អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​​ហេតុអ្វី​​បាន​​ជា​​សហរដ្ឋអាមេរិក​​ និង​​កាណាដា​​ មាន​​ជម្លោះ​​ជាមួយ​​ជុំវិញ​​ឈើ​​សំណង់?​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាម​រយៈ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ កាលពី​សប្តាហ៍​មុន​នេះ​ សហរដ្ឋ​បាន​ប្រកាស​ថា​នឹង​យកពន្ធ​ចំនួន​ ២០%​ ជា​មធ្យម​លើ​ការ​នាំ​ចូល​ប្រភេទ​សំណង់​មក​ពី​ប្រទេស​កាណាដា។​ ប្រទេស​​ទាំង​ពីរ​អាច​នឹង​ធ្លាក់​ចូលទៅ​ក្នុងជម្លោះ​ពាណិជ្ជកម្ម​ជាថ្មី​ម្តង​ទៀត​រហូត​អាច​ឈាន​ដល់​​ការ​ប្តឹង​ជំទាស់​នៅ​តុលាការ។​ មែនទែនទៅ​ ប្រទេស​ទាំងពីរ​មាន​ជម្លោះ​ពាណិជ្ជកម្ម​ផ្លូវការ​​ជុំវិញ​សំណុំ​រឿង​ឈើ​សំណង់​នេះ​អស់​រយៈ​ពេល​៣៥ឆ្នាំ​មក​ហើយ។​ តើ​មូល​ហេតុអ្វី​បាន​ជា​សហរដ្ឋ​អាមេរិក​សំរេច​តំឡើង​ពន្ធ​បែប​នេះ?​  

សេតវិមានប្រធានាធិបតីអាមេរិក
សេតវិមានប្រធានាធិបតីអាមេរិក REUTERS/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

ប្រទេស​កាណាដា​ និង​សហរដ្ឋ​អាមេរិក​មាន​ជម្លោះ​ក្រៅ​ផ្លូវការ​ជុំវិញ​ឈើ​សំណង់​អស់​រយៈ​ពេល​ ២០០ ឆ្នាំ​មក​ហើយ។​ ប៉ុន្តែ រយៈពេល​ ៣៥ ឆ្នាំ​ចុង​ក្រោយ​នេះ​ ជម្លោះ​នេះ​មាន​លក្ខណៈ​ផ្លូវការ​រហូត​ដល់មាន​ការ​ប្តឹង​​នៅ​​តុលាការ​។​ ជម្លោះ​នេះ​តែ​ង​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ​ធ្វើ​ឲ្យ​​ប្រទេស​ទាំង​ពីរ​មើល​មុខ​គ្នា​មិន​ចំ​ឡើយ។

 
​កាលពី​សប្តាហ៍​មុន​ ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ប្រកាស​ថា​នឹង​យក​ពន្ធ​ក្នុង​កំរិត​ជាមធ្យម​២០%​ លើ​ប្រភេទ​ឈើ​សំណង់​ ដែល​នាំចូល​មកពី​ប្រទេស​កាណាដា។​ ប្រសិន​បើ​ប្រទេស​កាណាដា​សំរេច​ដាក់​​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ពាណិជ្ជកម្ម​អន្តរជាតិ​ និង​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​​ដោះស្រាយ​ជម្លោះ​ក្នុង​ក្របខ័ណ្ឌ​កិច្ច​ព្រម​ព្រៀង​តំបន់​សេដ្ឋកិច្ច​ទីផ្សារ​សេរី​អាមេរិក​ខាង​ជើង​ (ALENA) ពិត​មែន​នោះ​ វា​នឹង​ក្លាយ​ទៅ​ជា​ជម្លោះ​ផ្លូវការ​លើក​ទី​ ៥ រវាង​ប្រទេស​ទាំងពីរ​ជុំវិញ​បញ្ហា​ឈើ​សំណង់។​

ជា​បឋម​ យើង​ត្រូវ​យល់​ថា​ ឈើ​សំណង់​នេះ គឺ​ជា​ប្រភេទ​ឈើ​សំរាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​សាងសង់​ផ្ទះ ឬ​ជួសជុល​ផ្ទះ។ ជាទូទៅ​ គេ​ប្រើ​ប្រាស់​ឈើ​សំណង់​នេះ​ធ្វើ​ជា​ទម្រ​ សរសរ ឬ​គ្រោង​ឆ្អឹង​តំបូង​ជាដើម។​តាម​ពិត​ទៅ​ ជា​ទ្រឹស្តី​ ឈើ​សំណង់​ជា​ផែ្នក​មួយ​នៃ​ទំនិញ​ដែល​អាច​ធ្វើ​ចរាចរណ៍​បាន​ដោយ​សេរី​ពុំ​ចាំ​បាច់​ត្រូវ​យក​ពន្ធ​ឡើយ​ ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​តំបន់​សេដ្ឋកិច្ច​ទីផ្សារ​សេរី​អាមេរិក​ខាង​ជើង​ (ALENA)។​ កិច្ច​ព្រម​ព្រៀង​នេះ​​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពីឆ្នាំ​ ១៩៩៤ រវាង​ប្រទេស​ម៉ិចសិក​ កាណាដា​ និង​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ​ ជា​រឿយៗ​ សហរដ្ឋ​អាមេរិក​តែង​តាម​រករឿង​បង្ក​បញ្ហា​ ដោយសារ​តែ​ឈើ​សំណង់​នាំចូល​មក​ពី​ប្រទេស​កាណាដា​មាន​តម្លៃ​​ទាប​ជាងរបស់​ខ្លួន​​ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សហគ្រាស​ផលិត​ឈើ​សំណង់​អាមេរិក​ជួប​វិបត្តិ​ធ្ងន់​ធ្ងរ។​ ដើមចម​​ គឺ​ដោយ​សារ​តែ​មាន​ក្រុម​ lobby មួយ​ការពារ​ផល​ប្រយោជន៍​ឲ្យ​សហគ្រាស​ឈើ​សំណង់​អាមេរិក​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​គណៈ​កម្មាធិការ​​​ពាណិជ្ជកម្ម​​អន្តរជាតិ​សហរដ្ឋ​អាមេរិក​ ដើម្បី​ប្រឆាំង​ជំទាស់​នឹង​សហគ្រាស​​រ​ឈើ​សំណង់​​កាណាដា​។ ​ក្រុម​ lobby មាន​ឈ្មោះថា​ សម្ព័ន្ធ​សហគ្រាស​កាប់​ឈើ​អាមេរិក​​ (U.S. Lumber Coalition)។​ ហើយ​ក្រុម​នេះ​ក៏​តែង​ដាក់​សម្ពាភផង​ដែរ​ដល់​រដ្ឋាភិបាល​អាមេរិក​ឲ្យ​ដាក់​​​ពន្ធ​លើ​ឈើ​សំណង់​កាណាដា។

ទាំង​ក្រុម​ ​ lobby និង​រដ្ឋាភិបាល​អាមេរិក​តែងបាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​កាណាដា​ថា​បាន​ជួយឧបត្ថម្ភ​ថវិការ​ដល់​ឧស្សាហកម្ម​ព្រៃឈើ​ ជាពិសេស​​ឈើ​សំណង់​ ​ ដែល​ជាហេតុ​ធ្វើ​សហគ្រាស​កាណាដា​ក្នុង​ស្រុក​អាច​លក់​ឈើ​សំណង់​ក្នុង​តម្លៃ​ថោក​សំរាប់​នាំ​ចេញ។ ដើម្បី​ទប់​ស្កាត់​ស្ថាន​ភាព​នេះ​ សហរដ្ឋ​អាមេរិក​តែង​តែ​បាន​ប្រកាស​គំរាម​យកពន្ធ​លើ​ប្រភេទ​ឈើ​សំណង់​នាំ​ចូល​មក​ពី​ប្រទេស​កាណាដា​ដោយ​ផែ្អក​ក្រោម​លេស​ថា​ កាណាដា​ធ្វើ​ការ​ប្រកួត​ប្រជែង​​ពាណិជ្ជកម្ម​មិន​ស្មោះ​ត្រង់​ជាមួយ​ខ្លួន។​

កន្លង​មក​ កាណាដា​ធ្លាប់​បាន​ពន្យល់​បក​ស្រាយ​ថា​ ខ្លួន​មាន​​សិទ្ធិ​ជួយ​ឧបត្ថម្ភ​ទំនុក​បំរុង​ដល់​សហគ្រាស​​អារ​​ឈើ​សំណង់ក្នុង​ស្រុក​របស់​ខ្លួន​។​ ជាទូទៅ​ រដ្ឋាភិបាល​កាណាដាតែង​​ផ្តល់​ប្រាក់​កំចី​ ឬ​ឥណទាន​ពន្ធ​ដល់​សហគ្រាស​ផលិត​ឈើ​សំណង់ ដើម្បី​អាច​បង្កើត​ការងារ​ដល់​ប្រជា​ពលរដ្ឋ​កាណាដា។ ម៉្យាង​ទៀត​ ភាគី​កាណាដា​ក៏​បាន​លើក​អំណះអំណាង​ថា​ តម្លៃ​ឈើ​សំណង់​កាណាដា​ថោក​ជាង​អាមេរិក​ គឺ​ដោយសារ​បរិបថ​នៃ​ប្រទេស​ទាំងពីរ​ខុស​គ្នា​ទាំង​ស្រុង​។​ នៅ​ប្រទេស​កាណាដា​ ៩០% នៃ​ឈើ​សំណង់ត្រូវ​បាន​កាប់​ចេញ​មក​ពី​ព្រៃ​របស់​រដ្ឋ ​ដែល​ជា​ហេតុ​ធ្វើ​តម្លៃ​កាប់​ឈើ​មាន​កំរិត​ទាប​។​ ផ្ទុយ​ទៅ​វិញ​ នៅ​សហរដ្ឋ​អាមេរិក​ ឈើ​សំណង់​ត្រូវ​បាន​គេ​កាប់​ចេញ​ពី​ដីព្រៃ​ឯកជន​ ដែលជាទូទៅ​ ​ម្ចាស់​ព្រៃឯកជន​ទាំងនោះ​តែង​​ទាមទារ​តម្លៃ​ខ្ពស់។
កាយវិការ​​អាមេរិក​ក្នុង​ការ​​​គំរាម​យកពន្ធ​លើ​ឈើ​សំណង់​កាណាដាគឺ ​ដើម្បី​ចង់​បាន​ការ​ចរចា​ពិសេស​។ កន្លង​មក​ ចាប់​តាំង​ពី ឆ្នាំ​១៩៨២​មក​ម្ល៉េះ​ កាណាដា​ និង​សហរដ្ឋ​អាមេរិក​បាន​ចុះ​កិច្ច​ព្រម​ព្រម​ពិសេស​មួយ​ស្តីពី​ឈើ​សំណង់។​ ហើយ​កិច្ច​ព្រម​ព្រៀង​នោះ​តែង​មាន​រយៈ​ពេល​កំណត់។

​ រាល់​ពេល​ផុត​កំណត់​ម្តងៗ​ ភាគី​អាមេរិក​តែងបង្ក​ជម្លោះ។​ ជម្លោះ​ចុង​ក្រោយ​ដែល​ជា​ជម្លោះ​ទី​ ៤​ ​រវាង​ប្រទេស​ទាំងពីរ​ជុំ​វិញ​ឈើ​សំណង់​នេះ គឺ​ចន្លោះ​ពី​ឆ្នាំ​២០០២​ដល់​ឆ្នាំ​២០០៦។ លទ្ធផល​នៃ​​ការ​ចរចានោះ​​ គឺ​ភាគី​កាណាដា​សុខ​ចិត្ត​យល់​ព្រម​ដក​ឈើ​សំណង់​ចេញ​ពី​មុខ​ទំនិញ​នៃកិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​អាមេរិក​ខាង​ជើង។​ ជាថ្នូរ​មក​វិញ​ កាណាដា​ទទួល​បាន​ការ​នាំ​ចេញ​​ឈើ​សំណង់​ទៅ​អាមេរិក​ដោយ​ឥត​គិត​ពន្ធ។​ ប៉ុន្តែ​ ​កិច្ច​ព្រម​ព្រៀង​ពិសេស​នេះ​មាន​សុពល​​ភាព​​រយៈ​ពេល​តែ​ ១០ ឆ្នាំប៉ុណ្ណោះ។

ដោយសារ​តែ​កិច្ច​ព្រម​ព្រៀង​នេះ​បាន​ផុត​កំណត់​រួច​ហើយ​ ដូចនេះ​ ក្រុម​ lobby ​ការពារ​ផល​ប្រយោជន៍​ឲ្យ​សហគ្រាស​ឧស្សាហកម្ម​ឈើ​អាមេរិកបាន​ដាក់​សម្ពាធទៅ​រដ្ឋាភិបាល​អាមេរិក​តែ​ម្តង។​ ក្នុង​ពេល​ទន្ទឹង​រង់ចាំ​កិច្ច​ព្រម​ព្រៀង​ពិសេស​ថ្មី​ ភាគី​កាណដា​មាន​ជម្រើស​តែ​ពីរ​ប៉ុណ្ណោះ។
​ ទី​១) គឺ​​ចរចា​គ្នា​ ដែល​ជានិច្ច​ជាកាល​សហរដ្ឋ​អាមេរិក​បាន​ចំណេញ​ច្រើន​ និង
ទី​២) គឺ​​ប្តឹង​ជំទាស់​ទៅ​តុលាការ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​។

កន្លង​មក​ ក្នុង​កំឡុង​ពេល​ចរចា​ ឬ​រង់ចាំ​សេចក្តី​សម្រេច​ពីតុលាការ​​ សហគ្រាស​អារឈើ​​កាណាដា​តែង​ជួប​លំបាក​។​​ កាលពី​ឆ្នាំ​២០០៦​ ​ពលរដ្ឋ​កាណាដាជា​ច្រើន​​បាន​បាត់​បង់​ការងារ​ធ្វើ​។​​ មាន​រោង​ចក្រ​អារឈើ​មួយ​ចំនួន​ត្រូវ​បាន​បិទ​ទ្វារ​ដោយសារ​តែ​ការ​បញ្ជា​ទិញ​ពី​អាមេរិក​ចុះ​​ថយ។​ បើ​ទោះបី​ជា​តំណាង​ភាគី​ឧស្សាហកម្ម​ឈើ​កាណាដា​មាន​សង្ឃឹម​ឈ្នះ​ក្តី​ដូច​សព្វ​ដង​ក៏​ពិត​មែន​ ប៉ុន្តែ​ ភាគី​ទាំងពីរ​ ពោល​គឺ កាណដា​ និង​អាមេរិក​នឹង​ខាត​បង់​ទាង​សង​ខាង។​ ព្រោះ​ការ​ប្តឹង​ផ្តល់​​នឹង​​ចំណាយ​ពេលវេលា​យូរ​ ហើយ​ជាពិសេស​ភាគី​ទាំងពីរ​នឹង​ចំណាយ​​ប្រាក់​កាសដ៏​ច្រើន​សន្ធឹក​សន្ធាប់​​លើ​មេធាវី។​

សំរាប់​សេដ្ឋកិច្ច​កាណាដា​ ឈើ​សំណង់​ដើរ​តួនាទី​សំខាន់​ណាស់។​ ភាគ​ច្រើន​នៃ​ឈើ​សំណង់​ដែល​ត្រូវ​បាន​ផលិត​ចេញ​ពី​រោង​ចក្រ​នៅ​ប្រទេស​កាណាដា​ គឺ​សំរាប់​នាំ​ចេញ។​ បើ​យោង​តាម​ទន្នន័យ​ថ្មី​បំផុត​បង្ហាញ​ដោយក្រសួង​ស្ថិតិ​កាណាដា​បាន​ឲ្យ​ដឹង​ថា​ សំរាប់​ខែ​មករា​ឆ្នាំ២០១៧​ ប្រទេស​កាណាដា​បាន​ផលិត​ឈើ​សំណង់​​ប្រមាណ​ជាង​ ៥ លាន​ម៉ែត្រ​គូប។ ក្នុង​នោះ​ ឈើ​ចំនួន​ជាង​ ៣ លាន​ម៉ែត្រ​គូប​ត្រូវ​បាន​នាំ​ចេញ​ទៅ​បរទេស។

​កាលពី​ឆ្នាំ​២០១៥​ ការ​នាំ​ចេញ​ឈើ​សំណង់​នេះ​បាន​នាំ​ចំណូល​ជា​ទឹកប្រាក់​រហូត​ដល់​ ៨,៥ ពាន់​លាន​ដុល្លារ​។​ សហរដ្ឋ​អាមេរិក​ជា​ទីផ្សារ​ធំជាង​គេ​បំផុត ដែល​តំណាង​ឲ្យ​ ៧៥% នៃ​ការ​នាំ​ចេញ​សរុប​។​ ហើយ​​ការ​នាំ​ចេញ​ទៅ​​សហរដ្ឋ​អាមេរិក​បាន​បង្កើត​ការងារ​ដោយ​ផ្ទាល់​ដល់​ពលរដ្ឋ​កាណាដា​ចំនួន​ ២៤ ៣០០ នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ