អានតួអត្ថបទ
ថៃ

ក្រុម​អាវក្រហម​ចូល​លុកលុយ​ក្នុង​មន្ទីរពេទ្យ

មន្ទីរពេទ្យ ដ៏​ធំ​មួយ​ក្នុង​ក្រុង​បាងកក​បាន​ជំលៀស​អ្នកជំងឺ នៅ​ថ្ងៃ​សុក្រ​នេះ ក្រោយ​ពី​ក្រុម​អាវ​ក្រហមបាន​ចូលលុកលុយ​មួយ​ភ្លែត កាល​ពី​​​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ មន្ទីរពេទ្យ​ជូឡា ឡុងកន​បាន​សម្រេច​បិទ​សេវា​មិន​ទទួល​ពិនិត្យជំងឺ​ថ្មី លើកលែង​ជំងឺ​ដែល​ត្រូវ​ការជួយ​សង្រ្គោះ​បន្ទាន់។ ភ្លាមៗ រដ្ឋាភិបាល​សម្រេច​បញ្ជូន​ទ័ព​មក​ឈរ​ចាំ​យាម​មន្ទីរពេទ្យ ចំណែក​មេដឹកនាំ​ក្រុម​អាវក្រហម​បាន​ថ្កោលទោស​ចំពោះ​សកម្មភាព​របស់​ក្រុម​ ខ្លួន។

មន្ទីរពេទ្យ​ចាប់​ផ្តើម​ជម្លៀស​អ្នកជំងឺ​ក្រោយ​ពី​ក្រុម​អាវក្រហម​ចូលលុកលុយ​ ល្ងាច​ថ្ងៃ ព្រហស្បតិ៍ ២៩​មេសា
មន្ទីរពេទ្យ​ចាប់​ផ្តើម​ជម្លៀស​អ្នកជំងឺ​ក្រោយ​ពី​ក្រុម​អាវក្រហម​ចូលលុកលុយ​ ល្ងាច​ថ្ងៃ ព្រហស្បតិ៍ ២៩​មេសា ©Reuters
ផ្សាយពាណិជ្ជកម្ម

 

01:42

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

លោក​Weng Tojirakarn​ មេដឹកនាំ​​ម្នាក់​ក្នុង​ចំណោម​មេដឹកនាំ​សំខាន់ៗ​របស់​ក្រុម​អាវក្រហម បាន​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​ដល់​អ្នកជំងឺ និង​ក្រុម​គ្រូពេទ្យ។ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​ចាត់ទុក​ការចូលលុកលុយ​របស់​ក្រុម​របស់​ខ្លួន​ ក្នុង​មន្ទីរពេទ្យ​​កាល​ពី​ល្ងាចម្សិលមិញ​ គឺ​ជា​រឿង​មិន​ថ្លៃថ្នូរ និង​មិន​អាច​ទទួល​យក​បាន​។

សកម្មភាព​បញ្ច្រាស​ទិស​គ្នា​រវាង​មេដឹកនាំក្រុម​​អាវ​ក្រហម ចំពោះ​ការចូល​លុកលុយ​​ក្នុង​មន្ទីរពេទ្យ​អាច​ធ្វើ​ឲ្យ​គេ​ចោទ​ជា​សំណួរ​ស្តី​ពី​សមត្ថភាព​គ្រប់គ្រងរបស់​មេដឹកនាំ​បក្ស​ប្រឆាំង​ទៅ​លើ​ផែនការ​សកម្មភាព​របស់​សមាជិក​ក្រុមគាំទ្រ​របស់​ខ្លួន។​

កាល​ពី ល្ងាច​ម្សិលមិញ ក្រុម​អាវ​ក្រហមជិត ១០០​នាក់ដែល​ស្ថិត​ក្រោម​ការដឹកនាំ​របស់​មេដឹកនាំ​ប្រឆាំង​ម្នាក់​ទៀត ​បាន​ដើរ​ចូល​ក្នុង​មន្ទីរពេទ្យ​សំដៅ​រក​ក្រុម​ទាហាន​ដែល​ពួកគេ​គិត​ថា កំពុង​លាក់​ខ្លួន​ក្នុង​មន្ទីរពេទ្យ​ដើម្បី​ត្រៀម​វាយប្រហារ​មក​លើ​ពួកគេ។ វត្តមាន​មិន​ព្រាង​ទុក​របស់​ក្រុម​អាវក្រហម​បាន​ធ្វើ​ឲ្យ​មន្ទីរពេទ្យ នៅ ថ្ងៃ សុក្រ​ទី ៣០​មេសា​នេះ ចាប់​ជម្លៀស​អ្នកជំងឺ​របស់​ខ្លួន​ទៅ​កាន់​មន្ទីរពេទ្យ​ផ្សេង​ទៀត និង​ផ្អាក​មិន​ទទួល​អ្នកជំងឺ​ថ្មី​លើក​លែង​ករណី​សង្គ្រោះ​បន្ទាន់។​
 

ទាហាន​ថៃ​ឈរ​យាម​ដើម្បី​ត្រៀម​ទប់ទល់​នឹង​ក្រុម​អាវ​ក្រហម
ទាហាន​ថៃ​ឈរ​យាម​ដើម្បី​ត្រៀម​ទប់ទល់​នឹង​ក្រុម​អាវ​ក្រហម ©Reuters

មន្ទីរពេទ្យ​ជូឡា ឡុងកន​ដែល​ជា​មន្ទីរពេទ្យ​សំខាន់​មួយ​ក្នុង​ក្រុង​បាងកក ស្ថិត​នៅ​ចំ​កណ្តាល​សង្កាត់​ដែល​ក្រុម​អាវ​ក្រហម កំពុង​ធ្វើ​ការតវ៉ា ទប់ទល់​នឹង​ទាហាន​រដ្ឋាភិបាល។ ក្នុង​កំឡុង​ពេល​ផ្ទុះ​ហិង្សា​កាល​ពី​ថ្ងៃ​ទី ១០​មេសា​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​២៥​នាក់ ទាហាន​បាន​ប្រើប្រាស់​ទីតាំង​មួយ​ផ្នែក​របស់​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​វាយ​បង្ក្រាប​ទៅ​លើ​ក្រុមអាវក្រហម។

នៅ​ព្រឹក​ថ្ងៃ​នេះ ទាហាន​ជាង​១០០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​គ្រប់គ្រង​ស្ថានការណ៍​នៅ​មន្ទីរពេទ្យ។ វិធានការ​ដែល​ថ្នាក់គ្រប់គ្រង​មន្ទីរពេទ្យ​មិន​ទទួល​យក​ ដោយ​មូលហេតុ​ថា មន្ទីរពេទ្យ​ជា​កន្លែង​អព្យាក្រិត ទទួល​ព្យាបាល​តែ​ជំងឺ និង​មិន​ចង់​ឲ្យ​គេ​យក​មន្ទីរពេទ្យ​ធ្វើ​ជា​កន្លែង​បង្ហូរ​ឈាម​រវាង​ក្រុម​អាវ​ក្រហម និង​ទាហាន​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ