អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទីភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិក (NSA) លែង​មាន​សិទ្ធិ​លួច​ប្រមូល​ទិន្នន័យ​ពលរដ្ឋ​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​សប្តាហ៍​មុន សភា​តំណាង​រាស្រ្ត​អាមេរិក​បាន​បោះឆ្នោត​លើ​សំណើ​ច្បាប់មួយ ស្តីពី​ការ​ហាម​ឃាត់​មិន​អោយ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​ (NSA) បន្ត​ស៊ើបការណ៍លើពលរដ្ឋ​អាមេរិក​ តាមរយៈ​ការ​លួចប្រមូល​ទិន្នន័យ​សន្ទនាតាម​ទូរស័ព្ទ​។​ ដោយ​ទទួល​បាន​សំលេង​អនុម័ត​គាំទ្រ​ចំនួន​ ៣៣៨ ទល់​នឹង​សំលេង​​ប្រឆាំងចំនួន​ ៨៨ ច្បាប់​សិទ្ធិ​សេរីភាព​សហរដ្ឋ​អាមេរិក​នេះ​ (USA Freedom Act) នឹង​ត្រូវ​ជជែក​ពិភាក្សា​បន្តទៀត​នៅ​ព្រឹទ្ធសភា។​ រឿង​អាស្រូវ​លួច​ស៊ើបការណ៍​លើ​សាធារណៈជន​ទូទៅនេះ​ត្រូវ​បាន​លាតត្រដាង​ កាលពីខែមិថុនា ឆ្នាំ២០១៣ ​ ដោយ​លោក​ Edward Snowden អតីត​អ្នកវិភាគ​ព័ត៌មានបំរើការ​អោយ​ទីភ្នាក់ងារ​សំងាត់​អាមេរិក​ (CIA)។

លោក​ប្រធានាធិបតី​អាមេរិក Obama និងលោក​ Edward Snowden អតីត​បុគ្គលិក​បំរើការ​អោយ​ទីភ្នាក់ងារសម្ងាត់​អាមេរិក (CIA)
លោក​ប្រធានាធិបតី​អាមេរិក Obama និងលោក​ Edward Snowden អតីត​បុគ្គលិក​បំរើការ​អោយ​ទីភ្នាក់ងារសម្ងាត់​អាមេរិក (CIA) REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

ទោះបីជា​សំណើច្បាប់សិទ្ធិសេរីភាព​អាមេរិក​នេះ (USA Freedom Act) ​ត្រូវ​បាន​អនុម័ត​ដោយ​ងាយស្រួលបំផុត​នៅត្រឹម​កម្រិត​សភាតំណាងរាស្រ្ត​ក៏ដោយ​ ប៉ុន្តែ​ គេ​រំពឹងថា​ ច្បាប់​នេះ​នឹង​ត្រូវ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ជជែក​តឹង​សសៃកដាក់គ្នា​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។ ច្បាប់​ថ្មី​នេះ​ជា​ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ចាស់​ ដែល​មាន​ឈ្មោះ​ថា​ ច្បាប់​ការពារ​មាតុភូមិ​ (Patriot Act)។ ​ច្បាប់​ចាស់​នេះ​ត្រូវ​បាន​អនុម័ត​កាលពី​ឆ្នាំ​ ២០០១​ ក្រោយ​ព្រឹត្តិការណ៍​វាយ​ប្រហារ​ថ្ងៃទី​១១ កញ្ញា​។ កាលនោះ​ រដ្ឋាភិបាល​អាមេរិក​សម័យ​លោក​ប្រធានាធិបតី​ George W. Bush បាន​អនុញ្ញាត​អោយ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​ (NSA) ធ្វើ​ប្រតិបត្តិការ​លួច​ប្រមូល​ទិន្នន័យ​សន្ទនា​គ្នា​តាម​ទូរស័ព្ទជា​ទ្រង់​ទ្រាយ​ធំ​នៅ​សហរដ្ឋ​អាមេរិក​ និង​ជុំវិញ​ពិភពលោក ក្នុង​គោលបំណង​ទប់​ស្កាត់​អំពើ​ភេរវកម្ម។

នៅ​ឆ្នាំ​ ២០០៦ កម្មវិធី​សម្ងាត់​​នេះ​ត្រូវ​បានដាក់​អោយ​នៅ​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​។​ បន្ទាប់មក​ កម្មវិធីនេះ​បាន​ទទួល​ការ​អនុញ្ញាត​ប្រតិបត្តិការ​ជាហូរហែ​ ក្រោម​អាណត្តិលោក​ប្រធានាធិបតី​ George W. Bush និង​អាណត្តិ​បច្ចុប្បន្ន​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា។ ជាធម្មតា​ កម្មវិធី​សម្ងាត់​​នេះ​នឹង​ផុត​កំណត់​នា​ដើម​ខែ​មិថុនា​នេះ​។ ពោល​គឺ នៅ​សល់​តែ​ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុណ្ណោះ។ បើ​ប្រៀបធៀប​ជាមួយ​ច្បាប់​ចាស់​ សំណើ​ច្បាប់​ថ្មី​ ដែល​គេហៅថា​ ច្បាប់សិទ្ធិសេរីភាព​អាមេរិក​នេះ (USA Freedom Act) ស្នើ​អោយ​កែ​សំរួល​ប្រការ​តែ​ចំនួន​មួយ​ចំណុច​ប៉ុណ្ណោះ។​ ប្រការនោះ​គឺ ហាម​ឃាត់​មិន​អោយ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​បន្ត​ប្រមូល​ទិន្នន័យលើ​ពលរដ្ឋ​អាមេរិក ទាំង​តាម​រយៈ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ និង​មធ្យោបាយ​ផ្សេងៗ។

ប៉ុន្តែ​ វិសោធនកម្ម​នេះ​ពុំបាន​បញ្ជាក់​អោយ​ច្បាស់​លាស់​ឡើយ​ពី​ ការ​ហាមឃាត់​មិន​អោយ​ស៊ើបការណ៍​ នៅ​តាម​ទីកន្លែង​ផ្សេងៗ​ ឬ​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភពលោកឡើយ។ បច្ចុប្បន្ន​នេះ​ រាល់​ព័ត៌មាន​នៃ​ការ​សន្ទនាគ្នា​តាម​ទូរស័ព្ទ​កន្លងមក ​នៅ​សហរដ្ឋ​អាមេរិកត្រូវ​បាន​តម្កល់​​ទុក​នៅ​លើ​បណ្តាញ​ស៊ែរវើ​ (serveur) ក្នុង​លក្ខណៈ​ជា​ទិន្នន័យ​ខ្នាតធំ​ សំរាប់​រយៈពេល​ ៥ ឆ្នាំ។ រាល់​ព័ត៌មាន​ទាំងនោះ​មាន​ដូច​ជា៖ម៉ោង​ហៅ​ទូរស័ព្ទ​ចេញចូល រយៈពេល​សន្ទនា​ និង​លេខទូរស័ព្ទ​ហៅ​ចេញ។​ រាល់​ព័ត៌មាន​ប្រមូល​បាន​ទាំង​អស់​ជា​ប្រយោជន៍​សំរាប់​អោយ​មន្រ្តី​ជំនាញ​វិភាគ​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​ប្រើប្រាស់​ ងាយស្រួល​តាមដាន​ជនសង្ស័យ​ភេរវករ​ណាមួយ។​ ទោះបី​ជា​យ៉ាងណា​ក៏ដោយ​ ខ្លឹមសារ​នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទ​មិន​ត្រូវ​បាន​រក្សា​ទុក​នៅ​លើ​បណ្តាញ​ស៊ែរវើ​ឡើយ។

កម្មវិធី​សំងាត់​នេះ​ត្រូវ​បាន​បែកធ្លាយ​ជាសាធារណ​ ខណៈ​ពេល​ដែល​លោក​ Edward Snowden អតីត​បុគ្គលិក​បំរើការ​អោយ​ទីភ្នាក់ងារ​សម្ងាត់​អាមេរិក (CIA) បាន​លាត​ត្រដាង​អោយ​ពិភព​លោក​ដឹង​ការ​ពិត។ ​ដោយ​រង​ការ​ចោទប្រកាន់​ពីបទលួច​ឯកសារ​សម្ងាត់​ជាតិ​ បច្ចុប្បន្ននេះ​ លោក​ Edward Snowden កំពុង​សំងំ​លាក់ខ្លួន​រស់​នៅ​ក្នុង​ប្រទេស​រុស្សី​ជា​បណ្តោះអាសន្ន។ ជុំវិញ​ការការ​បញ្ឈប់​សកម្មភាព​ប្រមូល​ទិន្នន័យ​ទូរស័ព្ទ​​នេះ​ ​លោក​ Adam Schiff មេដឹកនាំ​ក្រុម​តំណាង​រាស្រ្ត​មកពី​គណបក្ស​ប្រជាធិបតេយ្យបាន​អោយ​ដឹង​ថា​ ភាគ​ច្រើន​នៃ​សមាជិក​សភា​តំណាង​រាស្រ្ត​ ឬ​និយាយ​ជាសាមញ្ញា​ថា​សភា​ជាន់ទាប​ គាំទ្រ​អោយ​ផ្អាក​សកម្មភាព​នេះ ជាជាង​ការ​អនុញ្ញាត​ផ្តល់​អាណត្តិ​ថ្មី។​ ផ្ទុយទៅវិញ​ តាម​ការ​ស្ទាបស្ទង់​បាន​អោយដឹង​ថា​ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ​មិន​ពេញ​ចិត្ត​នឹង​ការ​អនុម័ត​របស់​សភា​តំណាង​រាស្រ្ត​ឡើយ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ លោក​ Mitch McConnell សមាជិក​ព្រឹទ្ធសភា និង​ជា​មេដឹកនាំ​ក្រុមតំណាង​រាស្រ្ត​ភាគច្រើន​មក​ពី​គណបក្ស​សាធារណរដ្ឋ​ កំពុង​តាក់តែង​សំណើ​ច្បាប់​មួយ​ក្នុង​ន័យ​ដឹកនាំ​កម្មវិធី​ប្រមូល​ទិន្នន័យ​នេះរហូត​ដល់​ឆ្នាំ​ ២០២០។ អ្វី​ជា​ក្តី​ព្រួយ​បារម្ភ​នោះ​គឺ មាន​សមាជិក​ព្រឹទ្ធសភា​មួយ​ចំនួន​មក​ពី​គណបក្ស​សាធារណរដ្ឋ​ដូច​គ្នា​មិន​យល់​ស្រប​នឹង​គំនិត​របស់​លោក​ Mitch McConnell។ ដូចនេះ​ យើង​ឃើញ​ថា​ បញ្ហា​ប្រមូល​ទិន្នន័យ​របស់​ទីភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិក​ អាច​ធ្វើ​អោយ​បេក្ខជន​ប្រធានាធិបតី​​គណបក្ស​សាធារណរដ្ឋ​បែកបាក់​គ្នា ក្នុង​យុទ្ធនាការ​​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី ឆ្នាំ​ ២០១៦។

សូម​រម្លឹក​ផងដែរ​ថា​ សំណើ​ច្បាប់​ថ្មី​នេះ​ក៏​ត្រូវ​បាន​ទទួល​ការ​គាំទ្រ​ផងដែរ​ពី​ក្រុមហ៊ុន​ទូរគមនាគមន៍​ដូចជា​ AOL Apple Facebook Google Microsoft និង Yahoo ជាដើម។ ក្រុមហ៊ុន​​ធំៗ​ទាំង​នោះ​ចង់​ស្តា​ទំនុកចិត្ត​ និង​តម្លាភាព​ជាមួយ​សាធារណជន​ឡើងវិញ។ កាលពី​អតីតកាល​ គេ​សង្ស័យ​ថា​ក្រុមហ៊ុន​ទាំងនោះ​បាន​សហការណ៍​​ចែក​រំលែក​ទិន្នន័យ​ដោយ​លួច​លាក់​អោយ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក។ ទោះបីជា​យ៉ាង​ណា​ក៏ដោយ​ ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ ដូច​ជា​ Amnesty International សំដែង​ការ​សោកស្តាយ​ ដោយសារ​កំណែទម្រង់​ប្រមូល​ទិន្នន័យ​នេះ​ការពារ​តែ​ជនជាតិ​អាមេរិក​តែ​ប៉ុណ្ណោះ។ ចំណែក​ផល​ប្រយោធន៍​​ប្រជាជន​ដទៃ​ទៀត​នៅ​លើ​ពិភពលោក​មិន​ត្រូវ​បាន​ការពារ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ