអង្គ​ពុំ​បាន​ធ្វើ​អន្តរាគមន៍​អ្វីសោះ។

គោលជំហរ​របស់​រដ្ឋាភិបាល​គឺ​សុំឲ្យ​ព្រះរាជា​សណ្ឋិត​នៅ​ពីលើ​គណបក្ស​​នយោបាយ​នានា។​ “​ខ្ញុំ​អាច​និយាយ​ដោយ​របៀប​ដាច់ខាតថា​ គ្រប់តែ​សេចក្តី​សម្រេច​ចិត្ត​ត្រូវបាន​ធ្វើ​ដោយ​រដ្ឋាភិបាល​នៅ​ពេល​កំពុង​មាន​បាតុកម្ម។​ ព្រះ​បរម​រាជវាំង​ពុំ​បាន​ធ្វើ​អន្តរាគមន៍​ទេ​នៅ​ក្នុង​បញ្ហា​នេះ។​ ស្ថាប័ន​ដើរតួនាទី​ដូចគ្នា​នឹង​របប​រាជា​និយម​ដទៃ​ទៀត​ដែល​អាស្រ័យ​នឹង​រដ្ឋ​ធម្មនុញ្ញ​”​ នេះ​ជា​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថៃ​អភិស៊ីទ​ថ្លែង​ក្នុង​ បទ​សម្ភាសន៍​មួយ​ផ្តល់​ឲ្យ​ទី​ភ្នាក់​ងារ​ពត៌មាន​បារាំង​AFP​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៨កក្កដា​នេះ​នៅ​ទីក្រុង​បាងកក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ