អានតួអត្ថបទ
អាស៊ាន-នុយក្លេអ៊ែរ

ថាមពល​នុយក្លេអ៊ែរ​នៅ​អាស៊ី​អាគ្នេយ៍៖ ផលប្រយោជន៍ និង​គ្រោះថ្នាក់

នៅថ្ងៃ​អាទិត្យ​​ ៣១​តុលា ២០១០​នេះ វៀតណាម​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី ក្នុង​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​ចំនួន​ ២កន្លែង។ វៀតណាម​គ្រោង​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​ឲ្យ​បាន​៨កន្លែង នៅឆ្នាំ​២០៣០​ខាងមុខ។ នៅ​អាស៊ីអាគ្នេយ៍ ក្រៅពីវៀតណាម នៅ​មាន​ប្រទេស​ផ្សេងទៀត (ឥណ្ឌូនេស៊ី, ថៃ, ហ្វ៊ីលីពីន) ដែល​កំពុង​តែ​ស្វះស្វែង​ចង់​​សង់​រោងចក្រ​នុយក្លេអ៊ែរ​ដែរ។ តើ​កត្តាអ្វី​ខ្លះ​ដែល​ជំរុញ​ឲ្យ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​​បោះជំហាន​ទៅរក​ នុយក្លេអ៊ែរ? តើ​ការប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរ​អាច​​បង្ក​គ្រោះថ្នាក់​អ្វីខ្លះ?

រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ
រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ©AFP
ផ្សាយពាណិជ្ជកម្ម

07:41

បទវិភាគ​របស់ សេង ឌីណា

នៅក្នុងរយៈពេល ១០-២០​ឆ្នាំ​​ទៀត រោងចក្រ​អគ្គិសនី​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​​អាច​នឹង​ចាប់ដំណើរការ​នៅ​ អាស៊ីអាគ្នេយ៍។ ប្រទេស​ខ្លះ នៅ​ក្នុង​អាស៊ាន ដូចជា ឥណ្ឌូនេស៊ី វៀតណាម ថៃ និង​ហ្វ៊ីលីពីន​ សុទ្ធតែ​បាន​​សម្រេច​​បោះជំហាន​ទៅ​រក​ថាមពល​នុយក្លេអ៊ែរ។ មានកត្តា​ធំៗ​ពីរ ដែល​ជំរុញ​ឲ្យ​​​អាស៊ាន​សម្រេច​ចាប់យក​ថាមពល​នុយក្លេអ៊ែរ។

តម្រូវការថាមពល​កើនឡើង ឯតម្លៃ​ផលិត​ថាមពល​ក៏កាន់​តែថ្លៃ

អាស៊ាន គឺ​ជា​តំបន់​ ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់។ ការកើន​ឡើង​នៃ​សកម្មភាព​សេដ្ឋកិច្ច​ធ្វើ​ឲ្យ​តម្រូវការ​ផ្នែក​ថាមពល​​ក៏​កើន ​ឡើង​ខ្លាំង​ដែរ។ យោងតាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (Agence internationale de l’énergie) ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០០៩ គេ​បាន​ព្យាករ​ថា នៅ​ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០០៧​ ដល់​ឆ្នាំ​២០៣០ តម្រូវការ​ផ្នែក​ថាមពល នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នឹង​កើន​ឡើង​ប្រមាណ​ជា ៧៦% (បើ​គិត​ជា​មធ្យម គឺ ២,៥% ក្នុង​មួយ​ឆ្នាំ)។ អត្រា​កំណើន​នេះ មាន​កម្រិត​ខ្ពស់​ជាង​តំបន់​ណាៗ​ទាំងអស់។

នៅ​ក្នុង​ពេល​ដែល​តម្រូវការ​ថាមពល​មាន​ការកើន​ឡើងខ្ពស់ ការផលិត​ថាមពល​ ដោយប្រើ​ប្រេង ឧស្ម័ន និង​ធ្យូងថ្ម ជាដើម ក៏​មានតម្លៃ​កាន់តែ​ខ្ពស់​ដែរ។ តំបន់​អាស៊ីអាគ្នេយ៍ ថ្វីដ្បិត​តែ​មាន​ប្រទេស​ខ្លះ មាន​រ៉ែប្រេងកាត ក៏ប៉ុន្តែ នៅតែ​ជា​តំបន់​ដែល​ពឹងផ្អែក​លើ​ការ​នាំប្រេង​ចូល​ពី​តំបន់​ផ្សេង។

ដោយ​ហេតុ​តែ​​តម្រូវការ​​ផ្នែក​ថាមពល​មាន​កំណើន​ខ្លាំង ហើយ​តម្លៃ​ផលិត​ក៏​មាន​កម្រិត​ខ្ពស់​បែបនេះ​ហើយ ទើប​បណ្តា​ប្រទេស​នៅ​អាស៊ាន​ចាប់ផ្តើម​ងាក​​ទៅ​រក​ថាមពល​នុយក្លេអ៊ែរ​វិញ។ ការ​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ពិត​ជា​មាន​ភាព​ស្មុគស្មាញ និង​ត្រូវ​ចំណាយ​លុ​យ​ច្រើន​មែន​ពី​ដំបូង។ ក៏ប៉ុន្តែ ក្រោយ​ពី​សង់រួច​រាល់​ហើយ រោងចក្រ​ប្រភេទ​នេះ​​អាច​ផលិត​​ថាមពល​អគ្គិសនី​បាន​ក្នុង​តម្លៃ​ថោក​បំផុត ធៀប​ទៅនឹង​រោងចក្រ​ដើរដោយ​ធ្យូងថ្ម ឬ​ដោយ​​ប្រេងឥន្ធនៈ។

ភាពចាំបាច់​ក្នុង​ការ​ទប់ទល់​នឹង​ការឡើងកម្តៅ​នៃ​ភពផែនដី

នាពេល​បច្ចុប្បន្ន​នេះ គេនាំគ្នានិយាយ​អំពី​ការឡើង​កម្តៅ​នៃ​ភពផែនដី​ស្ទើរតែគ្រប់កន្លែង។ ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក៏​ចាប់ផ្តើម​ផ្តោត​អារម្មណ៍​ទៅ​លើ​ បញ្ហា​នេះ​ខ្លាំង​ដែរ។ ដើមហេតុ​ចម្បង ដែល​ធ្វើ​ឲ្យ​ផែនដី​ឡើង​កម្តៅ គឺ​ឧស្ម័ន​ផ្ទះកញ្ចក់ (Greenhouse Gas ជាភាសា​អង់គ្លេស ឬ Gaz à effet de serre ជាភាសា​បារាំង)។​ នុយក្លេអ៊ែរ គឺ​​ការ​ផលិត​ថាមពល ដែល​បញ្ចេញ​ឧស្ម័ន​​ផ្ទះ​កញ្ចក់​តិច​បំផុត ធៀប​នឹង​​​​ប្រេងឥន្ធនៈ ធ្យូងថ្ម និង​ឧស្ម័ន។ ដូច្នេះ ការ​បង្វែរ​ទៅរក​ថាមពល​នុយក្លេអ៊ែរ គឺ​ជា​មធ្យោបាយ​មួយ ដែល​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​គិតថា មាន​ប្រសិទ្ធភាព​ក្នុង​ការ​​ទប់ស្កាត់​ការឡើង​កម្តៅ​ផែនដី។

គ្រោះថ្នាក់​ដែល​អាច​បង្ក​ឡើង​ពី​ការ​ប្រើ​ថាមពល​នុយក្លេអ៊ែរ

ថាមពល​នុយក្លេអ៊ែរ គឺ​ជា​អាវុធ​មុខពីរ។ ថ្វីដ្បិត​តែ​នុយក្លេអ៊ែរ​អាច​ជួយ​ឲ្យ​គេ​ផលិតថាមពល​បាន​ក្នុង​តម្លៃ​ថោក និង​អាច​ជួយ​​​ទប់ស្កាត់​ការឡើង​កម្តៅ​ផែនដី ក៏ប៉ុន្តែ វា​ក៏​អាច​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ដល់​​សុខភាព​របស់​មនុស្ស​ដែរ។ បញ្ហា​ចោទ​ធំបំផុត គឺ​ធាតុវិទ្យុសកម្ម នៅ​ក្នុង​រោងចក្រ​នុយក្លេអ៊ែរ។ ធាតុវិទ្យុសកម្ម ប្រសិន​បើ​លេចធ្លាយ​ចេញ​មក​ខាងក្រៅ គឺ​អាច​នឹង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត​ទាំង​ចំពោះ​ជីវិត​មនុស្ស និង​បរិស្ថាន​ជុំវិញ។

ការ​លេចធ្លាយ​ធាតុវិទ្យុសកម្ម​អាច​កើតមានឡើង បណ្តាល​មក​ពី​បញ្ហា​ច្រើន​យ៉ាង រួមមាន​ ​កង្វះខាត​បច្ចេកទេស​ក្នុង​ការ​គ្រប់គ្រង​រោងចក្រ​នុយក្លេអ៊ែរ ការធ្វេសប្រហែស​របស់​បុគ្គលិក ការ​វាយប្រហារ​ពីសំណាក់​ក្រុមភេរវជន ឬ​គ្រោះធម្មជាតិ (ជាពិសេស រញ្ជួយដី) ។ល។
បញ្ហា​ភេរវកម្ម និង​គ្រោះធម្មជាតិ គឺ​ជា​បញ្ហា​​ចម្បង នៅ​អាស៊ីអាគ្នេយ៍។ ប្រទេស​ឥណ្ឌូនេស៊ី​មានទីតាំង​នៅ​ត្រង់​កន្លែង​សម្បូរ​គ្រោះរញ្ជួយដី និង​ការផ្ទុះភ្នំភ្លើង​ច្រើន​ជាង​គេ​បំផុត​។ អង្គការ​ភេរវកម្ម ដូចជា Jemaah Islamiyah ក៏​កំពុង​តែ​បង្ក​បញ្ហា​អសន្តិសុខ​យ៉ាងខ្លាំង​ដែរ នៅ​ឥណ្ឌូនេស៊ី។ នៅ​តាមប្រទេស​មួយចំនួន​ផ្សេង​ទៀត ដូចជា ហ្វ៊ីលីពីន និង​ថៃ ជាដើម ក៏​​សុទ្ធតែ​មាន​បញ្ហា​អសន្តិសុខ​ បង្ក​ឡើង​ដោយ​ពួក​ភេរវជន។ ទាំងនេះ​ សុទ្ធសឹង​តែ​ជា​បញ្ហា​ចោទ​ ជុំវិញ​សុវត្ថិភាព​នុយក្លេអ៊ែរ។

ក្រៅពីនេះ ការ​ផលិត​ថាមពល​ដោយ​នុយក្លេអ៊ែរ ចោទ​ជា​បញ្ហា​​ដ៏ធំ​មួយ​ទៀត គឺ​កាកសំណល់​នុយក្លេអ៊ែរ ដែល​មាន​ធាតុ​វិទ្យុសកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ