អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ថៃកំពុង​​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ឬ​កំពុង​ឈូស​ឱ្យ​អស់ស្នាម​ត្រកូលថាក់ស៊ីន ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉ូលិស​ថៃ​ជាប់​ឈ្មោះ​ល្បី​ខាង​ពុក​លួយ​ ! សារព័ត៌មាន​ក្នុងស្រុក​តែងចុះ​ផ្សាយ​ជា​ញយ​ដង​ អំពី​ភាព​មន្ទិល​សង្ស័យ​ជា​ច្រើន​ថា​ប៉ូលិស​ទទួល​សំណូក​។ ប៉ុន្តែ​នៅ​លើក​នេះ ប៉ូលិស​ថៃបាន​ជួប​រឿងអាស្រូវ​ក្នុង​​ទម្រង់​ខុស​ពី​មុន​បន្តិច។ ជា​លើក​ទី​មួយ អ្នក​ទទួល​ខុសត្រូវ​ជាន់​ខ្ពស់​ប៉ូលិស​បាន​រង​ការ​​ចោទ​ ប្រកាន់​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ (រឹប​អូស​លុយ​សុទ្ធបាន​​ប្រមាណ​១ពាន់​លាន​បាត) ក្នុងនោះ​ពីរ​នាក់ ជាប់​ចោទ​ពី​បទ​ប្រមាថ​​រាជានិយម។ នេះ​បញ្ជាក់​ថា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​​ថៃ​ បាន​ដើរ​មក​ដល់​របត់​ថ្មី ស្រាវចាប់​ដល់​មេ​ធំៗ ប៉ុន្តែ​ហេតុ​អ្វី​មាន​បទ​ចោទ​ប្រកាន់​ប្រមាថ​ព្រះ​ចេស្តា​ព្រះ​មហាក្សត្រ​ជាមួយ​ដែរ ?

មន្ត្រី​ជាន់​ខ្ពស់​​ប៉ូលិសស៊ើប​អង្កេត​​ថៃលោក Pongpat Chayaphan (កណ្តាល) ជាប់​ចោទ​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ
មន្ត្រី​ជាន់​ខ្ពស់​​ប៉ូលិសស៊ើប​អង្កេត​​ថៃលោក Pongpat Chayaphan (កណ្តាល) ជាប់​ចោទ​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ © Reuters
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​សឹក​ថៃ​របស់​លោក ឧត្តមសេនីយ៍ ប្រាយុទ្ធ​ចាន់អូចា ​បាន​ប្រកាស​ជា​ច្រើន​លើក​ច្រើន​សា អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ថា​ជា​អាទិភាព​ដ៏​ចម្បង​មួយ។ នៅក្នុង​សំណុំ​រឿង​ចាប់​ខ្លួន​មេ​ប៉ូលិសកាលពី​ចុង​សប្តាហ៍ គ្មាន​ព័ត៌មាន​លម្អិត​ណា​ទាក់​ទង​​បទ​ចោទ​ប្រកាន់​អំពើ​​ពុក​រលួយ​ត្រូវ​បាន​ទម្លាយ​​ចេញ​ឱ្យ​ដឹង​ទេ ក្រៅ​អំពី​ចំនួន​ទឹក​ប្រាក់​ដ៏​មហាសាល​នោះ។

ចំណែក​ខ្លឹម​សារ​នៃ​បទ​ចោទ​ប្រកាន់​ប្រមាថ​ព្រះមហាក្សត្រ ក៏​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​​ជា​សាធារណៈ​ដែរ។ មិន​ដឹង​ថា​ប៉ូលិស​នោះ​ប្រើពាក្យ​ពេជន៍​ ឬ​ទង្វើ​អ្វី​​ដែល​នាំ​ឱ្យ​ជាប់​ចោទ​ឡើយ។ ប៉ុន្តែ​គ្រាន់​តែ​បាន​ឮ​ដំណឹង​ថា​​មាន​ប៉ូលិស​​ផ្ទាល់​​​តែ​ម្តង​ដែល​ត្រូវ​ជាប់​ចោទ​ពី​បទ​ប្រមាថ​រាជានិយម  គឺ​គ្រប់​គ្រាន់​នឹង​​​បង្ក​ភាព​ងឿយ​ឆ្ងល់​និងការ​​ភ្ញាក់​ផ្អើល​បំផុតហើយ។ ព្រោះ​សឹង​ថា​មិន​ដែល​ធ្លាប់​មានពីមុន​មក​ទេ !

 
ចាប់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ មេ​ប៉ូលិស​ ព្រម​ទាំង​មេប៉ូលិស​រង​នៃ​ការិយាល័យ​ស៊ើប​អង្កេត​មជ្ឈិម និង​មេប៉ូលិស​​ជើង​ទឹក​ត្រូវ​បាន​ដក​ហូត​តួនាទី​​និង​យក​ទៅ​ឃុំ​ឃាំង។ ប៉ូលិស​បួន​នាក់​ទៀត បូក​និង​ជន​ស៊ីវិល​៥​នាក់​ផ្សេង​ទៀត ក៏​ត្រូវ​ចាប់​ខ្លួនដែរ​​ក្នុង​សំណុំ​រឿង​តែ​មួយ​។ ប៉ុន្តែ​មាន​តែ​នាយ​ប៉ូលិស​បី​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​រង​ការ​ចោទ​ប្រកាន់​អំពី​បទ​​ប្រមាថ​រាជានិយម។ ជា​បទ​ចោទ​​ប្រកាន់​ដ៏ធ្ងន់ធ្ងរ នៅ​ប្រទេស​ថៃ ដែល​អាច​​មាន​ការ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់​១៥​ឆ្នាំ។

តាម​ការ​ពិត សំណុំ​រឿង​​​ប្រមាថ​ព្រះ​មហាក្សត្រ មិ​នមែន​ជា​រឿង​ថ្មី​ថ្មោង​ទេ។ តាំង​ពី​មាន​ការ​ប្តូរ​អ្នក​កាន់​អំណាច នៅ​​ថ្ងៃ​ទី​២២​ឧសភា២០១៤​ តាម​រយៈ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​យីងឡាក់ ស៊ីណាវ៉ាត់​មក ចំនួនបទ​​ចោទ​ប្រកាន់ និង​ដាក់​ទោស​ពីបទ​ប្រមាថ​ព្រះ​ចេស្តា​ព្រះ​មហាក្សត្រ កើន​ឡើង​ជា​លំដាប់​ ប៉ុន្តែ​សឹង​ពុំ​ធ្លាប់​មាន​ឡើយ​ការ​ចោទប្រកាន់​​ប្រឆាំង​នឹង​មេ​ប៉ូលិស​ជាន់​ខ្ពស់​ដូច្នេះ។ គេ​ត្រូវ​វិល​​ទៅ​ទសវត្ស​ឆ្នាំ​១៩៩០​ ទើប​ឃើញ​មាន​ករណី​បែប​នេះ។ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ចាប់​ទោស​អូស​ដំណើរ​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​ កើត​មាន​ឡើង​តែ​ចំពោះ​សកម្មជន​​ការ​ពារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ក្រុម​សកម្មជន​អាវ​ក្រហម​ អ្នក​គាំទ្រ​ត្រកូល​ថាក់ស៊ីន​តែ​ប៉ុណ្ណោះ។

តែ​ពេល​នេះ សូម្បី​តែ​មេ​ប៉ូលិស​ធំ ក៏​ត្រូវ​ជាប់​ចោទដែរ ! ពិត​ជា​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មែន ! តើ​នេះ​មិន​មែន​មាន​ន័យ​ថា​ក្រុមទាហាន​ដែល​ជា​អ្នក​ដឹកនាំប្រទេស កំពុង​បង្ហាញ​ធ្មុង​ ចង់​បំបាក់​រចនា​សម្ព័ន្ធ​ប៉ូលិស ដែល​ពុក​រលួយ​ក្រោម​ផ្លាក​ការពារ​រាជានិយម​ទេឬ ?

សូម​បញ្ជាក់​ថា ទំនាក់ទំនង​រវាង​ស្ថាប័ន​យោធា និង​ប៉ូលិស​ថៃ តែង​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​មាន​លក្ខណៈ​ចម្រូង​ចម្រាស​មិន​ស៊ី​ចង្វាក់​គ្នា​ទេ​ ហើយ​តាំង​ពី​ឧត្តមសេនីយ៍ ប្រាយុទ្ធ​ ចាន់អូចា ​ឡើង​កាន់អំណាច​មក ទំនាក់ទំនង​នេះ​កាន់​តែ​ធ្លាក់ដុនដាប ស្ទើរ​ក្លាយ​ជា​ភាគី​បក្សដិបក្ស​មាន​ជម្លោះ​នឹង​គ្នា​ផង។

ប្រជារាស្ត្រមិន​សូវ​​​ឱ្យ​តម្លៃ​ខ្លាំង​ ព្រោះ​តែ​មាន​ឈ្មោះ​មិន​ល្អ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ស៊ី​សំណូក​ ជា​រឿង​មួយ ប៉ុន្តែ​ស្ថាប័នប៉ូលិសនេះ​ ត្រូវ​បាន​ស្ថាប័ន​យោធា​ ចោទ​ប្រកាន់​ថា​ក្រុម​ដែល​ស្ថិត​នៅ​ក្រោម​ដែន​អំណាច​របស់​លោក​​ថាក់ស៊ីន ស៊ីណាវ៉ាត់ និង​បាន​បិទ​ភ្នែក ​ធ្វើ​មិន​ឃើញសកម្មជន​អាវក្រហម​ ប្រមូលអាវុធ​លួចលាក់​ទុក ពេលធ្វើ​បាតុកម្ម។ ប្រមុខ​ស្ថាប័ន​ប៉ូលិស​ថ្មី​​ ដែល​ស្និទ្ធ​នឹង​​របប​សឹក​​របស់​លោក​​ប្រាយុទ្ធ​ចាន់​អូចា បាន​ចេញ​មុខ​ប្តេជ្ញា​កម្ចាត់​អំពើ​ពុក​ក្នុង​​ផ្ទៃស្ថាប័ន​ប៉ូលិស និងបន្ទាប់​ពី​​បាន​ជម្រុះ​មន្ត្រី​​ស៊ីវិល និង​ប៉ូលិស​​ស្និទ្ធ​នឹង​លោក​ថាក់ស៊ីន​រួច បាន​ប្រកាស​​ចង់​បញ្ចូល​កាតព្វកិច្ច​ប៉ូលិស​ទៅ​ក្នុង​ស្ថាប័ន​នេះ ដើម្បីបំពេញ​កង្វះ​មន្ត្រី​ប៉ូលិស។

ហេតុ​ដូច្នេះ​ហើយបាន​ជា​ អ្នក​វិភាគ​មួយ​ចំនួន​មើល​ឃើញ​ ការ​ចោទ​ប្រកាន់ ប្រឆាំង​នឹង​មន្ត្រី​ជាន់​ខ្ពស់​​​ ប៉ូលិស​​ពេល​នេះ ថា​ទំនង​ជាចំណែក​មួយ​នៃ​​ប៉ុនប៉ង​បោស​សម្អាត​ក្នុង​ស្ថាប័ន​ប៉ូលិស នូវ​​​រាល់​អ្នក​ទទួល​ត្រូវ​​ណា​ដែល​របប​សឹក​យល់​ថា​មាន​និន្នាការ​ស្និទ្ធ​នឹង​ត្រកូល​ថាក់ស៊ីន។ រដ្ឋាភិបាល​សឹក​ថៃ សាក​ល្បង​ធ្វើ​យ៉ាង​ណា​ឱ្យ​ស្ថាប័ន​ប៉ូលិស​កាន់​តែ​ចុះ​ខ្សោយ​ ដោយ​​លើក​តម្កើង​ស្ថាប័ន​យោធា។

ក្រុម​បញ្ញវន្ត និង​អង្គការ​​ជា​ច្រើន​ យល់​ថា​សំណុំ​រឿង​ប្រមាថ​ព្រះ​ចេស្តា​ព្រះ​មហាក្សត្រ ជា​​រឿង​ក្តី​នយោបាយ​ ព្រោះ​ជន​ជាប់​ចោទ​ភាគ​ច្រើន សុទ្ថ​សឹង​ជា​អ្នក​មាន​ចំណង​ ឬ​ទំនាក់ទំនង​ជាមួយ​ចលនា​អាវ​ក្រហម ឬ​សកម្មជន​គាំទ្រ​លោកថាក់​ស៊ីន​។ លោក​ ថាក់ស៊ីន អតីត​នាយក​រដ្ឋមន្ត្រី​​ដែល​ត្រូវ​ផ្តួល​ចេញពី​តំណែង​ដោយ​រដ្ឋ​ប្រហារ​នៅ​ឆ្នាំ​២០០៦ បន្សល់​ទុក​នូវ​ការ​​បែក​បាក់​ក្នុង​សង្គម​ថៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ