អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ ​«Super Tuesday» ​មាន​សារៈសំខាន់​បែបណា​ក្នុង​ការបោះឆ្នោត​នៅ​អាមេរិក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​តំណាង​គណបក្ស​គឺ​ ជា​ដំណើរ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​សំរាប់​អ្នក​នយោបាយ​អាមេរិក។​ ដំណើរ​ការ​បោះឆ្នោត​នេះ​បាន​ចាប់​ផ្តើម​ឡើងតាំង​ពី​ដើម​ខែ​កុម្ភៈ​មក​ម្ល៉េះ ហើយ​វា​នឹង​ត្រូវ​បញ្ចប់​នៅ​ខែ​មិថុនា។​ គិត​មក​ដល់​ពេល​នេះ​ មាន​រដ្ឋ​ចំនួន​បួន​ហើយ​ដែល​បាន​បោះឆ្នោត។​ «Super Tuesday» ឬ «ថ្ងៃអង្គារ​អស្ចារ្យ»​ នឹង​ចាប់​ផ្តើម​​នៅថ្ងៃ​អង្គារ ទី​១ ខែ​មិនានេះ​ហើយ! នេះ​គឺ​ជា​ព្រឹត្តិការណ៍​ពិសេស​ ខណៈពេល​ដែល​បណ្តា​រដ្ឋ​ជា​ច្រើន​បោះឆ្នោត​ក្នុង​ពេល​តែ​មួយ។​ សំរាប់​បេក្ខជន​ទាំង​អស់​ ទោះបី​នៅ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ឬ​គណបក្ស​សាធារណរដ្ឋ​ «ថ្ងៃអង្គារ​អស្ចារ្យ»​ គឺ​ជា​ដំណាក់​កាល​សំខាន់​ ដែល​អាច​កំណត់​ជោគវាសនា​របស់​ពួក​គេ​ក្នុង​ដំណើរ​ការ​ប្រកួត​ប្រជែង​ក្នុង​បក្ស។​

លោកស្រី Hillary Clinton,បេក្ខជនតំណាងបក្សប្រជាធិបតេយ្យ
លោកស្រី Hillary Clinton,បេក្ខជនតំណាងបក្សប្រជាធិបតេយ្យ Randall Hill/Reuters
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​ជ្រើស​រើស​បេក្ខជន​តំណាងគណ​បក្ស​នៅ​សហរដ្ឋ​អាមេរិក​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សំខាន់​ហើយ​!​ ក្រោយ​ពី​រដ្ឋ​ចំនួន​បួន ដូចជា​រដ្ឋ​ Iowa, New Hamsphire, Nevada និង South Carolina បាន​បោះឆ្នោត​ជា​បន្ត​បន្ទាប់​គ្នា​មក ឥឡូវ​នេះ​រដ្ឋ​ចំនួន​១១នឹង​រៀបចំ​ការ​បោះឆ្នោត​ព្រម​គ្នា​ក្នុងថ្ងៃតែ​មួយ​តែ​ម្តង។​​ ព្រឹត្តិការណ៍​ដ៏​ពិសេស​ និង​គួរ​អោយ​ជក់​ចិត្ត​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​​«ថ្ងៃ​អង្គារ​អស្ចារ្យ» ឬ​«Super Tuesday»។

ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​អង្គារ​ស្អែក​នេះ​ គឺថ្ងៃ​អង្គារ​ ទី​១ មិនា​។ ដូច​យើង​បាន​ដឹង​រួច​មក​ហើយ​ មាន​តែ​គណបក្ស​ធំ​ចំនួន​ពីរ​ប៉ុណ្ណោះ​ គឺ​គណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​សាធារណរដ្ឋ​ ដែល​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​រើស​បេក្ខជន​តំណាង​អោយ​បក្ស​របស់​ខ្លួន​។

តើ​«ថ្ងៃ​អង្គារ​អស្ចារ្យ»ចាប់​កំណើត​ពេល​ណា?

ព្រឹត្តិការណ៍​​«ថ្ងៃ​អង្គារ​អស្ចារ្យ»នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៨៨ ខណៈពេល​ដែល​បណ្តា​រដ្ឋ​ជាច្រើន​នៅ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​បាន​សំរេច​ចិត្ត​រៀបចំ​ការ​បោះឆ្នោត​ព្រម​គ្នា​តែ​ម្តង។​ មូល​ហេតុ​ដែល​គេ​ធ្វើ​បែប​នេះ​ គឺ​ដើម្បី​ចង់​ផ្តល់​សន្ទុះ​បន្ថែម​ទៀត​ដល់​បេក្ខជន​ម្នាក់ៗ​ ក្នុង​ដំណើរ​ការ​ឃោសនា​របស់​ពួក​គេ។​ ជា​ពិសេស​ទៅ​ទៀត​នោះ​គឺ គេ​អាច​សំរាំង​យក​បេក្ខជន​ដែល​មាន​សំលេង​គាំទ្រ​ប្រគៀក​គ្នា។​ ពេល​ខ្លះ​ បេក្ខជន​ដែល​ពុំ​សូវ​មានសំឡេង​គាំទ្រ​​អាច​លើក​ទង់​ជ័យ-ស​បោះបង់​ចោល​ការ​ប្រកួត​តែម្តង។​ ចាប់​តាំង​ពី​ពេល​នោះ​មក​ ប្រពៃណី​​​«ថ្ងៃ​អង្គារ​អស្ចារ្យ»នេះត្រូវ​បាន​បង្កើត​ឡើង​និង​យក​ទៅ​អនុវត្ត​ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​បក្ស​នា​ឆ្នាំ​បន្ត​បន្ទាប់។

តើ​​«ថ្ងៃអង្គារអស្ចារ្យ»នេះមាន​សារៈសំខាន់​បែប​ណា?

រាល់ពេល​បោះឆ្នោត​បួន​ឆ្នាំ​ម្តង ចំនួន​រដ្ឋ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​តែងតែ​ប្រែប្រួល​ជានិច្ច​។ សំរាប់​ឆ្នាំ​២០១៦នេះ​ មាន​រដ្ឋ​ចំនួន​១១​នឹង​រៀបចំ​បោះឆ្នោត​ក្នុង​ពេល​តែ​មួយ។ ហើ​យ​ចំនួន​​ប្រតិភូនៃ​រដ្ឋ​ទាំង​១១​នោះ​ស្មើ​នឹង ១១%​ នៃចំនួន​ប្រតិភូ​សរុបទូទាំង​ប្រទេស​ សំរាប់​គណបក្ស​និមួយៗ។​ សូម​បញ្ជាក់ថា ​ការ​បោះឆ្នោត​ក្នុង​ខែ​កុម្ភៈ​នេះ​នៅ​រដ្ឋ​ចំនួន​បួន​ គឺ​ហាក់​ដូច​ជា​ការ​ធ្វើ​តេស្ត​សាក​ល្បង​សំរាប់​បេក្ខជន​ម្នាក់ៗ។​ ​ព្រោះ​ចំនួន​ប្រតិភូ​សរុប​នៃ​រដ្ឋ​ទាំង​បួន​នោះ​មាន​ប្រហែលតែ​ ៥%​ ប៉ុណ្ណោះ។​ ដូចនេះ​ វា​ជា​ដំណាក់​កាល​សំខាន់​សំរាប់​បេក្ខជន​ម្នាក់ៗ​ ដែល​ត្រូវ​ចាប់​យក​ឱកាស​នេះ។​

​​ប៉ុន្តែ​សូម​កុំភ្លេច​ថា​ បេក្ខជន​ណា​ដែល​បាន​ទទួល​បាន​ប្រតិភូ​ច្រើនជាង​គេ ឬ​ឈ្នះ​នៅ​ថ្ងៃ​អង្គារ​នេះ ​មិន​ប្រាកដ​ថា​អាច​ក្លាយ​ជា​បេក្ខជន​តំណាង​បក្ស​របស់​ខ្លួន​ជា​ស្វ័យ​ប្រវត្តិ​ឡើយ។​ ព្រោះ​ដំណើរ​ការ​​បោះឆ្នោត​ចំរាញ់​យក​បេក្ខជន​តំណាង​បក្ស​នៅ​វែង​ឆ្ងាយ​ទៀត។ ក្រៅ​ពីថ្ងៃ​អង្គារ​ ទី​១ មិនា​នេះ​ ក៏នៅ​មាន​ថ្ងៃ​អង្គារ​ ទី​១៥​ មិនា និង​ទី២៦ មេសាផងដែរ ​ដែល​គេ​ចាត់​ជា​​«ថ្ងៃ​អង្គារ​អស្ចារ្យ»។ នៅ​ពេល​នោះ​ បណ្តា​រដ្ឋ​ធំៗ​ដែល​មាន​ចំនួន​ប្រតិភូ​ច្រើនជាង​នេះ​នឹង​រៀបចំ​បោះឆ្នោត​ក្នុង​ថ្ងៃ​តែ​មួយ។​

ដើម្បី​រក្សា​ក្តី​សង្ឃឹម​អាច​ឈ្នះ​ការ​តែង​តាំង​បេក្ខជន​ផ្លូវការ​ប្រចាំ​បក្ស ចង់​មិន​ចង់​ រាល់​បេក្ខជន​ទាំង​អស់​ក៏​ត្រូវ​ការ​ឈ្នះ​ក្នុង​​​«ថ្ងៃ​អង្គារ​អស្ចារ្យ»នេះផង​ដែរ​ ។ សូម​រំលឹក​ថា នេះ​គឺ​យុទ្ធនាការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រចាំ​បក្ស។​ គណបក្ស​និមួយៗ​ត្រូវ​​សំរាំង​យក​តែ​បេក្ខជន​ម្នាក់​គត់​ តំណាង​អោយ​គណបក្ស​របស់​ខ្លួន​ ដើម្បី​យក​ទៅ​​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ប្រធានាធីបតី​​អាមេរិក​ នា​ថ្ងៃ​ទី​៨ ខែ​វិច្ឆិការ​ខាង​មុខ​នេះ។

បច្ចុប្បន្ន​នេះ​ ដំណើរ​ការ​​ឃោសនា​ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​បេក្ខជន​តំណាង​បក្ស​កំពុង​ធ្វើ​ឡើង​នៅ​គ្រប់​បណ្តា​រដ្ឋ​ទាំង​អស់​ក្នុង​សហរដ្ឋ​អាមេរិក។​ ប៉ុន្តែ​ រដ្ឋ​និមួយៗ​មាន​កាល​បរិច្ឆេទ​បោះឆ្នោត​ខុសៗ​គ្នា។​ ចំណែក​ របៀប​បោះឆ្នោត​ និង​ការ​គណនា​លទ្ធផល​នៅ​តាម​រដ្ឋ​មួយ​ចំនួនក៏​មិន​ដូច​គ្នា​ដែរ។​ គិត​មក​ដល់​ពេល​នេះ​ នៅ​សល់​តែ​បេក្ខជន​ចំនួន​ប្រាំ​នាក់​ប៉ុណ្ណោះ​ ដែល​នៅ​បន្ត​ប្រកួត​ប្រជែង​គ្នា​ក្នុង​ជួរ​គណបក្ស​សាធារណរដ្ឋ។​ រីឯ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ចំនួន​បេក្ខជន​នៅ​សល់​តែ​ពីរ​នាក់​ប៉ុណ្ណោះ។

តើ​ការ​ស្ទង់​មតិ​ផ្តល់​តំរុយ​ដល់​បេក្ខជន​ណា​ខ្លះ​សំរាប់​«ថ្ងៃ​អង្គារ​អស្ចារ្យ»នេះ?

សំរាប់​គណបក្ស​សាធារណរដ្ឋ​ លោក​ Donald Trump ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​អាច​យក​ឈ្នះ​បាន​ ៩ រដ្ឋ។ ចំណែក​ លោក​ Ted Cruz អាច​ដឹក​មុខ​ចំនួន ២ រដ្ឋ​។ រីឯ​លោក​ Ben Carson វិញ​ត្រូវ​បាន​គិត​ថា​អាច​ឈ្នះ​បាន​ ១ រដ្ឋ។​ សំរាប់គណបក្ស​ប្រជាធិបតេយ្យ​វិញ​ គេ​បាន​ប៉ាន​ស្មាន​ថា​លោកស្រី​ Hillary Clintonអាច​ឈ្នះ​បាន​ចំនួន​ ៩​ រដ្ឋ​ ខណៈពេល​ដែល​លោក​ Bernie Sanders​ អាច​ឈ្នះ​ចំនួន​ ២ រដ្ឋ។​ ប៉ុន្តែ​ នេះ​គឺ​គ្រាន់​តែ​ជា​ការ​ប៉ាន់​ស្មាន​តាម​រយៈ​ការ​ស្ទាប់​ស្ទង់​មតិ​តែ​ប៉ុណ្ណោះ។

បើ​យើង​សរុប​លទ្ធផល​បណ្តោះ​អាសន្ន​ តាម​រយៈ​ការ​បោះឆ្នោត​ចំនួន​បួន​រដ្ឋ​ ខាង​គណបក្ស​ប្រជាធិបតេយ្យ​ លោ កស្រី​ Hillary Clinton បាន​ឈ្នះ​ចំនួន​ ៣ រដ្ឋ​ ខណៈពេល​ដែល​គូ​ប្រជែង​ គឺ​លោក​ Bernie Sanders បាន​ឈ្នះ​ចំនួន​ ១ រដ្ឋ។ ងាក​មក​ខាង​គណបក្ស​សាធារណរដ្ឋ​វិញ​ម្តង​ លោក​ Donald Trump បាន​ទទួល​ជ័យ​ជំនះ​នៅ​ក្នុង​រដ្ឋ​ចំនួន​ ៣​ នៅ​ពេល​ដែល​លោក​ Ted Cruz បាន​ឈ្នះ​ក្នុង​រដ្ឋ​ចំនួន​មួយ​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ