អានតួអត្ថបទ
ស្រីលង្កា-អ.ស.ប.

កូឡុមបូ​​ស្នើសុំ​​អសប​​បង្អង់​ពេល​ចេញ​​របាយការណ៍​​ស្តីពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ស្រីលង្កា​

ស្របពេល​ដែល​អសប ត្រៀម​នឹង​ចេញ​របាយការណ៍​មួយ​របស់​ខ្លួន​នៅ​ដើម​ខែ​មីនា បរិហារ​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អំឡុងពេល​សង្គ្រាម​ស៊ីវីល​នៅ​ប្រទេស​ស្រីលង្កា ប្រទេស​នេះ​ បាន​ស្នើ​សុំ​អសប​កុំ​ប្រញាប់​ចេញ​របាយការណ៍ ដោយ​សុំ​ឲ្យ​រង់ចាំ រហូត​ដល់​ប្រទេស​ខ្លួន​មាន​ប្រព័ន្ធ​យុតិធម៌​​ត្រឹមត្រូវ​សិន។ 

ក្រុមប្រឹក្សាសន្តិសុខអសប.
ក្រុមប្រឹក្សាសន្តិសុខអសប. REUTERS/Eduardo Munoz
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​ការទូត​ស្រីលង្កា​លោក Mangala Samaraweera បាន​ធ្វើ​ការ​អំពាវនាវ​នេះ​នៅ​ទីក្រុង​វ៉ាស៊ីនតោន។ នៅទីនោះ លោក​ប្រមុខ​ការទូត​ថ្មី​ស្រីលង្កា ត្រូវ​ជួប​ប្រាស្រ័យ​ជាមួយ​សមភាគី​អាមេរិក​លោក ចន ឃែរី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​​ជ័យជំនះ​ដ៏​ធំធេង​របស់​ប្រធានាធិបតី​ថ្មី​ប្រទេស​ស្រីលង្កា​លោក Maithripala Sirisena កាលពី​ដើម​ខែ​មករា​មុន។ ទាំង​សហរដ្ឋ​អាមេរិក​និង​ទាំង​អឺរ៉ុប បាន​សំដែង​ការ​អបអរសាទរ​ជាក្រៃលែង​ចំពោះ​ដំណើរ​ការ​ផ្លាស់​ប្តូរ​​ឈាន​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​នៅ​ស្រីលង្កា។​

 
គួររំលឹកថា នៅ​ខែ​មីនា​ឆ្នាំ​២០១៤ ក្រុមប្រឹក្សា​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អសប បាន​បើក​ការ​ស៊ើប​អង្កេត​​មួយ​ដោយ​ប្រគល់​ភារកិច្ច​នេះ​ជូន​ដល់​ឧត្តមស្នងការសិទ្ធិមនុស្ស​របស់អសប ស្តីពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ពេល​ចុង​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ស្រីលង្កា។​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​​បង្ក​ឡើង​ដោយ​កងទ័ព​ស្រីលង្កា​នៅ​ដើម​ឆ្នាំ​២០០៩ ​​បាន​បណ្តាល​ឲ្យ​​ប្រជាជន​ស៊ីវិល​តាម៊ូល​ស្លាប់​អស់ ជាង​៤​ម៉ឺន​នាក់។ ប៉ុន្តែ​បើ​សរុប​គិត​ពី​ពេល​សង្គ្រាម​បាន​ផ្ទុះ​​ពីដំបូង​កាលពី​​ឆ្នាំ​១៩៧២ រហូត​មក​ដល់​ឆ្នាំ​២០០៩ ប្រជាជន​ស៊ីវីល​តាម៊ូល ស្លាប់​នៅ​ក្នុង​សង្គ្រាម​នេះ​ មាន​រហូត​ដល់ ១០​ម៉ឺន​នាក់។​

សូមបញ្ជាក់ ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អសប ត្រូវ​លើក​បង្ហាញ​ឲ្យ​គេ​ដឹង​ពី​សេចក្តី​សម្រេច​របស់​ខ្លួន​នៅ​ដើម​ខែ​មីនា ​នាឱកាស​​សម័យប្រជុំ​ជាទៀងទាត់​មួយ​​របស់​ក្រុម​ប្រឹក្សា​អសប​នៅ​ពេល​ខាងមុខ។

នៅ​ក្នុង​សន្និសីទ​មួយ​នៅ​មូលនិធិ Carnegie លោក​ប្រមុខ​ការទូត​ស្រីលង្កា បាន​អះអាង​ថា ការ​ស្នើសុំ​អសប​ឲ្យ​បង្អង់​ពេល​ចេញ​របាយការណ៍​ ពុំមែន​មាន​ន័យ​ថា​ស្រីលង្កា ចង់​កេងចំណេញ​ពេលវេលា​នោះ​ទេ ប៉ុន្តែ​ស្រីលង្កា​ចង់​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ការរៀបចំ​បង្កើត​​សាលាក្តី​ផ្ទាល់​​មួយ​​​របស់​ខ្លួន ។ សាលាក្តី​នេះ​នឹង​លេច​ចេញ​ជា​រូប​រាង​នៅ​ក្នុង​រយៈពេល​ពីរ​ខែ​យ៉ាង​យូរ បន្ទាប់មក អសប​អាច​នឹង​​​បញ្ជូន​របាយការណ៍​ខ្លួន​មក​កាន់​​ស្រីលង្កា​-នេះ​ជា​ការ​អះអាង​របស់​លោក​ប្រមុខ​ការទូត​ស្រីលង្កា  ។

លោក​ប្រមុខ​ការទូត​ស្រីលង្កា​បាន​ថ្លែង​ធានា​ដែរ​ថា រដ្ឋាភិបាល​ស្រីលង្កា​ថ្មី ត្រៀម​ជាស្រេច ដើម្បី​​ចាប់​ខ្លួន​ជនទាំងឡាយ​ណា​ដែល​​បាន​ចូល​រួម​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ត្រូវ​ចាប់ខ្លួនយក​មក​កាត់​ទោស​នៅ​មុខ​តុលាការ។

នៅស្រីលង្កាវិញ រដ្ឋាភិបាល​ថ្មី​កូឡុមបូ បាន​បើក​ការ​អនុញាត​ហើយ​ដែរ ដើម្បី​បើក​ការស៊ើប​អង្កេត​ជាតិ​​មួយ ស្តីពី​ការ​ចោទ​ប្រកាន់​នានា​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ