អានតួអត្ថបទ
ស្រីលង្កា-អ.ស.ប.

សិទ្ធិមនុស្ស៖ប្រទេស​ស្រីលង្កា​បាន​ច្រានចោល​ការ​រិះគន់ ទិតៀន​របស់​អង្គការ​សហប្រជាជាតិ

នៅ​ថ្ងៃ​សៅរិ៍ ទី៨ វិច្ឆិកា ប្រទេស​ស្រីលង្កា​បាន​ទាត់​ចោល​ទំាង​ស្រុង​លើ​ការ​​រិះគន់ ទិតៀន​របស់​លោក Zeid Ra’ad Al Hussein ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស។ រដ្ឋាភិបាល​ទីក្រុង​កូឡុំបូ​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លំាង​ចំពោះ​ពាក្យសម្តី​រិះគន់ ទិតៀន​របស់​លោក Hussein ដែល​គ្មាន​ភស្តុតាង​ច្បាស់លាស់។ ប្រតិកម្ម​របស់​ស្រីលង្កា​ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​បន្ទាប់​ពី​លោក Hussein បាន​រិះគន់​រដ្ឋាភិបាល​ទីក្រុង​កូឡុំបូ​ពី​បទ​បាន​ព្យាយាម​រារំាង​ដំណើរការ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ឧក្រិដ្ឋកម្មសង្រ្គាម​ក្នុង​ជម្លោះ​ជាមួយ​ក្រុម​តាមូល។

លោក Zeid Ra’ad Al Hussein ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស
លោក Zeid Ra’ad Al Hussein ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​របស់​ប្រទេស​ស្រីលង្កា​ចំពោះ​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ធ្វើ​ឡើង​តាម​រយៈ​លោក Ravinatha Aryasinha ឯកអគ្គរដ្ឋទូត​ស្រីលង្កា​ប្រចំា​អង្គការសហប្រជាជាតិ។ លោក Ravinatha បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​ថ្នាក់ដឹកនំា​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ច្រានចោល​ទំាង​ស្រុង​​នូវ​ការ​រិះគន់​របស់​លោក Zeid Ra’ad Al Hussein។ នៅ​ក្នុង​លិខិត​នោះ លោក Ravinatha បាន​ចាត់​ទុក​ទង្វើ​របស់​លោក Hussein ថា​ជា​ការ​រំលោភបំពាន​លើ​អធិបតេយ្យ​របស់​ស្រីលង្កា​ក្នុង​នាម​ជា​ប្រទេស​សមាជិក​របស់​អង្គការសហប្រជាជាតិ​តំាង​ពី​ឆ្នំា ១៩៥៥។

ទន្ទឹម​គ្នា​នេះ លោក Ravinatha ក៏​បាន​បញ្ជាក់​ច្បាស់ៗ​ថា រដ្ឋាភិបាល​ទីក្រុង​កូឡុំបូ ក៏​ដូច​ជា​ស្ថាប័ន​រដ្ឋ​ដទៃ​ទៀត គឺ​មិន​ដែល​បាន​ព្យាយាម​រារំាង ឬ​មួយ​ក៏​ហាម​មិន​ឲ្យ​បុគ្គលិក​ណា​ម្នាក់​ចេញ​មុខ​ធ្វើ​សាក្សី​ផ្តល់​ព័ត៌មាន​ឲ្យ​គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​នោះ​ទេ។ មួយ​វិញ​ទៀត លោក Ravinatha ក៏​បាន​សម្តែង​ការ​សោកស្តាយ​ដែល​រដ្ឋាភិបាល​ស្រីលង្កា​ត្រូវ​បាន​គេ​បិទសិទ្ធិ​ក្នុង​ការ​ជំទាស់​ទៅ​នឹង​ដំណើរការ​ស៊ើបអង្កេត​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ និង​ថា វា​ជា​ទង្វើ​មួយ​ដែល​ជះ​ឥទ្ធិពល​អាក្រក់​លើ​អារម្មណ៍​របស់​ប្រជាជន​ស្រីលង្កា និង​អនាគត​របស់​ប្រទេស​នៅ​ក្នុង​បរិបទ​នៃ​ការ​ផ្សះផ្សាជាតិ។

 
កាល​ពី​ថ្ងៃ​សុក្រ ទី៧ វិច្ឆិកា លោក​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ Hussein បាន​ចោទ​រដ្ឋាភិបាល​ស្រីលង្កា​ពី​បទ​បាន​គំរាម​មនុស្ស​កុំ​ផ្តល់​ព័ត៌មាន ក៏​ដូច​ជា​ព្យាយាម​រារំាង​ដំណើរ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​សង្រ្គាមប្រឆំាង​ពួកឧទ្ទាម​តាមូល​ចន្លោះ​ឆ្នំា ១៩៧២ និង ២០០៩ ដោយ​បាន​បណ្តាល​ឲ្យ​ស្លាប់​ជនស៊ីវិល​តាមូល​ជាង ៤០ ០០០នាក់។ លោក Hussein បាន​បញ្ជាក់​ថា បើ​រដ្ឋាភិបាល​ស្រីលង្កា​មិន​ព្រម​រួមសហការណ៍​ទេ​នោះ ចុះ​ហេតុអ្វី​បាន​ជា​ចំា​បាច់​ប្រឹងប្រែង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​រារំាង​ដល់​ដំណើរការស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​ខ្លំាង​ម្ល៉េះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ