អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សេចក្តីប្រកាស​ស្តីពី​សិទ្ធិមនុស្ស​អាស៊ាន​នឹង​ប្រសូត​ឡើង​ក្នុង​បទដ្ឋាន​ទាប

ចុះផ្សាយ​នៅ​ថ្ងៃ៖

សេចក្តីប្រកាស​ស្តីពី​សិទ្ធិមនុស្ស​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន​ត្រូវគេ​គ្រោង​នឹង​អនុម័ត​ឲ្យ​ប្រើប្រាស់​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១នា​ខែវិច្ឆិកា​ខាងមុខ​នៅ​ទីក្រុង​ភ្នំពេញ។ ការ​ប្រសូត​ឡើង​នៃ​សេចក្តីប្រកាស​ស្តីពី​សិទ្ធិមនុស្ស​អាស៊ាន បានធ្វើ​ឲ្យ​មានការ​អបអរសាទរ​ផង និង​ការព្រួយបារម្ភ​ផង។ អបអរសាទរ​ដោយហេតុថា សេចក្តីប្រកាស​នោះបាន​បង្ហាញ​ពី​ឆន្ទៈ​របស់​សមាជិក​អាស៊ាន​ក្នុង​ជួយ​លើកស្ទួយ​ការគោរព​សិទ្ធិមនុស្ស​ក្នុង​តំបន់។ ប៉ុន្តែ ការព្រួយបារម្ភ​វិញ​គឺ​ដោយសារ​ថា​យន្តការ​ស្តីពី​សិទ្ធិមនុស្ស​អាស៊ាន​ត្រូវគេ​រំពឹងថា​នឹង​គ្មាន​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ជាក់ស្តែង​ទេ។ តើ​ហេតុអ្វី​បានជា​ដូច្នេះ?

បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ជា​សមាជិកមួយចំនួន គឺ​ជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​បង្កើត​យន្តការ​សិទ្ធិមនុស្ស​អាស៊ាន
បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ជា​សមាជិកមួយចំនួន គឺ​ជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​បង្កើត​យន្តការ​សិទ្ធិមនុស្ស​អាស៊ាន ©AFP
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​កិច្ចប្រជុំ​ច្រើនលើកច្រើនសា គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អាស៊ាន​ហៅ​កាត់​ថា AICHR បានសម្រេច​ចេញ​នូវ​សេចក្តីព្រាង​នៃ​សេចក្តីប្រកាស​ស្តីពី​សិទ្ធិមនុស្ស​អាស៊ាន​រួចរាល់​ហើយ។ សេចក្តីព្រាង​នេះ​ត្រូវគេ​គ្រោង​នឹងដាក់​ជូន​កិច្ច​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ខែវិច្ឆិកា​នេះ​ដើម្បី​អនុម័ត ក្នុងខណៈដែល​កម្ពុជា​កំពុង​ធ្វើ​ប្រធានប្តូរ​វេន​អាស៊ាន។

គោលបំណង​នៃ​ការបង្កើត​យន្តការ​សិទ្ធិមនុស្ស​អាស៊ាន​នេះ​ត្រូវគេ​ពន្យល់ថា​ដើម្បី​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​នៃ​ប្រជាពលរដ្ឋ​ក្នុង​សមាគម​អាស៊ាន និង​លើកស្ទួយ​សិទ្ធិ​រស់នៅក្នុង​សន្តិភាព សេចក្តីថ្លៃថ្នូរ និង​វិបុលភាព​នៃ​ប្រជាជន​ក្នុង​តំបន់​អាស៊ី​ប៉ែក​អាគ្នេយ៍​ទាំងមូល។ ក្នុងនាម​ជា​សមាគម​តំបន់​ដ៏​សំខាន់​មួយ អាស៊ាន​ក៏​ចង់បង្ហាញ​ឆន្ទៈ​របស់ខ្លួន​ក្នុង​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស​ជា​អន្តរជាតិ​ស្របតាម​អ្វីដែល​មានចែង​ក្នុង​សេចក្តីប្រកាស​សាកល​ស្តីពី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ផងដែរ។

សូមបញ្ជាក់ថា មុននឹង​ឈានដល់​ការសម្រេចសេចក្តី​ព្រាង​នៃ​សេចក្តីប្រកាស​ស្តីពី​សិទ្ធិមនុស្ស​អាស៊ាន​នេះ​ឡើង គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អាស៊ាន​ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​កាលពី​ខែតុលា​ឆ្នាំ២០០៩ នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី១៥នៅឯ​ហួ​ហ៊ី​ន ប្រទេស​ថៃ។ ការបង្កើត​គណៈកម្មាធិកា​រ​អន្តររដ្ឋាភិបាល​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អាស៊ាន​ធ្វើឡើង​ដោយ​អនុលោម​តាម​មាត្រា១៤នៃ​ធម្មនុញ្ញ​អាស៊ាន​ដែល​ចែង​អំពី​ការគោរព​សិទ្ធិមនុស្ស។

ព្រឹត្តិការណ៍​នេះ​បានទទួល​ការ​សាទរ​ពី​អង្គការសហប្រជាជាតិ​ក៏ដូចជា​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ដែរ​ចំពោះ​ឆន្ទៈ​របស់​អាស៊ាន​ក្នុងការ​លើកស្ទួយ​ការគោរព​សិទ្ធិមនុស្ស​ក្នុង​តំបន់។ នេះ​ក៏​ជា​សមិទ្ធផល​ថ្មី​មួយទៀត​ដែល​អាស៊ាន​សម្រេចបាន​ចាប់តាំងពី​ការកកើត​សមាគម​នេះ​កាលពី​ឆ្នាំ ១៩៦៧ មក។

ប៉ុន្តែ ទន្ទឹមនឹង​ការ​សាទរ អង្គការ​មិនមែន​រដ្ឋាភិបាល​បាននិងកំពុង​សម្តែង​ការបារម្ភ​យ៉ាងខ្លាំង​ថា សេចក្ដីប្រកាស​ស្តីពី​សិទ្ធិមនុស្ស​អាស៊ាន​ដែល​គេ​គ្រោង​អនុម័ត​នេះ​ទំនងជា​មិនអាច​ការពារ​សិទ្ធិ​ពលរដ្ឋ​ឲ្យ​បាន​ពេញលេញ​ដូច​ក្តី​រំពឹងទុក​នោះឡើយ។ មិនអាច​ដោយហេតុថា សេចក្តីប្រកាស​នេះ​គ្មាន​សិទ្ធិអំណាច​ក្នុងការ​ស៊ើបអង្កេត​ការរំលោភបំពាន​សិទ្ធិមនុស្ស​នោះឡើយ ពីព្រោះ​វា​គ្រាន់តែ​ជាការ​បង្ហាញ​ឆន្ទៈ​នយោបាយ​របស់​បណ្តា​ប្រទេស​អាស៊ាន​ក្នុងការ​លើកស្ទួយ​ការគោរព​សិទ្ធិមនុស្ស​តែប៉ុណ្ណោះ។

ជាក់ស្តែង នៅក្នុង​គោលការណ៍​ទូទៅ​ទាំង ៣៩ ចំណុច​ដែលមាន​នៅក្នុង​សេចក្តីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន មានចែង​គ្រប់​ទិដ្ឋភាព​រាប់​តាំងពី​សិទ្ធិ​សាកល សិទ្ធិ​ស៊ីវិល​និង​នយោបាយ សិទ្ធិ​សេដ្ឋកិច្ច សង្គម វប្បធម៌ សិទ្ធិ​ក្នុងការ​អភិវឌ្ឍន៍​រហូត​ដល់​សិទ្ធិ​ទទួលបាន​សន្តិភាព​និង​ការការពារ​ទល់នឹង​ការរំលោភបំពាន។ ប៉ុន្តែ គ្មាន​វិធានការ​ច្បាស់លាស់​ណាមួយ​ត្រូវ​បានចែង​នោះឡើយ។

ជាការ​ពិត គោលការណ៍​កុងសង់ស៊ុស​ដែល​តម្រូវ​ឲ្យ​មានការ​ឯកភាពគ្នា​ជា​ឯកច្ឆ័ន្ទ​ពី​សំណាក់​បណ្តា​ប្រទេស​សមាជិក​ទាំង១០មុននឹង​សម្រេច​អ្វីមួយ​នោះ​គឺជា​ឧបសគ្គ​សម្រាប់​ការគោរព​សិទ្ធិមនុស្ស​នៅក្នុង​តំបន់​នេះ។ រដ្ឋ​សមាជិកនីមួយៗ ជាពិសេស​ប្រទេស​ដែលមាន​កេរ្តិ៍ឈ្មោះ​មិនសូវ​ល្អ​ខាង​ការគោរព​សិទ្ធិមនុស្ស​ងាយ​ណាស់​នឹង​ប្រើ​សិទ្ធិ​ជំទាស់​របស់ខ្លួន។ វា​មិន​ខុស​អ្វី​ពី​ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ​ដែលជា​ញឹកញាប់​តែង​ជាប់គាំង​ដោយសារ​ការប្រើ​សិទ្ធិ​វ៉េតូ​ពី​សំណាក់​សមាជិក​នោះឡើយ។ ក្នុង​បរិបទ​នេះ សេចក្តីប្រកាស​ស្តីពី​សិទ្ធិមនុស្ស​អាស៊ាន​ដែល​ពីដំបូង​ត្រូវគេ​គ្រោង​នឹង​ចុះហត្ថលេខា​ពី​សំណាក់​ប្រទេស​ទាំង១០នោះ ទីបំផុត​ធ្លា​ក់មក​ត្រឹម​ការអនុម័ត​សេចក្តីថ្លែងការណ៍​រួម​តែប៉ុណ្ណោះ។

ហេតុដូច្នេះ​ហើយ​បានជា​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​មកពី​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ដែល​បាន​ជួបប្រជុំ​ក្នុង​រាជធានី​ភ្នំពេញ​កាលពីពេលថ្មីៗនេះ បាន​សម្តែង​ក្តីបារម្ភ​ថា សេចក្ដីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​នឹងមាន​បទដ្ឋាន​ទាប​ជាង​សេចក្ដីថ្លែងការណ៍​ជាស​កល​ស្ដីពី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា ការរំលោភ​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ាន​នៅតែ​ជា​បញ្ហា​ស្មុគស្មាញ​ពិបាក​ដោះស្រាយ​តែ​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ