អានតួអត្ថបទ
ចិន

Amnesty International បរិហារ​ពី​ការ​បណ្តេញចេញ​ពី​ដីធ្លី ឬ​លំនៅដ្ឋាន​ដោយ​ប្រើ​អំពើហិង្សា

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១១ តុលា​នេះ Amnesty International បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ការ​បណ្តេញ​មនុស្ស​ចេញ​ពី​ដីធ្លី ឬមួយ​ពី​លំនៅដ្ឋាន​ដោយ​ប្រើ​អំពើហិង្សា។ យោង​តាម Amnesty International ការ​ប្រើ​អំពើ​ហិង្សា​បណ្តេញ​មនុស្ស​ចេញ​ពី​ដីធ្លី ឬ​ពី​លំនៅដ្ឋាន​នៅ​ក្នុង​ប្រទេស​ចិន​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុងក្រោយ​នេះ។

Amnesty​ International.
Amnesty​ International. © Reuters
ផ្សាយពាណិជ្ជកម្ម

យោង​តាម​អង្គការ​ក្រៅរដ្ឋាភិបាល(ONG) នៅ​ក្នុង​រយៈពេល ២ឆ្នំា​ចុង​ក្រោយ​នេះ ចំនួន​ប្រជាពលរដ្ឋ​ចិន​ដែល​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​បោះបង់​ចោល​ដីធ្លី ឬ​មួយ​លំនៅដ្ឋាន​របស់​ខ្លួន​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់ គិត​ទំាង​អ្នករស់​ក្នុង​ទីក្រុង និង​ជនបទ។ ការ​បណ្តេញ​ចេញ​ដោយ​មាន​ការ​ប្រើ​អំពើហិង្សា ដូច​យ៉ាង​វាយតប់ ចាប់​ញាត់​គុក និង​ពេល​ខ្លះ​សម្លាប់​ចោល​តែ​ម្តង​នៅ​ពេល​ណា​ដែល​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ប្រឆំាង។ តាម​ការ​សិក្សា​លើ​ការ​បណ្តេញ​ចំនួន ៤០ករណី ONG បាន​បញ្ជាក់​បន្ថែម​ថា មាន​ជនរងគ្រោះ​មួយ​ចំនួន​ថែម​ទំាង​ព្យាយាម​ដុត​ខ្លួន​ឯង​ទៀត​ផង។

ផ្អែក​តាម​អង្គការ​ក្រៅរដ្ឋាភិបាល គណបក្ស​កុម្មុយនិស្ត​កាន់​អំណាច​ក្នុង​ប្រទេស​ចិន​បាន​និង​កំពុង​បន្ត​អនុវត្ត​នូវ​នយោបាយ សេដ្ឋកិច្ច​មួយ​ដោយ​ទុក​បណ្តាយ​ឲ្យ​រដ្ឋអំណាច​មូលដ្ឋាន​ជា​អ្នកស្វែង​រក​កំណើន​សេដ្ឋកិច្ច​ឲ្យ​រដ្ឋ ដោយ​មិន​បាន​កំណត់​អំពី​មធ្យោបាយ​ដែល​ត្រូវ​ធ្វើ​នោះ​ទេ។ ដើម្បី​អាច​សម្រេច​បាន​នូវ​ទិសដៅ​របស់​បក្ស រដ្ឋអំណាចជាន់ក្រោម​មិន​ញញើត​នឹង​រឹបអូស​យក​ដីធ្លី ឬលំនៅដ្ឋាន​របស់​ប្រជាជន​ដើម្បី​យក​ទៅ​សាងសង់​​ផ្លូវ និង​រោងចក្រ សហគ្រាស​ទេ។ ម្យ៉ាង​ទៀត និង​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ រដ្ឋអំណាចថ្នាក់លើ​ថែម​ទំាង​ជួយ​លើកទឹកចិត្ត និង​ផ្តល់​ប័ណ្ណសរសើរ​ឲ្យ​រដ្ឋអំណាចជាន់ក្រោម​ណា​ដែល​សម្រេច​បាន​ទិសដៅ​របស់​រដ្ឋាភិបាល​ទៀត​ផង។

Amnesty International បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ប៉េកំាង​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បណ្តេញ​ប្រជាពលដ្ឋ​ចេញ​ពី​ដីធ្លី ឬលំនៅដ្ឋាន ព្រម​ទំាង​នយោបាយ​លើក​ទឹកចិត្ត​រដ្ឋអំណាចជាន់ក្រោម​ដែល​ជា​អ្នក​អនុវត្ត​ផ្ទាល់។

នៅ​ប្រទេស​ចិន​សព្វថ្ងៃ ការ​រឹបអូស​ដីធ្លី​របស់​ប្រជាជន គឺ​ជា​មូលហេតុ​ចម្បង​នៃ​ការ​ងើបបះបោរ​របស់​ប្រជាជន​ប្រឆំាង​នឹង​រដ្ឋអំណាច។ ពេល​ខ្លះ ការ​ប្រទូសរ៉ាយ​រវាង​ប្រជាពលរដ្ឋ​ដែល​រងការ​រឹបអូស​ដីធ្លី ឬ​លំនៅដ្ឋាន និង​កម្លំាង​រដ្ឋាភិបាល​បាន​ផ្ទុះ​ឡើង​យ៉ាង​ហិង្សា​បំផុត។ កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ ជនជាតិ​ចិន​ម្នាក់​ដែល​បាន​ព្យាយាម​ដុតខ្លួនឯង​ដើម្បី​ប្រឆំាង​នឹង​ការ​រឹបអូស​យក​ដីធ្លី​របស់​គាត់​ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់។ ជា​ទូទៅ ប្រជាពលរដ្ឋ​ដែល​រងការ​រឹបអូស​ដីធ្លី ឬ​លំនៅដ្ឋាន​បាន​ទទួល​ប្រាក់សំណង​តិចតួច​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ