អានតួអត្ថបទ
អាស៊ី

បណ្តា​ប្រទេស​អាស៊ី​នៅតែ​ចង់​អភិវឌ្ឍ​អគ្គិសនី​នុយក្លេអ៊ែរ

នៅ​ពេល​មួយ​ដែល​ប្រទេស​ជប៉ុន​អាច​នឹង​ធ្លាក់​ខ្លួន​ទៅ​ក្នុង​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ រដ្ឋាភិបាល​អាស៊ី​ដែល​កំពុង​សង់​ឬ​មាន​គម្រោង​សង់​រោងចក្រ​នុយក្លេអ៊ែរ កំពុង​ឋិត​នៅ​ក្រោម​សម្ពាធ​របស់​មតិសាធារណជន។ តែ​យ៉ាង​ណា​ក៏​ដោយ ជា​ទូ​ទៅ បណ្តា​ប្រទេស​អាស៊ី​ទាំង​នេះ មិន​ព្រម​បោះបង់​ចោល​ឡើយ ការ​អភិវឌ្ឍន៍​អគ្គិសនី​នុយក្លេអ៊ែរ។

​ប្រទេស​ខ្លះ​​នៅ​អាស៊ាន​កំពុង​ចង់​អភិវឌ្ឍ​អគ្គិសនី​នុយក្លេអ៊ែរ
​ប្រទេស​ខ្លះ​​នៅ​អាស៊ាន​កំពុង​ចង់​អភិវឌ្ឍ​អគ្គិសនី​នុយក្លេអ៊ែរ ©Getty Images/Picavet/Guy/Agence Images
ផ្សាយពាណិជ្ជកម្ម

02:17

សេចក្តី​រាយការណ៍​​​របស់​​ តាន់ ហ្សង់​-ហ្វ្រង់ស្វ័រ

មតិ​សាធារណជន​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​មួយ​ចំនួន ដូច​ជា​នៅ​ឥណ្ឌា នៅ​ថៃ និង​កូរ៉េ​ខាងត្បូង​ជា​ដើម ចាប់​ផ្តើម​បន្ទរ​សំឡេង​តវ៉ា​ប្រឆាំង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល។ ម្យ៉ាង​គឺ​មក​ពី​ជប៉ុន​ដែល​គេ​ចាត់​ទុក​ថា​ជា​ប្រទេស​ប្រយ័ត្នប្រយែង​ជាង​គេ ក៏​នៅ​តែ​គេច​មិន​ផុត​ពី​គ្រោះថ្នាក់​នុយក្លេអ៊ែរ នៅ​ទី​បំផុត។ រី​ឯ​ម្យ៉ាង​ទៀត គឺ​មក​ពី​សព្វ​ថ្ងៃ​នេះ ក្នុង​ចំណោម​ម៉ាស៊ីន​ប្រតិកម្ម​ទាំង​៦២​ដែល​កំពុង​ត្រូវ​សង់​នៅ​ក្នុង​ពិភពលោក ៤០​ឋិត​នៅ​ក្នុង​ទ្វីប​អាស៊ី។ នេះ​មិន​មែន​ជា​ការចៃដន្យ​ទេ ដ្បិត​អាស៊ី​ដែល​កំពុង​ស្គាល់​កំណើន​សេដ្ឋកិច្ច​ក្លៀវក្លា​ជាង​គេ ត្រូវ​ការ​ថាមពល​ខ្លាំង​ឡើងៗ។

យ៉ាង​ណា​ក៏​ដោយ ជា​ទូទៅ​បណ្តា​ប្រទេស​ដែល​កំពុង​សង់​ឬ​ក៏​មាន​គម្រោង​សង់​រោងចក្រ​នុយក្លេអ៊ែរ មិន​ព្រម​ដក​ថយ​ទេ។ ប្រទេស​ចិន​ដែល​កំពុង​សង់​ម៉ាស៊ីន​ប្រតិកម្ម​ចំនួន​២៧​និង​មាន​គម្រោង​សាងសង់​៥០​ផ្សេង​ទៀត បាន​បញ្ជាក់​តាំង​ពី​ថ្ងៃ​អាទិត្យ​ទី​១៣​មីនា​ម្ល៉េះ​ថា ខ្លួន​មិន​បោះ​បង់​ចោល​ដាច់ខាត​ការអភិវឌ្ឍន៍​អគ្គិសនី​នុយក្លេអ៊ែរ។ ដូចគ្នា​អ៊ីចឹង​ដែរ ឥណ្ឌា​និង​កូរ៉េ​ខាងត្បូង​ដែល​កំពុង​សង់​ម៉ាស៊ីន​ប្រតិកម្ម​ម្នាក់​៥ និង​ដែល​មាន​គម្រោង​សាងសង់​ម្នាក់ៗ​ជាង​១០​ផ្សេង​ទៀត ក៏​បាន​ប្រកាស​ហើយ​ដែរ ថា​មិន​ដក​ថយ​ឡើយ។ ប្រទេស​វៀតណាម​ក៏​អ៊ីចឹង​ដែរ អះអាង​ថា គ្រោះថ្នាក់​នុយក្លេអ៊ែរ​នៅ​ប្រទេស​ជប៉ុន មិន​តម្រូវ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​វិញ​ទេ គម្រោង​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​ទាំង​៨​ពី​ពេល​នេះ ទៅ​ដល់​ឆ្នាំ​២០២០។

ចំណែក​ប្រទេស​បង់ក្លាដែស​វិញ បាន​ពន្យល់​ប្រាប់​ពលរដ្ឋ​គេ​ថា រោងចក្រ​នុយក្លេអ៊ែរ​ទាំង​២ ដែល​គ្រោង​នឹង​សាងសង់ ជា​ម៉ាស៊ីន​ប្រតិកម្ម​ជំនាន់​ទី​៣ ដែល​អាច​ទប់ទល់​នឹង​គ្រោះ​រញ្ជួយ​ដី​បាន។ រដ្ឋាភិបាល​ម៉ាឡេស៊ី ក៏​បាន​ខិតខំ​ធ្វើ​ឲ្យ​ប្រជាជន​កក់ក្តៅ​ក្នុង​ចិត្ត​ដែរ ដោយ​បាន​លើក​ឡើង​ថា គម្រោង​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​ទាំង​២ នឹង​លេច​ចេញ​ជា​រូបរាង​នៅ​ឆ្នាំ​២០២១​ឯណោះ។

ផ្ទុយ​ពី​គេ​ឯង រដ្ឋាភិបាល​ថៃ​ដែល​មាន​គម្រោង​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​ដែរ​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា អាច​នឹង​ដក​ថយ​វិញ។ ក៏​ប៉ុន្តែ គួរ​ដឹង​ថា សេចក្តី​ប្រកាស​បែប​នេះ​របស់​ទីក្រុង​បាងកក បាន​ធ្លាក់​មក​ដល់​ចំ​ពេល​មួយ ដែល​ប្រទេស​កំពុង​ផ្តើម​ចាត់ចែង​រៀបចំ​បោះឆ្នោត​សភា ម្ល៉ោះ​ហើយ​វា​អាច​ជា​ការ​យក​ចិត្ត​ប្រជាពលរដ្ឋ​ពី​សំណាក់​រដ្ឋាភិបាល​អាភីស៊ីត។

ក្រៅ​ពី​នេះ មិន​ទាន់​មាន​ទេ ប្រតិកម្ម​ឬ​ការ​ប្រកាស​អ្វី​មួយ​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​និង​ហ្វីលីពីន ដែល​ទាំង​ពីរ​ប្រទេស សុទ្ធ​តែ​មាន​គម្រោង​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ