អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី

ម៉ូស្គូ​នឹងការពារ​ស៊ីរី​ទៀត​ហើយ​

គឺថ្ងៃសុក្រ​នេះ​នៅវេលាម៉ោង​ ១៥​ម៉ោង​ក្រុង​ New York ​ដែលត្រូវ​នឹងម៉ោង​៣ភ្លឺ​នៃ​ថ្ងៃសោរ៍​ស្អែក​ទៅហើយ ​ម៉ោងនៅ​ភ្នំពេញ​ ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​. នឹងពិភាក្សា​ទៅលើ​គម្រោង​នៃ​សេចក្តី​សម្រេច​តាក់តែង​ឡើង​ដោយ​”សម្ព័ន្ធអារ៉ាប”​ រួមជា​មួយពួក​បស្ចិមប្រទេស​ ឆ្ពោះទៅ​ដោះស្រាយ​វិបត្តិ​រ៉ាំរ៉ៃ​នៅ​ប្រទេស​ស៊ីរី។​ ដោយហេតុ​ថា​ ចំណុចមួយ​នៃ​គម្រោង​នេះ តម្រូវឲ្យ​លោក​ប្រធានាធិបតី​ស៊ីរី​ Bashar​ al Assad ​ជាសម្ព័ន្ធមិត្ត​រុស្ស៊ី​លាចេញ​ពី​តំណែង​។​ ទីក្រុង​ម៉ូស្គូ​ច្បាស់ជា​នឹង​ប្រើសិទ្ធិ​ Veto ​ជំទាស់ មិនឲ្យ​អនុម័ត​កើតឡើយ។

ទីក្រុង​ម៉ូស្គូ​​​​នឹង​ប្រើ​សិទ្ធិ​ Veto​ ដើម្បី​ការពារ​ប្រទេស​ស៊ីរី
ទីក្រុង​ម៉ូស្គូ​​​​នឹង​ប្រើ​សិទ្ធិ​ Veto​ ដើម្បី​ការពារ​ប្រទេស​ស៊ីរី © GNU/Wikipedia
ផ្សាយពាណិជ្ជកម្ម

 
ជាបឋម​គួររំលឹកថា​ កាលពី​ខែតុលា​ឆ្នាំទៅ​មិញ​ រុស្ស៊ី​ដោយរួម​ជាមួយ​ចិន​ ក្នុងឋានៈ​ជា​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ បំពាក់​ដោយ​សិទ្ធិVeto​ បាន​ប្រើ​សិទ្ធិនេះ​ទៅហើយ​ ខ្ទប់​មិនឲ្យ​ចេញរួច​ទេ​គម្រោង​នៃ​សេចក្តី​សម្រេច​ដាក់​ចេញ​ដោយ​ប្រទេស​ខាងលិច​ ​ ពីព្រោះតាម​យោបល់​ម៉ូស្គូ​ធាតុពិត​នៃឯកសារ​នោះ ​នៅទី​បំផុត​ទៅ​គឺសំដៅ​ផ្តួល​របប​គ្រប់គ្រង​នៅស៊ីរី​នៃ​លោកប្រធានាធិបតី​ Bashar al Assad។

ក្រោយមក​រុស្ស៊ី​ខ្លួនឯង​ផ្ទាល់​បានដាក់​ចេញ​នូវ​គម្រោង​បែបនេះ​ របស់​ខ្លួនផ្ទាល់​អស់៣លើក​ប៉ុន្តែ​ពុំបាន​ទទួល​ការគាំទ្រ​ពីបស្ចិមលោក​ទេ ​ក្រោមលេសថា​ គម្រោង​រុស្ស៊ី​ធូរ​រលុង​ពេក​ ឥត​ចែង​អំពី​ការដាក់​ទណ្ឌកម្ម​របប​លោកAssad ​ហើយមាន​ន័យ​ត្រឹមតែ​ថ្កោលទោស​ ចំពោះ​អំពើ​ហិង្សា​នៅស៊ីរី​ទៅលើភាគី​បដិបក្ខ​ទាំងពីរ​តែម្តង​គឺទៅ​លើរបប​លោកAssad​ផង​ និងទៅ​លើភាគី​បះបោរ​ផង​ ភាគី​ដែលទាមទារ​ពី​លោកAssad ​ឲ្យចុះចេញ​ពីតំណែង​ទៅ។ ខ្លឹមសារ​សំណើ​រុស្ស៊ី ​គឺឆ្ពោះទៅ​អន្ទង​គូភាគី​នោះ ឲ្យដោះស្រាយ​វិបត្តិ​នៅស៊ីរី​តាមផ្លូវ​ចរចា​ក្នុងនាម​ផ្សះផ្សាជាតិ។

ដើម្បី​បញ្ចុះ​បញ្ចូល​ម៉ូស្គូ​ ឲ្យគាំទ្រ​ដល់​គម្រោង​អារ៉ាប់​ លោកអគ្គលេខាធិការ​”សម្ព័ន្ធអារ៉ាប” ​Nabil al-Arabi​ បាន​ទូរសព្ទ​មកលោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ​Serguei ​Lavrov​ ដោយលាត​ត្រដាងថា​ គម្រោង​ដាក់ចេញ​ដោយ​”សម្ព័ន្ធអារ៉ាប”​ មាន​ចំណុច​ច្រើន​ ដូច​ទស្សនៈ​យល់ឃើញ​របស់​រុស្ស៊ី​អ៊ីចឹង​បែបយ៉ាង​ ចាំបាច់​ត្រូវតែ​ដោះស្រាយ​បញ្ហាស៊ីរី​ដោយ​សន្តិវិធី​ ឈរលើ​ការបញ្ឈប់​រាល់​អំពើ​ហិង្សា ​ចាប់ផ្តើម​ឲ្យបាន​ឆាប់ឡើង​សំវាទ​រវាង​គូភាគី​បដិបក្ខ​នៅស៊ីរី​ ហាម​មិនឲ្យ​មាន​អន្តរាគមន៍​យោធា​ពីក្រៅឡើយ។

ប៉ុន្តែ​តាមព្យាករណ៏​កាសែត​មជ្ឈដ្ឋាន​Business​រុស្ស៊ី​ ឈ្មោះKommersant ​លេខថ្ងៃនេះ​គ្រាន់តែ​ចំណុច​មួយនៃ​គម្រោង​អារ៉ាប់​ដាក់ចេញ​ដោយ​រួមជា​មួយ​ប្រទេស​ខាងលិច​ដែល​តម្រូវឲ្យ​លោក​ប្រធានាធិបតី​ស៊ីរី​ Assad​ ជាសម្ព័ន្ធមិត្ត​រុស្ស៊ី ​ផ្ទេរអំណាច​ទៅឲ្យ​អនុ​របស់​គាត់​ដើម្បី​បង្កើត​ឡើង​ជា​”រដ្ឋាភិបាល​ឯកភាព​ជាតិ​អន្តរកាល”​ គឺវា​គ្រប់គ្រាន់​ទៅហើយ​ សម្រាប់​រុស្ស៊ី​ប្រើជា​ថ្មី ​សិទ្ធិVeto​ របស់ខ្លួន។

ចំណែក​កាសែត​រដ្ឋាភិបាល​រុស្ស៊ី ​ឈ្មោះ ​“Rossiskaya Gazeta” លេខថ្ងៃនេះ​ បំភ្លឺ​ឲ្យដឹង​អំពី​មូលហេតុ​ដែលញ៉ាំងឲ្យ​បស្ចិមលោក​ ខ្នក់ខ្នាញ់​នឹង​លោក​ប្រធានាធិបតី​Assad​ គឺមកពី​គាត់​ស្និទ​នឹង​របប​នៅអ៊ីរ៉ង់​ ធ្វើនយោបាយ​ឯករាជ្យ​ម្ចាស់ការ​គាំទ្រ​ប្តូរផ្តាច់​ដល់​ចលនា​ប៉ាឡេស្ទីន​ ហើយប្រាកដ​ណាស់ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ