អានតួអត្ថបទ
ចិន

ការរឹបអូស​ដីធ្លី​ជា​មូលហេតុ​ចម្បង​នៃ​ការ​បះបោរ​របស់​ប្រជាជន​ចិន

អស់រយៈពេល​ជាង​មួយសប្តាហ៍​មកហើយ ដែល​អាជ្ញាធរ និង​ប្រជាជន​ចិន នៅ​ភូមិ​​មួយ ក្នុង​ខេត្ត​ក្វាងទុង ប្រឈមមុខ​ដាក់គ្នា ដោយសារ​តែជម្លោះ​ដីធ្លី។ អ្នកភូមិ​បាន​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម​​ជារៀងរាល់​ថ្ងៃ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​​​អាជ្ញាធរ​ដែនដី ដែល​ពួក​គេ​ចោទ​ថា​ជាមន្រ្តី​ពុករលួយ រឹបអូស​យក​ដី​អ្នកភូមិ​ទៅ​លក់​ឲ្យ​ឈ្មួញ។ ក្នុងរយៈពេល​ប្រមាណ​ជា ១០​ឆ្នាំ​កន្លងទៅនេះ ជម្លោះ​ដីធ្លី គឺ​ជា​មូលហេតុ​ចម្បង​បំផុត​ នៃ​​ការ​បះបោរ​របស់​ប្រជាជន​ចិន។

បាតុកម្ម​របស់​អ្នកភូមិ​វូកាន កាលពីថ្ងៃ​ព្រហស្បតិ៍ ១៥ ធ្នូ ២០១១
បាតុកម្ម​របស់​អ្នកភូមិ​វូកាន កាលពីថ្ងៃ​ព្រហស្បតិ៍ ១៥ ធ្នូ ២០១១ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ការបះបោរ​របស់​អ្នកភូមិ​​វូកាន នៅ​ខេត្ត​ក្វាងទុង បាន​ផ្ទុះឡើង តាំង​ពី​ខែ​កញ្ញា​មក​ម៉្លេះ។ រួចហើយ​ក៏​ស្ងប់ទៅវិញ។ ក៏ប៉ុន្តែ ការបះបោរ​បាន​ចាប់ផ្តើម​កក្រើក​ឡើងវិញ កាលពី​ដើម​សប្តាហ៍​នេះ ក្រោយ​ពី​តំណាង​អ្នកភូមិ​ម្នាក់​បាន​ស្លាប់ ក្នុង​មន្ទីរឃុំឃាំង​របស់​ប៉ូលិស។ អាជ្ញាធរ​អះអាង​ថា ​តំណាង​អ្នកភូមិ​នេះ​ស្លាប់​ដោយ​ជំងឺ​បេះដូង។ ក៏ប៉ុន្តែ អ្នក​ភូមិ​​ចោទ​ថា ការស្លាប់នេះ គឺ​បណ្តាល​មក​ពី​ការ​ធ្វើ​ទារុណកម្ម។

រហូតមកទល់ពេលនេះ អាជ្ញាធរ​នៅមិនទាន់​ប្រគល់​សាកសព​តំណាង​អ្នកភូមិ​នេះ​ទៅ​ឲ្យ​ក្រុមគ្រួសារ​វិញ​នៅឡើយទេ។

គួរបញ្ជាក់ថា អ្នកភូមិ​វូកាន​បាន​នាំគ្នា​ងើបឡើង​បះបោរ​ប្រឆាំង​នឹង​អាជ្ញាធរ​ដែនដី ដែល​ពួកគេ​ចោទ​ថា ជា​មន្រ្តី​ពុករលួយ ឃុបឃិត​ជាមួយ​ឈ្មួញ​ ហើយ​រឹបអូស​យក​ដី​ប្រជាជន ដោយ​មិន​ផ្តល់​សំណង​សមរម្យ។

ប្រឈមមុខ​នឹង​អំពើ​បះបោរ​​ដ៏ខ្លាំងក្លា​បែបនេះ អាជ្ញាធរ​ចិន​ក៏​បាន​សម្រេច​ផ្អាក​គម្រោង​អភិវឌ្ឍ​នៅ​វូកាន​វិញ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយ​គ្នា ក៏​បាន​ព្រមាន​ផងដែរថា​នឹង​ដាក់ទោស​អ្នកភូមិណា ដែល​ញុះញង់​ឲ្យ​មាន​អំពើ​បះបោរ​ប្រឆាំង​នឹង​អាជ្ញាធរ។

ចាប់តាំង​ពី​ឆ្នាំ​២០០២​មក ជម្លោះ​ដីធ្លី គឺ​ជា​មូលហេតុ​ធំជាងគេ ដែល​នាំឲ្យ​មាន​ការ​ប៉ះទង្គិចគ្នា​ រវាង​ប្រជាជន និង​អាជ្ញាធរ​ចិន។ នេះ​បើ​តាម​​ការ​ស្ទាបស្ទង់មតិ​​​រៀបចំ​ធ្វើ​ដោយ​បណ្តាញ​សារព័ត៌មាន​ស៊ីនហួ ហើយ​​ចុះផ្សាយ កាលពី​ខែ​តុលា​កន្លងទៅ។

មន្រ្តី​​បណ្ឌិតសភា​វិទ្យាសាស្រ្ត​សង្គម​ចិន​បាន​ឲ្យដឹង​ថា នៅចិន ក្នុងរយៈពេល ២០​ឆ្នាំ​កន្លងទៅនេះ ដីធ្លី​ជិត ៧លាន​ហិចតា​ត្រូវ​បាន​​​រដ្ឋ​​រឹបអូស​​ពី​ប្រជាជន ក្នុង​ហេតុផល​ថា យក​ទៅ​ធ្វើ​ការ​អភិវឌ្ឍ។ ក៏ប៉ុន្តែ សំណង​ដែល​រដ្ឋ​ ឬ​ឈ្មួញ​សង​ទៅ​អ្នកភូមិ​ម្ចាស់ដី គឺ​មាន​​តិច​ជាង​តម្លៃ​នៅលើ​ទីផ្សារ ដែល​ជា​មូលហេតុ​នាំឲ្យ​កើតមាន​ការ​ប្រឈមមុខ​ដាក់គ្នា​រវាង​ម្ចាស់ដី និង​អាជ្ញាធរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ