អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កូរ៉េខាងត្បូង៖ លោកស្រី​ប៉ាក់ គុនហេ រាសី​ដាក់ ដោយសារ​គ្រូ​អាគម​ខ្លួន​ឯង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នរណា​ដែល​អាច​ជឿ​បាន​ថា ​ប្រទេស​ជឿនលឿន​ដូច​ជា​កូរ៉េ​ខាងត្បូង ​បែរ​ជា​មាន​ប្រធានាធិបតី ​ជាប់​រឿង​អាស្រូវ​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​មន្តអាគម​ ទៅវិញ? អបិយជំនឿ​ មាន​នៅ​គ្រប់​ទី​កន្លែង ​មិន​ថា​ប្រទេស​ក្រីក្រ​ រឺ​ជឿនលឿន។ តែ​រឿង​អាស្រូវ​របស់​លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​ប៉ាក់ គុនហេ ​មាន​កម្រិត​លើស​ពី​អបិយ​ជំនឿ​ផ្ទាល់ខ្លួន​ធម្មតា ​ព្រោះវា​បាន​បង្កើត​ឲ្យ​មាន​អំពើ​ពុក​រលួយ ​ការ​ប្រើប្រាស់​ឥទ្ធិពល​ដើម្បី​ទាញ​យក​ប្រយោជន៍​ផ្ទាល់​ខ្លួន ​ ព្រម​ទាំង​ការ​ចូល​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​សម្ងាត់​រដ្ឋ ​ពី​សំណាក់​ស្រ្តី​ឈ្មោះ​ ឆយ​​ ស៊ុនស៊ីល ​ដែល​គេ​ជឿ​ថា​ ​ជា​ស្ត្រីចេះ​ធ្វើ​ស្នេហ៍​សង្កត់​ស្មារតី​លោកស្រី​ប៉ាក់ គុនហេ។

លោកស្រី ប៉ាក់ គុនហេ​ ក្នុង​ពេល​ថ្លែង​សន្ទរកថា​សុំទោសជា​សាធារណៈ​ទៅ​កាន់​ប្រជាជន​ នៅថ្ងៃ​ទី​២៥ ​តុលា ២០១៦
លោកស្រី ប៉ាក់ គុនហេ​ ក្នុង​ពេល​ថ្លែង​សន្ទរកថា​សុំទោសជា​សាធារណៈ​ទៅ​កាន់​ប្រជាជន​ នៅថ្ងៃ​ទី​២៥ ​តុលា ២០១៦ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

៤ខែ​មកហើយ ​ ដែល​ឈ្មោះ​ ឆយ ស៊ុនស៊ីល ​​បាន​ល្បី​សាយ​សុះ​ ទូទាំង​កូរ៉េ​ខាងត្បូង។ ឆយ ស៊ុនស៊ីល​ ភេទស្រី ​អាយុ​៦០​ឆ្នាំ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មិត្ត​ចិត្ត​មួយ​ថ្លើម​មួយ ​ជាមួយ​នឹង​លោកស្រី​ប៉ាក់ គុនហេ ​ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​អស់​រយៈពេល​៤០​ឆ្នាំ​មក​ហើយ។ មិនមែន​ជា​មិត្ត​ធម្មតា​ទេ ​ តែ​ជា​មិត្ត​ភាព​ដែល​គេ​ឯង​ចោទ​ថា​ ស្ថិត​ក្រោម​អំពើ​មន្តអាគម​គ្រប​សង្កត់​ស្មារតី។ គ្រប់​ជំហាន ​គ្រប់​ការ​សម្រេចចិត្ត​ របស់​លោកស្រី​ប៉ាក់ គុនហេ ​គឺ​មិន​អាច​ធ្វើ​បាន​ទេ ​បើ​សិន​គ្មាន​ការ​ផ្តល់​យោបល់ ​ ​រឺសម្រេច​យល់ព្រម​ពី​មនុស្ស​ស្រី​ឈ្មោះ ​ឆយ ស៊ុនស៊ីល​នេះ។

ឆយ ស៊ុនស៊ីល ​កូនស្រី​ឆយ តែមីន​ គ្រូ​សន្ថិត​ដ៏ល្បី​នៅ​កូរ៉េ​ខាងត្បូង៖
បើ​រៀបរាប់​រំលឹក​ឡើងវិញ ​ លោកស្រី ​ប៉ាក់ គុនហេ ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​បាន​មាន​ចំណង​ស្អិត​រមួត​ ជាមួយ​នឹង​អបិយជំនឿ​គ្រូ​សន្ថិត​នេះ ​​តាំងតែ​ពី​ឆ្នាំ​១៩៧៤ ​ នៅ​ពេល​ដែល​ម្តាយ​លោកស្រី​ ​ត្រូវ​បាន​គេ​លប​ធ្វើឃាត។ កាល​ជំនាន់​នោះ​ ឪពុក​លោកស្រី​ប៉ាក់ គុនហេ ​ ឈ្មោះ​ ប៉ាក់ ឈុងហ៊ី ​គឺ​ជា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង។

បុរស​ម្នាក់​ឈ្មោះ ​ឆយ តែមីន ​ដែល​កាល​ជំនាន់​នោះ ​ល្បី​ទូទាំង​កូរ៉េ​ខាងត្បូង​ថា​ជា​មនុស្ស​ចេះ​មន្ត​អាគម​ ជា​គ្រូ​សន្ថិត​វិញ្ញាណ ​ទើប​បាន​ប្រកាស​បើក​និកាយ​សាសនា​មួយ​បែប ​ ដាក់​ឈ្មោះ​ថា​”ព្រះវិហារ​ជីវិត​អមតៈ”។ គ្រូ​មន្ត​អាគម​ដ៏​ល្បី​នេះ ​ បាន​អះអាង​ថា​ព្រលឹង​របស់​ម្តាយ​លោកស្រី​ប៉ាក់​ គុនហេ ​ដែល​ត្រូវ​គេ​សម្លាប់​នោះ ​ បាន​ចូល​មក​សន្ថិត​នឹង​ខ្លួន​គាត់ ​ ដើម្បី​ឲ្យ​គាត់​ការពារ​លោកស្រី​ប៉ាក់ គុនហេ។ ការ​នេះ​ បាន​ញ៉ាំង ​ឲ្យ​លោកស្រី​ប៉ាក់ គុនហេ  ​មាន​ទំនាក់ទំនង​យ៉ាង​ស្និត​ជាមួយ​និង​គ្រូ​មន្ត​អាគម​ នេះ។ យោង​តាម​របាយការណ៍​សម្ងាត់​ របស់​ស្ថានទូត​អាមេរិក​ ប្រចាំការ​នៅ​សេអ៊ូល ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​បែក​ធ្លាយ​ដោយ​ គេហទំព័រ ​Wikileaks​ បាន​ឲ្យ​ដឹង​ថា​ កាល​ជំនាន់​នោះ ​លោកស្រី​ប៉ាក់ ​គុនហេ ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​វិញ្ញាណ​ស្មារតី​ទាំងស្រុង ​ពី​សំណាក់ ​គ្រូ​មន្ត​អាគម​ ឈ្មោះ​ឆយ តែមីន​នេះ។

គឺគ្រូ​ឈ្មោះ​ ឆយ តែមីន​នេះ​ហើយ​ ដែលជា​ឪពុក​របស់​ស្រ្តី​ឈ្មោះ​ ឆយ ស៊ុនស៊ីល។ ឆយ តែមីន ​ បាន​ណែនាំ​កូនស្រី​ខ្លួន ​ឲ្យ​ស្គាល់​លោកស្រី​ប៉ាក់ គុនហេ ​ហើយ​បាន​ផ្តែរផ្តាំ​ថា​ គឺ​ ឆយ ស៊ុនស៊ីល ​នឹង​ក្លាយ​ជា​អ្នក​ស្នង​តំណែង​គ្រូ​អាគម​ការពារ​លោកស្រី ​ប៉ាក់ គុនហេ ​បន្ទាប់​ពី​ខ្លួន។ ឆយ តែមីន ​បាន​ស្លាប់​នៅ​ឆ្នាំ​១៩៩៤ ​ ហើយ​ចាប់​ពី​ពេល​នោះមក ​ ស្ត្រី​ឈ្មោះ ​ឆយ ស៊ុនស៊ីល ​បាន​ស្នង​តំណែង​ជា​ប្រមុខ​ដឹកនាំ​ព្រះវិហារ​ជីវិត​អមតៈ ​ ហើយ​បាន​ក្លាយ​ជា​មនុស្ស​មាន​ឥទ្ធិពល​មិន​អាច​ប្រកែក​បាន​ ទៅ​លើ​លោកស្រី ​ប៉ាក់ គុនហេ។

ឆយ ស៊ុនស៊ីល ​ជាអ្នក​សម្រេច​កិច្ចការ​រដ្ឋ​ទាំងអស់​ពី​ក្រោយខ្នង៖
តាម​ការ​ស្រាវជ្រាវ ​ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​ស្ត្រី​ឈ្មោះ​ឆយ ស៊ុនស៊ីល ​លោកស្រី​ប៉ាក់ គុនហេ ​បាន​ជាប់​ឆ្នោត​ជា​លើក​ទីមួយ ​ក្លាយ​ជា​តំណាងរាស្ត្រ ​នៅ​ឆ្នាំ​១៩៩៧។ ជីវិត​នយោបាយ​របស់​លោកស្រី​ប៉ាក់ គុនហេ ​តែងតែ​បាន​ទទួល​ការ​ផ្តល់​ប្រឹក្សា​ ដោយ​សំងាត់ ​ពី​សំណាក់​ស្រ្តី​ម្នាក់​នេះ។ យ៉ាង​ណា​មិញ​ នៅឆ្នាំ​២០០៧ ​ប្តី​របស់​ស្រ្តី​ឆយ ស៊ុនស៊ីល​នេះ ​បាន​ក្លាយ​ជា​អ្នក​ដឹកនាំ​ការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ ឲ្យ​លោកស្រី​ប៉ាក់ គុនហេ​ទៀតផង។ ទី​បំផុត​ លោកស្រី​ប៉ាក់ គុនហេ ​បាន​ក្លាយ​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៣។

ក្លាយ​ជា​ប្រធានាធិបតី​ លោកស្រី​ប៉ាក់ គុនហេ​ ​បាន​បន្ត​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ស្ត្រី​ឆយ ស៊ុនស៊ីល។ ការសែត​កូរ៉េ​បាន​ចុះផ្សាយ​ថា ​ ជា​រៀង​រាល់​ថ្ងៃ ​សំណុំ​ឯកសារ​សម្ងាត់​រដ្ឋ​នានា ​តែងតែ​ត្រូវ​បញ្ជូន​ទៅ​ឲ្យ ​ឈ្មោះ​ឆយ ស៊ុនស៊ីល ​ដើម្បី​ឲ្យ​ស្ត្រី​នេះ​ពិនិត្យ ​ ហើយ​បន្ទាប់​មក​ទើប​ប្រាប់​ឲ្យ​លោកស្រី​ប្រធានាធិបតី​ ត្រូវ​សម្រេច​យ៉ាងណា។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ​ភស្តុតាង​ដែល​រឹបអូស​បាន​នៅ​ក្នុង​Tablette ​របស់​ឈ្មោះ ​ឆយ ស៊ុនស៊ីល ​បាន​បង្ហាញ​ទៀត​ថា ​គឺ​ឈ្មោះ​ឆយ ស៊ុនស៊ីល​នេះ ​ ជា​អ្នក​កែ​សម្រួល​សន្ទរៈ​ថា​រាល់​លើក​របស់​លោកស្រី​ប៉ាក់ គុនហេ។
 

រូបត្លុក​របស់​បាតុករ៖ លោកស្រី​ប៉ាក់ គុនហេ (ខាងស្តាំ) ឈរ​កៀកស្មារ​គ្នា​នឹង​ ឆយ ស៊ុនស៊ីល
រូបត្លុក​របស់​បាតុករ៖ លោកស្រី​ប៉ាក់ គុនហេ (ខាងស្តាំ) ឈរ​កៀកស្មារ​គ្នា​នឹង​ ឆយ ស៊ុនស៊ីល REUTERS/Kim Hong-Ji

ជារួម​ រាល់​កិច្ចការ​សម្រេច​ចិត្ត​ធំៗ​ របស់​លោកស្រី​ប៉ាក់ គុនហេ ​គឺជា​យោបល់​របស់​ឈ្មោះ ​ឆយ ស៊ុនស៊ីល​នេះ​ទាំងអស់ ​ទាំង​ដែល​ស្ត្រី​រូបនេះ ​ គ្មាន​មុខ​តំណែង​អ្វី​សោះ។ ប្រជាជន​ចោទ​សួរ​ថា​ ​តើ​កន្លង​មក​ នរណា​ជា​ប្រធានាធិបតី​របស់​ពួក​គេ ​ ប៉ាក់ គុនហេ ​រឺមួយ ​ ឆយ ស៊ុនស៊ីល? យ៉ាងណា​មិញ ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​កូរ៉េ ​ ការ​បញ្ជា​ឲ្យបិទ​តំបន់​សេដ្ឋកិច្ច​ពិសេស ​Kaesong ​ដែល​ស្ថិត​នៅ​ក្នុង​ដី​កូរ៉េ​ខាងជើង​ កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ​  គឺ​ជា​គំនិត​របស់​ឈ្មោះ​ឆយ ស៊ុនស៊ីល។ ស្រ្តីនេះ ​បាន​ទាយ​ថា​ របប​កូរ៉េ​ខាងជើង ​នឹង​រលំ​នៅ​ឆ្នាំ​២០១៧ ​ដូច្នេះ​ត្រូវតែ​ធ្វើ​បាប​កូរ៉េ​ខាងជើង ​តាម​រយៈ​ការ​បិទ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ។ សូម​បញ្ជាក់​ថា​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ​ គឺ​ជា​គំរោង​តែ​មួយ​គត់ ​ដែល​មាន​បំណង​ផ្សារ​ភ្ជាប់​បង​ប្អូន​កូរ៉េ​ទាំងពីរ​ តែ​ត្រូវ​បាន​រលាយ​ទៅវិញ​នា​ពេល​នោះ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ សារព័ត៌មាន​កូរ៉េ​បាន​ផ្សាយ​ថា ​ឆយ ស៊ុនស៊ីល ​គឺ​ជា​អ្នក​ផ្តើម​គំនិត​ ក្នុង​ការ​រុះរើ​មនុស្ស​ធ្វើការ​នៅ​ក្នុង​វិមាន​ប្រធានាធិបតី​ទៀតផង។ បុគ្គលិក​ណា ​ដែល​ចេះ​ដឹង​ច្រើន ​ឆ្ងល់​ច្រើន ​ត្រូវ​បាន​ដក​ចោល​ ហើយ​តែងតាំង​ជំនួស​ ដោយ​មនុស្ស​ជំនិត​របស់​ឆយ ស៊ុនស៊ីល ​និង​បក្ស​ពួក។ ករណី​តែង​តាំង​រដ្ឋ​មន្ត្រី​ជាច្រើន​រូប​ ក៏ត្រូវ​បាន​គេ​សង្ស័យ​ថា​ ជា​គំនិត​របស់​ឆយ ស៊ុនស៊ីល​ដែរ។ យ៉ាងណាមិញ ​កាល​ពី​ថ្ងៃ​ចន្ទ​ ទី១៤ ​ វិច្ឆិកា ​ រដ្ឋអាជ្ញា​ក្រុង​សេអ៊ូល ​ទើប​បាន​សួរ​ចម្លើយ​បុគ្គលិក​ខុទ្ទការល័យ​ប្រធានាធិបតី​២នាក់ ​ដែល​ជាប់​ចោទ​​ថា​បាន​ជួយ​សម្រួល ​ការ​ប្រើ​ឥទ្ធិពល​របស់​ឆយ ស៊ុនស៊ីល ​ មក​លើ​វិមាន​ប្រធានាធិបតី។

យកឈ្មោះ​ប្រធានាធិបតី ​ដើរ​ទារលុយ​ និង​ប្រើ​អំណាច៖
បន្តិចម្តងៗ ​ឆយ ស៊ុនស៊ីល ​ចាប់ផ្តើម​ចេញ​មុខ​ យក​ឈ្មោះ​លោកស្រី​ប្រធានាធិបតី​ទៅ​ប្រើ ​ដើម្បី​ប្រមូល​ប្រាក់​វិភាគទាន​ ដាក់​ក្នុង​មូល​និធិ​មួយ ​ ដែល​ខ្លួន​បង្កើត។ ប្រាក់​ប្រមាណ​ជាង​៦០​លាន​ដុល្លារ ​ត្រូវ​បាន​ឆយ ស៊ុនស៊ីល ​ប្រមូល​យក​ដាក់​ហោប៉ៅ ​ ពី​ក្រុមហ៊ុន​ធំៗ​របស់​កូរ៉េ​ ដូចជា​ក្រុមហ៊ុម​ Samsung ​Hyundai ​និង ​Hanwha ​ជាដើម។ ចំណែក​លោកស្រី​ប៉ាក់ គុនហេ​ ត្រូវបាន​គេ​សង្ស័យ​ថា ​ បាន​ជំរុញ​ប្រធាន​ក្រុមហ៊ុន​ទាំងនោះ​ ឲ្យ​នាំ​គ្នា​ផ្តល់​វិភាគទាន​ទៅ​ឲ្យ​មូលនិធិ​ក្លែងក្លាយ​នេះ។

ឆយ ស៊ុនស៊ីល ​ក៏ត្រូវ​បាន​គេ​តាម​ដាន​ដឹង​ទៀត​ថា ​តែងតែ​ទៅ​បន​បេស្យា​បុរស​ ដែល​មាន​សេវា​បំរើ​ការ​សប្បាយ​របស់​ស្ត្រី​វ័យ​ចំណាយ ​នៅ​សង្កាត់​Gangnam  ក្នុង​ក្រុង​សេអ៊ូល។ គឺ​ទីនោះ​ហើយ ​ដែល​ឆយ ស៊ុនស៊ីល ​ បាន​ស្គាល់​បុរស​វ័យក្មេង​ម្នាក់​ ហើយ​បាន​ជួយ​ជ្រោមជ្រែក​ ឲ្យ​បង្កើត​ម៉ាក​យីហោ​កាបូប​ស្ពាយ​មួយ​ដ៏​ល្បី ​នៅឆ្នាំ​២០១៣​ ដោយ​លោកស្រី​ប៉ាក់ គុនហេ​ផ្ទាល់ ​ជា​អ្នក​ជួយ​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ទៀត​ផង។

ឆយ ស៊ុនស៊ីល​ ក៏​​បាន​យក​ឈ្មោះ​លោកស្រី​ប្រធានាធិបតី ​ទៅ​ប្រើ​ដើម្បី​ឲ្យកូន​ស្រី​ខ្លួន ​បាន​ចូល​រៀន​នៅ​សកលវិទ្យាល័យ​នារី​ដ៏​ល្បី​របស់​កូរ៉េ​ឈ្មោះ​Ewha។ កូនស្រី​ឆយ ស៊ុនស៊ីល ​បាន​ទទួល​សញ្ញាប័ត្រ​ពិន្ទុ​ល្អប្រសើរ ​ ទាំង​ដែល​គេ​មិនដែល​ឃើញ​មុខ​ទៅ​រៀន​សូម្បី​តែ​ម្តង។ ឆយ ស៊ុនស៊ីល ​ក៏បាន​ទៅ​ចាប់​បង្ខំ​ក្រុមហ៊ុន ​Samsung ​ឲ្យបង់​ប្រាក់​ជិត​៣លាន​ដុល្លារ ​ដើម្បី​ឧបត្ថម្ភ​ការ​ហ្វិកហាត់​កីឡា​លោត​សិះ​របស់​កូនស្រី​ខ្លួន​ នៅ​ប្រទេស​អាល្លឺម៉ង់ ​ ព្រោះ​ឆយ ស៊ុនស៊ីល ​ស្រម័យ​ចង់​ឲ្យ​កូន​ខ្លួន​ បាន​មេដាយ​មាស​កីឡា​អូឡាំពិក។

បដាតវ៉ា៖ “ប៉ាក់ គុនហេ ចុះចេញពីតំណែង!”

បាតុកម្មទម្លាក់​លោកស្រី​​ប្រធានាធិបតី​ នៅក្រុង​​សេអ៊ូល ថ្ងៃទី​​១២ វិច្ឆិកា ២០១៦
បាតុកម្មទម្លាក់​លោកស្រី​​ប្រធានាធិបតី​ នៅក្រុង​​សេអ៊ូល ថ្ងៃទី​​១២ វិច្ឆិកា ២០១៦ Reuters

ការ​លូកដៃ​ចូល​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​រដ្ឋ ​ការ​ប្រើ​ឥទ្ធិពល​ដើម្បី​យក​ប្រយោជន៍​ផ្ទាល់ខ្លួន ​ ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ​ទាំង​អស់​នេះ​ ត្រូវ​បាន​ស្ត្រី​ឈ្មោះ ​ឆយ ស៊ុនស៊ីល ​បដិសេធ​ទាំងស្រុង។ ក្រុម​ស៊ើប​អង្កេត ​របស់​រដ្ឋអាជ្ញា​ក្រុង​សេអ៊ូល ​បាន​សាកសួរ​ចម្លើយ ​អ្នក​តំណាង​ក្រុមហ៊ុន​ធំៗ​នាៗ ​ដែល​ជាប់​ពាក់ព័ន្ធ ​ ថែម​ទាំង​បាន​ចុះ​ទៅ​រឹបអូស​វត្ថុតាង ​នៅ​ការិយាល័យ​របស់​ក្រុមហ៊ុន​ Samsung ​ទៀតផង។

លោកស្រី​ប៉ាក់ គុនហេ ​កំពុង​សំងំ​លាក់ខ្លួន​ គេច​ចេញ​ពី​រឿង​អាស្រូវ​ដ៏​អសោច​នេះ។ លោកស្រី​បាន​សុំទោស​ជា​សារធារណៈ​ពីរដង​មក​ហើយ​ ថា​លោកស្រី​មាន​ការ​ធ្វេសប្រហែស ​តែ​លោកស្រី​មិន​បាន​សារភាព​ទទួល​ស្គាល់​ទេ​ថា ​លោកស្រី​ត្រូវ​ស្នេហ៍​សណ្តំ​របស់​ឆយ ស៊ុនស៊ីល។ លោកស្រី​ប៉ាក់ គុនហេ​បាន​ព្យាយាម​គ្រប់​វិធី​ដើម្បី​រំងាប់​កំហឹង​របស់​ប្រជាជន​កូរ៉េ​ តាម​រយៈ​ការ​រុះរើ​គណរដ្ឋមន្ត្រី ​ការ​សន្យា​បែងចែក​អំណាច ​ទៅឲ្យ​នាយករដ្ឋមន្ត្រី​មក​ពី​គណបក្ស​ប្រឆាំង​ជាដើម។

ជា​ការ​ប្រឹងប្រែង​ដែល​គ្មាន​លទ្ធផល ​ ព្រោះ​កាល​ពី​ថ្ងៃ​សៅរ៍ទី​១២ ​វិច្ឆិកា ​មនុស្ស​ជិត​១លាន​នាក់ ​បាន​ធ្វើបាតុកម្ម​​ទាមទារ​ឲ្យ​លោកស្រី​ចុះចេញ​ពី​តំណែង​ជា​បន្ទាន់។ តើ​លោកស្រី​ប៉ាក់ គុនហេ ​អាច​សំងំ​បាន​ដល់ពេល​ណាទៀត? ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​ រដ្ឋអាជ្ញា​នឹង​កោះ​ហៅ​លោកស្រី​ទៅ​សាកសួរ។ រដ្ឋសភា ​និង​គណបក្ស​ប្រឆាំង​ទាំងពីរ ​បាន​ស្រុះស្រួល​គ្នា ​បង្កើត​ក្រុម​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ទៀត ​ ដើម្បី​រក​ការពិត​ ប្រកប​ដោយ​តម្លាភាព។ រាសី​នយោបាយ​លោក​ស្រី​ប៉ាក់ គុនហេ ​កំពុង​ជួប​គ្រោះថ្នាក់ ​ ហើយ​ពី​ថ្ងៃ​នេះ​ទៅ ​ទោះ​គ្រូ​មន្ត​អាគម​គាថា​មក​ពី​ឋាន​ណា ​ក៏​ប្រហែល​ជា​មិនអាច​ជួយ​រំដោះគ្រោះ​លោកស្រី​បាន​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ