អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

អាស៊ី​អាគ្នេយ៍ និង​សហរដ្ឋ​អាមេរិក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​ ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​បន្ត​លើក​ឡើង​អំពី​ភូមិសាស្រ្ត​នយោបាយ​នៃ​អាស៊ី​អាគ្នេយ៍​​ត​ទៅ​ទៀត ដោយ​សូម​​និយាយ​បក​ស្រាយ​អំពី​ទំនាក់​ទំនង​រវាង​អាស៊ាន​និង​សហរដ្ឋ​អាមេរិក។

ជំនួបកំពូលអាមេរិក-អាស៊ានលើកទី៣ នៅប្រទេសឥណ្ឌូណេស៊ី។
ជំនួបកំពូលអាមេរិក-អាស៊ានលើកទី៣ នៅប្រទេសឥណ្ឌូណេស៊ី។ RFI
ផ្សាយពាណិជ្ជកម្ម

មហិច្ឆតា​របស់​សហរដ្ឋអាមេរិក​មក​លើ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​មាន​ជា​យូរយារ​ណាស់​មក​ហើយ។ ចូរ​កុំ​ភ្លេច​ថា អាមេរិក​ក្រសោប​យក​ហ្វីលីពីន​មក​ធ្វើ​ជា​អាណានិគម​របស់​ខ្លួន នៅ​ឆ្នាំ​១៨៩៨។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ អាមេរិក​ផ្តើម​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​តំបន់​អាស៊ីអាគ្នេយ៍ ក្រោយ​ពេល​ដែល​សង្គ្រាម​ត្រជាក់​បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​១៩៤៧ និង​ជាពិសេស​ក្រោយ​ពេល​ដែល​ចិន​បាន​ក្លាយ​ជា​កុម្មុយនិស្ត​នៅ​ឆ្នាំ​១៩៤៩។

នៅ​ក្នុង​បរិបទ​នៃ​សង្គ្រាម​ត្រជាក់​រវាង​លោក​សេរី​ដឹក​មុខ​ដោយ​​អាមេរិក និង​ពិភព
​កុម្មុយនិស្ត​​នាំ​មុខ​ដោយ​សហភាព​សូវៀត អាមេរិក​ផ្តើម​លូក​ដៃ​ចូល​ជ្រៅ​មក​ដល់​ភូមិភាគ​អាស៊ី​អាគ្នេយ៍​នៅ​ពាក់​កណ្តាល​ទសវត្សរ៍​ទី​៥០ តាម​រយៈ​សង្គ្រាម​នៅ​ឥណ្ឌូចិន។ កាល​ណោះ ក្រោយ​បរាជ័យ​របស់​កងទ័ព​បារាំង​នៅ​Dien Bien Phu ឆ្នាំ​១៩៥៤ អាមេរិក​ចេញ​មុខ​ការពារ​កុំ​ឱ្យ​វៀតណាម​ខាង​ត្បូង​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​វៀតណាម​ខាង​ជើង​កុម្មុយនិស្ត។ ការ​ប្តេជ្ញា​​ចិត្ត​បែប​នេះ​របស់​អាមេរិក​ធ្វើ​ឱ្យ​សង្គ្រាម​វៀតណាម​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​១៩៦៤ សង្គ្រាម​ដែល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​បាន​ដរ​និង​រីក​រាល​ដាល​ទៅ​ដល់​កម្ពុជា​និង​ឡាវ។

ទន្ទឹម​នេះ អាមរិក​បែរ​ជា​មិន​គាំទ្រ​សោះ​ឡើយ ការ​បង្កើត​អាស៊ាន​ឡើង​នៅ​ឆ្នាំ​១៩៦៧ ដោយ​បណ្តា​ប្រទេស​សម្ព័ន្ធមិត្រ​ទាំង​៥​របស់​ខ្លួន គឺ​ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី​ និង​ហ្វីលីពីន ទោះ​បី​ជា​កាលណោះ​អាស៊ាន​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ប្រយុទ្ធ​ទប់ទល់​នឹង​គ្រោះថ្នាក់​កុម្មុយនិស្ត​ក៏​ដោយ។ មាន​មូលហេតុ​ពីរ​យ៉ាង​ដែល​អាច​បំភ្លឺ​ឥរិយាបថ​បែប​នេះ​របស់អាមេរិក​កាល​​សម័យ​នោះ។ ម្យ៉ាង គឺ​មក​ពី​បណ្តា​ប្រទេស​ស្ថាបនិក​អាស៊ាន​ទាំង​៥ មិន​ព្រម​ប្រកាស​គាំទ្រ​​អាមេរិក​ជា​ផ្លូវការ នៅ​ក្នុង​សង្គ្រាម​ត្រជាក់​ជាមួយ​សហភាព​សូវៀត។ ម្យ៉ាង​ទៀត គឺ​មក​ពី​កាល​ណោះ អាស៊ាន​ត្រូវ​បាន​ចិន​ចាត់​ទុក​ថា​ជា​អង្គការ​តំបន់​មួយ​ដែល​ប្រឆាំង​នឹង​ខ្លួន ជួន​ចំ​ពេល​មួយ​ដែល​​អាមេរិកកំពុង​ត្រូវ​ការ​ចិន និង​ចាប់​ផ្តើម​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​នឹង​ចិន ដើម្បី​ប្រឈម​មុខ​នឹង​សហភាព​សូវៀត។

ប៉ុន្តែ ក្រោយ​មក​ទៀត ដោយហេតុតែ​ការ​គាប​សង្កត់​របស់​មតិ​អន្តរជាតិ និង​ដោយហេតុតែ​ភាព​សាហាវ​យង់ឃ្នង​នៃ​សង្គ្រាម អាមេរិក​ត្រូវ​បង្ខំ​ចិត្ត​ដក​ទ័ព​ចេញ​ពី​ឥណ្ឌូចិន ហើយ​បណ្តោយ​​ឱ្យ​វៀតណាម​ខាង​ត្បូង កម្ពុជា​និង​ឡាវ​ក្លាយ​ជា​កុម្មុយនិស្ត នៅ​ឆ្នាំ​១៩៧៥។

ចាប់​ពី​ពេល​នោះ​មក អាមេរិក​ផ្តើម​កាត់​បន្ថយ​ទម្ងន់​យុទ្ធសាស្ត្រ​និង​យោធា​របស់​ខ្លួន​នៅ​អាស៊ី​និយាយ​ជា​ទូទៅ និង​នៅ​អាស៊ី​អាគ្នេយ៍​និយាយ​ដាច់​ដោយ​ឡែក។ ជាក់​ស្តែង​នៅ​ពេល​ដែល​វៀតណាម​រណប​សូវៀត​ចូល​រំលំ​របប​ខ្មែរ​ក្រហម​រណប​ចិន​និង​កាន់កាប់​កម្ពុជា​​នៅ​ឆ្នាំ​១៩៧៩ អាមេរិក​ឈរ​ឱប​ដៃ​មើល មិន​ព្រម​ធ្វើ​អ្វី​ក្រៅ​ពី​ចូល​ដៃ​ជាមួយ​ចិន ដើម្បី​ជួយ​ពី​ចម្ងាយ ជួយ​ផ្តល់​អាវុធ​ឱ្យ​ខ្មែរ​ក្រហម​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​របប​ហេង សំរិន​រណប​វៀតណាម។

គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ ទើប​ឃើញ​អាមេរិក​វិល​បណ្តើរៗ​មក​កាន់​អាស៊ី​អាគ្នេយ៍​វិញ។ ក៏​ប៉ុន្តែ គឺ​ជា​ការ​ត្រឡប់​មក​វិញ​ដោយ​ប្រយោល តាម​រយៈ​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​អន្តជាតិ​របស់​លោក​ប្រធានាធិបតី​អាមេរិកាំង​ប៊ូស​(Bush)។

កាល​ណោះ ក្រោយ​មហា​ភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា​ឆ្នាំ​២០០១នៅ​សហរដ្ឋ​អាមេរិក រដ្ឋការលោក​ប៊ូស​ចាត់​ទុក​អាស៊ី​អាគ្នេយ៍​ថា​ជា​សមរភូមិ​សំខាន់​ទី​ពីរ​នៃ​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ​របស់​ខ្លួន ដ្បិត​អាស៊ី​អាគ្នេយ៍​ជាទី​ដែល​សម្បូណ៌​អ្នក​កាន់​សាសនា​អ៊ីស្លាម​រស់​នៅ។ ក្នុង​គោលដៅ​ប្រឆាំង​នឹង​ពួក​ភេរវជន​អ៊ីស្លាម​ជ្រុល​និយម​នៅ​ក្នុង​តំបន់ ​អាមេរិក របស់​លោក​ប៊ូស​បាន​ផ្តើម​ពង្រឹង​ឡើង​វិញ​សហ​ប្រតិបត្តិការ​យោធា​ជាមួយ​សម្ព័ន្ធមិត្ត​អាស៊ី​អាគ្នេយ៍​របស់​ខ្លួន រួម​មាន​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង​ថៃ។ មិន​តែ​ប៉ុណ្ណោះ អាមេរិក​ក៏​បាន​ផ្តើម​ប្រឹងប្រែង​ខិត​ទៅ​រក​វៀតណាម​ដែរ ក្នុង​គោល​បំណង​ទប់​ស្កាត់​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍។

តាំង​ពី​ឆ្នាំ​២០០៩​មក សហរដ្ឋ​អាមេរិក​ក្រោម​ការ​ដឹក​នាំ​របស់​លោក​អូបាម៉ា(Obama) បាន​និង​កំពុង​បន្ត​ពង្រឹង​វត្តមាន​អាមេរិកាំង នៅ​អាស៊ី​ប៉ាស៊ីហ្វិក។ មាន​មូលហេតុ​បី​
សំខាន់ៗ​ដែល​អាច​ពន្យល់​បំភ្លឺ​មហិច្ឆតា​អាមេរិកាំង នៅ​អាស៊ី​ប៉ាស៊ីហ្វិកដ៏​ធំ​ល្វឹងល្វើយ​នេះ។ ទីមួយ​ គឺ​មូលហេតុ​ប្រវត្តិសាស្រ្ត ​ដែល​បាន​តម្រូវ​ឲ្យ​សហរដ្ឋអាមេរិក​ដើរ​តួនាទី​ជា​មហា​អំណាច​​នៅ​ក្នុង​តំបន់​នេះ តាំង​ពី​ចុង​សតវត្សរ៍​ទី​១៩​មក​ម្ល៉េះ។ ទីពីរ គឺ​មូលហេតុ​នយោបាយ បាន​ន័យ​ថា​មាន​ប្រទេស​មួយ​ចំនួន ដូច​ជា​ជប៉ុន កូរ៉េ​ខាង​ត្បូង សិង្ហបូរី​និង​អូស្រ្តាលី​ជា​ដើម ចង់​បាន​វត្តមាន​អាមេរិកាំង​នៅ​ក្នុង​តំបន់​ដើម្បី​បន្ត​រក្សា​សន្តិសុខ​និង​លំនឹង​ភូមិសាស្រ្ត​នយោបាយ នៅ​ចំពោះ​មុខ​ការ​លេច​ត្រដែត​ឡើង​នៃ​ប្រទេស​ចិន។ រី​ឯ​មូលហេតុ​ទី​បី​វិញ ដែល​ជំរុញ​​សហរដ្ឋអាមេរិក​ឱ្យ​ពង្រឹង​វត្តមាន​របស់​ខ្លួន ​នៅ​អាស៊ី​​ប៉ាស៊ីហ្វិក ​គឺ​​ប្រយោជន៍​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច ដ្បិត​តំបន់​នេះ​កំពុង​ស្គាល់​កំណើន​សេដ្ឋកិច្ច​ខ្លាំង​​ជាង​គេ​បង្អស់ នៅ​ក្នុង​លោក​សព្វ​ថ្ងៃ។

គឺ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​យុទ្ធសាស្រ្ត​ថ្មី​នៅ​ចំពោះមុខ​អាស៊ី​នេះ​ហើយ​ដែល​រដ្ឋការ​លោក
អូបាម៉ា​កំពុង​សើរើ​មើល​ឡើង​វិញ​នយោបាយ​ការ​បរទេស​របស់​រដ្ឋការ​លោក​ប៊ូស នៅ​អាស៊ី​អាគ្នេយ៍។ រដ្ឋការ​លោក​ប៊ូសបាន​ឲ្យ​តម្លៃ​ទៅ​លើ​តែ​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​នៅ​ក្នុង​តំបន់​នេះ និង​ទៅ​លើ​សហប្រតិបត្តិការ​ឧភតោភាគី​ជាមួយ​សមាជិក​អាស៊ាន​នីមួយៗដាច់​ដោយ​ឡែក។

ផ្ទុយទៅវិញ អ្វី​ដែល​លោក​អូបាម៉ា​ចាប់​អារម្មណ៍​ខ្លាំង គឺ​មិន​មែន​ករណី​ប្រទេស​នីមួយៗ​នៅ​អាស៊ី​អាគ្នេយ៍​ទេ តែ​គឺ​​អាស៊ាន​ទាំងមូល​តែ​ម្តង។ ជាក់​ស្តែង តាំង​ពី​ឆ្នាំ​២០០៩​មក ជំនួប​កំពូល​អាស៊ាន-អាមេរិក​ត្រូវ​បាន​រៀបចំ​ឡើង​រៀង​រាល់​ឆ្នាំ។

ទន្ទឹម​នេះ ក្នុង​ពេល​មួយ​ដែល​ចិន​បង្ហាញ​កាន់​តែ​ច្បាស់​នូវ​មហិច្ឆតា​ស្រេក​ឃ្លាន​ទឹក​ដី​របស់​ខ្លួន​ជាអាទិ៍​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង បណ្តា​សមាជិក​អាស៊ាន​មួយ​ចំនួន​ធំ​ទទួល​ស្វាគមន៍​ការ​មក​ដល់​របស់​សហរដ្ឋ​អាមេរិក។ ជា​ទូទៅ ពួក​គេ​មើល​ឃើញ​ថា ការ​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​អាមេរិកអាច​ជួយ​កាត់​បន្ថយ​ឥទ្ធិពល​របស់​ចិន អាច​ជួយ​រក្សា​លំនឹង​ភូមិសាស្រ្ត​នយោបាយ​នៅ​ក្នុង​តំបន់​និង​ នៅ​ទី​បំផុត អាច​ជួយ​អាស៊ាន​កុំ​ឱ្យ​ពឹង​ពាក់​ចិន​ខ្លាំង​ជ្រុល​ពេក នៅ​លើ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ទូត​និង​នយោបាយ។

ដោយ​ឡែក សមាជិក​អាស៊ាន​ដែល​មាន​ទំនាស់​ទឹក​ដី​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង រួម​មាន​វៀតណាម​និង​ហ្វីលីពីន​ជា​ដើម ចាត់​ទុក​អាមេរិក​ជា​បង្អែក​នយោបាយ​ឬយោធា​ផង​ក៏​មិន​ដឹង ដើម្បី​ប្រឈម​មុខ​នឹង​ចិន។

យ៉ាង​ណា​ក៏​ដោយ បញ្ហា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​រវាង​បណ្តា​ប្រទេស​សមាជិក
​អាស៊ាន​ និង​ចិន ជាឱកាស​មួយ​ដ៏​ល្អ​សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន ក្នុង​ការ​លូក​ដៃ​ចូល​មក​ក្នុង​ភូមិភាគ​​អាស៊ី​អាគ្នេយ៍​និយាយ​ដោយ​ឡែក និង​ចូល​មក​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និយាយ​ជា​ទូ​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ