អានតួអត្ថបទ
កម្ពុជា​-វៀតណាម

ទស្សនកិច្ច​ប្រធាន​រដ្ឋ​វៀតណាម ដើម្បី​ទំនាក់ទំនង​កាន់​តែ​ប្រសើរ

ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​លោក​ ង្វៀន ម៉ិញត្រៀត ​បាន​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ហើយ​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ផ្តើម​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈ​ពេល​៣​ថ្ងៃ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ថ្លែង​ថា ទស្សនកិច្ច​មាន​គោលដៅ​ពង្រឹង​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​វៀតណាម។

ប្រមុខ​រដ្ឋ​វៀតណាម​អញ្ជើញ​មក​ដល់​​ព្រលាន​យន្ត​ហោះ​ក្រុង​ភ្នំពេញ
ប្រមុខ​រដ្ឋ​វៀតណាម​អញ្ជើញ​មក​ដល់​​ព្រលាន​យន្ត​ហោះ​ក្រុង​ភ្នំពេញ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

02:51

បទ​អន្តរាគមន៍​របស់ លាង ដឺលុច

គោលដៅ គឺ​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​ពង្រឹង​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ជិតខាង​ទាំងពីរ​កម្ពុជា​វៀតណាម​នោះ​ទេ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ដោយសារ​តែ​កាល​ពីខែ​មិថុនា​កន្លង​ទៅ ព្រះ​មហាក្សត្រ​ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហមុនី ព្រម​ទាំង​សម្តេចឪ សម្តេច​ម៉ែ​ផង ទាំងបី​ព្រះអង្គ​បាន​យាង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម។

         បើ​តាម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​នៃ​ថ្នាក់​ដឹកនាំ​កំពូល​នេះ ដើម្បី​ធ្វើ​អោយ​កាន់តែ​ប្រសើរ​ឡើង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ។
         យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស លោក​ ង្វៀន ម៉ិញត្រៀត​ នឹង​ចូល​គាល់​ព្រះមហាក្សត្រ​ខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី ជួប​សវនាការ​ជាមួយ​ថ្នាក់​ដឹក​នាំ​កំពូល​ រួម​មាន​ប្រធាន​ព្រឹទ្ធសភា​លោក​ ជា ស៊ីម ប្រធាន​រដ្ឋសភា​លោក​ ហេង សំរិន និង​ប្រមុខ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន។ ក្រៅពី​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​ហើយ លោក​ប្រធាន​រដ្ឋ​វៀតណាម​ក៏​នឹង​ចូលរួម​សម្ពោធ​ការិយាល័យ​តំណាង​វិទ្យុ​សំឡេង​វៀតណាម​ដែល​ទទួល​បាន​ការ​អនុញ្ញាត​អោយ​បើក​នៅ​កម្ពុជា។ ពិធី​សម្ពោធ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ស្អែក​ទី​២៧​សីហា​ស្អែក​នេះ។

         ប្រធាន​ការិយាល័យ​តំណាង​នៃ​វិទ្យុ​សំឡេង​វៀតណាម​បាន​ប្រាប់​អោយ​ដឹង​ថា ការ​បង្កើត​ការិយាល័យ​តំណាង​នៅ​កម្ពុជា​នេះ គឺ​ជា​មធ្យោបាយ​មួយ​ដើម្បី​បង្ហាញ​អោយ​ពលរដ្ឋ​វៀតណាម​បាន​ដឹង​អំពី​ការ​រីក​ចម្រើន​នៅ​កម្ពុជា តាម​រយៈ​ការ​ឆ្លើយឆ្លង​ព័ត៌មាន។

         វិទ្យុ​សំឡេង​វៀតណាម​នេះ​ត្រូវ​បាន​បង្កើត​តាំង​ពី​ឆ្នាំ​១៩៤៥​ មាន​១២​ភាសា​បរទេស និង​១២​ភាសា​ជនជាតិ។ ការិយាល័យ​តំណាង​នៅ​ភ្នំពេញ​នេះ គឺ​ជា​ការិយាល័យ​តំណាង​ទី​៧​នៅ​បរទេស ដែល​វិទ្យុ​សំឡេង​វៀតណាម​បាន​បង្កើត។ ការិយាល័យ​តំណាង​នៅ​ប្រទេស​៦​ផ្សេង​ទៀត​នោះ​មាន​នៅ​ប្រទេស បារាំង ឡាវ រុស្ស៊ី អេហ្ស៊ីប សហរដ្ឋ​អាមេរិក និង​ប្រទេស​ថៃ។

         ជា​ប្រតិកម្ម​អ្វី​នោះ គឺ​មិនមាន​ទេ។ គឺ​មាន​តែ​លោក​ ថាច់ សេដ្ឋា​ ដែល​ជា​នាយក​ប្រតិបត្តិការ​នៃ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​បាន​ធ្វើ​លិខិត​មួយ​ផ្ញើ​ថ្វាយ​ព្រះ​មហាក្សត្រ ដោយ​ស្នើ​អោយ​ព្រះ​មហាក្សត្រ ព្រះអង្គ​លើក​បញ្ហា​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ នៅ​កម្ពុជា​ក្រោម ជាមួយ​លោក​ប្រធាន​រដ្ឋ​វៀតណាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ