អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សហរដ្ឋអាមេរិក​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ចាត់​វិធានការណ៍​សន្តិសុខ​បន្ថែម​ទៀត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​ពី​​សប្តាហ៍​​នេះ​តទៅ​​ បណ្តា​​ក្រុមហ៊ុន​​អាកាសចរណ៍​​ ដែល​​ភ្ជាប់​​ជើង​ហោះ​ហើរ​​ត្រង់​​ឆ្ពោះ​​ទៅ​កាន់​​សហរដ្ឋ​អាមេរិក​​នឹង​​អនុវត្ត​វិធានការណ៍​​សន្តិសុខ​​ថ្មី​ ស្រប​តាម​​ការ​​ទាមទារ​​ពី​សំណាក់​​រដ្ឋាភិបាល​​អាមេរិក។​​ វិធានការណ៍​​ថ្មី​​នេះ​​ គឺ​​ការ​តំរូវ​​ឲ្យ​​​អ្នក​ដំណើរ​​ម្នាក់ៗ​ឆ្លើយ​​នឹង​​កម្រង​​សំណួរ​​ពាក់​ព័ន្ធ​​នឹង​​សុវត្ថិភាព​​។​ រាល់​អ្នក​ដំណើរ​ទាំង​​អស់​​​ចាំបាច់​ត្រូវ​​តែ​​ឆ្លើយ​​នឹង​​សំណួរ​​ទាំង​​នោះ​​មុន​​នឹង​​ជាន់​​ជើង​​ឡើង​​លើ​​យន្តហោះ។​​ ទាក់​ទង​​នឹង​​វិធានការណ៍​​នេះ​​ ក្រុមហ៊ុន​​អាកាសចរណ៍​​និមួយៗ​​មាន​​និតិវិធី​​អនុវត្តន៍​​ខុសៗ​​គ្នា។​​

ក្រុមហ៊ុន​អាកាសចរណ៍​ Delta Airlines ​ត្រូវ​បាន​ចតនៅ​ច្រក​ទ្វារ​អាកាសយានដ្ឋាន​ជាតិ​វ៉ាស៊ីនតោន ​Ronald Reagan Washington ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក​ថ្ងៃ​ទី ​៨​ ខែ​សីហា​ឆ្នាំ​ ២០១៦ ។​
ក្រុមហ៊ុន​អាកាសចរណ៍​ Delta Airlines ​ត្រូវ​បាន​ចតនៅ​ច្រក​ទ្វារ​អាកាសយានដ្ឋាន​ជាតិ​វ៉ាស៊ីនតោន ​Ronald Reagan Washington ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក​ថ្ងៃ​ទី ​៨​ ខែ​សីហា​ឆ្នាំ​ ២០១៦ ។​ REUTERS
ផ្សាយពាណិជ្ជកម្ម

វិធានការណ៍​សន្តិសុខ​ថ្មី​នឹង​ចាប់​ផ្តើម​អនុវត្ត​ចាប់ពី​សប្តាហ៍​​នេះ​ ចំពោះ​រាល់​អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ​មក​កាន់​សហរដ្ឋ​អាមេរិក។​ សេចក្តី​សំរេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ទីភ្នាក់ងារ​ជាតិ​គ្រប់​គ្រង​សន្តិសុខ​ដឹកជញ្ជូន​អាមេរិក (Transportation Security Administration, TSA) ​កាលពី​ថ្ងៃ​ព្រហស្បត្តិ​ ទី​២៦ ខែ​តុលាកន្លង​ទៅ​នេះ។​ តាម​រយៈ​សេចក្តី​សំរេច​នេះ​ អាជ្ញាធរ​អាមេរិក​បាន​ស្នើ​ទាមទារ​សុំ​ឲ្យ​ក្រុម​អាកាសចរណ៍​ទាំង​អស់​ចាំបាច់​ត្រូវ​តែ​រឹត​បន្តឹង​សន្តិសុខ​បន្ថែម​ទៀត​ មុន​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ដំណើរ​ណា​ម្នាក់​ឡើង​ជិះ​យន្តហោះ​មក​កាន់​សហរដ្ឋ​អាមេរិក។

វិធានការណ៍​នេះ​នឹង​អនុវត្តចំពោះ​​តែក្រុមហ៊ុន​អាកាចរណ៍ណា​ ដែល​មាន​​ជើង​ហោះ​ហើ​រ​ត្រង់​ឆ្ពោះ​ទៅ​កាន់​សហរដ្ឋ​អាមេរិកតែ​ប៉ុណ្ណោះ។​ ក្រោយ​ពី​វិធានការណ៍​នេះ​បាន​ចូល​ជា​ធរមាន​ ក្រុម​អាកាស​ចរណ៍ធំៗ​ តួយ៉ាង​ដូច​ជា​ Air France, Lufthansa, Norwegian, Cathay Pacific, EgyptAir, Fly Emirates និង​ Jordanian ជាដើម​ សុទ្ធ​តែ​បាន​ចេញ​សេចក្តី​​ប្រកាស​ព័ត៌មាន​ផ្សព្វផ្សាយ​ដល់​អតិថិជន​របស់​ខ្លួន។​ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​ភាព​រំជើប​រំជួល​ ក្រុមហ៊ុន​អាកាស​ចរណ៍ទាំង​អស់​សុទ្ធ​តែ​​បាន​បញ្ជាក់​ថា​ ការ​អនុវត្តន៍​វិធានការណ៍​នេះ​ គឺ​ស្រប​ទៅ​ការ​ទាមទារ​របស់​រដ្ឋាភិបាល​អាមេរិក​តែ​ប៉ុណ្ណោះ។

ក្រុមហ៊ុន​ Air France បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​ខ្លួន​នឹង​បង្កើត​បញ្ជី​សំណួរ​មួយ ​ដើម្បី​សម្ភាស​សួរនាំ​បន្ថែម​ដល់​អ្នក​ដំណើរ។​ មុន​នឹង​ឡើង​យន្តហោះ​ បុគ្គលិក​ក្រុមហ៊ុន​ Air France នឹង​ចែក​កម្រង​សំណួរ​មួយ​ ដើម្បី​ឲ្យ​អ្នក​ដំណើរ​បំពេញ។​ ហើយ​បុគ្គលិក​នៅ​កន្លែង​​​ចុះ​ឈ្មោះ​ និង​ឥវ៉ាន់​ គឺ​ជា​អ្នក​​សួរនាំ​អ្នក​ដំណើរ​ម្នាក់ៗ។​ ក្រុមហ៊ុន​ Air France គ្រាន់​តែ​ប្រាប់​ថា​ សំណួរ​ទាំង​នោះ​ គឺ​ពាក់​ព័ន្ធ​នឹង​សុវត្ថិភាព។​ ប៉ុន្តែ មក​ដល់​ពេល​នេះ​ គេ​នៅ​មិន​ទាន់​ដឹង​ពី​ភាព​លំអិត​នៃ​សំណួរ​ទាំង​នោះ​ឡើយ។

ចំណែក​ក្រុមហ៊ុនអាកាសចរណ៍​​ Norwegian ក៏​បាន​ប្រកាស​ផង​ដែរ​ថា​ ក្រុមហ៊ុន​នឹង​ផ្ញើរ​ SMS ទៅ​កាន់​ទូរស័ព្ទ​ដៃ​របស់​អ្នក​ដំណើរ។​ ហើយ​ទីកន្លែង​​ចុះ​ឈ្មោះ​ និង​ឥវ៉ាន់​អ្នក​ដំណើរ​នៅ​ព្រលាន​យន្តហោះ​នឹង​ត្រូវ​បើក​ ៤ ម៉ោង​មុន​ពេល​យន្តហោះ​ចេញ​ដំណើរ។​ តាម​រយៈ​នេះ​​ អ្ន​ក​ដំណើរ​អាច​មាន​ពេល​គ្រប់​គ្រាន់​ក្នុង​ការដាក់​​ថ្លឹង​ឥវ៉ាន់​ផង​ និងចំណាយ​ពេល​វេលា​បំពេញ​កម្រង​សំណួរ​សុវត្ថិភាព​ផង។​

ចំពោះ​ក្រុមហ៊ុន​អាកាចរណ៍​ Fly Emirates ​វិញ​ ក្រុមហ៊ុន​នេះ​គ្រោង​នឹង​សួរ​សំណួរ​​ផ្ទាល់​មាត់​តែ​ម្តង​នៅ​កន្លែង​ចុះ​ឈ្មោះ​ និង​ផ្ញើ​ឥវ៉ាន់។​ រីឯ​ក្រុមហ៊ុន​ Cathay Pacific វិញ​បាន​ប្រកាស​ថា​ សំរាប់​អ្នក​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​តាម​ជើង​យន្តហោះ​របស់​ខ្លួន​ ក្រុមហ៊ុន​​នឹង​លែង​អនុញ្ញាត​ឲ្យ​អ្នក​ដំណើរ​ចុះ​ឈ្មោះ​ផ្ញើ​ឥវ៉ាន់​ពីផ្ទះ​ ឬ​ពីទីកន្លែង​ផ្សេង​ទៀត​ហើយ។ ​មាន​តែ​ព្រលាន​យន្តហោះ​ប៉ុណ្ណោះ​ គឺ​ជា​កន្លែង​ផ្ញើ​វ៉ាលីស​បិទជិត​។​ សូម​បញ្ជាក់​ថា​ កន្លង​មក​ក្រុមហ៊ុន Cathay Pacific ផ្តល់​សេវាកម្ម​ពិសេស​មួយ​ ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ដំណើរចុះ​ឈ្មោះ​ និង​​ផ្ញើ​ឥវ៉ាន់​ ឬ​វ៉ាលីស​បិទជិត​ឲ្យ​ហើយ​ ដោយ​ពុំ​ចាំ​បាច់​រង់​ចាំ​ធ្វើ​នៅ​​ព្រលាន​​យន្តហោះ​ឡើយ។​​ ទាក់​ទង​នឹង​វិធានការណ៍​ថ្មី​បស់​អាជ្ញាធរ​អាមេរិក​វិញ​ ក្រុម​ហ៊ុន​ Cathay Pacific គ្រោង​នឹង​សួរសំណួរ​សុវិត្ថិភាព​ទៅ​កាន់​​អ្នក​ដំណើរ​នៅ​បន្ទប់​រង់ចាំ​មុន​ឡើង​យន្តហោះ។

តាម​រយៈ​វិធានការណ៍​ថ្មី​នេះ​ គ្រប់ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​អស់​​បានឲ្យ​អ្នក​ដំណើរ​ទាំង​អស់​ត្រូវមក​ដល់​ព្រលាន​យន្តហោះ​ឲ្យ​បាន​មុន​ម៉ោង។​ ពោល​ គឺ​ឲ្យ​បាន​ច្រើន​ម៉ោង​លើស​ពី​ពេល​ធម្មតា។​ ​ក្រៅ​ពី​បញ្ជី​សំណួរ​ដល់​អ្នក​ដំណើរ​ អាជ្ញាធរ​អាមេរិក​ក៏​បង្គាប់​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​អស់​ត្រូវ​ផ្តល់​ព័ត៌មាន​សុវត្តិភាព​បន្ថែម​ទៀត ​ក្នុង​នោះ​មាន​ដូចជា៖ ​ស្ថានភាព​យន្តហោះ​ ស្ថានភាព​កាប៊ីន​ដាក់​ឥវ៉ាន់​ជាប់​ខ្លួន​របស់​អ្នក​ដំណើរ​ និង​ស្ថានភាព​ពោះ​ផែ្នក​ខាង​ក្រោម​យន្តហោះ​សំរាប់​ផ្ទុក​វ៉ាលីសបិទជិត​របស់​​អ្នក​ដំណើរ។​ ក្រុមហ៊ុន​អាកាសចរណ៍​ត្រូវ​ផ្តល់ព័ត៌មាន​ទាំង​នេះ​ដល់​អាជ្ញាធរ​អាមេរិក​មុន​នឹង​អនុញ្ញាត​ឲ្យ​យន្តហោះ​ចេញដំណើរ។

សូម​រំលឹក​ផង​ដែរ​ថា វិធានការណ៍​សន្តិសុខ​ថ្មី​នេះ​ គឺ​បន្ថែម​ពី​លើ​សេចក្តី​សំរេច​មួយ​ ដែល​រដ្ឋាភិបាល​អាមេរិក​បាន​បង្គាប់​ឲ្យ​អនុវត្ត​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ។​ វិធានការណ៍​នោះ​ គឺ​ហាម​ឃាត់​មិន​ឲ្យ​អ្នក​ធ្វើ​ដំណើរយក​ឧបករណ៍​អេឡិច​ត្រូនិច​តាម​ខ្លួន ក្រៅ​ពី​ទូរស័ព្ទ​ដៃ​​តែ​ប៉ុណ្ណោះ។ ​គ្រឿង​អេឡិច​ត្រូនិច​ដែល​ហាម​ឃាត់​ និង​មាន​ទំហំ​ធំ​ជាង​ទូរស័ព្ទ​ដៃ​មាន​ដូច​ជា​៖ កុំព្យូទ័រ​យួរ​ដៃ​ ថាបឡែត​ ម៉ាស៊ីន​ថត​រូប​ ក្តារ​អាន​សៀវភៅ​អេឡិច​ត្រូនិច​ ឧបករណ៍​​លេង​​ហ្គេមតាម​ខ្លួន​​ និង​ឧបករណ៍​ចាក់​ឌីវីឌី​តាម​ខ្លួន​ជាដើម។ ឧបករណ៍​ហាម​ឃាត់​ទាំង​នោះ​តម្រូវ​ឲ្យ​ដាក់​នៅ​ក្នុង​វ៉ាលីស​បិទ​ជិត​ ដើម្បី​ទុក​នៅ​បាត​យន្តហោះ​។ បំរាម​ពិសេស​នេះ​ គឺ​ពាក់​ព័ន្ធ​នឹង​ការ​ហោះហើរ​ចេញ​មក​ពី​អាកាសយាន​ដ្ឋាន​ចំនួន​ ១០​ នៃ​ប្រទេស​​ចំនួន​ ៩។​ ក្នុង​នោះ​មាន​ដូចជា​៖ ​ហ្សក​ដានី​ អេហ្សីប​ តួកគី​ អារ៉ាប៊ីសាអ៊ូឌីត​ កូវ៉ែត​ កាតា​ សហភាព​អារ៉ាប់​រួម​ និង​ម៉ារ៉ុក។​

​រដ្ឋាភិបាល​អាមេរិក​តាម​រយៈ​សេតវិមាន​បាន​អះអាង​ថា​ សេចក្តី​សំរេច​ទាំង​ប៉ុន្មាន​ នេះ​ គឺ​ក្នុង​គោល​បំណង​ទប់​ស្កាត់​សកម្មភាព​ភេរវកម្ម​ណា​មួយ​ ដែល​អាច​កើត​ឡើង​ជា​យថាហេតុ​​នៅ​លើ​ទឹកដី​អាមេរិក។​ ទន្ទឹមគ្នា​នេះ​ផង​ដែរ​​​ សំលេង​តវ៉ា​ប្រឆាំង​ពី​សំណាក់​មជ្ឈដ្ឋាន​នានា​ក៏​កំពុង​តែពុះ​កញ្ជ្រោល​ផង​ដែរ​។​ ក្រុម​អ្នក​តវ៉ា​​ចាត់​ទុក​វិធានការណ៍​សន្តិសុខ​​របស់​រដ្ឋាភិបាល​អាមេរិក​ថា​ជា​ទង្វើ​រើស​អើង​ប្រឆាំង​ពូជសាសន៍។​ ជាពិសេស​ គឺ​ប្រឆាំង​អ្នក​កាន់​សាសនា​ឥស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ