អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទីក្រុង New Delhi​​ មិន​ពេញចិត្ត​នឹង​វត្តមាន​ចិន​នៅ​ក្នុង​តំបន់​សមុទ្រ​ឥណ្ឌា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉ុន្មាន​​ថ្ងៃ​​កន្លង​​មក​​ហើយ​ ដែល​​ភាព​​តានតឹង​​រវាង​​ចិន​​និង​​ឥណ្ឌា​​ បាន​​និង​​កំពុង​​បន្ត​​កើន​​ឡើង។ ​កាល​​ពី​​ថ្ងៃ​​ទី ​២៧​​សីហា​​កន្លង​​ទៅ​​នេះ​ ចិន​​មិន​​ព្រម​​អនុញ្ញាត​​ឲ្យ​​មេ​បញ្ជាការ​​ឥណ្ឌា​​នៅ​​តំបន់​Cachemire មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​គេ ជាហេតុ​ធ្វើ​ឲ្យ​ទីក្រុង​New Delhi ខឹង​សម្បារ។ គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​កាល​ពី​ថ្ងៃ​ទី​៣១​សីហា​ម្សិលមិញ ប្រមុខ​ការ​ទូត​ឥណ្ឌា​បាន​ចេញ​មុខ​ចោទ​ប្រទេស​ចិន​ថា មាន​មហិច្ឆតា​កាន់​តែ​ខ្លាំង​មក​លើ​តំបន់​សមុទ្រ​ឥណ្ឌា។

នាយករដ្ឋមន្ត្រី​ឥណ្ឌា( រូបស្តាំ)និង​លោក​ប្រធានាធិបតីចិន( រូបឆ្វេង )
នាយករដ្ឋមន្ត្រី​ឥណ្ឌា( រូបស្តាំ)និង​លោក​ប្រធានាធិបតីចិន( រូបឆ្វេង ) © Reuters
ផ្សាយពាណិជ្ជកម្ម

«យើង​យល់​ឃើញ​ថា ប្រទេស​ចិន​ចាប់ចិត្ត​ខ្លាំង​ពេក​មក​លើ​តំបន់​សមុទ្រ​ឥណ្ឌា(…) ម្ល៉ោះ​ហើយ បាន​ជា​យើង​ចាំបាច់​ត្រូវតែ​តាម​ឃ្លាំ​មើល​គោល​បំណង​ពិត​ប្រាកដ​របស់​ប្រទេស​ចិន»។ នេះ​ជា​ការ​ប្រកាស​របស់​លោក​ប្រមុខការទូត​ឥណ្ឌា កាលពី​ថ្ងៃ ៣១​សីហា ម្សិលមិញ នៅ​ចំពោះ​មុខ អ្នក​តំណាងរាស្រ្ត ក្នុង​ទីក្រុង New Dehli ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​ទីក្រុង​Pékin មិន​ព្រម​ចេញ​ទិដ្ឋាការ​អនុញ្ញាត​ឲ្យ​មេ​បញ្ជាការ​ឥណ្ឌា​នៅ​តំបន់ Cachemire មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន។ គួរ​និយាយ​ថា Cachemire ដែល​ឥណ្ឌា​និង​ប៉ាគីស្តង់​ដណ្តើម​គ្នា​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ ក៏​ត្រូវ​ប្រទេស​ចិន​ទាមទារ​ចង់​បាន​ដែរ។

 
យ៉ាង​ណាក៏ដោយ ពាក្យ​សំដី​ខាង​លើ​របស់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​កាលពី​ម្សិលមិញ ស្តែង​ឲ្យ​ឃើញ​នូវ​ក្តី​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​របស់​ថ្នាក់​ដឹក​នាំ​ឥណ្ឌា ចំពោះ​មហិច្ឆតា​របស់​ប្រទេស​ចិន​មក​លើ​ភូមិភាគ​អាស៊ី​ខាង​ត្បូង ដែល​ទីក្រុង New Dehliចាត់​ទុក​ថា ជា​ដែន​ប្រមាញ់​របស់​ខ្លួន។

តាម​ពិត​ទៅ ការ​ព្រួយបារម្ភ​បែប​នេះ​របស់​ឥណ្ឌា​មាន​ហេតុផល។ មហិច្ឆតា​របស់​ចិន​មក​លើ​អាស៊ី​ខាងត្បូង បាន​ផ្តើម​ឡើង​តាំង​ពី​ឆ្នាំ ១៩៥១​ម្ល៉េះ តាម​រយៈ​ការ​លេប​យក​ដែនដី​ទីបេ និង​ជាពិសេស តាម​រយៈ​ការ​ឈ្លានពាន​យក Aksai Chin ដី​មួយ​ដុំ​នៅ​ប៉ែក​ឦសាន Cachemire។ ជម្លោះ​ទឹកដី​ថែម​ទាំង​បាន​ជម្រុញ​ឲ្យ​ប្រទេស​ជិត​ខាង​ទាំង​ពីរ​ច្បាំង​គ្នា នៅ​ឆ្នាំ ១៩៦២​ទៀត​ផង។ តាំងពី​ពេលនោះ​មក ចិន​ចាប់ផ្តើម​មាន​គំនិត​ឡោមព័ទ្ធ​ឥណ្ឌា ដោយ​បាន​ចង​សម្ព័ន្ធភាព​ជាមួយ​ប៉ាគីស្តង់ ភូមា ហើយ​ក្រោយមក​ទៀត ជាមួយ​បង់ក្លាដែស​និង​សេរីលង្កា។

 
ជា​ការ​ពិត​ណាស់​ដែល​ថា តាំង​ពី​ឆ្នាំ ២០០០​មក​ទល់​ឥឡូវ ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ចិន​និង​ឥណ្ឌា បើ​គិត​ជា​ទឹក​ប្រាក់ បាន​កើន​ឡើង​ដល់​ទៅ ៣០​ដង។ ប៉ុន្តែ ភាព​តានតឹង​បច្ចុប្បន្ន​រវាង​ទីក្រុង Pékin និង​ទីក្រុង New Delhi ស្តែង​ឲ្យ​យល់​ថា ទំនាក់​ទំនង​ល្អ​ប្រសើរ​ផ្នែក​សេដ្ឋកិច្ច​មិន​បាន​ធ្វើ​ឲ្យ​គូ​ប្រជែង​ទាំង​ពីរ​ដែល​កំពុង​លេច​ត្រដែត​ឡើង​ជា​មហា​អំណាច​តំបន់​ភ្លេច​រឿង​ចាស់ និង​ទុកចិត្ត​គ្នា​បាន​ទេ។

 
ក្នុង​ខណៈ​នេះ ឥណ្ឌា​តាម​ឃ្លាំ​មើល ការ​រួម​ចំណែក​យ៉ាង​សកម្ម​ពី​សំណាក់​ប្រទេស​ចិន​ក្នុង​ការ​ជួសជុល​កំពង់ផែ Gwadar នៅ​ប៉ាគីស្តង់ កំពង់ផែ Hambantota នៅ​សេរីលង្កា និង​ទំនាក់ទំនង​ស្និទ្ធស្នាល​ខ្លាំង​ពេក​រវាង​ចិន​និង​ភូមា។ សម្រាប់​ទីក្រុង New Delhi ចិន​បាន​និង​កំពុង​បន្ត​វិល​ត្រឡប់​មក​អនុវត្ត​យុទ្ធសាស្រ្ត​ឡោមព័ទ្ធ​ប្រទេស​ឥណ្ឌា តាម​រយៈ​ការ​លាត​សំណាញ់ ពី​ប៉ាគីស្តង់​ទៅ​ដល់​ភូមា ដោយ​ឆ្លង​កាត់​តាម​សេរីលង្កា។ រី​ឯ​ទីក្រុង Pékinវិញ​ឆ្លើយ​ដោះសារ​ថា គេ​គ្មាន​បំណង​អាក្រក់​ទៅ​លើ​ឥណ្ឌា​ទេ ហើយ​ថា​តំបន់​សមុទ្រ​ឥណ្ឌា​ជា​ច្រក​ចេញចូល​នៃ​នាវា​ដឹក​ប្រេងកាត​របស់​គេ ម្ល៉ោះ​ហើយ​គេ​ត្រូវ​តែ​ការពារ​ផ្លូវ​ទឹក​នេះ ជា​ចាំ​បាច់។

 
ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ ថ្នាក់​ដឹក​នាំ​ចិន​ក៏​តាម​ឃ្លាំ​មើល​សកម្មភាព​របស់​ប្រទេស​ឥណ្ឌា​យ៉ាង​ល្អិតល្អន់​ដែរ។ ទីក្រុង Pékin ជឿជាក់​ថា ឥណ្ឌា​ដែល​ក៏​ជា​មហា​អំណាច​នុយក្លេអ៊ែរ និង​ដែល​កំពុង​ស្គាល់​កំណើន​សេដ្ឋកិច្ច​ខ្លាំងក្លា​ដូច​ប្រទេស​ចិន​ដែរ​នោះ ពិត​ជា​មាន​មហិច្ចតា​ចង់​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន ចេញ​ហួស​ពី​ព្រំដែន​នៃ​ភូមិភាគ​អាស៊ី​ខាង​ត្បូង។

 
យ៉ាងណាក៏ដោយ ឥណ្ឌា​ដែល​ជា​សត្រូវ​របស់​ចិន​ក្នុង​អតីតកាល និង​ជា​គូ​ប្រជែង​របស់​ចិន ក្នុង​បច្ចុប្បន្នកាល បាន​និង​កំពុង​បន្ត​រក​បង្អែក ដើម្បី​ទប់ទល់​នឹង​ចិន និង​សាកល្បង​កាត់​បន្ថយ​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់។ ក្នុង​ន័យ​នេះ ឥណ្ឌា​ត្រូវ​គ្នា​ជាមួយ​សហរដ្ឋ​អាមេរិក​កាន់តែ​ខ្លាំង​តាំងពី​មហា​ភេរវកម្ម​ថ្ងៃ​ទី ១១​កញ្ញា ឆ្នាំ ២០០១​មក ឥណ្ឌា​បាន​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​ជប៉ុន នា​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដើម្បី​ទាមទារ​រួម​គ្នា​អសនៈ​អចិន្រ្តៃយ៍​មួយ នៅ​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ហើយ​ឥណ្ឌា​ក៏​បាន​ចុះ​កិច្ច​ព្រមព្រៀង​យោធា ជាមួយ​ឥណ្ឌូនេស៊ី និង​ជាមួយ​វៀតណាម​ដែរ។ ដោយ​ឡែក ក៏​ដូច​ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ដែរ ឥណ្ឌា​ចូល​រួម​ក្នុង​រាល់​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ​របស់​អាស៊ាន ជាហេតុ​ធ្វើ​ឲ្យ​អ្នក​ដឹក​នាំ​ខ្លះ​នៅ​ទីក្រុង New Delhi ធ្លោយ​មាត់​និយាយ​ថា ប្រទេស​ឥណ្ឌា​គួរតែ​ដើរ​តួនាទី​ជា​ដៃ​យោធា និង​ជា​ដៃ​នុយក្លេអ៊ែរ​របស់​អាស៊ាន​បណ្តោយ​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ