អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កូន​ពៅ​របស់​Kim Jong-Il ជា​អ្នក​ដែល​នឹង​ត្រូវ​ស្នង​តំណែង​ពី​គាត់

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋសភា​ជាតិ​កូរ៉េខាងជើង​ដែល​បាន​រួម​ប្រជុំ​គ្នា​ជា​ វិសាមញ្ញ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៧​មិថុនា ដើម​សប្តាហ៍​នេះ បាន​បោះឆ្នោត​ទទួល​យក​ការ​ផ្លាស់ប្តូរ​នាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ ផ្សេងៗ​ទៀត​មួយ​ចំនួន។ ក៏ប៉ុន្តែ អ្វី​ដែល​សំខាន់​ជាង​គេ គឺ​ការ​តែងតាំង​ប្អូន​ថ្លៃ​របស់​Kim Jong-Il ជា​អនុប្រធាន​នៃ​គណៈកម្មការ​ការពារ​ជាតិ។ ពីព្រោះ​ការ​តែងតាំង​នេះ ស្តែង​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា របប​កុម្មុយនិស្ត​បន្ត​ពូជ​នៅ​កូរ៉េខាងជើង បាន​រៀបចំ​រួច​ស្រេច​ហើយ ការ​ស្នង​តំណែង​ពី​អគ្គមគ្គទេសក៍​Kim Jong-Il ដែល​កំពុង​មាន​ជម្ងឺ​ប្រចាំ​កាយ។

លោក Jang Song- Thaek (ស្តាំ​បំផុត) ធ្វើ​ទស្សនកិច្ច​នៅ​កសិដ្ឋាន​មួយ​ជាមួយ​​ប្រមុខ គីម ជុង​អ៊ីល​ (កណ្តាល)
លោក Jang Song- Thaek (ស្តាំ​បំផុត) ធ្វើ​ទស្សនកិច្ច​នៅ​កសិដ្ឋាន​មួយ​ជាមួយ​​ប្រមុខ គីម ជុង​អ៊ីល​ (កណ្តាល) © Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​កូរ៉េ​ខាង​ជើង បាន​ជូន​ដំណឹង​យ៉ាង​ខ្លី​ថា អ្នក​តំណាងរាស្រ្ត​បាន​លើក​ឡើង​អំពី​ការ​ផ្លាស់ប្តូរ​នាយក​រដ្ឋមន្ត្រី​និង​អំពី​ការ​ចាត់តាំង​ផ្សេងៗ។ យ៉ាង​ណា​មិញ កិច្ច​ប្រជុំ​វិសាមញ្ញ​នៃ​រដ្ឋសភា​ជាតិ​កាល​ពី​ម្សិលម្ង៉ៃ នៅ​ទីក្រុង​Pyongyang ជា​ព្រឹត្តិការណ៍​មួយ​សំខាន់​ណាស់ ពីព្រោះ​អ្នក​តំណាងរាស្រ្ត​បាន​ឲ្យ​សច្ចាប័ន​ទៅ​លើ​គម្រោង​ការ​ស្នង​តំណែង ដែល​Kim Jong-Il បាន​តុបតែង​ឡើង ជា​ច្រើន​ខែ​កន្លង​មក​ហើយ។

 
នៅ​ក្នុង​ចំណោម​ការ​ចាត់តាំង​ផ្សេងៗ គេ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ ទៅ​លើ​ការ​តែងតាំង​ប្អូន​ថ្លៃ​របស់​Kim Jong-Il គឺ​Jang Song-Thaek ជា​អនុប្រធាន​នៃ​គណៈកម្មការ​ការពារ​ជាតិ​ដែល​ក្តាប់​កងទ័ព បាន​ន័យ​ថា​ជា​បុរស​ខ្លាំង​ទី​ពីរ​នៃ​កូរ៉េ​ខាង​ជើង។ គួរ​បញ្ជាក់​ថា នៅ​ក្នុង​របប​កុម្មុយនិស្ត ពិសេស​របប​កុម្មុយនិស្ត​Pyongyang អ្នកមានអំណាចធំជាងគេគឺមិនមែននាយករដ្ឋមន្រ្តី​ទេ។ អ្នក​មាន​អំណាច​ធំ​ជាង​គេ គឺ​ប្រធាន​គណៈកម្មការ​ការពារ​ជាតិ​នេះ​តែ​ម្តង តំណែង​ដែល​សព្វ​ថ្ងៃ​កាន់​កាប់​ដោយ​Kim Jong-Il ផ្ទាល់។

ការ​ដែល​Kim Jong-Il​ សម្រេច​តែងតាំង​Jang Song-Thaek​ដែល​ជា​ប្អូន​ថ្លៃ​ឲ្យ​ធ្វើ​ជា​អនុប្រធាន​នៃ​គណៈកម្មការ​ដ៏​មាន​មហិទ្ធិឫទ្ធិ​នេះ ស្តែង​ឲ្យ​ឃើញ​ថា Kim Jong-Il បាន​ជ្រើសរើស​កូន​ប្រុស​ទី​បី​Kim Jong-Un ឲ្យ​ឡើង​មក​ដឹក​នាំ​ប្រទេស​កូរ៉េ​ខាង​ជើង នា​ពេល​ខាង​មុខ។ ពីព្រោះ​Jang Song-Thaek ជា​អ្នក​ណែនាំ​ប្រៀនប្រដៅ​កូន​ទី​បី​នេះ​របស់​Kim Jong-Il ដូច​ឱពុក​ធម៌​អ៊ីចឹង។ ចំពោះ​ក្រុម​អ្នក​សង្កេត​ការណ៍ នៅ​ពេល​ណា​ដែល​Kim Jong-Il លាលែង​ពី​តំណែង​ ឬ​ស្លាប់ នៅ​ពេល​នោះ​កូន​ប្រុស​Kim Jong-Un នឹង​ក្លាយ​ជា​ស្វ័យប្រវត្តិ ទៅ​ជា​ប្រធាន​គណៈកម្មការ​ការពារ​ជាតិ ពោល​គឺ​ជា​បុរស​ខ្លាំង​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង។

ក្រុម​អ្នក​សង្កេតការណ៍​ដដែល បាន​ទាំង​អះអាង​ទៀត​ផង​ថា ការ​តែងតាំង​Kim Jong-Un ជាអគ្គមគ្គទេសក៍ថ្មីអាចនឹងប្រព្រឹត្តទៅយ៉ាងយូរនៅឆ្នាំ២០១២។ មូលហេតុ​គឺ​មក​ពី​Kim Jong-Il មាន​ជម្ងឺ​ប្រចាំ​កាយ ហើយ​ចង់​រៀប​ចំ​ការ​ស្នង​តំណែង​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​ចៀសវាង​សង្គ្រាម​ដណ្តើម​អំណាច​គ្នា ក្រោយ​មរណភាព​របស់​លោក។

គ្មាន​អ្នកណា​ដឹង​ប្រវត្តិ​របស់​Kim-Jong-Un កូន​ប្រុស​ទី​បី​នេះ​របស់​Kim Jong-Il ច្បាស់​ទេ។​ គេ​គ្រាន់​តែ​ដឹង​ថា បុរស​អាយុ​២៧​ឆ្នាំ​រូប​នេះ ជា​កូន​សំណព្វ បាន​រៀនសូត្រ​នៅ​ប្រទេស​ស្វីស​(Suisse) ចេះ​ភាសា​អង់គ្លេស បារាំង និង​អាល្លឺម៉ង់។ គេ​ដឹង​ទៀត​ថា កាល​ពី​ឆ្នាំ​ទៅ​មិញ Kim Jong-Un​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​នៃ​ប៉ូលិស​សម្ងាត់​ដែល​ធ្វើ​ចារកិច្ច នៅ​ក្នុង​ប្រទេស​ផង និង​នៅ​បរទេស​ផង។

យ៉ាងណា​ក៏​ដោយ យោង​ទៅ​តាម​ក្រុម​អ្នក​សង្កេត​ការណ៍ Kim Jong-Il គិតគូរ​តែ​ពី​រឿង​ស្នង​តំណែង នា​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ។ ក្រុម​អ្នក​សង្កេតការណ៍​ដដែល​ថែម​ទាំង​អះអាង​ថា Kim Jong-Il បាន​និង​កំពុង​បន្ត​បង្ក​ដោយ​ចេតនា​ឲ្យ​មាន​ភាព​តានតឹង​រវាង​កូរ៉េ​ខាង​ជើង និង​ពិភពលោក ក្នុង​​គោលដៅ​ពង្រឹង​អំណាច​របស់​ខ្លួន​នៅ​ក្នុង​ជួរ​កងទ័ព​ និង បង្កើត​បរិយាកាស​តានតឹង​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ ដើម្បីឲ្យកូនប្រុស​Kim Jong-Un​ អាច​ស្នង​តំណែង​ពី​ខ្លួន​បាន​នៅ​ទី​បំផុត៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ