អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សហរដ្ឋ​អាមេរិក​ដោះលែង​អ្នក​ទោស​ចំនួន​ ៦​ ពាន់​នាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចន្លោះ​ពី​ថ្ងៃ​ទី​៣០​ ខែតុលា​ ដល់​ថ្ងៃ​ទី​២ ខែវិច្ឆិការ​នេះ ពោល​គឺ រយៈ​ពេល​តែ​ ៤ ថ្ងៃ​ប៉ុណ្ណោះ​ អ្នក​ទោស​ចំនួន​ ៦ ពាន់​នាក់​នៅ​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​ដោះ​លែង​អោយ​មាន​សេរីភាព។​ ការ​ដោះលែង​ទាំង​ហ្វូង​បែប​នេះ​ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​លោក​អូបាម៉ា​ បាន​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌។ ជា​ពិសេស​ គឺ​វិសោធនកម្ម​ច្បាប់​ប្រឆាំង​ការជួញដូរ​គ្រឿង​ញៀន។​ រដ្ឋាភិបាល​អាមេរិក​បាន​ពន្យល់​ថា​ ​ការ​ផ្លាស់ប្តូរ​បែបនេះ ក៏​ដោយ​សារ​តែ​ចំនួន​អ្នក​ទោស​មាន​ចំនួន​លើស​លុប​នៅ​តាម​ពន្ធនាគារ។​ ហើយ​ ការបន្ថយ​អ្នក​ទោស​បែប​នេះ អាច​អនុញ្ញាត​អោយ​រដ្ឋាភិបាល​សន្សំ​សំចៃ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ។  

ពន្ធនាគារ​El Reno,នៅ​ Oklahoma ខែ កក្កដា ២០១៥។ អាមេរិក​ដោះលែង​អ្នកទោស​ដើម្បី​សម្រាល​ មន្ទីរឃុំឃាំង ដែល​មាន​​អ្នកទោស​ច្រើន​ជ្រុល
ពន្ធនាគារ​El Reno,នៅ​ Oklahoma ខែ កក្កដា ២០១៥។ អាមេរិក​ដោះលែង​អ្នកទោស​ដើម្បី​សម្រាល​ មន្ទីរឃុំឃាំង ដែល​មាន​​អ្នកទោស​ច្រើន​ជ្រុល AFP PHOTO / SAUL LOEB / FILES
ផ្សាយពាណិជ្ជកម្ម

ការ​ដោះ​លែង​ក្នុង​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់​មាន

៦​ពាន់​នាក់​គឺ​ ជា​ចំនួន​ទណ្ឌិត​ដែល​ត្រូវ​បាន​ដោះ​លែង​កាលពី​សប្តាហ៍​មុន​ នៅសហរដ្ឋ​អាមេរិក។​ ​នេះ​ជា​ចំនួន​ទាំងក្រុម​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ពុំ​ដែល​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក។​ ពន្ធនាគារ​ទាំង​អស់​នៅ​គ្រប់​បណ្តា​រដ្ឋ​សុទ្ធ​តែ​បាន​ផ្តល់​សេរីភាព​អោយ​អ្នក​ទោស។​ បើ​យោង​តាម​ការ​ផ្សាយ​របស់​កាសែត​វ៉ាស៊ីង​តោន​ប៉ុស្តិ៍ ​ក្នុង​ចំណោម​អ្នក​ទោស​ទាំង​នោះ​ មាន​មួយ​ភាគ​បី​ជា​ជន​បរទេស។

យោង​តាម​នីតិ​វិធី​ មុន​នឹង​ដោះ​លែង​អោយ​មាន​សេរីភាព​ពេញលេញ​ អ្នក​ទោស​ម្នាក់ៗ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​សមាហរណកម្ម​សង្គម​ជាមុន​សិន​ ដើម្បី​អាច​សម្រប​ខ្លួន​សន្សឹមៗ​ទៅ​ក្នុង​ជីវិត​សង្គម​ធម្មតា។​ ចំពោះ​អ្នក​ទោស​ជា​ជន​បរទេស​ គ្មាន​លិខិត​ស្នាក់​នៅ​ស្រប​ច្បាប់​លើ​ទឹកដី​អាមេរិក​ ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​ឃុំ​ខ្លួន​រដ្ឋបាល​ជា​បណ្តោះ​អាសន្ន​ មុន​នឹង​ត្រូវ​បណ្តេញ​ចេញ​ជា​ស្ថាពរ​ពី​ទឹកដី​អាមេរិក។ សូម​បញ្ជាក់​ថា​ ក្នុង​ចំណោម​ទណ្ឌិត​ប្រុស​ ស្រី ចាស់​ ក្មេង​ ​ដែល​បាន​ដោះលែង​នោះ​ មាន​មួយ​ចំនួន​បាន​ជាប់​ឃុំឃាំង​អស់​រយៈ​ពេលប្រហែល​ជិត ​១០ ឆ្នាំ ឬ​លើស​ពី​នេះ​ទៅ​ទៀត។ អ្នក​ខ្លះ​មាន​វ័យ​ចំណាស់​ទៅ​ហើយ។​ ភាគ​ច្រើន​សុទ្ធ​សឹង​តែ​ជា​អ្នក​ទោស​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ជួញដូរ​ ឬ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ទ្រង់​ទ្រាយ​តូចតាច​ កំប៉ិក​កំប៉ុក។

ហេតុអ្វី​បាន​ជា​អាមេរិក​ដោះលែង​អ្នក​ទោស​ច្រើន​បែប​នេះ?
ការដោះ​លែង​អ្នក​ទោស​ទាំង​ហ្វូង​បែប​នេះ​ គឺ ដោយសារ​មូលហេតុ​ពីរ​។ ទីមួយ​ គឺ​ដោយ​សារ​ចំនួន​អ្នក​ទោស​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នៅ​តាម​មន្ទីរ​ពន្ធនាគារ​ទូទាំង​ប្រទេស។ បើ​យោង​តាម​ការសិក្សា​ស្រាវជ្រាវ​ដោយ​អង្គការ​ Pew Research Center សហរដ្ឋ​អាមេរិក​ជាប់​ចំណាត់​លេខ​មួយ​លើ​លោក​ ដោយ​មាន​អ្នក​ទោស​ចំនួន ២,៣ លាន​នាក់ ​ស្មើ​នឹង​២៥% នៃ​ចំនួន​អ្នកទោស​សរុប​លើ​ពិភព​លោក។​ អ្នកទោស​អាមេរិក​ស្បែក​ខ្មៅ​ និង​អ្នកមាន​ដើម​កំណើត​អាមេរិកឡាទីន​ និយាយ​ភាសា​អេស៉្បាញ​ មាន​រហូត​ទៅ​ដល់​ ៦០%។ ហើយ ក្នុង​ចំណោម​មនុស្ស​ធំ​ពេញ​វ័យ​អាមេរិក​ចំនួន​​ ១០០ នាក់​ ក្នុង​នោះ​មាន​មួយ​នាក់​កំពុង​ជាប់​ពន្ធនាគារ។​ បច្ចុប្បន្ន​ មាន​ក្មេង​អាមេរិក​មិន​ទាន់​គ្រប់​អាយុ​ចំនួន​ ៧១ ០០០ នាក់ កំពុង​ចំណាយ​ពេល​ក្នុង​ជីវិត​ ដើម្បី​លាង​ជម្រះ​ទោស។

មូល​ហេតុ​ទីពីរ​ គឺ​រដ្ឋាភិបាល​អាមេរិក​ចង់​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា នៅ​តាម​ពន្ធនាគារ។​ ដោយសារ​ចំនួន​អ្នក​ទោស​ច្រើន​លើស​លប់​បែប​នេះ​ ជា​រៀង​រាល់​ឆ្នាំ​ រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​ និង​រដ្ឋាភិបាល​តាម​បណ្តា​រដ្ឋ​នានា​ បាន​ចំណាយ​ថវិកា រហូត​ទៅ​ដល់​ ៨០​ ពាន់​លាន​ដុល្លារ។ ហើយ​ជា​មធ្យម​ រដ្ឋាភិបាល​អាមេរិក​ចំណាយ​ថវិការ​ប្រមាណ​ជាង​ ៣ ម៉ឺន​ដុល្លារ​ សំរាប់​អ្នក​ទោស​ម្នាក់​ ក្នុង​មួយ​ឆ្នាំ​។ ​សំរាប់​រដ្ឋ​ខ្លះ​ ដូច​ជា៖ ​រដ្ឋ​ Connecticut រដ្ឋ Washington State និង​រដ្ឋ​ New York​ ជា​ដើម​ ការ​ចំណាយ​អាច​កើន​ឡើងពី​ ៥ ម៉ឺន​​ទៅ​ដល់ ៦ ម៉ឺន​ដុល្លារ។

គំនិត​ផ្តួច​ផ្តើម​របស់​លោក​​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា
ក្នុង​រយៈ​ពេល​ជាង​ ៣០ ឆ្នាំ​ចុង​ក្រោយ​នេះ​ ចំនួន​អ្នក​ទោស​នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​ក្នុង​កំរិត​ខ្ពស់​បំផុត គឺ​រហូត​ដល់​កំរិត​ ៨០០%​។ កំណើន​នេះ​កើន​ឡើង​ហួស​ប្រមាណ​ ខណៈពេល​ដែល​កំណើន​ប្រជាជន​អាមេរិក​មាន​តែ​៣០% ប៉ុណ្ណោះ​ក្នុង​រយៈពេល​ដូច​គ្នា។ កំណើន​អ្នក​ទោស​នេះ​ទៀត​សោត​មិនមែន​ដោយសារ​តែ​ការ​កើនឡើង​ចំនួន​ឧក្រិដ្ឋ​កម្ម​ហឹង្សា​ធ្ងន់ធ្ងរ​ទេ។​ ផ្ទុយ​ទៅ​វិញ​ គឺ​ដោយសារ​តែ​បទល្មើស​តូចតាច​ និង​បទ​ល្មើស​ជួញដូរ​គ្រឿង​ញៀន។

សូម​បញ្ជាក់​ថា​ នា​ដើម​ទសវត្សរ៍​ទី ៨០ រដ្ឋាភិបាល​អាមេរិក​បាន​បើកសង្គ្រាម​បង្រា្កប​ការជួញដូរ​គ្រឿង​ញៀន។​ ច្បាប់​ដ៏​តឹងរ៉ឹង​មួយ​ត្រូវ​បាន​សភាទាំង​ពីរ​ថ្នាក់​អនុម័ត​កាល​ពី​ឆ្នាំ១៩៨៦ និង​១៩៨៨។ ច្បាប់​នេះ​បានបន្ថែម​បទល្មើស​ចំនួន​ប្រមាណ​ជាង​ ២ ពាន់​ ចូល​​ទៅ​ក្នុង​កំរិត​ទោស​ធ្ងន់ធ្ងរ។ បើ​តាម​ច្បាប់​ប្រឆាំង​គ្រឿង​ញៀន​នេះ ​រាល់​បទល្មើស​គ្រឿង​ញៀន​ ​តូច​ក្តី​ ធំ​ក្តី​ ហឹង្សា​ឬ​អហឹង្សា​ ជន​ល្មើស​ត្រូវ​ទទួល​ទោស​ធ្ងន់ធ្ងរ​តែម្តង។​ ឧទាហរណ៍​ ជនល្មើស​ណា​មាន​គ្រឿង​ញៀន​ ៥ គីឡូក្រាម ​ ជន​នោះ​ត្រូវ​ជាប់​ទោស​យ៉ាង​ហោច​ណាស់​ ១០ ឆ្នាំ។

ដោយ​យល់​ឃើញ​ពី​ភាព​តឹង​រ៉ឹង​បែបនេះ​ លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា បាន​សន្យា​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​។ ច្បាប់ថ្មី​​មួយ​ហៅ​ថា ច្បាប់​ SAFE (Safe, Accountable, Fair and Effective Justice Act)​ ​ត្រូវ​បាន​អនុម័ត​កាលពី​ថ្មីៗ​នេះ។​ ក្នុង​ន័យ​ការពារ​ច្បាប់​នេះ​ លោក​ អូបាម៉ា ធ្លាប់​បាន​ពន្យល់​បកស្រាយ​ថា​ ​ប្រព័ន្ធ​យុត្តិធម៌​អាមេរិក​មាន​បញ្ហា​វិសមាមាត្រ​ គឺ​ភាព​មិន​ស៊ីសង្វាក់​គ្នា​រវាង​ទំហំ​បទល្មើស​ និង​ស្ថាន​ទំងន់​ទោស​ ជាពិសេស​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​នេះ​តែ​ម្តង។

កាលពីខែ​កក្កដា ឆ្នាំ​២០១៥​ កន្លង​មក​នេះ​ លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​អញ្ជើញ​ទៅទស្សនកិច្ច​នៅ​មន្ទីរ​ឃុំឃាំង​ El Reno ក្នុង​រដ្ឋ​ Olkahoma ដោយ​ផ្ទាល់​ភែ្នក។ នេះ​ជា​លើក​តំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក ដែល​ប្រធានាធិបតី​ក្នុង​អាណត្តិ ​ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ជាក់​ស្តែង​នៅ​ពន្ធនាគារ។ លើស​ពីនេះ​ ក្នុង​ខែ​​កក្កដា​ដដែល​ លោក​ បារ៉ាក អូបាម៉ា បាន​សំរេច​លើកលែង​ទោស​ដល់​ទណ្ឌិត​ចំនួន​ ៤៦ នាក់។ ភាគ​ច្រើន​នៃ​ទណ្ឌិត​ទាំង​នោះ​ត្រូវ​គេ​យល់​ថានឹង​មិន​បង្ក​បទ​ល្មើស​ទៀត​ទេ។

តើ​ការ​ដោះលែង​នេះ​អនុវត្ត​លើ​អ្នក​ទោស​ប្រភេទ​ណា?
មុន​នឹង​សំរេច​ដោះ​លែង​ ៦​ ពាន់​នាក់​នេះ​ ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ប្រគល់​ភារកិច្ច​ទៅ​អោយ​គណៈកម្មការ​ជាតិ​សិក្សា​ស្ថាន​ទម្ងន់ទោស​។​ ក្រុម​អ្នក​ជំនាញ​របស់​គណៈកម្មការ​សំរេច​បន្ធូរ​បន្ថយ​ទោស​ ឬ​ដោះ​លែង​តែ​ អ្នក​ទោស​ណា​ ដែល​បាន​ជាប់​ចោទ​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​ ក្នុង​ទ្រង់​ទ្រាយ​តូច​តាច។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​បាន​ចំណាយ​ពេល​ក្នុង​ពន្ធនាគារ​ ជាង​ពាក់​កណ្តាល​នៃ​ទោស​សរុប​របស់​ពួក​គេ។

លក្ខខណ្ឌ​ដោះ​លែង​នោះ​ក៏​ផ្តោត​លើ​ទណ្ឌិត​ណា​ ដែល​ពុំ​បាន​ប្រើ​អំពើ​ហឹង្សា​ពេល​ចាប់​ខ្លួន​ ពុំ​បាន​លក់​គ្រឿង​ញៀន​ដល់​កុមារ ពុំ​មាន​កាំភ្លើង​ជាប់​ខ្លួន​ពេល​ប្រព្រឹត្ត​បទល្មើស ពុំ​មាន​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​ក្រុម​បង​ធំ​ ឬ​ក្រុម​ឧក្រិដ្ឋ​ជន​ណា​មួយ។ ជា​ពិសេស ពុំ​ធ្លាប់​បាន​ប្រព្រឹត្តបទល្មើស​ធ្ងន់ធ្ងរ​កាល​ពី​អតីតកាល។ បើ​តាម​ការ​គ្រោង​ទុក​ មាន​អ្នក​ទោស​ជាង ៨ ពាន់​ផ្សេង​ទៀត​នឹង​ត្រូវ​ដោះ​លែង​អោយ​មាន​សេរីភាព​ នាឆ្នាំ​ក្រោយ​នេះ។​ សំរាប់​រយៈ​ពេល​វែង​ ​គណៈកម្មការ​ជាតិ​សិក្សា​ស្ថាន​ទម្ងន់ទោសអាមេរិក​គ្រោង​នឹង​សិក្សា​លើ​សំណុំ​ររឿង​អ្នកទោស​ប្រមាណ​ ៤៦ ០០០ នាក់​ផ្សេង​ទៀត។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ