អានតួអត្ថបទ
ស៊ីរី

វិបត្តិ​ស៊ីរី៖ លោក​ខាង​លិច​និង​សម្ព័ន្ធ​អារ៉ាប់​បង្កើន​សម្ពាធ​លើ​រុស្ស៊ី

នៅថ្ងៃ​អង្គារ​ ៣១ មករា​នេះ​ អគ្គលេខាធិការ​សម្ព័ន្ធ​អារ៉ាប់ និង​នាយករដ្ឋមន្រ្តី​កាតារ​នឹង​​ទៅទីក្រុង​ញូវយ៉ក ដើម្បី​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អនុម័ត​សេចក្តីសម្រេច​ គាំទ្រ​ផែនការ​របស់​សម្ព័ន្ធ​អារ៉ាប់​ ក្នុងការ​ដោះស្រាយ​វិបត្តិស៊ីរី។ អគ្គលេខា​ធិការ​សម្ព័ន្ធ​អារ៉ាប់​គ្រោង​ប្រាប់​ទៅ​តំណាង​រដ្ឋាភិបាល​រុស្ស៊ី​ថា ការប្រើសិទ្ធិវ៉េតូ​លើ​សេចក្តីសម្រេច​នេះ គឺ​ប្រៀបបាន​នឹង​ការ​ប្រឆាំង​នឹង​ពិភព​អារ៉ាប់​ទាំងមូល។

បាតុករ​​ប្រឆាំង​ជនជាតិ​ស៊ីរី​នាំគ្នា​លើក​បដា​រិះគន់​លោក​ពូទីន​ នាយករដ្ឋមន្រ្តី​រុស្ស៊ី
បាតុករ​​ប្រឆាំង​ជនជាតិ​ស៊ីរី​នាំគ្នា​លើក​បដា​រិះគន់​លោក​ពូទីន​ នាយករដ្ឋមន្រ្តី​រុស្ស៊ី REUTERS/Handout
ផ្សាយពាណិជ្ជកម្ម

ការប្រឈមមុខ​ដាក់គ្នា​នឹង​កើតមាន​នៅ​ថ្ងៃ​អង្គារ​នេះ នៅទីក្រុងញូវយ៉ក រវាង​ម្ខាង ​​រុស្ស៊ី និង​ម្ខាង​ទៀត​សម្ព័ន្ធ​អារ៉ាប់ និង​ប្រទេស​លោកខាងលិច​ ជុំវិញ​វិបត្តិ​នៅស៊ីរី។

សម្ព័ន្ធ​អារ៉ាប់​បញ្ជូន​ឥស្សរជន​ពីររូប គឺ​អគ្គលេខាធិការ និង​នាយករដ្ឋមន្រ្តី​កាតារ ដែល​ជា​ប្រធាន​គណៈកម្មាធិការ​សម្ព័ន្ធ​អារ៉ាប់​ទទួល​បន្ទុក​កិច្ចការ​ស៊ីរី ដើម្បី​ឆ្លើយ​ការពារ​ផែនការ​របស់ខ្លួន​ចំពោះ​មុខ​ក្រុមប្រឹក្សា​សន្តិសុខ។ អាមេរិក អង់គ្លេស និង​បារាំង សុទ្ធតែ​បាន​បញ្ជូន​រដ្ឋមន្រ្តី​ការបរទេស​ទៅ​ញូវយ៉ក​ដោយ​ផ្ទាល់ ដើម្បី​គាំទ្រ​ផែនការ​របស់​សម្ព័ន្ធ​អារ៉ាប់ ទល់​នឹង​ការ​ប្រឆាំង​របស់​រុស្ស៊ី។

នៅ​ក្នុង​​សេចក្តីព្រាង​សេចក្តីសម្រេច​ ដែល​វិទ្យុបារាំង​អន្តរជាតិ​ទទួលបាន ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ចង់​ដាក់​កំហិត​ឲ្យ​រដ្ឋាភិបាល​ស៊ីរី​អនុវត្ត​តាម​ផែនការ​របស់​សម្ព័ន្ធ​អារ៉ាប់ ដែល​ចែកចេញ​ជា​ពីរផ្នែក៖

ដំណោះស្រាយ​ភ្លាមៗ​​ដើម្បី​បញ្ចប់​អំពើ​ហិង្សា

សេចក្តីព្រាង​​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស៊ីរី​៖

  • បញ្ឈប់​រាល់​អំពើ​ហិង្សា និង​ត្រូវ​ការពារ​ប្រជាជន​ស៊ីវិល
  • ដោះលែង​អ្នកទោស​ទាំងអស់ ដែ​ល​​អាជ្ញាធរ​​បាន​ចាប់ខ្លួន​ ក្នុង​ព្រឹត្តិការណ៍​បះបោរ​ប្រឆាំង​កន្លងទៅ
  • ដក​កងទ័ព​ទាំងអស់ ដែល​រដ្ឋាភិបាល​ស៊ីរី​ដាក់​ពង្រាយ​តាម​ទីក្រុង និង​ទីប្រជុំជន ដើម្បី​បង្រ្កាប​ក្រុមប្រឆាំង
  • ផ្តល់​សិទ្ធិសេរីភាព​ពេញលេញ ដល់​ក្រុម​អ្នក​សង្កេតការណ៍​របស់​សម្ព័ន្ធ​អារ៉ាប់ ដើម្បី​បំពេញ​បេសកកម្ម​ នៅ​ក្នុង​ប្រទេស​ស៊ីរី

ដំណោះស្រាយ​​បន្ទាប់​ដើម្បី​​ធ្វើ​កំណែទម្រង់​នយោបាយ

  • លោក​បាស្ហា អាល់អាសាដ (Bachar al-Assad) ត្រូវ​ចុះចេញ​ពី​តំណែង ហើយ​ផ្ទេរ​អំណាច​ឲ្យ​អនុប្រធានាធិបតី​ស៊ីរី​វិញ
  • បន្ទាប់​មក អនុប្រធានាធិបតី​ស៊ីរី​ត្រូវ​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​មួយ ដោយ​មាន​រួមបញ្ចូល​ក្រុមប្រឆាំង
  • រដ្ឋាភិបាល​រួបរួមជាតិ​នេះ​​ត្រូវ​រៀបចំ​ការ​បោះឆ្នោត​ជាតិមួយ ដែល​មាន​លក្ខណៈ​សេរី និង​ប្រកប​ដោយ​តម្លាភាព ក្រោម​ការ​ចាត់ចែង​របស់​សម្ព័ន្ធ​អារ៉ាប់ និង​សហគមន៍​អន្តរជាតិ។

គឺ​ការ​ទាមទារ​ឲ្យ​លោក​អាសាដ​ចុះចេញ​ពីតំណែង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​រុស្ស៊ី​ជំទាស់។ ជាទូទៅ គេសង្កេតឃើញ​ថា រុស្ស៊ី​តែងតែ​ជំទាស់​នឹង​រាល់​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ ដែល​មាន​អត្ថន័យ​​ជំរុញ​ឲ្យ​ផ្លាស់ប្តូរ​របបដឹកនាំ នៅ​ក្នុង​ប្រទេស​អធិបតេយ្យ។ លើស​ពីនេះ​ទៅទៀត របបដឹកនាំ ដែល​ក្រុមប្រឹក្សា​សន្តិសុខ​ចង់​ផ្លាស់ប្តូរ នៅស៊ីរី នៅពេលនេះ គឺ​​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី។

រុស្ស៊ី​មាន​មូលដ្ឋាន​ទ័ព​ជើងទឹក​នៅ​ស៊ីរី។ ស៊ីរី​ទិញ​គ្រឿង​សព្វាវុធ​ពី​រុស្ស៊ី គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា ៧០០លាន​ដុល្លារ ក្នុងមួយឆ្នាំៗ។ ថ្មីៗ​នេះ នៅ​ក្នុង​ពេល​ដែល​កំពុង​មាន​ចលនា​បះបោរ​ប្រឆាំង​នៅ​ស៊ីរី រុស្ស៊ី​ក៏​នៅបន្ត​លក់​យន្តហោះ​ចម្បាំង ចំនួន ៣៥​គ្រឿង​ទៅ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​អាសាដ (កិច្ចសន្យា​ដែល​​​មាន​តម្លៃ​រហូតដល់​ទៅ ៥៥០លាន​ដុល្លារ)។

រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី​មិនលើកទូរស័ព្ទ

សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​បញ្ចុះបញ្ចូល​រុស្ស៊ី​ឲ្យ​គិត​ថា លោក​អាសាដ​នឹង​មិន​អាច​បន្ត​កាន់អំណាច​នៅស៊ីរី​ទៀត​បានទេ។ ដូច្នេះ រុស្ស៊ី​គួរ​បញ្ឈប់​ការ​គាំទ្រ​លើ​លោក​អាសាដទៅ ហើយ​ងាក​មក​ជួយជ្រោមជ្រែង​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​របបដឹកនាំវិញ ដើម្បី​​ទុក​លទ្ធភាព​រក្សា​ទំនាក់ទំនង និង​​​ផលប្រយោជន៍​របស់​រុស្ស៊ី នៅ​ពេល​មាន​របបដឹកនាំថ្មី នៅស៊ីរី។ ក៏ប៉ុន្តែ បើតាមមើលទៅ រដ្ឋាភិបាល​រុស្ស៊ី​ទំនង​ជា​មិន​យល់ឃើញ​បែបនេះទេ។

បើ​យោងតាម​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី​មិនទាំង​ឆ្លើយ​ទូរស័ព្ទ​របស់​លោក​ស្រី​ហ៊ីឡារី គ្លីនតុន​ផង ទោះបី​ជា​មាន​ការ​ព្យាយាម​ហៅ​​ជាច្រើន​លើក នៅ​ក្នុងរយៈពេល ២៤ម៉ោង កន្លងទៅនេះ។

ប្រឆាំង​នឹង​សេចក្តីសម្រេច​ក្រុមប្រឹក្សា​សន្តិសុខ​ដូចប្រឆាំង​នឹង​ពិភព​អារ៉ាប់

យោងតាម​ប្រភព​ការទូត ដែល​សុំ​មិនបញ្ចេញ​ឈ្មោះ អគ្គលេខាធិការ​សម្ព័ន្ធ​អារ៉ាប់​គ្រោង​នឹង​ជួប​ជាមួយ​​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អ.ស.ប. ដើម្បី​បញ្ជាក់ថា ប្រសិន​បើ​រុស្ស៊ី​ប្រើសិទ្ធិវ៉េតូ​លើ​សេចក្តីព្រាង​​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៅពេលនេះ គឺ​ប្រៀបដូច​ជា​ប្រឆាំង​នឹង​ពិភពអារ៉ាប់​ទាំងមូល។

មន្រ្តី​ការទូត​បារាំង​បាន​ឲ្យ​ដឹង​ថា រហូតមកទល់ពេលនេះ នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. មាន​ប្រទេស​ចំនួន ១០​ហើយ ដែល​គាំទ្រផែនការ​របស់​សម្ព័ន្ធ​អារ៉ាប់ ពោលគឺ លើសពី ៩​សំឡេង ដែល​ត្រូវការ ដើម្បី​អនុម័ត។

សហរដ្ឋ​អាមេរិក អង់គ្លេស និង​បារាំង គ្រោង​នឹង​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​បោះឆ្នោត​អនុម័ត​សេចក្តីព្រាង​នេះ នៅ​ចុងសប្តាហ៍ បើទោះជា​រុស្ស៊ី​​ជំទាស់​ក៏ដោយ។ ធ្វើ​បែបនេះ គឺ​ដើម្បី​ដាក់សម្ពាធ​លើ​រុស្ស៊ី។ បើ​រុស្ស៊ី​ប្រើ​សិទ្ធិវ៉េតូ រុស្ស៊ី​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការ​រិះគន់​​​​ថា ជា​អ្នក​ទទួលខុសត្រូវ ចំពោះ​បរាជ័យ​​នៃ​ផែនការ​របស់​សម្ព័ន្ធ​អារ៉ាប់។

រុស្ស៊ី​ស្នើ​សុំធ្វើ​ជា​អន្តរការី​ដើម្បី​ដោះស្រាយវិបត្តិ​ស៊ីរី

រុស្ស៊ី​ទំនង​ជា​បាន​មើលឃើញ​ អំពី​ផលវិបាក​នយោបាយ និង​ការទូត នៃ​ការ​ប្រើសិទ្ធិវ៉េតូ លើ​ផែនការ​របស់​សម្ព័ន្ធ​អារ៉ាប់​នេះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​រុស្ស៊ី​មិន​បាន​និយាយ​ច្បាស់ៗ​ថា ខ្លួន​នឹង​បោះឆ្នោត​ប្រឆាំង​នឹង​សេចក្តីព្រាង​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ទេ ដោយ​គ្រាន់តែ​និយាយ​ថា ខ្លឹមសារ​ក្នុង​សេចក្តីព្រាងនេះ​ គឺ​ជា​រឿង ដែល​មិន​អាច​ទទួល​យក​បាន។ ក៏ប៉ុន្តែ រុស្ស៊ី​​មាន​ឆន្ទៈ​ចង់​ចរចា ដើម្បី​សម្រួល​ពាក្យពេចន៍​ក្នុង​សេចក្តីព្រាង​នេះ។

ក្នុង​ពេល​ជាមួយ​គ្នា រដ្ឋាភិបាល​រុស្ស៊ីបាន​អញ្ជើញ​តំណាង​រដ្ឋាភិបាល​ស៊ីរី និង​តំណាង​ក្រុមប្រឆាំង​​ឲ្យ​ទៅ​រុស្ស៊ី ដើម្បី​ចរចា​គ្នា ក្រោម​ការ​សម្របសម្រួល​របស់​រុស្ស៊ី។ សំណើ​នេះ​​បាន​ទទួល​នូវ​ចម្លើយ​វិជ្ជមាន​ ពី​សំណាក់​រដ្ឋាភិបាល​ស៊ីរី។ ក៏ប៉ុន្តែ តំណាង​ក្រុមប្រឆាំង​បាន​បដិសេធ ដោយ​លើក​ឡើង​ថា ដរាបណា​លោក​អាសាដ នៅ​កាន់តំណែង គេ​មិន​អាច​អង្គុយ​ចរចា​ជាមួយ​អាជ្ញាធរ​ស៊ីរី​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ